rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហុងកុង ចិន ប្រជាធិបតេយ្យ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហុងកុង៖ លោកស្រី ​ការី ឡាំ អះអាង​ថា​គ្មាន​បំណង​ចុះចេញ​ពី​តំណែង​ទេ

media
Hong Kong's Chief Executive Carrie Lam holds a news conference in Hong Kong, China, September 3, 2019. REUTERS/Kai Pfaffenbach

នៅថ្ងៃអង្គារទី៣កញ្ញា លោកស្រី ការី ឡាំ ប្រមុខដឹកនាំរដ្ឋបាលហុងកុង បាន​អះអាងប្រាប់អ្នកកាសែតថា លោកស្រីគ្មានចេតនា លាលែងចេញពីតំណែងនោះទេ។ ការប្រកាសអះអាងនេះ គឺបន្ទាប់ពីមានការបែកធ្លាយ​ខ្សែអាត់សម្លេងមួយ ដែលក្នុងនោះ គេអះអាងថា គឺលោកស្រី ការី ឡាំ បាន​និយាយលើកឡើង អំពីជម្រើស លាឈប់ពីតំណែង ដើម្បី​រំងាប់កំហឹងតវ៉ា របស់ប្រជាជនហុងកុង។


ក្នុងសន្និសីទកាសែត ព្រឹកថ្ងៃទី​៣កញ្ញា លោកស្រីការី ឡាំ ប្រមុខរដ្ឋបាល​ហុងកុង បាន​បញ្ជាក់ថា ដូចលោកស្រីនិយាយច្រើនដងមកហើយ ប្រមាណ៣ខែនេះ គឺលោកស្រីព្រមទាំងក្រុមការងារ នៃរដ្ឋបាលរបស់លោកស្រី នឹងនៅតែបន្តបំពេញការងារតទៅទៀត ដើម្បីជួយហុងកុង។ លោកស្រីបន្តទៀតថា លោកស្រីមិនបានគិតដល់ទាល់តែសោះ នូវរឿងចរចាជាមួយប៉េកាំង ទាក់ទិននឹងការចុះចេញពីតំណែងរបស់លោកស្រី។

សូមបញ្ជាក់ថា ការនិយាយ​អះអាង ថាលោកស្រីគ្មានចេត​នាចុះចេញពីតំណែងនេះ គឺបន្ទាប់ពីមាន​ខ្សែអាត់សម្លេងមួយ បានបែកធ្លាយចុះផ្សាយដោយភ្នាក់ងារព័ត៌មាន​Reuters។ ក្នុងខ្សែអាត់សម្លេងនោះ គេអះអាងថា លោកស្រីការី ឡាំ បាននិយាយ​នៅក្នុងអង្គប្រជុំ​មួយ ជាមួយតំណាងក្រុមហ៊ុនធំៗនៅហុងកុង ទាក់ទិនបញ្ហាបច្ចុប្បន្ន។ និយាយជា​ភាសាអង់គ្លេស លោកស្រីលើកឡើងថា ក្នុងនាមលោកស្រី ជាប្រមុខរដ្ឋបាល ដែលបានបង្កឲ្យ​មានវិបត្តិចលាចលនេះ គឺជារឿងមិនអាចអត់ឱន ឲ្យបានទេ។ សម្លេងក្នុងខ្សែអាត់បន្តថា បើសិនជាខ្ញុំមានជម្រើស នោះខ្ញុំនឹងលាឈប់ ហើយធ្វើការសុំទោសជាសាធារណៈ។ នៅក្នុងសារជាសម្លេងនោះដែរ លោកស្រី ការី ឡាំ លើកឡើងថាលោកស្រី​មាន​​ផ្លូវ​ដើរតិចបំផុត ដោយសារតែបញ្ហានេះបានក្លាយជាបញ្ហា​សន្តិសុខជាតិ និងគឺជាបញ្ហា​​អធិបតេយ្យភាព​របស់ប្រទេសចិនទាំងមូល។

គួរកត់សំគាល់ថា នៅក្នុងសន្និសីទកាសែត លោកស្រី ការី ឡាំ មិនបានបដិសេធទេ ថាសម្លេងនោះមិនមែនជាសម្លេងលោកស្រី។ លោកស្រីគ្រាន់តែបាននិយាយថា វាជារឿងដែលមិនអាចទទួលយកបានទេ ដែលមានគេលួចថតសម្លេងរបស់លោកស្រី ហើយយកទៅទម្លាយ​ជាសាធារណៈបែបនេះ។

ក្រោយបែកធ្លាយសារជាសម្លេងនេះ បាតុករហុងកុងខ្លះ យល់ឃើញថា តាមពិតគឺលោកស្រីការី ឡាំទេ ដែលរៀបចំឲ្យគេថត ហើយទម្លាយសម្លេងនេះមកក្រៅ ដើម្បី​ធ្វើឲ្យ​​មតិ​សាធារណៈហុងកុង មានការអាណិតអាសូរលោកស្រី។ លោក Lam Cheuk Ting សមាជិក​សភា​បក្សប្រជាធិបតេយ្យហុងកុង បាននិយាយថា រឿងមានតែ២ទេ ទីមួយគឺលោកស្រីការី ឡាំ និយាយកុហកតំណាងក្រុមហ៊ុន​ហុងកុងក្នុងពេលប្រជុំ ឬទី២លោកស្រីការី ឡាំនិយាយកុហកប្រជាជនហុងកុង នៅក្នុងពេលធ្វើសន្និសីទកាសែត។

សូមរំលឹកថាចលនាបាតុកម្មទាមទារលិទ្ធិប្រជាធិបតេយ្យនៅហុងកុង បានផ្ទុះឡើងប្រមាណ​៣ខែមកហើយ ហើយមានទ្រង់ទ្រាយកាន់តែធំទៅៗ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កាសែតផ្លូវការរដ្ឋចិន បានសរសេរវិចារណកថា បែបគំរាមថា “ចលនាបាតុកម្ម​នេះ ជិតដល់ថ្ងៃត្រូវ​វិនាសរលាយហើយ”៕