អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ ឆមាស​ទី១​ឆ្នាំ​២០១៨ ស្លាប់​ជនស៊ីវីល​១៧០០​នាក់ ដោយ​អំពើ​ភេរវកម្ម

នៅអាហ្វហ្កានីស្ថាន ចំនួន​មនុស្សស្លាប់ ក្នុងរវាងឆមាសទីមួយឆ្នាំ២០១៨នេះ បានកើនដល់ជិត១៧០០នាក់​។តួលេខដែលបានផ្សាយជូន ដោយភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ បានបង្ហាញថា នេះគឺជាចំនួនដ៏ច្រើនបំផុត ក្នុងរយៈពេល១០ឆ្នាំ​ចុងក្រោយនេះ។ ក្រុមភេរវកម្មអ៊ីស្លាមជ្រុលនិយម​ ដែលមានដូចជា ក្រុមតាលីបង់ និងក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម គឺជាក្រុមដែលបានធ្វើសកម្មភាពវាយប្រហារ ភេរវកម្ម សម្លាប់ជីវិតជនស្លូតត្រង់​អាហ្វហ្កានីស្ថាន សឹងតែរៀងរាល់ថ្ងៃ។ តែបន្ថែមពីនេះ ប្រតិបត្តិការរបស់កងទ័ពអាហ្វហ្កានីស្ថាន និងកងទ័ពអាមេរិក ក៏ជាមូលហេតុនៃការស្លាប់ មួយផ្នែកដែរ។

ភេរវកម្ម​ក្រុុងកាប៊ូល ថ្ងៃទី​២២ មេសា ២០១៨​
ភេរវកម្ម​ក្រុុងកាប៊ូល ថ្ងៃទី​២២ មេសា ២០១៨​ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

ជិត១៧០០នាក់! នេះគឺជាចំនួនប្រជាជនស៊ីវីល ដែលបានស្លាប់នៅអាហ្វហ្កានីស្ថាន ចន្លោះពីខែមករា ដល់ចុងខែមិថុនា ឆ្នាំ២០១៨នេះ ហើយដែលភាគច្រើន គឺស្លាប់ដោយហេតុការណ៍ភេរវកម្ម។ តួលេខនេះ ត្រូវបានស្រង់ស្ថិតិ ដោយក្រុមបេសកកម្មការងាររបស់អង្គការសហប្រជាជាតិ ប្រចាំអាហ្វហ្កានីស្ថាន។ ១០ឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្លាប់ដែលជាជនស៊ីវីលអាហ្វហ្កានីស្ថាន មិនដែលមានខ្ពស់ដល់ម្លឹងទេ។ អំពើភេរវកម្មផ្ទួនៗ បង្កឡើងដោយក្រុមអ៊ីស្លាមជ្រុលនិយម អាល់កាយដា និងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានកើនឡើង កាន់តែខ្លាំង នៅរវាងដើមឆ្នាំ២០១៨នេះ។

រដ្ឋធានីកាប៊ូល និងខេត្ត ណាន់ហ្កាហារ គឺជាទីតាំងដែលបានរងគ្រោះច្រើនជាងគេបំផុត។ ជាក់ស្តែង កាល​ពីថ្ងៃទី៣០មេសាកន្លងទៅ ភេរវកម្ម២ផ្ទួនគ្នា បានកើតឡើងនៅកណ្តាល​ក្រុងកាប៊ូល ដែលបានសម្លាប់មនុស្សសរុប ២៥នាក់ ក្នុងនោះមាន​អ្នកកាសែត​៩នាក់ ដែលបានស្លាប់ ក្រោយទៅដល់កន្លែងកើតហេតុ ដើម្បីយកព័ត៌មាន ក្រោយផ្ទុះភេរវកម្មទី១។

ចំណែកនៅខេត្ត ណាន់ហ្កាហារ ភាគខាងកើតប្រទេសវិញ ចំនួនមនុស្សស្លាប់ ដែលជាប្រជាជនស្លូតត្រង់ បាន​កើនឡើង មួយទ្វេរជា២ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ពោល​គឺស្មើ​នឹងប្រមាណ១៦៩២នាក់។ ក្នុង​នោះ ប្រមាណ៥២% ត្រូវស្លាប់ ដោយសារភេរវកម្ម បង្ក​ឡើងដោយក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ចំណែក ក្រុមតាលីបង់ គឺជាអ្នកទទួលខុស​ត្រូវលើការស្លាប់ទាំងនេះ ប្រមាណជា៤០%។

ដោយឡែក ក្រុមការងារអង្គការសហប្រជាជាតិ បានលើកឡើងថា សកម្មភាពវាយប្រហារ​តាមផ្លូវអាកាស របស់កងទ័ពអាហ្វហ្កានីស្ថាន និងកងទ័ពអាមេរិក​ ដែលកាន់តែញឹកញ៉ាប់​ ក៏បានធ្វើឲ្យចំនួនមនុស្ស​​ស្លាប់កើនឡើងដែរ ដោយសារតែការទំលាក់គ្រាប់បែក។ ការវាយប្រហាររបស់កងទ័ពរដ្ឋាភិបាល ទៅលើទីតាំងក្រុមភេរវកម្ម ក៏ជំរុញឲ្យ​មានការសងសិកវិញ ពីសំណាក់ក្រុមទាំងនេះ កាន់តែខ្លាំង។

យោងតាមក្រុមការងារអង្គការសហប្រជាជាតិ ប្រចាំអាហ្វហ្កានីស្ថាន បានឲ្យដឹងផងដែរ​ថា ការបោះឆ្នោតសភាដែលគ្រោងធ្វើនៅខែតុលាខាងមុខនេះ ក៏គឺជាមូលហេតុ ជំរុញ​ឲ្យ​ក្រុមភេរវកម្មអ៊ីស្លាមជ្រុលនិយម ធ្វើសកម្មភាពវាយប្រហារដែរ។ មនុស្សយ៉ាង​ហោច​ណាស់ ១១៧នាក់ បានស្លាប់ និងរបួសជាង២០០នាក់ នៅក្នុងហេតុការណ៍ភេរវកម្ម សំដៅមណ្ឌលចុះឈ្មោះបោះឆ្នោត។ ចំណែក សាលារៀន ក៏គឺជាគោលដៅនៃការវាយ​ប្រហាររបស់ក្រុមភេរវកម្មដែរ។ គ្រាន់តែក្នុងរវាងខែមិថុនា នៅខេត្តណាន់ហ្កាហារ ក្រុម​ជីហាតអង្គការរដ្ឋអ៊ីស្លាម បានដាក់គ្រាប់បែកបំផ្ទុះកំទេចអាគារសាលារៀន  ដល់ទៅ​១៣កន្លែង និងបានគំរាមកំទេចសាលារៀនកុមារី និងសិស្សស្រីទូទាំងប្រទេសទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ