Rex Tillerson ថាអាមេរិក គ្មានបំណងទៅផ្តួលរំលំរបបផ្តាច់ការកូរ៉េខាងជើងទេ
លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិក គ្មានបំណងណាមួយ ទៅធ្វើសង្រ្គាម ឬផ្តួលរំលំរបបដឹកនាំរបស់កូរ៉េខាងជើងទេ។ ដំណោះស្រាយ ដែលអាមេរិម រំពឹងចង់បានបំផុត គឺការចរចាដោយសន្តិវិធី តែក្នុងលក្ខខណ្ឌតែមួយគត់ គឺកូរ៉េខាងជើង ត្រូវតែបញ្ឈប់ ការផលិតអាវុធនុយក្លេអ៊ែរ ឲ្យបាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥២
លោក Rex Tillerson បានឆ្លើយសំណួររបស់អ្នកកាសែត កាលពីថ្ងៃទី ១ សីហា ស្តីពីវិបត្តិដ៏ក្តៅគគុក នៅឧបទ្វីបកូរ៉េ ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិក គ្មានបំណងទៅធ្វើឲ្យរបបដឹកនាំកូរ៉េខាងជើង ដួលរលំទេ ហើយអាមេរិក ក៏គ្មានបំណងទៅចាប់កូរ៉េទាំងពីរ ឲ្យរួបរួមគ្នាវិញ ដោយតក់ក្រហល់ នោះដែរ។ រដ្ឋាភិបាលអាមេរិក មិនបានទៅរកលេសណាមួយ ដើម្បីលើកទ័ពចូលទៅវាយកូរ៉េខាងជើងឡើយ។
លោក រដ្ឋមន្ត្រីបន្តថា កូរ៉េខាងជើង មិនមែនជាសត្រូវរបស់អាមេរិកទេ។ ក៏ប៉ុន្តែកូរ៉េខាងជើង គឺជាការគំរាមកំហែងមួយ ដល់សន្តិសុខរបស់អាមេរិក។ ការនេះ អាមេរិក មិនអាចទទួលយកបានទេ ហើយក៏មិនអាចនៅស្ងៀមដែរ បើសិនជាកូរ៉េខាងជើង នៅតែបន្តគំរាមកំញើញដាក់អាមេរិកទៀត។ តែយ៉ាងណា លោកបន្ថែមថា លោកជឿថា ថ្ងៃណាមួយ មេដឹកនាំកូរ៉េខាងជើង នឹងយល់ពីបញ្ហានេះ ហើយព្រមបន្ទន់ខ្លួន ចូលមកចរចាជាមួយគ្នា។
លោក Rex Tillerson បានឆ្លៀតសង្កត់ធ្ងន់ថា លក្ខខណ្ឌតែមួយគត់ ដែលអាមេរិកទាមទារ បើក្នុងករណីចរចាគ្នានោះ គឺត្រូវរៀបចំធ្វើយ៉ាងណា ឲ្យកូរ៉េខាងជើង បិទបញ្ចប់ការផលិតអាវុធនុយក្លេអ៊ែរ និងកម្មវិធីអភិវឌ្ឍន៍ការបាញ់បង្ហោះអាវុធប្រភេទនេះ ឲ្យបានជាដាច់ខាត។ សម្រាប់លោក Tillerson មានតែចិនម្នាក់គត់ ដែលអាចជួយអូសកូរ៉េខាងជើង ឲ្យចូលតុចរចា។
សូមរំលឹកថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ របបផ្តាច់ការកូរ៉េខាងជើង បានសាកល្បងមីស៊ីលអន្តរទ្វីបមួយទៀត បានដោយជោគជ័យ ដែលតាមការស្មានមីស៊ីលនោះ អាចរត់ទៅដល់ដីអាមេរិក។ គីម ជុងអ៊ុន ថែមទាំងបានថា មីស៊ីលនោះគឺជាសារគំរាម ថាកូរ៉េខាងជើង នឹងកំទេចអាមេរិក បើសិនជាអាមេរិក ហ៊ានលើកទ័ពមករំលំរបបព្យុងយ៉ាង។
រដ្ឋាភិបាលលោកដូណាល់ ត្រាំ តែងតែលើកឡើងថា អាមេរិក ពិចារណាគ្រប់ច្រកទាំងអស់ ទោះត្រូវប្រើកម្លាំងក៏ដោយ បើសិនជាគ្មានជំរើស។ តែយ៉ាងណា ក្រុមអ្នកជំនាញការអាមេរិកជាច្រើន បានលើកឡើងថា កូរ៉េខាងជើង មិនទៅល្ងង់វាយអាមេរិកមុនទេ ព្រោះបើធ្វើដូច្នេះ គឺមិនខុសពីសម្លាប់ខ្លួនឯងឡើយ។ របបផ្តាច់ការត្រកូលគីម គ្រាន់តែយកអាវុធនុយក្លេអ៊ែរ ជាខែលការពារ ដើម្បីកុំឲ្យរបបរបស់ខ្លួន ត្រូវគេផ្តួលរំលំតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ