អានតួអត្ថបទ
ហុងកុង-ចិន

សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង យក​ក្រណាត់​ខ្មៅ​ទៅរំ​រូប​សំណាក​ផ្កា បូហ៊ីនា ​មុនពេល​ លោក​ស៊ី ជីនពីង​មកដល់

សកម្មជន​ដើម្បី​ឯករាជ្យ​ហុងកុង ​ជាង​១០​នាក់ ​ បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​តវ៉ា ​ដោយ​បាន​យក​ក្រណាត់​​ខ្មៅ​ទៅ​រំ លើ​រូប​សំណាក​ផ្កា​បូហ៊ីនា ​ដែល​ជា​និម្មិតរូប​ តំណាងឲ្យ​ការ​ត្រលប់​របស់​ហុងកុង ​មក​ក្នុង​ទឹក​ដី​ចិន​​វិញ។ សកម្មភាព​នេះ ​បាន​ធ្វើ​ឡើង ​នៅ​ប៉ុន្មាន​ថ្ងៃ ​មុន​ពេល​លោក ​ស៊ី ជីនពីង ​ប្រធានាធិបតី​ចិន ​នឹង​អញ្ជើញ​​មក​ដល់​ហុងកុង ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ខួប​២០​ឆ្នាំ ​នៃការ​ប្រគល់​ហុងកុង​ មក​ឲ្យ​ចិន​គ្រប់គ្រង​វិញ។

សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ កំពុង​យក​ក្រណាត់​ខ្មៅ​ទៅគ្រប​លើ​រូបសំណាក​ផ្កានបូហ៊ីនា ថ្ងៃទី​២៦ មិថុនា ​២០១៧
សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ កំពុង​យក​ក្រណាត់​ខ្មៅ​ទៅគ្រប​លើ​រូបសំណាក​ផ្កានបូហ៊ីនា ថ្ងៃទី​២៦ មិថុនា ​២០១៧ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ១​ កក្កដា ​ឆ្នាំ​១៩៩៧ ​អង់គ្លេស​ បាន​សម្រេច​ប្រគល់​ដែនដី​ហុងកុង​ ទៅឲ្យ​ចិន​គ្រប់គ្រង​វិញ។ ដើម្បី​ជា​ការ​អបអរ​ នៃ​ការ​វិល​ត្រលប់​របស់​ហុងកុង​ មក​ក្នុង​មហា​គ្រួសារ​ចិន ​ រដ្ឋាភិបាល​ចិន​ដីគោក​ជំនាន់​នោះ ​បាន​ធ្វើ​អំណោយ​ជា​រូប​តំណាង​ផ្កា​បូហ៊ីនា ​ឬផ្កា​ជើង​គោ ​ដ៏​ធំ​មួយ​ពណ៌មាស ​តាំង​នៅ​កណ្តាល​ក្រុង​ហុង​កុង​ ក្នុង​សង្កាត់​វ៉ានឆៃ។ រូប​តំណាង​នេះ ​បាន​ក្លាយ​ជា​និម្មិតរូប ​នៃការ​វិល​ត្រលប់​របស់​ហុងកុង ​មក​ក្នុង​អំណាច​គ្រប់គ្រង​របស់​ចិន​កុម្មុនីស្តិ។ លោក ​ស៊ី ជីនពីង ​នឹង​អញ្ជើញ​មកដល់ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ប្រារព្ធ​ខួប​២០​ឆ្នាំ​នេះ។

នៅព្រឹក​ថ្ងៃ​ចន្ទ​​ទី​២៦​មិថុនា​នេះ ​សកម្មជន​ដើម្បី​​ប្រជាធិបតេយ្យ​ហុងកុង​ ជាង​១០​នាក់​ ដឹកនាំ​ដោយ ​លោក​ វង់ ចូឈួរ ​ដែល​គេ​ធ្លាប់​ស្គាល់​មុខ​ កាល​ពី​មហា​បាតុកម្ម​ឆ័ត្រ​លឿង​ ​នៅ​ឆ្នាំ​២០១៤ ​ បាន​នាំគ្នា​យក​ក្រណាត់​ខ្មៅ ​មួយ​ផ្ទាំង​ធំ ​មក​រំគ្រប​ លើ​រូបតំណាង​និម្មិត​រូប​ផ្កា​បូហ៊ីនា។ មិន​បាន​ប៉ុន្មាន​នាទី​ក្រោយ​មក​ផង​ នគរបាល​ហុងហុង ​បាន​ចុះ​មក​ទាញ​ក្រណាត់​ចេញ ​ ហើយ​បាន​រុញច្រាន​ក្រុម​អ្នក​តវ៉ា ​ឲ្យ​ចេញ​ពី​ទី​នោះ។

ក្រុម​សកម្មជន​ប្រជាធិបតេយ្យ ​បាន​ស្រែក​ថា ​ ដែនដី​មួយ​របប​ដឹក​នាំ​ពីរ ​ ​គឺ​ជា​រឿង​កុហក់​បោក​ប្រាស់ ​អស់​២០ឆ្នាំ​មក​ហើយ។ ដោយឡែក ​យោង​តាម​លិខិត​ប្រកាស ​របស់​គណបក្ស​លោក ​វង់ ចូឈួរ ​សកម្មភាព​យក​ក្រណាត់​ខ្មៅ​មក​រំ​រូប​សំណាក​និម្មិតរូប​នេះ ​គឺ​ដើម្បី​បង្ហាញ​ពី​ការ​តវ៉ា ​ ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កុម្មនីស្តិ​ប៉េកាំង ​បាន​ប្រើ​អំណាច​ផ្តាច់ការ​កាន់​តែ​ខ្លាំង​ឡើងៗ ​មក​លើ​ដែនដី​ហុងកុង។

ក្នុងន័យ​នេះ ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ​បាន​សង្កេត​ឃើញ​ថា ​រដ្ឋាភិបាល​ប៉េកាំង ​កំពុងតែ​ប្រើ​យុទ្ធសាស្ត្រ​ ចាក់​បញ្ចូល​មនោគមវិជ្ជា​កុម្មុយនីស្ត ​តាម​រយៈ​ប្រព័ន្ធ​អប់រំ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ហុងកុង​ ហើយ​ថែមទាំង​បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ។

លោក​ វង់ ចូឈួរ ​បាន​ឲ្យដឹង​ថា​ ​តាម​ការ​ព្រមព្រៀង​គ្នា​នៅ​ឆ្នាំ​១៩៩៧ ​ហុងកុង​ត្រូវតែ​ជា​ដែនដី​ស្វ័យ័ត​ម្ចាស់ការ ​ហើយ​ហុងកុង ​ត្រូវតែ​មាន​សិទ្ធិ​ ធ្វើ​កំណែទម្រង់ ​ឈាន​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ ​ជាក់​ស្តែង​កំណែ​ទម្រង់​ លើ​របៀប​បោះឆ្នោត​តែងតាំង​អភិបាល​ក្រុង​ហុងកុង ​ជាដើម ​ដែល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​គឺ​គណបក្ស​កុម្មនីស្តិ​ចិន​ប៉េកាំង ​ជា​អ្នក​ចាត់តាំង​មក។ សកម្មជន​តវ៉ា ​បាន​ទាមទារ ​ឲ្យ​រដ្ឋាភិបាល​ចិន​ប៉េកាំង ​គោរព​សិទ្ធិ​ជា​ម្ចាស់​ការ​ឯករាជ្យ ​របស់​ប្រជាជន​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ