អានតួអត្ថបទ
ហ្វីលីពីន

លោក​ឌុយទែរតឺ​ ​បដិសេធ​មិន​សហការ​ នឹង​​ការ​​ស៊ើប​អង្កេត​​រឿង​​ពុករលួយ​​លើ​​រូប​​លោក​​ទេ

លោក ​ឌុយទែរតឺ ​ប្រធានាធិបតី​ហ្វីលីពីន ​ ដែល​កំពុង​តែ​ជាប់​បណ្តឹង​មួយ ​ស្តីពី​អំពើ​ពុក​រលួយ ​កិបកេង​ប្រាក់​រដ្ឋ​នោះ ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​លោក​នឹង​មិន​សហការ ​ជាមួយ​មន្ត្រី​របស់​ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ ​ដែល​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​នេះ​ទេ។ គួរ​កត់​សម្គាល់​ថា ​ការ​ប្រកាស​នេះ ​គឺ​វា​ផ្ទុយ​ស្រលះ​ទាំង​ស្រុង ​ពី​អ្វី​ដែល​ អ្នក​នាំពាក្យ​លោក​ប្រធានាធិបតី ​បាន​អះអាង​ កាល​ពី​សប្តាហ៍​មុន ​ថា ​លោក​ឌុយទែរតឺ ​នឹង​សហការ ​ហើយ​ជឿ​ទុកចិត្ត ​ លើ​ឯករាជ្យភាព​ របស់​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ។

បាតុកម្មប្រឆាំងនឹងលោក​ប្រធានាធិបតី​​ឌុយទែរតឺ ​នៅ​ក្រុុង​ម៉ានីល ថ្ងៃទី ២១ កញ្ញា ២០១៧
បាតុកម្មប្រឆាំងនឹងលោក​ប្រធានាធិបតី​​ឌុយទែរតឺ ​នៅ​ក្រុុង​ម៉ានីល ថ្ងៃទី ២១ កញ្ញា ២០១៧ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

កាល​ពី​សប្តាហ៍​មុន​នេះ ​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្វីលីពីន ​ បាន​ប្រកាស​ឲ្យ​ដឹង​ថា ​គេ​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​ពុក​រលួយ ​ទាក់ទិន​នឹង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក ​នៅ​ក្នុង​គណនី​ធនាគារ​ របស់​លោក​ប្រធានាធិបតី​ឌុយទែរតឺ។​ យោង​តាម​ការ​ចោទ​ប្រកាន់​ លោក​ឌុយទែរតឺ ​មិន​បាន​ប្រកាស​ពន្ធ​ និង​មិន​បាន​បញ្ជាក់​ប្រភព ​ថា​ប្រាក់​នេះ​ បាន​មក​ពី​ណាទេ។

ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី​៣០ ​កញ្ញា ​លោក​ឌុយទែរតឺ ​ បាន​ឆ្លើយ​ទៅ​កាន់​ការិយាល័យ​នេះ​ថា ​ លោក​នឹង​មិន​សហការ ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​ទេ។ នៅក្នុង​សំដី​ដែល​សំបូរ​ទៅ​ដោយ​ពាក្យ​ដៀល ​ដ៏​គ្រោធគ្រាត​ លោក​ឌុយទែរតឺ​ បាន​និយាយ​ថា ​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ​គឺ​ជា​ការិយាល័យ​ភ្លឺភ្លើ ​គ្មាន​បានការ ​ហើយ​លោក​មិន​ស្ថិត​នៅ​ក្រោម​អំណាច ​នៃ​ការិយាល័យ​នេះ​ទេ។ លោក​ប្រធានាធិបតី​មាត់​ឆៅ​រូបនេះ ​បាន​និយាយ​បន្ត​ ក្នុង​ន័យ​បញ្ចើច​បញ្ចើរ​ថា ​ប្រធាន​ការិយាល័យ​នេះ ​គឺ​ជា​មនុស្ស​កុហក ​បោក​ប្រាស់ ​និង​បាន​ប្រឌិត​ភស្តុតាង​យក​មក​សំអាង ​ដើម្បី​បង្កាច់​បង្ខូច​រូប​លោក។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់ ​ទាក់ទិន​នឹង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​គណនី​ធនាគារ ​ លោក​ ឌុយទែរតឺ ​បាន​អះអាង​ថា ​គ្រួសារ​លោក ​មាន​ទ្រព្យ​សម្បត្តិ​អចលនៈ​ទ្រព្យ​ខ្លះ ​ហើយ​នឹង​មាន​ជំនួញ​រោងចក្រ​ធ្វើ​ការ៉េម​ និង​ធ្វើ​ស្ករ​គ្រាប់។ បូករួម​ផ្សំ​ទាំង​ប្រាក់​ដែល​លោក​បាន​ខិតខំ​សន្សំ​ផង​នោះ ​ គឺ​សរុប​ទាំង​អស់​ មាន​ប្រមាណ​តែ​ ៤០​លាន​ប៉េសូ ​ពោល​គឺ​មិន​ស្មើ​នឹង ​៨សែន​ដុល្លារ​អាមេរិក ​ផង​ទេ។

សូម​រំលឹក​ថា ​ពាក្យ​បណ្តឹង​រឿង​ពុក​រលួយ ​លើ​រូប​លោក ​ឌុយទែរតឺ​នេះ​ គឺ​លោក ​Antonio Trillanes ​ជា​អ្នក​ផ្តួច​ផ្តើម​ឡើង ​កាល​ពី​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ​ប្រធានាធិបតី​ហ្វីលីពីន។ លោក​ម្នាក់​នេះ ​ជា​សាមជិក​ព្រឹទ្ធ​សភា ​នឹង​ជា​អ្នក​ប្រឆាំង​រិះគន់​ដ៏​ខ្លាំងក្លា​មួយ​រូប​ ទៅ​លើ​រូបលោក​ឌុយទែរតឺ។ យោង​តាម​ដើម​បណ្តឹង​រូប​នេះ ​លោក​ ឌុយទែរតឺ​ បាន​បង្វែរ​កិបកេង​ប្រាក់​របស់​រដ្ឋ ​រាប់​លាន​ដុល្លារ ​ក្នុង​អំឡុង​ពេល ​ដែល​គាត់​នៅធ្វើ​ជា​ចៅហ្វាយ​ក្រុង ​ដាវ៉ោ ភាគ​ខាង​ត្បូង​ហ្វីលីពីន។

គួរកត់​សំគាល់​ដែរ​ថា ​ការ​ដែល​លោក​ ឌុយទែរតឺ ​ប្រកាស​មិន​ព្រម​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​ជាមួយ​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ​វា​មិនមែន​ជា​រឿង​គួរឲ្យ​ភ្ញាក់​ផ្អើល​ណាស់ណា​ទេ​ ព្រោះ​ថា​កាល​ពីសប្តាហ៍​មុន​នេះ ​គាត់​បាន​ប្រកាស​ថា​ចង់​បង្កើត​គណកម្មការ​ពិសេស​មួយ ​ដើម្បី​ស៊ើបអង្កេត​ពី​លើ​ការិយាល័យ​នេះ​ទៀត​ផង​ ព្រោះ​លោក​ជឿថា ​មាន​រឿង​ពុក​រលួយ​នៅ​ខាង​ក្នុង​នោះ។ ក្រៅ​ពី​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយនេះ ​លោក​ឌុយទែរតឺ​ ក៏​ធ្លាប់​បាន​ជេរ​គណកម្មការ​​ជាតិ​សិទ្ធិមនុស្ស ​និង​តុលាការ​កំពូល​របស់​ហ្វីលីពីន​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ