rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន ហុងកុង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកស៊ី ជីនពីង សម្ភោធ​ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ​លើ​លោក ​ឆ្លង​ពី​ហុងកុង​ទៅ​ម៉ាកាវ

media
លោក Xi Jinping ក្នុង​ពិធីសម្ភោធស្ពាន​ Hong Kong-Zhuhai-Macau។ ក្រុងជូហៃ ថ្ងៃទី​២៣តុលា ២០១៨ REUTERS/Aly Song

លោកស៊ី ជីនពីង បានអញ្ជើញទៅបើសម្ភោធ ជាផ្លូវការ នូវស្ពានឆ្លងសមុទ្រ ដែលមានប្រវែងវែងជាគេបង្អស់លើលោក តភ្ជាប់ កោះហុងកុង និងកោះម៉ាកាវ ដោយឆ្លងកាត់ទីក្រុងជូហៃ ក្នុងខេត្តគ័ងទុង។ សម្រាប់រដ្ឋាភិបាល​ចិន ស្ពាននេះ គឺជានិម្មិតរូប នៃការបើកច្រកផ្លូវសេដ្ឋកិ​ច្ចទីផ្សារសេរី ឲ្យកាន់តែទូលំទូលាយ រវាងតំបន់ស្វ័យត្នហុងកុង ជាមួយកោះម៉ាកាវ និងខេត្តក័ងទុងរបស់ចិន។ តែយ៉ាងណា សម្រាប់មតិមួយចំនួន ស្ពាននេះ គឺជានិមិ្មតរូបនៃការរឹតចំណងកាន់តែតឹង ក្នុងការប្រើអំណាចសេដ្ឋកិច្ច និងនយោបាយ មកលើដែនដីស្វ័យត្នហុងកុង ពីសំណាក់រដ្ឋាភិបាលកុម្មុយនីស្តិប៉េកាំង។


ស្ពានឆ្លងសមុទ្រ តភ្ជាប់ពីកោះហុងកុង ទៅកោះម៉ាកាវ ឆ្លងកាត់ ទីក្រុងជូហៃ ក្នុងខេត្​តគ័ងទុង ត្រូវបានដាក់សម្ភោធជាផ្លូវការ ក្រោមអធិបតីភាព លោកស៊ី ជីនពីង ប្រធានាធីបតី​​ចិន នៅថ្ងៃអង្គារ ទី២៣តុលានេះ។ ស្ពាននេះមានប្រវែងសរុប ៥៥​គីឡូម៉ែត្រ ដោយមានរាប់បញ្ចូលទាំង​ ផ្លូវរូងក្រោមសមុទ្រ មួយផ្នែក ប្រវែង​៦,៧​គីឡូម៉ែត្រ ដើម្បីកុំឲ្យប៉ះពាល់ ដល់ផ្លូវ ចរាចរណ៍ចេញចូល របស់នាវាដឹកទំនិញ និងការចុះចតរបស់យន្តហោះ នៅព្រលានយន្តហោះហុងកុង។ ស្ពានឆ្លងសមុទ្រដែលមានប្រវែង វែងជាគេលើលោកនេះ ត្រូវបានចំណាយពេលសាងសង់ អស់រយៈពេល៩ឆ្នាំ ដោយចំណាយប្រាក់អស់ ជិត២ម៉ឺនលានដុល្លារ​។ ការសាងសង់ សំណង់ដ៏អស្ចារ្យនេះ ត្រូវបានទទួលការសហការ ពីក្រុមហ៊ុនវិស្វកម្មសំណង់បារាំង ឈ្មោះ Bouygues Construction។

គួរកត់សំគាល់ថា សំណងស្ពានឆ្លងសមុទ្រនេះ ស្ថិតនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាល​ចិន ដែលចង់បើកច្រកសេដ្ឋកិច្ច តំបន់ភាគខាងត្បូងចិនដីគោក ក្នុងខេត្ត​គ័ងទុង ដែលមិនសូវជារីកចំរើនខ្លាំងនោះ ឲ្យមានទំនាក់ទំនងសេដ្ឋកិច្ច ដោយផ្ទាល់ ជាមួយ​​នឹង​​ដែនដី​ហុងកុង និងកោះម៉ាកាវ។ ជាងនេះទៅទៀត ការបើកសម្ភោធស្ពាននេះ ក៏ជួនចំថ្ងៃបុណ្យខួប នៃការផ្តើមគោលនយោបាយ កំណែទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ក្រោម​គំនិត​ផ្តួចផ្តើម របស់លោកតេង ស៊ាវភីង។

លោក ហាន ចេង នាយករដ្ឋមន្ត្រីស្តីទីរបស់ចិន បាននិយាយថា ស្ពាននេះ នឹងជំរុញការដោះដូរពាណិជ្ជកម្ម ចរាចរណ៍មនុស្ស និងចរាចរណ៍ទំនិញ រវាងហុងកុង ម៉ាកាវ និង​គ័តទុង។ ចំណែកតំណាងរដ្ឋបាលហុងកុង បានលើកឡើងថា ស្ពាននេះ នឹងពង្រឹកដែនដី​ហុងកុង ឲ្យស្ថិតនៅជាចំណុចស្នូលដ៏សំខាន់ នៃទីតាំងយុទ្ធសាស្ត្រ​​​ផ្នែកចរាចរណ៍ទំនិញ​ សម្ភារៈ មិនថាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ដោយឡែក សម្រាប់មនុស្សមួយចំនួន ស្ពានតភ្ជាប់ពីហុងកុង ទៅកាន់ដែនដីភាគខាងត្បូងរបស់ចិននេះ គឺបានស្តែងឲ្យឃើញនូវចេតនារបស់ប៉េកាំង ក្នុងការពង្រឹកពង្រីកអំណាច​នយោបាយ រដ្ឋបាល និងសេដ្ឋកិច្ច មកលើដែនដីហុងកុង ដែលជាតំបន់ស្វ័យត្ន។ បន្តិចម្តងៗ ដែនដីស្វ័យត្នហុងកុង គឺមាននៅតែលើក្រដាសប៉ុណ្ណោះ ឯការពិតជាក់ស្តែង សិទ្ធិនយោបាយ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ត្រូវស្ថិតក្រោមគំនៀបរបស់ប៉េកាំងទាំងស្រុង។ តាមពិតទៅ គម្រោងសាងសង់ស្ពានតភ្ជាប់នេះ គឺមានតាំងតែពីទសវត្សឆ្នាំ៨០ម្លេះ ក៏ប៉ុន្តែរដ្ឋបាលកោះហុងកុង កាលជំនាន់នោះ បានប្រកែកមិនព្រមទទួលជាដាច់ខាត ព្រោះគេមិនចង់ ភ្ជាប់ចំណងដោយផ្ទាល់ ជាមួយនឹងដែនដីចិនដីគោក ដែលគ្រប់គ្រងដោយរបបកុម្មុយនីស្តិ៕