អានតួអត្ថបទ

សង្រ្គាមពាណិជ្ជកម្ម៖ អត្រាពន្ធ​ថ្មី ដែល​ចិន​ដំឡើង​ទៅ​លើ​ផលិតផល​អាមេរិក ​ចូល​ជា​ធរមាន

ចាប់ពីថ្ងៃសៅរ៍ ទី១មិថុនា រដ្ឋាភិបាលចិន បានចាប់ផ្តើម អនុវត្តអត្រាពន្ធថ្មី ដែលខ្លួនបានដំឡើង​ទៅលើផលិតផលនាំចូលរបស់អាមេរិក គិតជាទឹកប្រាក់សរុបប្រមាណ​៦ម៉ឺនលានដុល្លារអាមេរិក។ ការដំឡើងពន្ធ ​ចន្លោះពី ១០ ទៅ ២៥% គឺជាវិធានការសងសឹក ដែលរដ្ឋាភិបាលចិន ចង់វាយតបទៅនឹងវិធនាការរបស់រដ្ឋាភិបាលអាមេរិក។ ជាងនេះទៀត វិបត្តិជុំវិញក្រុមហ៊ុន Huawei រិតតែធ្វើឲ្យមហាអំណាចទាំង២ មើលមុខគ្នាលែងត្រង់។

ផ្លាកសញ្ញា​Huawei នៅលើកញ្ចក់​ដែលមានរូបទង់ជាតិ​អាមេរិក​។ ថ្ងៃទី​​ ២៩ មករា​ ២០១៩
ផ្លាកសញ្ញា​Huawei នៅលើកញ្ចក់​ដែលមានរូបទង់ជាតិ​អាមេរិក​។ ថ្ងៃទី​​ ២៩ មករា​ ២០១៩ ©REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនេះ ផលិតផលរបស់អាមេរិក ចំនួន​ ៥៤១០មុខ នឹងត្រូវដំឡើងពន្ធនាំចូល ដល់ ១០% ២០%និង២៥%។ វិធានការនេះ ត្រូវបានរដ្ឋាភិបាលចិន ​ដាក់ទៅលើផលិតផលអាមេរិក ដែលមានតម្លៃនាំចូលប្រចាំឆ្នាំ ប្រមាណជាង៦ម៉ឺនលានដុល្លារអាមេរិក។ ក្នុងនោះមានរាប់តាំងពីផលិតផលគ្រឿងសំអាង ឧបករណ៍ផ្ទះបាយ សម្ភារៈកីឡា ព្រមទាំងសម្ភារៈក្មេងលេងជាដើម។

គួរបញ្ជាក់ថា ជាមធ្យមប្រចាំឆ្នាំ ទំហំនៃការដោះដូរពាណិជ្ជកម្ម រវាងចិន និងអាមេរិក មានតម្លៃសរុប ប្រហែល ៣៦ម៉ឺន​លានដុល្លារអាមេរិក។ ការសម្រេចដំឡើងពន្ធទៅលើផលិតផលអាមេរិក គឺជាវិធានការ ឆ្លើយតបទៅនិងការសម្រេចរបស់លោកដូណាល់ ត្រាំ ដែលបានដំឡើងពន្ធនាំចូល ខ្ពស់កប់ពពក ទៅលើផលិតផលិតចិន ប្រមាណ​២០ម៉ឺន​លាន​ដុល្លារ​ ដែលនាំចូលទៅលក់នៅអាមេរិក។

គួរកត់សំគាល់ដែរថា ការចូលជាធរមាននៃអត្រាពន្ធដាថ្មីរបស់ចិននេះ គឺវាស្ថិតនៅក្នុងបរិបទសង្រ្គាមពាណិជ្ជកម្មមួយ ដ៏តាមតឹង រវាងអាមេរិក និងចិន ទាក់ទិននឹងក្រុមហ៊ុនHuawei។ កាលពីថ្ងៃសុក្រកន្លងទៅ រដ្ឋាភិបាលចិន បានសម្រេចបង្កើតបញ្ជីខ្មៅរបស់ខ្លួនមួយ ដើម្បីកត់ឈ្មោះក្រុមហ៊ុនបរទេសណា ដែលរកស៊ីមិនស្មោះជាមួយចិន ឬដែលមិនគួរឲ្យទុកចិត្ត។

លោក Andrew Polk អ្នកជំនាញសេដ្ឋកិច្ចនៅ​Trivium China បានលើកឡើងថា វាហួសពីច្បាស់ទៅទៀត ថាបញ្ជីខ្មៅ ដែលចិនទើបបង្កើតនេះ គឺជាអាវុធដែលចិនចង់ធ្វើបាបក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក៏ដូចជាក្រុមហ៊ុនបបច្ចេកវិទ្យាអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ដែលបានដោះដៃចោលក្រុមហ៊ុន Huawei ដោយខ្លាចការសម្លុតរបស់អាមេរិក។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺមានដូចជា Google Intel Qualcomm ARM ជាដើម។ តែយ៉ាងណា អ្នកវិភាគរូបនេះ យល់ឃើញថា បញ្ជីខ្មៅរបស់ចិន អាចជាអាវុធមុខ២ បែរមកមុតចិនខ្លួនឯងវិញ ព្រោះវាអាចចាប់បង្ខំ​ឲ្យក្រុមហ៊ុនបរទេស ទាល់ច្រក និងត្រូវតែធ្វើការជ្រើសរើស រវាងអាមេរិក និងចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ