rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា រ៉ូហ៊ីងយ៉ា អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រ៉ូហ៊ីងយ៉ា៖ ប្រទេស៩​នៃ​ក្រុមប្រឹក្សា​សន្តិសុខ ទាមទារ​ស្តាប់​ការ​ពន្យល់​របាយការណ៍​ស្តីពី​ភូមា

media
ពីឆ្វេងទៅស្តាំ៖ លោកស្រី Radhika Coomaraswamy លោក Marzuki Darusman និងលោក Christopher Sidoti សមាជិក​ក្រុមការងារ​​ស្វែងរក​ការពិត​ស្តីពី​ឧក្រិដ្ឋកម្ម​ ធ្វើទៅលើ​ប្រជាជន​រ៉ូហ៊ីងយ៉ា។ REUTERS/Denis Balibouse

ប្រទេស៩ ក្នុងចំណោមសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានផ្ញើរលិខិតមួយទៅកាន់ប្រទេសបូលីវី ដែលដល់វេនធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែតុលានេះ ដើម្បីទាមទារ ចង់ស្តាប់ការពន្យល់បំភ្លឺ ពីសំណាក់ក្រុមការងារស្វែងរកការពិត ដែលបានធ្វើរបាយការណ៍ ស្តីពីសកម្មភាពកាប់សម្លាប់ប្រជាជនរ៉ូហ៊ីងយ៉ា បង្កឡើងដោយ​កងទ័ពភូមា។ បើតាមការរំពឹងទុក របាយការណ៍ ដែលបានចាត់ទុកកងទ័ពភូមា ថាបានធ្វើអំពើឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍នេះ អាចនឹងត្រូវលើកមក​ពន្យល់បកស្រាយ នៅក្នុងអង្គមហាសន្និបាត នៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២៣តុលា ខាងមុខនេះ។


បារាំង កូវ៉េត កូឌីវ័រ ហូឡង់ ប៉េរូ ប៉ូឡូញ ស៊ុយអែត សហរដ្ឋអាមេរិក និងអង់គ្លេស បានរួមគ្នាចុះហត្ថលេខា លើលិខិតមួយ ស្នើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យរៀបចំ ឲ្យមានការចូលមកនិយាយបកស្រាយពន្យល់ លើរបាយការណ៍ ស្តីពីអំពើឧក្រិដ្ឋរបស់កងទ័ពភូមា ធ្វើទៅលើ ប្រជាជនរ៉ូហ៊ីងយ៉ា។

ប្រទេស៩ ក្នុងចំណោម១៥ ដែលគាំទ្រសំណើរនេះ គឺជានីតិវិធី ដើម្បីបញ្ចៀសនីតិវិធីបោះឆ្នោត នៅក្នុងក្រុនប្រឹក្សាសន្តិសុខ ដោយហេតុថា កន្លងមក ចិនតែងតែចេញមុខរារាំង និងបោះឆ្នោតវេតូ ដើម្បីការពារភូមាជានិច្ច។ ជារៀងរាល់លើក ចិន តែងតែលើកឡើងថា បញ្ហាប្រជាជនរ៉ូហ៊ីងយ៉ា គឺជាបញ្ហាទ្វេភាគី រវាងភូមា និងបង់ក្លាដែរ ដែលអង្គការសហប្រជាជាតិ មិនត្រូវលូកដៃទេ។

សូមរំលឹកថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បានបង្កើតក្រុមការងារស្វែងរកការពិតមួយ ដែលមានតួនាទី ស៊ើបអង្កេត តាមដាន​អំពីសកម្មភាពឧក្រិដ្ឋ ដែលបានធ្វើឡើង ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ បើទោះក្រុមការងារនេះ មិនត្រូវបានអាជ្ញាធរភូម អនុញ្ញាតឲ្យចូលទៅស្រាវជ្រាវ ដល់រដ្ឋរ៉ាឃីន ក៏ដោយ តែក្រុមការងារនេះ បានស្រង់បាននូវសក្ខីកម្ម ជាច្រើន ពីសំណាក់ប្រជាជនរ៉ូហ៊ីងយ៉ា ដែលភៀសខ្លួននៅបង់ក្លាដែស។ របាយការណ៍ ដែលបានចេញផ្សាយ កាលពីខែកញ្ញាកន្លងទៅ ដោយក្រុមការងារស្វែងរកការពិតនេះ បានចោទប្រកាន់កងទ័ពភូមា ថាបានធ្វើសកម្មភាពឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ លើសហគមនអ៊ីស្លាមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន។

បន្ទាប់ពីបានទទួលលិខិត ចុះហត្ថលេខាដោយ៩ប្រទេសនេះ ប្រទេសបូលីវី ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវសម្រេច កំណត់កាលបរិចេ្ឆទប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបញ្ហានេះ។ តាមការរំពឹងទុក របាយការណ៍ របស់ក្រុមការងារស្វែងរកការពិតស្តីពីប្រជាជនរ៉ូហ៊ីងយ៉ា និងត្រូវយកមកបកស្រាយពន្យល់ ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ​ ថ្ងៃទី២៣តុលា។ ហើយបន្ទាប់មកទៀត ក្រុមប្រឹក្សាសន្តិសុខ អាចនឹងបើកការប្រជុំពិភាក្សាគ្នា ពីបញ្ហានេះ នៅថ្ងៃទី២៤តុលា។ ឧត្តមស្នងការសិទ្ធិមនុស្ស ដែលជាអ្នកផ្តើមគំនិត ធ្វើរបាយការណ៍នេះ បានទាមទារ ឲ្យដាក់ពាក្យប្តឹងមន្ត្រីទ័ពភូមា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

ដោយឡែក តំណាងទូតភូមា ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើរលិខិតមួយដែរ ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ ដោយបានលើកឡើងថា ភូមាបារម្ភមិនចង់ឲ្យមានការប្រជុំនិយាយគ្នាអំពីបញ្ហារ៉ូហ៊ីងយ៉ាទេ។ សម្រាប់ភូមា របាយការណ៍ដែលចោទភូមានោះ នឹងមិនជួយដល់ការកសាងសន្តិភាពនៅក្នុងរដ្ឋរ៉ាឃីនទេ ផ្ទុយទៅវិញ គឺវារិតតែបង្កើនការចោទប្រកាន់ស្អប់គ្នាទៅវិញទៅមក រវាងសហគមន៍ជនជាតិផ្សេងៗគ្នា នៅក្នុងរដ្ឋរ៉ាឃីន៕