អានតួអត្ថបទ
ហ្វីលីពីន-សហរដ្ឋអាមេរិក

ហ្វីលីពីន អះអាង​ថា​ខ្លួន​នៅតែ​​ជា​សម្ព័ន្ធមិត្ត​ឥត​ងាករេ​ របស់​សហរដ្ឋ​អាមេរិក

អគ្គ​មេ​បញ្ជាការ​កងទ័ព​ហ្វីលីពីន  ​ទើប​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ​៥ ​តុលា​នេះថា​  ​ហ្វីលីពីន​ មាន​បំណង​ ចង់​ក្លាយ​ជា​មិត្ត​ដ៏​ជិត​ស្និត​របស់​អាមេរិក​ឡើង​វិញ​​ តាម​រយៈ​កិច្ច​សហការ​យោធា ​និង​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ជាដើម។ តែ​ទន្ទឹម​គ្នា​នេះ  ​ហ្វីលីពីន ​ក៏​មិន​បាន​ចាត់​ទុក​  ចិន​ ជា​សត្រូវ​ដែរ។  ​គឺ​ហ្វីលីពីន ​ជា​មិត្ត​របស់​មហា​អំណាច​ទាំង​ពីរ​នេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនDelfin Lorenzana (កណ្តាល) ទទូួលអាវុធ ពីលោកទូតចិន Zhao Jianhua (ស្តាំ), ក្រោម​ក្រសែរភ្នែក​ លោកមេបញ្ជាការកងទ័ពហ្វីលីពីន Eduardo Ano (ឆ្វេង)
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនDelfin Lorenzana (កណ្តាល) ទទូួលអាវុធ ពីលោកទូតចិន Zhao Jianhua (ស្តាំ), ក្រោម​ក្រសែរភ្នែក​ លោកមេបញ្ជាការកងទ័ពហ្វីលីពីន Eduardo Ano (ឆ្វេង) REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

លោក ​Eduardo Ano ​អគ្គ​មេ​បញ្ជាការ​កងទ័ព​ជាតិ ​ហ្វីលីពីន  ​បាន​ថ្លែង​ថា ​ ហ្វីលីពីន​ ប្រាថ្នា ​ក្លាយ​ជា​សម្ព័ន្ធ​មិត្ត​លំដាប់​ទីមួយ ​របស់​អាមេរិក។ សម្តី​នេះ ​គឺ​លោក​មេទ័ព​ បាន​និយាយ​នៅក្នុង​ពិធី​ ប្រគល់​អាវុធ​  ៣ពាន់ដើម ​​និង​គ្រាប់​កាំភ្លើង​ ដែល​ជា​ជំនួយ​របស់​ចិន​ ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជា​ ៣លាន​២សែន​ដុល្លារ​អាមេរិក។

មេ​បញ្ជាការ​កងទ័ព​ហ្វីលីពីន​រូបនេះ​ បាន​បញ្ជាក់​ថា ​ លោក​ប្រធានាធិបតី​ហ្វីលីពីន ​ឌុយទែរតឺ​ មាន​បំណង​ចង់​ឲ្យ​ហ្វីលីពីន​ ក្លាយ​ជា​មិត្ត​ល្អ ​ និង​សហការ​គ្នា​ដ៏​កក់ក្តៅ​ ជាមួយ​អាមេរិក។ ក្នុង​ន័យ​នេះ ​ហ្វីលីពីន ​នឹង​ចង់​បើក​ការ​សហការ​គ្នា​ ធ្វើ​សមយុទ្ធ​យោធា ​ជាមួយ​អាមេរិក​ឡើងវិញ​  និង​ឲ្យបាន​ច្រើន​ដង  ​ចាប់​ពី​ឆ្នាំ​២០១៨​ទៅ។ មេ​បញ្ជាការ​រូប​នេះ​បន្ត​ថា  ​សមយុទ្ធ​យោធា​រួមគ្នា ​រវាង​អាមេរិក​ និង​ហ្វីលីពីន ​ នឹង​អាច​សង្កត់​ធ្ងន់​ ទៅលើ​ការ​បង្រ្កាប​បណ្តាញ​ភេរវកម្ម ​ ព្រមទាំង​ការ​ការពារ​ព្រំដែន​ជាដើម។

តែយ៉ាងណា​ មេ​បញ្ជាការ​កងទ័ព​ហ្វីលីពីន ​បាន​ឆ្លៀត​បន្ថែម​ថា ​ លោក​ប្រធានាធិបតី​ឌុយទែរតឺ ​ក៏​មាន​បំណង​ធ្វើ​ជា​មិត្ត​ល្អ​របស់​ចិន​ដែរ។ ទាំង​ចិន ​ទាំង​អាមេរិក​ សុទ្ធតែ​ជា​មិត្ត ​មិនមែន​ជា​សត្រូវ​ របស់​ហ្វីលីពីន ​ទេ។

គួររំលឹក​ថា  ​កាល​ពី​ឆ្នាំ​មុន ​ ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ប៉េកាំង ​លោក​ប្រធានាធិបតី​ឌុយទែរតឺ ​ធ្លាប់​ទាំង​បាន​និយាយ​ថា ​ហ្វីលីពីន​ បាន​លែងលះ​គ្នា​ ជាមួយ​អាមេរិក​ហើយ។ តែ​ក្រោយ​មក​ លោក​បាន​ពន្យល់​ថា ​មក​ពី​លោក​ខឹង ​នឹង​លោក​អូបាម៉ា ​ដែល​បាន​រិះគន់​ប្រតិបត្តិការ​បង្រ្កាប​បណ្តាញ​គ្រឿង​ញៀន​ នៅ​ហ្វីលីពីន។​ គួរ​កត់​សំគាល់​ថា​ លោក​មេ​បញ្ជាការ​​កងទ័ព​ហ្វីលីពីន​ បាន​ប្រកាស ពី​បំណង​ចងស្ពាន​មាន​មេត្រី​ជាមួយ​អាមេរិក​ឡើង​វិញ​នេះ ​បន្ទាប់​ពី​លោក​ត្រលប់​មក​ពី​កោះហា​វ៉ៃ​វិញ ​ដែល​ទី​នោះ​ គាត់​បាន​ជួប​ជាមួយ​នឹង​​មេបញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក ​ ប្រចាំ​ការ​នៅ​តំបន់​ប៉ាស៊ីហ្វិក។

គួរកត់​សម្គាល់​ដែរ​ ថា​ ការ​ងាក​ត្រលប់​ទៅ​សុំ​ធ្វើ​ជា​មិត្ត ​របស់​អាមេរិក​វិញ​នេះ ​គឺ​បន្ទាប់​ពី​កងទ័ព​អាមេរិក ​បាន​ព្រម​ជួយ​សហការ ​ក្នុង​យុទ្ធនាការ​រំដោះ​តំបន់ ​Marawi ​ពី​ដៃ​ពួក​ឧទ្ទាម​អ៊ីស្លាម ​  ហើយ​មួយ​ទៀត ​អាច​ម​កពី​បន្ទាត់​នយោបាយ​របស់​រដ្ឋាភិបាល​លោក ​ដូណាល់ ត្រាំ ​មាន​លក្ខណៈ​ធូរ​រលុង​ច្រើន ​ជាមួយ​នឹង​ហ្វីលីពីន ​ជា​ពិសេស​ទាក់ទិន​នឹង​បញ្ហា​សិទ្ធិ​មនុស្ស។  ​ តែ​យ៉ាងណា ​គេ​មិន​ប្រាកដ​ថា​ ចិន​នឹង​សប្បាយ​ចិត្ត​ទេ ​ជាមួយ​នឹង​ការ​ប្រកាស​ សុំស្នេហ៍​អាមេរិក​សារ​ជាថ្មី ​របស់​ហ្វីលីពីន​នា​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ