អានតួអត្ថបទ
នុយក្លេអ៊ែរ

UN អនុម័ត​សន្ធិសញ្ញា​លប់​បំបាត់​អាវុឌ​បរមាណូ បើ​ទោះបី​មហា​អំណាច​បរមាណូ ​មិន​ព្រម​ចូលរួម

អង្គការ​សហប្រជាជាតិ ​ទើប​បាន​បោះឆ្នោត​អនុម័ត ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៧​កក្កដា ​ម្សិលមិញ ​នូវ​សន្ធិសញ្ញា​លប់​បំបាត់​អាវុធ​បរមាណូ ​ឬ​ នុយក្លេអ៊ែរ។ មាន​១២២ ​ប្រទេស​បាន​បោះឆ្នោត​គាំទ្រ ​ខណៈ​ដែល​ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ ​ធំៗ​ទាំងអស់ ​បាន​បដិសេធ ​មិន​ព្រម​ចូលរួម​ប្រជុំ ​និង​អនុម័ត​សន្ធិសញ្ញា​នេះ​ទេ។ ទោះជា​យ៉ាងណា ​សន្ធិសញ្ញា​នេះ ​ត្រូវបាន​គេ​មើល​ឃើញ​ថា​ វា​មាន​តម្លៃ​ជា​និម្មិតរូប​ ខណៈ​ដែល​ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ ​ចាត់ទុក​សន្ធិសញ្ញា​នេះ ​ជា​រឿង​គ្មាន​ប្រយោជន៍​ ព្រោះ​វា​មិន​ឆ្លើយតប​ ទៅនឹង​ស្ថានការណ៍​ជាក់ស្តែង​បច្ចុប្បន្ន។

សម័យប្រជុំ​របស់​​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​​ញូយ៉ក
សម័យប្រជុំ​របស់​​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​​ញូយ៉ក REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​៣​សប្តាហ៍ ​ដែល​ប្រទេស​១៤១​ប្រទេស ​បាន​ធ្វើការ​ប្រជុំ​ពិភាក្សាគ្នា ​ដើម្បី​តាក់តែង​សន្ធិសញ្ញា​អន្តរជាតិ​ ស្តីពី​ការ​លប់​បំបាត់​អាវុធ​នុយក្លេអែរ។ ទីបំផុត ​១២២​ប្រទេស​បាន​បោះឆ្នោត​យល់​ព្រម ​អនុម័ត​សន្ធិសញ្ញា​នេះ ​ដែល​មាន​អូទ្រីស ​ប្រេស៊ីល ​មិកស៊ិក ​អាហ្វ្រិក​ខាង​ត្បូង ​និង​ណូវែលហ្សេឡង់ ​ជាអ្នក​ផ្តួច​ផ្តើម​គំនិត។

បន្ទាប់​ទៅ​ទៀត ​សន្ធិសញ្ញា​នេះ​​ នឹង​បើក​ឲ្យ​មាន​ការ​ធ្វើ​សច្ចាប័ន​នៅ​តាម​ប្រទេស​ហត្ថលេខី ​ចាប់​ពី​ថ្ងៃ​ទី ​២០​ ខែ​កញ្ញា​ ហើយ​នឹង​អាច​ចូល​ជា​ធរមាន​ជា​ស្ថាពរ​ នៅ​តាម​ប្រទេស​ហត្ថលេខី​ទាំងអស់ ​បន្ទាប់​ពី​ប្រទេស​ហត្ថលេខី​៥០​ប្រទេស ​ផ្តល់​សច្ចាប័ន។ សន្ធិសញ្ញា​នេះ ​មាន​ខ្លឹមសារ ​ហាមឃាត់​ជា​ដាច់ខាត ​នូវ​រាល់​គម្រោង​ផែនការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ​ រាល់ការ​ស្តុកទុក ​ព្រម​ទាំង​ការ​គំរាម​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​ថ្លែង​អបអរ​ថា ​សន្ធិសញ្ញា​នេះ ​នឹង​ជា​និម្មិតរូប ​នៃ​ការ​ភ្ញាក់​រលឹក​ដាស់តឿន ​ឲ្យ​ពិភពលោក ​កំចាត់​ចោល​នូវ​អាវុធ​ក៏​កាច​សាហាវ​នេះ។

គួរកត់​សម្គាល់​ថា ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ធំៗ​ ទាំង​៩​ប្រទេស ​មាន​ដូចជា ​សហរដ្ឋ​អាមេរិក​ បារាំង​ អង់គ្លេស ​រុស្ស៊ី ​ចិន​ ឥណ្ឌា ​ប៉ាគីស្ថាន​ អ៊ីស្រាអែល ​និង​កូរ៉េ​ខាង​ជើង​ មិន​បាន​ចូលរួម​ប្រជុំ ​និង​អនុម័ត​សន្ធិសញ្ញា​នេះ​ទេ។ សូម្បី​តែ​ជប៉ុន​ ដែល​ជា​ប្រទេស​តែមួយ​គត់ ​ដែល​ធ្លាប់​រង​គ្រោះ ​ដោយ​អាវុធ​បរមាណូ ​ ក៏មិន​បាន​ចូលរួម​ធ្វើ​សន្ធិ​សញ្ញា​នេះ​ដែរ។ បារាំង​ អង់គ្លេស ​និង​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​លិខិត​រួម​គ្នា​មួយ ​រិះគន់​អ្នក​ផ្តួចផ្តើម ​គំនិត​ធ្វើ​សន្ធិសញ្ញា​នេះ ​ថា​មិន​បាន​យល់​ច្បាស់​ អំពី​ស្ថានភាព​សន្តិសុខ​អន្តរជាតិ​បច្ចុប្បន្ន។

សូមបញ្ជាក់ថា ​ មហា​អំណាច​នុយក្លេអ៊ែរ ​តែងតែ​លើក​យក​ហេតុផល ​ថា​អាវុធ​នុយក្លេអ៊ែរ ​របស់​ពួក​គេ ​គឺ​ដើម្បី​គំរាម​ទប់​ទៅ​នឹង ​ភាព​កំរោល​របស់​ប្រទេស​ណាមួយ ​ដែល​ចង់​ប្រើ​អាវុធ​នេះ ​ដូចក្នុង​ករណី​កូរ៉េ​ខាង​ជើង ​ជា​ដើម។

មន្ត្រី​ការទូត​ តំណាង​ប្រទេស​បដិសេធ​សន្ធិសញ្ញា​នេះ​​ម្នាក់ ​បាន​និយាយ​ថា ​សន្ធិសញ្ញា​នេះ ​នឹង​មិន​ជះ​ផលល្អ​ទេ​ ផ្ទុយ​ទៅវិញ​ គឺ​វាធ្វើ​ឲ្យ​មនុស្ស​នាំគ្នា​សង្ឃឹម​ទាំង​យល់​ខុស​ ថា​អ្វីៗ​នឹង​ល្អ​ប្រសើរ ​ថា​ពិភពលោក​នឹង​គ្មាន​អាវុធ​នុយក្លេអែរ។ តែ​ការពិត​ជាក់​ស្តែង​ គឺ​វា​មាន​ភាព​ស្មុគស្មាញ​ណាស់ ​ហើយ​គេ​គ្រប់គ្នា​ត្រូវ​យល់​ថា ​ការ​ហាម​ឃាត់​ដាច់​ខាត​ នូវ​អាវុធនុយក្លេអ៊ែរ​​ ជារឿង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ ជំរើស​ដែល​ល្អ​នោះ ​គឺ​គោរព​សន្ធិសញ្ញា​មិន​រីកសាយ​ភាព​នុយក្លេអ៊ែរ​ ដែល​មាន​ស្រាប់ ​ដែល​គ្រប់​ប្រទេស​មហាអំណាច​ទាំង​អស់​ បាន​ចុះ​ហត្ថលេខា ​កាល​ពី​ឆ្នាំ​១៩៦៨ ​ពោល​គឺ​សន្យា​ថា​នឹង​​មិន​តម្លើង​ចំនួន​ស្តុក។ សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​ ​បើតាម​ការ​ប៉ាន់ស្មាន ​គឺមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​ប្រមាណ​១៥០០០​គ្រាប់ ​ទូទាំង​ពិភព​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ