rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លទ្ធផល​បោះឆ្នោត​ថៃ៖ បក្ស​លោក​ប្រាយុទ្ធ នឹង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​យ៉ាង​ងាយ

media
លោកប្រាយុទ្ធ ដឹកដៃលោក ប្រាវីដ វង់សុវណ្ណ រដ្ឋមន្ត្​រីក្រសួងការពារជាតិ​ នៅ​ពេល​​បុណ្យ​​​សង្រ្កាន្តឆ្លងឆ្នាំ ថ្ងៃទី​​១១ មេសា​ ២០១៩។ REUTERS/Athit Perawongmetha

ជាងមួយខែ ក្រោយការបោះឆ្នោតសភានៅប្រទេសថៃ កាលពីថ្ងៃទី​៨ឧសភា លទ្ធផលផ្លូវការ ត្រូវបានគេប្រកាស។ ក្នុងនោះ គណបក្ស ផាឡាំងប្រាឆារ៉ាត់ របស់លោកប្រាយុទ្ធ ចាន់អូចា បានទទួលអាសនៈ ចំនួន​១១៥អាសនៈ ខណៈដែលបក្សភឿថៃ បានអាសនៈចំនួន​ ១៣៦។ ថ្វីបើបានអាសនៈតិចជាងក្តី តែបក្សរបស់​លោកប្រាយុទ្ធ ចាន់អូចា មានសង្ឃឹម ថានឹងអាចបង្កើតរដ្ឋាភិបាលចម្រុះ បានដោយងាយ ដោយសារ​ អាសនៈក្នុងព្រឹទ្ធសភាទាំង២៥០អាសនៈ សុទ្ធសឹងតែជារបស់បក្សលោកប្រាយុទ្ធទាំងអស់។


គណបក្ស ផាឡាំងប្រាឆារ៉ាត់ របស់លោកប្រាយុទ្ធ ​ចាន់អូចា ដែលស្និទនឹងកងទ័ពថៃ បានទទួលអាសនៈសរុប ចំនួន ១១៥អាសនៈ ក្នុងចំណោម ៥០០អាសនៈ។ ចំណែក គណបក្ស​​ភឿថៃ ដឹកនាំដោយលោកស្រី ស៊ុដារ៉ាត កេយុរ៉ាផាន់ ដែលស្និទនឹងលោក ថាក់ស៊ីន នោះ បានទទួលអាសនៈ ចំនួន​១៣៦។

ទោះជាបក្សភឿថៃ បានទទួលអាសនៈសភា ច្រើនជាងបក្សផាឡាំងប្រាឆារ៉ាត់ ពិតមែន ក៏ប៉ុន្តែ គេគ្មានសង្ឃឹមថា បក្សភឿថា នឹងអាចដើរប្រមូល បានសម្លេងភាគច្រើននៅក្នុងរដ្ឋសភានោះទេ។ ជាងនេះទៀត ដើម្បីអាចបង្កើតរដ្ឋាភិបាល និងស្នើបេក្ខជននាយករដ្ឋមន្ត្រីថ្មីបាន បក្សដែលឈ្នះ ត្រូវការសម្លេងភាគច្រើន ៥០ បូកមួយ ទាំងសភា និងព្រឹទ្ធសភាបញ្ចូលគ្នា។

ក៏ប៉ុន្តែនៅព្រឹទ្ធសភា អាសនៈទាំង២៥០ គឺសុទ្ធសឹងតែជាមនុស្ស តែងតាំងឡើង ដោយក្រុមកងទ័ព ហើយដែលបំរើប្រយោជន៍ឲ្យបក្ស របស់លោក ប្រាយុទ្ធ ចាន់អូចា។ លោកប្រាយុទ្ធ ចាន់អូចា បានរៀបចំធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញ ស្តីពីច្បាប់បោះឆ្នោត និងច្បាប់ចាត់តាំងព្រឹទ្ធសភា រួចជាស្រេច តាំងតែមុនបោះឆ្នោតថ្ងៃទី​២៤មីនាម្លេះ ដើម្បីបិទផ្លូវ ក្នុងករណីបក្សភឿថៃឈ្នះបានអាសនៈច្រើនជាង ក្នុងរដ្ឋសភា។

ដូច្នេះ ជាមួយនឹងអាសនៈព្រឹទ្ធសភា ២៥០ដែលមានស្រាប់  គឺលោក ប្រាយុទ្ធ ចាន់អូចា ត្រូវការអាសនៈក្នុងរដ្ឋសភា តែ ១២៦ អាសនៈប៉ុណ្ណោះ។ ចំណែកបក្សភឿថៃ​វិញ ​ដោយសារ​​តែ​គ្មានមួយអាសនៈសោះ ក្នុងព្រឹទ្ធសភា មានន័យថា បក្សនេះ ត្រូវការប្រមូល​អាសនៈក្នុង​រដ្ឋសភា ឲ្យបាន៣៧៦ ទើបអាចមានសង្ឃឹម ​អាចបង្កើតរដ្ឋាភិបាលបាន។

មានន័យថាបក្សលោកប្រាយុទ្ធ ចាន់អូចា ត្រូវការអាសនៈបន្ថែមតែ១១ទេ ដើម្បីគ្រប់​១២៦។ តាមការប៉ាន់ស្ថាន វាជារឿងងាយស្រួលបំផុត ដោយសារមានបក្ស២ ដែលត្រៀមចាំសហការជាមួយលោកប្រាយុទ្ធ គឺបក្សប្រជាធិបតេយ្យ ដែលមាន៥២អាសនៈ និងបក្សភូមចៃថៃ ដែលមាន៥១អាសនៈ។

ដោយឡែក បក្សភឿថៃ បានបរិហារគណកម្មរៀបចំការបោះឆ្នោត ថាបានរំលោភអំណាច និងមានភាពលំអៀង ហើយថាខ្លួន នឹងដាក់ពាក្យប្តឹង។​ តែយ៉ាងណា សម្រាប់ពេល​នេះ បក្សប្រឆាំង មិនបានអំពាវនាវ ឲ្យប្រជាជនចុះផ្លូវធ្វើបាតុកម្ម ប្រឆាំងនឹងលទ្ធផលឆ្នោតទេ៕