អានតួអត្ថបទ

អតីតប្រធានInterpol ជនជាតិ​ចិន សារភាព​ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ

លោក ម៉េង ហុងវៃ អតីតប្រធាននគរបាលអន្តរជាតិ Interpol ជាជនជាតិចិន បានឆ្លើយសារភាព នៅចំពោះមុខតុលាការចិន ថាខ្លួនបានប្រព្រឹត្តិអំពើពុករលួយ។ សូមរំលឹកថា លោកអតីតប្រធាន Interpol រូបនេះ បានបាត់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៨ មុននឹងលេចមុខនៅក្នុងប្រទេសចិន ជាង១០ថ្ងៃក្រោយមក។ ភរិយារបស់លោក បានលើកឡើងថា​ ករណីនេះ គឺជាការលាបពណ៌ ដើម្បីកំចាយស្វាមីលោកស្រីតែប៉ុណ្ណោះ។

លោក ​Meng Hongwei នៅខាងមុខ​ទីស្នាក់ការកណ្តាល​ Interpol នៅ​​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង ថ្ងៃទី​​៨ ឧសភា ​២០១៨។
លោក ​Meng Hongwei នៅខាងមុខ​ទីស្នាក់ការកណ្តាល​ Interpol នៅ​​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង ថ្ងៃទី​​៨ ឧសភា ​២០១៨។ Jeff Pachoud/Pool via Reuters/File Picture
ផ្សាយពាណិជ្ជកម្ម

នៅតាមកញ្ចក់ទូរទស្សន៍ចិន CCTV ផ្សាយថ្ងៃព្រហស្បតិ៍ទី២០មិថុនា លោក ម៉េង ហុងវ៉ៃ (Meng Hongwei) វ័យ៦៥ឆ្នាំ ក្នុងទឹកមុខស្រង៉ូតស្រង៉ាត់ បានឆ្លើយសារភាពកំហុស នៅក្នុងសវនាកាតុលាការក្រុងធានជីង។ លោក ម៉េង ហុងវៃ បានសារភាពថា លោកពិតជាបានប្រព្រឹត្តិអំពើពុករលួយ ស៊ីសំណូល ក្នុង​ទឹកប្រាក់ចំនួន​ 14លាន៤សែន៦ម៉ឺនយាន់ ដែលស្មើនឹង ១លាន៨សែន៦ម៉ឺនអឺរ៉ូ។

យោងតាមប្រភពពីទូរទស្សន៍CCTV ដដែល តុលាការក្រុងធានជីង នឹងចេញសាលក្រមសម្រេចទោស នៅពេលក្រោយ។ លោក ម៉េង ហុងវៃ បានជាប់ចោទ ពីបទធ្វើសកម្មភាពពុករលួយ ប្រើប្រាស់ឥទ្ធិពលខុសច្បាប់ នៅចន្លោះឆ្នាំ២០០៥ ដល់២០១៧។ នេះបើតាមការបញ្ជាក់ពីតុលាការក្រុងធានជីង។

សូមរំលឹកថា មុននឹងត្រូវបានគេតែងតាំង នៅចុងឆ្នាំ២០១៦ ជាប្រធានអគ្គស្នងការនគរបាលអន្តរជាតិ Interpol លោក ម៉េង ហុងវៃ ធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន ហើយនិងជាអគ្គនាយក​ការិយាល័យន​គរបាលផ្លូវទឹក របស់ចិន។ នៅចុងខែកញ្ញាឆ្នាំ២០១៨ លោកបានបាត់ខ្លួន យ៉ាងចម្លែក ហើយស្រាប់តែប្រមាណជាង១០ថ្ងៃក្រោយមក បានលេចមុខនៅប្រទេសចិន។ នៅខែមីនា ឆ្នាំ២០១៩ លោកម៉េង ហុងវៃ ត្រូវបានគេលប់ឈ្មោះ ចេញពីគណបក្សកុម្មុយនីស្តចិន។

ដោយឡែក ភរិយារបស់លោក ម៉េង ហុងវៃ បានទទួលបាន​សិទ្ធិជ្រកកោណនយោបាយ នៅប្រទេសបារាំង។ លោកស្រីបានលើកឡើង ពី​ករណីប៉ុនប៉ង ចាប់ខ្លួនលោកស្រីនិងកូន២នាក់ ពីសំណាក់អាជ្ញាធរចិន។ ស្របពេលដែលស្វាមីលោកស្រី បានឆ្លើយសារភាព​ នៅចំពោះមុខតុលាការ លោកស្រីបានផ្ញើរលិខិតមួយ មួយកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយបានលើកឡើង ពីភាពស្អាតស្អំរបស់ស្វាមីលោកស្រី។

គួររំលឹកថា ចា​ប់តាំងពីឆ្នាំ២០១៣មក លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអនុវត្តធម៌ក្តៅ បោសសំអាតអំពើពុករលួយ ក្នុងជួរបក្សកុម្មុយនីស្តចិន។ យ៉ាងហោចណាស់ មន្ត្រីបក្សចំនួន​១លាន​៥សែននាក់ ត្រូវបានគេអូសទំលាក់ពីកៅអី និងជាប់ចោទពីបទពុករលួយ។ តែយ៉ាងណា ប្រតិបត្តិការបោសសំអាតនេះ ត្រូវបានមតិមួយផ្នែកយល់ឃើញថា ជាការបោសសំអាតក្រុមមនុស្ស ដែលមានគំនិតមិនស្របនឹងលោកស៊ី ជីនពីង នៅក្នុងជួរបក្ស ច្រើនជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ