សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវឲ្យជប៉ុនធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌
ទាក់ទិននឹងរឿងរ៉ាវជុំវិញ លោក កាឡូស ហ្គោន អតីតអគ្គនាយកក្រុមហ៊ុនផលិតរថយន្ត Renault របស់បារាំង និងជាប្រធានក្រុមហ៊ុនNissan ដែលត្រូវបានតុលាការជប៉ុន ឃុំខ្លួនដោយចោទពីបទ កេងបន្លំពន្ធ និងរំលោភលើសេចក្តីទុកចិត្តនោះ កាលពីថ្ងៃទី២០កុម្ភៈ សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ រួមជាមួយនឹងមជ្ឈមណ្ឌលការពារសិទ្ធិអ្នកជាប់ឃុំ បានចេញមុខ មកអំពាវនាវថា ដល់ពេលហើយ ដែលជប៉ុន ត្រូវតែធ្វើកំណែទំរង់ប្រព័ន្ធយុត្តិធម៌ ឲ្យត្រឹមត្រូវតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៥
លោកកាឡូស ហ្គោន (Carlos Ghosn) អតីតប្រធានអាណាចក្រ ក្រុមហ៊ុនផលិតរថយន្ត Renault Nissan និង Mitsubishi Motors ត្រូវបានគេឃាត់ខ្លួននៅក្រុងតូក្យូ ថ្ងៃទី១៩វិច្ឆិកា។ ៣ខែមកហើយ ដែលរឿងរ៉ាវនេះ បានធ្វើឲ្យរញ្ជួយវិស័យសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។
នៅថ្ងៃទី២០កុម្ភៈ សហព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ថា FIDH រួមជាមួយនឹងមជ្ឈមណ្ឌលការពារសិទ្ធិអ្នកជាប់ឃុំនៅជប៉ុន បានអំពាវនាវថា រដ្ឋាភិបាលជប៉ុន ត្រូវតែកំណត់វិធានការជាបន្ទាន់ និងឲ្យបានច្បាស់លាស់ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជប៉ុន ឲ្យត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។ លោកស្រី Maiko Tagusari អគ្គលេខានៃមជ្ឈមណ្ឌលការពារសិទ្ធិអ្នកជាប់ឃុំជប៉ុន បានលើកឡើងថា ការដែលសមត្ថកិច្ចជប៉ុន បដិសេធមិនឲ្យលោក កាឡូស ហ្គោន មានមេធាវីអមនៅជាមួយ ក្នុងពេលសួរចម្លើយ ព្រមទាំងការបន្តឃុំខ្លួនលោក រយៈពេលយ៉ាងវែងដូចនេះ គឺបង្ហាញយ៉ាងច្បាស់ អំពីចំណុចខ្វះខាត នៃប្រព័ន្ធយុត្តិធម៌ជប៉ុន ដែលមានជាយូរមកហើយ។
ដូចគ្នាដែរ លោក Junichiro Hironaka មេធាវីរបស់លោក កាឡួស ហ្គោន ក៏បានលើកឡើងថា ៣ខែមកហើយ ដែលរដ្ឋអាជ្ញាជប៉ុន បានឃុំលោក កាឡូស ហ្គោន ដោយសារតែលោកមិនព្រមសារភាព នូវអ្វីដែលគេចោទប្រកាន់។ លោកមេធាវីចោទសួរថា តើការធ្វើដូច្នេះ វាសមស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែរឬទេ? លោកបន្ថែមថា នេះជាឱកាសដ៏ល្អមួយ ដែលរដ្ឋាភិបាល និងសភាជប៉ុន ត្រូវតែចាប់ផ្តើមធ្វើកំណែទម្រង់ លើប្រព័ន្ធតុលាការ។
សូមរំលឹក ថាតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានជប៉ុន លោកកាឡូស ហ្គោន អ្នកជំនួញជនជាតិបារាំងវ័យ៦៤ឆ្នាំ ត្រូវសមត្ថកិច្ចជប៉ុនដាក់ឃុំ ក្នុងលក្ខខណ្ឌដ៏លំបាក ដោយពុំឲ្យមាននរណាចូលទៅសួរសុខទុក្ខ ហើយពុំអាចនិយាយអ្វីជាមួយអ្នកកាសែតបានទេ។ តុលាការជប៉ុន បានបដិសេធម្តងហើយម្តងទៀត មិនឲ្យលោក បង់ប្រាក់ធានាដើម្បីចេញមកនៅក្រៅឃុំ។ តាមការអះអាងពីមេធាវីរបស់លោកកាឡូស ហ្គោន សវនាការអាចនឹងបើកនៅរវាងខែកញ្ញា។
លោក កាឡូស ហ្គោន ត្រូវជាប់ចោទពីបទកិបកេងមិនប្រកាសពន្ធឲ្យបានគ្រប់ និងពីបទរំលោភលើសេចក្តីទុកចិត្ត។ ដោយសារតែរឿងរ៉ាវនេះ ក្រុមហ៊ុន Renault ក្រុមហ៊ុន Nissan និងក្រុមហ៊ុនMitsubishi បានសម្រេចដកលោក ចេញពីតំណែងប្រធាន។ បើផ្អែកតាមការអះអាងរបស់លោក កាឡូស ហ្គោន បញ្ហានេះ គឺជាការរៀបចំទាំងស្រុង ពីមនុស្សមានឥទ្ធិពលក្នុងក្រុមហ៊ុនNissan ព្រោះពួកគេចង់កំចាយលោកចេញ ដើម្បីរារាំងកុំឲ្យលោកសម្រេច ច្របាច់បញ្ចូលក្រុមហ៊ុន Renault Nissan និង Mitsubishiចូលគ្នាជាក្រុមហ៊ុនតែមួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ