អានតួអត្ថបទ
ស្រីលង្ការ

ស្រីលង្កា កំពុង​ឈាន​ទៅរក​វិបត្តិនយោបាយ​ ដណ្តើម​​អំណាចគ្នា?

ប្រទេសស្រីលង្កា កំពុងស្ថិតក្នុងស្ថានភាពមិននឹងនរផ្នែកនយោបាយ បន្ទាប់ពីមានការរុះរើតំណែង នាយករដ្ឋមន្ត្រី ដោយអត្តនោម័ត ពីសំណាក់លោកប្រធានាធិបតីស៊ីរីសាណា។ កាលពីថ្ងៃសុក្រទី២៦ លោកប្រធានាធិបតីរូបនេះ បានដកហូតតំណែងនាយករដ្ឋមន្ត្រីពីលោក វីក្រេម៉េស៊ីង្ហ ហើយបន្ទាប់មកទៀត នៅថ្ងៃសៅរ៍ទី២៧ ក៏បានសម្រេច ព្យួរសម័យប្រជុំសភាជាតិស្រីលង្កា រហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដើម្បីរារាំង កុំឲ្យសភាតំណាងរាស្ត្រ ប្រជុំគ្នាស្តីពីបញ្ហាដកហូតតំណែងនាយករដ្ឋមន្ត្រីនេះ។

លោកMahinda Rajapakseអតីត​ប្រធានាធិបតី ទើប​តែ​ត្រូវ​បាន​តែងតាំង​​ជា​​នាយក​រដ្ឋមន្ត្រី​ ទទួលពរជ័យពីព្រះសង្ឃ មុនចូលកាន់តំណែង។ កូឡុំបូ ថ្ងៃទី​២៦ តុលា ​២០១៨​
លោកMahinda Rajapakseអតីត​ប្រធានាធិបតី ទើប​តែ​ត្រូវ​បាន​តែងតាំង​​ជា​​នាយក​រដ្ឋមន្ត្រី​ ទទួលពរជ័យពីព្រះសង្ឃ មុនចូលកាន់តំណែង។ កូឡុំបូ ថ្ងៃទី​២៦ តុលា ​២០១៨​ AKRUWAN WANNIARACHCHI / AFP
ផ្សាយពាណិជ្ជកម្ម

តើស្រីលង្កា កំពុងឈានទៅមានវិបត្តិនយោបាយ ដណ្តើមអំណាចគ្នា ឬយ៉ាងណា?​ លោកប្រធានាធិបតី Sirisena បានសម្រេចដកហូតតំណែងនាយករដ្ឋមន្ត្រីពីលោក Ranil Wickremeshinghe ដើម្បីយកដំណែងនេះ ទៅឲ្យលោក Mahinda Rajapakse។ មួយថ្ងៃក្រោយមក លោក Wickremeshinghe បានទាមទារទៅរដ្ឋសភា ដែលគណបក្សលោកមានសម្លេងភាគច្រើននោះ ត្រូវប្រជុំបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ ព្រោះ ការដក​ហូត​ដំណែងនេះ គឺជាការបំពានអំណាច ធ្វើខុសពីរដ្ឋធម្មនុញ្ញស្រីលង្កា ដែលបានហាមឃាត់ មិនឲ្យប្រធានាធិបតី មានសិទ្ធិដកតំណែងនាយករដ្ឋមន្ត្រីតាមចិត្តនឹកឃើញនោះទេ។ ស្រាប់តែនៅថ្ងៃសៅរ៍ទី២៧ តុលា លោកប្រធានាធិបតី Sirisena បានសម្រេចព្យួរ​សភា​ចោល បិទមិនឲ្យប្រជុំរហូតដល់ថ្ងៃ ទី១៦វិច្ឆិកា។

សូមរំលឹកថា លោក​ Rajapakse ធ្លាប់ធ្វើជាប្រធានាធិបតីស្រីលង្កា ចន្លោះពីឆ្នាំ២០០៥ ដល់២០១៥។ ក៏ប៉ុន្តែគណបក្សរបស់លោក Rajapakse បានប្រជែងចាញ់គណបក្សរបស់លោក Sirisena ក្នុងការបោះឆ្នោត​​ប្រធានាធិបតី។ លោក Sirisana បានងាកទៅបង្កើតរដ្ឋាភិបាលចំរុះ ជាមួយលោក Wickremeshinghe ដោយប្រគល់តំណែងនាយករដ្ឋមន្ត្រី ឲ្យលោកម្នាក់នេះ។

ក៏ប៉ុន្តែ ជាង៣ឆ្នាំមកនេះ ទំនាក់ទំនង រវាងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី មានភាពរកាំរកូសខ្លាំង ដោយសារតែមានការយល់ឃើញខុសគ្នា ក្នុងការកាច់ចង្កូតសេដ្ឋកិច្ច នយោបាយការបរទេស​ និងជាពិសេស នៅក្រោយពេលដែលលោកប្រធានាធិបតី Sirisana មានបំណង បន្តតំណែងប្រធានាធិបតីថែមមួយអាណត្តិទៀត។

លោកប្រធានាធិបតី Sirisana ធ្លាប់ត្រូវបានអ្នកវិភាគនយោបាយសម្លឹងឃើញថា មានទំនោរ​ខិតទៅ​ឥណ្ឌានឹងលោកខាងលិចខ្លាំង។ ប៉ុន្តែវាជាការគួរឲ្យភ្ជាក់ផ្អើលបំផុត ដែលលោក Sirisana បែរជាងាកមក​រកលោក Rajapakse ដែលគ្រប់គ្នាដឹងថា ជាអតីតប្រធានាធិបតីដែលស្និទនឹងចិនយ៉ាងខ្លាំង។ លោក Rajapakse ធ្លាប់ត្រូវគេចោទប្រកាន់​ថា​ពុករលួយ ទទួលប្រាក់សូកប៉ាន់របស់ចិន ហើយថែមទាំងសម្លាប់បំបិទមាត់អ្នកប្រឆាំងទៀតផង។

បើតាមការចុះផ្សាយពីបណ្តាញព័ត៌មានជាច្រើន នៅថ្ងៃសៅរ៍ទី២៧តុលានេះ ក្រុមបក្សពួករបស់លោក Rajapakse បានចុះទៅតាមស្ថានីយ៍វិទ្យុនិងទូរទស្សន៍ ហើយបានគំរាម ឲ្យគេចុះផ្សាយបរិហារ លោកនាយករដ្ឋមន្ត្រីដែលត្រូវគេដកហូតតំណែង។ នៅតាមផ្លូវ ក្នុងរដ្ឋធានីកូឡុំបូ មានភាពស្ងាត់ជ្រងំ ដោយប្រជាជនភ័យខ្លាចការប្រទូស្តរាយដោយអាវុធ។ អង្គទូត សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ប្រចាំនៅកូឡុំបូ បានអំពាវនាវ ឲ្យថ្នាក់ដឹកនាំនយោបាយស្រីលង្កា ចៀសវៀងកុំប្រើអំពើហឹង្សា ហើយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន ទៅតាមរដ្ឋធម្មនុញ្ញស្រីលង្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ