អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខួប២០ឆ្នាំ​នៃ​ការ​ប្រគល់​ហុងកុង​ឲ្យ​ទៅ​ចិន​វិញ ​លោកស៊ី ជីនពីង​បង្អួត​កម្លាំង​ទ័ព​ ​ដល់​អ្នក​ហុងកុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ស៊ី ជីនពីង​ ប្រធានាធិបតី​ចិន ​បាន​អញ្ជើញ​ទៅ​ជាន់​ទឹក​ដី​ហុងកុង ​ជា​លើក​ទីមួយ ​កាល​ពី​ថ្ងៃ​ព្រស្បតិ៍​ ក្នុង​ដំណើរ​ទស្សនកិច្ច ​រយៈពេល​៣​ថ្ងៃ ​ដើម្បី​អបអរ​បុណ្យ​ខួប​២០​ឆ្នាំ ​ នៃ​ការ​ប្រគល់​ទឹកដី​ហុងកុង​ ឲ្យ​មក​ស្ថិត​នៅក្រោម​អំណាច​រដ្ឋបាល​សាធារណៈរដ្ឋ​ចិន។ ដើម្បី​តវ៉ា​ប្រឆាំង ​និង​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព ​ពី​សំណាក់​រដ្ឋ​បាល​កុម្មុយនីស្តិ ​មក​លើ​ប្រជាជន​ហុងកុង ​សកម្មជន​ប្រជាធិបតេយ្យ ​ហុងកុង ​បាន​ធ្វើ​បាតុកម្ម​ កាល​ពី​ថ្ងៃពុធ​ ហើយ​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន ​ចំនួន​២៦​នាក់។ នៅថ្ងៃ សុក្រ ​ទី​ ២៩ ​មិថុនា​​លោក ​ប្រធានាធិបតី​ចិន ​ស៊ី ជីនពីង​ បាន​អញ្ជើញ​ទៅ​មើល​ការ​ដង្ហែរ​ក្បួន​កងទ័ព ​យ៉ាង​អធិអធម្ម។

Reuters
ផ្សាយពាណិជ្ជកម្ម

បញ្ចេញ​ទាហាន​ និង​សម្ភារៈសិក​ដ៏​ទំនើប ​ដើម្បី​បង្អួត​អ្នក​ហុងកុង

ដើម្បី​ប្រារព្ធ​ខួប​២០​ឆ្នាំ ​នៃការ​ប្រគល់​ដែនដី​ហុងកុង ​មក​ឲ្យ​ចិនគ្រប់គ្រង​វិញ ​ នៅព្រឹក​ថ្ងៃ​សុក្រ​នេះ ​ កម្មវិធី​ដង្ហែរ​ក្បួន​យោធា ​ធ្វើឡើង​នៅ​មូលដ្ឋាន​កងទ័ព​មួយ ​ភាគ​ខាង​ជើង​ ហុងកុង។​ រថក្រោះ​ បាញ់មីស៊ីល ​ និង​ឧត្ថម្ភាគចក្រ​ចម្បាំង​ជាច្រើន​គ្រឿង ​ត្រូវ​បាន​គេ​យក​មក​តំរៀប​គ្នា ​ជាជួរ​ត្រង់ភ្លឹង ​ដើម្បី​ទទួល​លោក​ស៊ី ជីនពីង។ ក្រសួង​ការពារជាតិ​ចិន​ ​បានបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ផលិត​នៅចិន ​ ដើម្បី​មក​អបអរ​ពិធី​នេះដែរ។

កងទ័ព​ដែល​ចូលរួម ​មាន​ទាំង​កង​ទ័ព​អាកាស ​កងទ័ព​ជើងទឹក​ និង​កងទ័ព​ជើងគោក ​ ដែល​សុទ្ធ​តែ​ជា​កងទ័ព​រណសិរ្យ​រំដោះ​ចិន​ប្រជាមាណិត។ ជា​ផ្លូវការ​ នៅ​ហុងកុង​ កម្លាំង​ទ័ព​គឺ​សុទ្ធ​តែ​ជា​ទ័ព​មក​ពី​ចិន​ដីគោក។ កន្លង​មក​ គេ​មិន​ដែល​ឃើញ​កងទ័ព​នេះ ​ធ្វើ​សកម្មភាព​អ្វី​ដើម្បី​បង្អួត​សំញែញ​ឲ្យ​ធំ​ដុំ​ទេ​ ព្រោះ​រដ្ឋាភិបាល​ចិន​ប៉េកាំង ​ដឹងថា ​ប្រជាជន​ហុងកុង ​មាន​ការ​យល់ឃើញ​ផ្សេង ​មិន​ដូច​ប្រជាជន​ចិន​ដី​គោក​ទេ។ អ្នក​ហុងកុង​ គេ​មាន​វប្បធម៌​ប្រជាធិបតេយ្យ ​ហើយ​គេ​មិន​ចូល​ចិត្ត​ការ​សំញ៉ែញ​កម្លាំង​ទ័ព​ឡើយ។

ប៉ុន្តែ​ គ្រានេះ ​រដ្ឋាភិបាល​ចិន​ប៉េកាំង​ចង់​ឆក់​ឱកាស ​បុណ្យខួប​២០​ឆ្នាំ​នេះ ​ដើម្បី​បង្ហាញ​ប្រាប់​ពី​អំណាច​ និង​ភាព​អស្ចារ្យ ​ភាព​ជោគជ័យ ​នៃការ​ដឹកនាំ​របស់​បក្ស​កុម្មនីស្តិ​ចិន​ប៉េកាំង។ គេ​ចង់​បង្ហាញ​ឲ្យ​ប្រជាជន​នៅ​ហុងកុង ​ដឹងថា​ មាន​តែ​បក្ស​កុម្មុយនីស្តិ​ចិន​ប៉េកាំង​តែ​មួយ​ប៉ុណ្ណោះ ​ដែល​មាន​សមត្ថភាព ​មាន​កងទ័ព​ ដើម្បី​ការពារ​ សន្តិសុខ ​ស្ថិរភាព​ របស់​ដែនដី​ហុងកុង ​ក៏ដូច​ជា​ទឹកដី​ចិន​ទាំងមូល។ ព្រម​ជាមួយ​គ្នា​នេះ ​វា​ក៏​ជា​សញ្ញា​ប្រាប់​ទៅក្រុម​ប្រឆាំង​នៅ​ហុងកុង ​ ថា​បើ​ក្នុង​ករណី​មាន​ការ​តវ៉ា​បង្ក​អស្ថិរភាព ​នោះ​កងទ័ព​ចិន​ដីគោក​ អាច​ធ្វើ​អន្តរាគមន៍​គ្រប់​ពេល ​ឲ្យតែ​ប៉េកាំង​បញ្ជារ។

លោក ស៊ី ជិនពីង នៅលើ​រថយន្ត​ត្រួតពល អម​ដោយ​រថក្រោះ​បាញ់​មីស៊ីល​រាប់រយ​គ្រឿង តម្រៀប​ជួរ​ស្វាគមន៍
លោក ស៊ី ជិនពីង នៅលើ​រថយន្ត​ត្រួតពល អម​ដោយ​រថក្រោះ​បាញ់​មីស៊ីល​រាប់រយ​គ្រឿង តម្រៀប​ជួរ​ស្វាគមន៍ Reuters

“ខ្ញុំជា​ជនជាតិ​ហុងកុង ​មិនមែន​ចិន​ទេ!”

យើង​នៅ​ចាំ​បាន​ កាល​ពី​រវាង​ខែ​ កញ្ញា ​និង​តុលា ​ឆ្នាំ​២០១៤ ​ដែល​មាន​មហាបាតុកម្ម​របស់​យុវជន​ហុងកុង ​ប្រឆាំង​នឹង​ការ​ក្តោបក្តាប់​អំណាច​របស់​ចិន​ប៉េកាំង។ ​យ៉ាងណាមិញ ​កាល​ពី​ថ្ងៃពុធ​ ពីរ​ថ្ងៃ​មុន​នេះ ​នគរបាល​ហុងកុង ​បាន​ចាប់​ឃាត់​ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​២៦​នាក់ ​ដែល​ក្នុង​នោះ​មាន​មេដឹកនាំ​ពីរ​នាក់ ​គឺ​លោក​ វង់ ចូឆ័រ ​ និង​លោក​ ឡាំ ណាថាន់។ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ឈាន​ចូល​ថ្ងៃ​សុក្រ ​សកម្មជន​​ប្រជាធិបតេយ្យ​ ២៦​នាក់ ​ត្រូវបាន​ដោះលែង​មក​វិញ​ហើយ។ ដោយឡែក​ យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​នៅ​ហុងកុង​ អាជ្ញាធរ​បាន​ចាប់​ឃាត់​ខ្លួន​ មនុស្ស​៣នាក់​ផ្សេង​ទៀត ​ ពី​បទ​សរសេរ​បរិហារ​រិះគន់​រដ្ឋាភិបាល​ចិន ​នៅតាម​ផ្លាក​សញ្ញា​ចរាចរណ៍ ​និង​តាម​ទី​សាធារណៈ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ គេ​សង្កេត​ឃើញ​យុវជន​ហុងកុង ​ កាន់តែ​ពុះ​កញ្ជ្រោល​ តវ៉ា​និង​រដ្ឋាភិបាល​ចិន​ដីគោក ​កាន់​តែ​ខ្លាំង។ យោង​តាម​ការ​ធ្វើ​ប្រជាមតិ​ថ្មីៗ​នេះ ​ ក្នុង​ចំណោម​យុវជន​អាយុ​ពី​១៨ ​ដល់​២៩​ឆ្នាំ ​​គឺមាន​តែ​៣% ​ ប៉ុណ្ណោះ ​ដែល​មាន​អារម្មណ៍​ថា​ស្និទ​នឹង​គណបក្ស​កុម្មុយនីស្តិ​ចិន។ វា​អាច​មាន​មូល​ហេតុ​ច្រើន ​រួមផ្សំ​គ្នា។

មូលហេតុទីមួយ​ គឺយើង​ត្រូវ​សម្លឹង​ទៅ​មើល​ប្រវត្តិ​របស់​ហុងកុង​ ក្នុង​រយៈពេល​ជិត​ ​២​សតវត្ស​ចុង​ក្រោយ​នេះ។ ហុងកុង ​ធ្លាប់​ស្ថិត​ក្រោម​អណានិគម​របស់​ចក្រ​ភព​អង់គ្លេស ​ជាង​១៥០​ឆ្នាំ ​ ដែល​ការ​នេះ ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ហុងកុង ​កូនចៅ​អ្នក​ហុងកុង​ជំនាន់​ក្រោយៗ ​បាន​ទទួល​នូវ​ផ្នត់​គំនិត​បែប​លោក​ខាង​លិច ​បែប​សេរីនិយម។ ការ​យល់ឃើញ​របស់​អ្នក​ហុងកុង ​គឺ​ប្រហាក់​ប្រហែល​នឹង​ការ​យល់ឃើញ​របស់​អ្នក​នៅ​អឺរ៉ុប​ ជា​ទូទៅ ​ដែល​ជា​មនុស្ស​ស្រលាញ់​សិទ្ធិ​សេរីភាព ​និង​លទ្ធិ​ប្រជាធិបតេយ្យ។

ត្រង់នេះ​ គឺវា​ផ្ទុយ​ស្រឡះពី​ប្រជាជន​ចិន​ដីគោក​ ដែល​មាន​ផ្នត់​គំនិត ​និង​ការ​យល់ឃើញ​បែប​ផ្សេង ​ព្រោះ​ពួកគេ​ស្គាល់​តែ​របប​គ្រប់គ្រង​ របស់​បក្ស​កុម្មនីស្តិ​ចិន ​ហើយ​មិន​ដែល​ស្គាល់​លទ្ធិ​ប្រជាធិបតេយ្យ ​ទេ។ ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​អ្នក​ហុងកុង ​គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នកផ្សេង​ហៅ​គេ ​ថា​ជា​ជនជាតិ​ចិន​ទេ ​គឺ​គេ​ទាម​ទារ​ឲ្យ​អ្នក​ផ្សេង​ទទួល​ស្គាល់​គេ​ ជា​ប្រជាជន​ហុងកុង ​ដែល​មាន​លក្ខណៈ​ពិសេស ​ខុសពី​ប្រជាជន​ចិន។

បញ្ហា​ទីពីរ​ អាច​ជា​បញ្ហា​សេដ្ឋកិច្ច។ នៅ​រវាង​ទសវត្ស​ឆ្នាំ​ ៨០-៩០ ​ហុង​កុង​គឺ​ជា​ចំណុច​ស្នូល ​រីក​ចំរើន​ដល់​កំពូក​ នៅលើ​ឆាក​អន្តរជាតិ។ នរណា ​ក៏ស្គាល់​ហុងកុង​ ក៏​ចង់​ទៅ​រក​ស៊ី​នៅ​ហុងកុង​ដែរ។ ក៏ប៉ុន្តែ​២០​ឆ្នាំ ​ចុងក្រោយនេះ​ បន្ទាប់​ពី​ហុងកុង ​បាន​ក្លាយ​ជា​តំបន់​ស្វ័យ័ត​របស់​ចិន​ នៅ​ឆ្នាំ​៩៧ ​ហុងកុង​បាន​ទន់ខ្សោយ​បន្តិចម្តងៗ។

អ្នក​សង្គម​វិជ្ជា​ខ្លះ ​បាន​សិក្សា​អំពី​ការ​បាក់​ទឹកចិត្ត​ របស់​យុវជន​ហុងកុង​ជំនាន់​ថ្មី។ យុវជន​ហុងកុង​បច្ចុប្បន្ន​ មាន​ទុទិដ្ឋិនិយម​ច្រើន ​ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​អនាគត​ការងារ​ ហើយ​វា​រួម​បូក​ផ្សំ​ជាមួយ​នឹង ​ ការ​បង្ហូរចូល​នូវ​ជនជាតិ​ចិន​ដីគោក ​កាន់​តែ​ច្រើន​នៅ​ហុងកុង។ អ្នក​ហុងកុង​មិន​ទុកចិត្ត​ទៅ​នឹង ​ ឯករាជ្យភាព​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ហុងកុង​ ដែល​ជានិច្ច​ជាកាល ​គឺ​ជា​ក្រុម​មនុស្ស​ស្និទ​នឹង​ប៉េកាំង។ អំពើ​ពុក​រលួយ ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ចិន​ដី​គោក ​គឺ​រឹតតែ​បាន​បន្ថែម ​ឲ្យ​អ្នក​ហុងកុង​ ស្អប់​រដ្ឋាភិបាល​កុម្មនីស្តិ​ចិន​ប៉េកាំង។

ចរន្ត​ទាមទារ​ប្រជាធិបតេយ្យ ​ឈាន​ទៅ​ទាមទារ​ឯករាជ្យ

មហា​បាតុកម្ម​ឆ័ត្រ​លឿង​ កាល​ពី​ឆ្នាំ​២០១៤ ​មិន​បាន​ទទួល​ផល​អ្វី​សោះ ​ ក៏​ប៉ុន្តែ​វា​ក៏បាន​បង្ហាញ​ប្រាប់​រដ្ឋបាល​ក្រុង​ប៉េកាំង ​ឲ្យដឹង​ពី​កម្លាំង​តវ៉ា​របស់​យុវជន​ហុងកុង​ដែរ។ មក​ដល់​ពេល​នេះ ​បើ​យោង​តាម​សម្តី​របស់​លោក ​ ឡាំ ណាថាន់ ​យុវជន​ប្រជាធិបតេយ្យ ​ហើយ​ដែល​បាន​ក្លាយ​ជា​តំណាងរាស្ត្រ​វ័យក្មេង​របស់​ហុងកុង​នោះ ​ បាន​និយាយ​ថា ​ សកម្មជន​ប្រឆាំង ​នៅតែ​មាន​សន្ទុះ​ក្លាំង​ដដែល។

មួយ​រយៈចុងក្រោយ​នេះ ​ពួកគេ​ បាន​ទទួល​ការ​ធ្វើ​ទុក្ខបុកម្នេញ​ច្រើន​ ពី​សំណាក់​អាជ្ញាធរ។ នៅឆ្នាំ​២០១៥ ​ម្ចាស់​រោងពុម្ព ​និង​បណ្ណាគារ ​៥នាក់​បាន​បាត់​ខ្លួន​យ៉ាង​ចំលែក។ តាម​ការ​សង្ស័យ​ពួក​គេ​ត្រូវ​បាន​គេ​ចាប់​​យក​ទៅ​កសាង ​ឬ​ធ្វើ​ទារុណកម្ម ​ដោយ​ហេតុថា​ពួកគេ​ បាន​ចែកចាយ​លក់​សៀវភៅ ​ដែល​មាន​និន្នាការ​រិះគន់ ​ថ្នាក់ដឹកនាំ​ចិន​ប៉េកាំង។ ក៏​ប៉ុន្តែ​ការ​ធ្វើ​ទុក្ខបុកម្នេញ ​ទៅ​លើ​អ្នក​រិះគន់ ​ក៏មាន​ន័យថា​ វា​បាន​បង្កើន​ទឹក​ចិត្ត​មិន​ពេញចិត្ត​បក្ស​កុម្មុយនីស្តិ​ចិន ​ឲ្យកើន​កាន់​តែខ្លាំង​ ទៅតាម​នោះ។

កម្មវត្ថុចំបង​នៃ​ការតវ៉ា ​គឺ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ហុងកុង។ យោង​តាម​កិច្ច​ព្រមព្រៀង ​គ្នា ​កាលពីឆ្នាំ​១៩៩៧ ​រវាង​ចិន ​និង​អង់គ្លេស គឺ​ចិន​ត្រូវ​តែ​ធានា​ឲ្យ​ហុងកុង​មាន​របប​គ្រប់គ្រប​បែប​ប្រជាធិបតេយ្យ ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ រហូត​ដល់​ឆ្នាំ​២០៤៧។ ត្រង់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ហុងកុង ​ទាមទារ​ឲ្យ​ពួក​គេ​អាច​បោះ​ឆ្នោត​ជ្រើសរើស​ថា្នក់​ដឹក​នាំ​រដ្ឋាភិបាល​ហុងកុង ​ដោយ​ផ្ទាល់។

រដ្ឋាភិបាល​ប៉េកាំង​ បាន​​យល់ព្រម ​ ក៏​ប៉ុន្តែ​បាន​ទាមទារ ​ថា​បេក្ខជន ​ត្រូវតែ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​មួយ ​ជា​អ្នក​បញ្ជូន​ឈ្មោះ​បេក្ខជន។ គណកម្មការ​នោះ​ គឺ​វា​ច្បាស់​ណាស់​ ថា​ផ្នែក​មួយ​នៃ​អង្គការ​មជ្ឈឹមបក្ស​កុម្មុយនីស្តិ​ចិន។ ប្រការ​នេះ ​បាន​ធ្វើ​ឲ្យ​សកម្មជន​ប្រជាធិបតេយ្យ ​នៅ​តែ​មិន​ពេញ​ចិត្ត​ដដែល ​ព្រោះ ​បោះឆ្នោត​ដោយ​ផ្ទាល់​គ្មាន​ន័យ​ទេ បើ​បេក្ខជន​ឈរឈ្មោះ ​គឺ​បក្ស​កុម្មនីស្តិ​ចិន​ ​ជា​អ្នក​ចាត់​តាំង​ដែល ​ជា​ដដែល។ ពួកគេ​មិន​មែន​ត្រឹម​តែ​ទាមទារ​ឲ្យ​ចិន​គោរព​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ទេ ​គឺ ​ពួកគេ ​កំពុង​ទាមទារ​ឲ្យ​ហុងកុង​ មាន​ឯករាជ្យ​តែម្តង៕

សម្រាប់​ពេលនេះ​ ចិន​ប៉េកាំង ​ហាក់​ប្រកាន់​គោល​ជំហរ​រឹង​ មិន​ចង់​បន្ទន់​ទៅ​តាម​ការ​តវ៉ា​ទេ។ បញ្ហា​ចោទ​គឺថា​ ចលនា​តវ៉ា​ដើម្បី​ប្រជាធិបតេយ្យ ​របស់​យុវជន​ ហាក់​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ ចាត់​ទុក​ថា​ជា​កូន​ក្មេង ​ មិន​មាន​កម្លាំង​នយោបាយ​ធំដំ ​ទៅ​ចរចា​ជជែក​ជាមួយ​ថ្នាក់ដឹក​នាំ​ចិន​ទេ។ រីឯ​រដ្ឋាភិបាល​ហុងកុង​វិញ​ គឺ​គ្មាន​នរណា ​ហ៊ាន​តវ៉ា​អ្វី​ជាមួយ​ចិន​ទេ។ ក្រុម​យុវជន​ ត្រូវ​ការ​ឲ្យ​មាន​ការ​គាំទ្រ​ ពី​​អ្នក​នយោបាយ​ចាស់ៗ​នៅ​ហុងកុង​ដែរ​ ហើយ​ក៏​ត្រូវ​ពិចារណា​រក​យុទ្ធសាស្ត្រ​ ដើម្បី​ដាក់​សំពាធ​លើ​ប៉េកាំង។ សម្រាប់​ពេល​នេះ ​គឺ​មាន​តែ​បាតុកម្ម​តវ៉ា ​តាម​ផ្លូវ​ប៉ុណ្ណោះ ​ដែល​ជា​មធ្យោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ