rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា រ៉ូហ៊ីងយ៉ា សិទ្ធិមនុស្ស ជនភៀសខ្លួន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជនជាតិ​រ៉ូហ៊ីងយ៉ា ​ចោទ​ថា​កម្មវិធី​ទទួល​ពួកគេ ​ឲ្យ​ត្រលប់​ទៅ​ភូមា​វិញ ​គឺជា​រឿង​បោកប្រាស់

media
ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ​នៅ​ជំរំ ​Balukhali ក្បែរជំរំ​ Cox's Bazar ​ប្រទេស​បង់ក្លាដែស។ ថ្ងៃទី​​១៥​ មករា ​២០១៨ Reuters

រដ្ឋាភិបាលភូមា និងបង់ក្លាដែស បានព្រមព្រៀងគ្នា បញ្ជូនជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណជា៧សែន៥ម៉ឺននាក់ ដែលបច្ចុប្បន្ន កំពុងស្នាក់នៅក្នុងជំរំ ក្នុងប្រទេសបង់ក្លាដែស ឲ្យត្រលប់ទៅកាន់ភូមាវិញ។ តែយ៉ាងណាក៏ដោយ ក្រុមសហគមជនជាតិរ៉ូហ៊ីងយ៉ា ក៏ដូចជាសកម្មជនអង្គការសិទ្ធិមនុស្សជាច្រើន បានបរិហារថា ផែនការទទួលត្រលប់ទៅវិញនេះ គឺជាការបោកប្រាស់​ប៉ុណ្ណោះ ព្រោះអាជ្ញាធរភូមា នឹងយកជនជាតិរ៉ូហ៊ីងយ៉ា ទៅទុកចោលនៅក្នុងជំរំ ជារៀងដ៏រាប និងមិនឲ្យពួកគេអាចត្រលប់ទៅស្រុកភូមិ​វិញបានទេ។


កាលពីថ្ងៃសុក្រទី១៩ មករា​នេះ នៅក្បែរជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅបង់ក្លាដែស មានជនជាតិរ៉ូហ៊ីងយ៉ា​ រាប់រយនាក់ បានធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងផែនការបញ្ជូនពួកគេ ត្រលប់ទៅភូមាវិញ។ ពួកគេអះអាង​ថា ពួកគេបានរត់គេច ពីការកាប់សម្លាប់ ការដុតផ្ទះសំបែង អំពើរំលោភ​សេព​សន្ទវៈ និងអំពើព្រៃផ្សៃជាច្រើនទៀត ដែលអាជ្ញាធរភូមាបានធ្វើ។ ដូច្នេះ ពួកគេមិនអាចត្រលប់ទៅភូមាវិញទេ ប្រសិនបើអាជ្ញាធរភូមា មិនធានា​នូវ​សន្តិសុខរបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេត្រលប់ទៅស្រុកភូមិ​ដីស្រែ​ចំការវិញ។

សូមបញ្ជាក់ថា រដ្ឋាភិបាលភូមា បានយល់ព្រមទទួលជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណជា៧សែន៥ម៉ឺននាក់ ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងជំរំបង់ក្លាដែស ឲ្យទៅនៅក្នុងជំរំ ក្នុងរដ្ឋរ៉ាឃីនវិញ។ ផែនការបញ្ជូនត្រលប់ទៅវិញនេះ នឹងចាប់ផ្តើមពីថ្ងៃអង្គារសប្តាហ៍ក្រោយនេះទៅ ហើយមានរយៈពេល២ឆ្នាំ។

ដោយឡែក ក្រុមមន្ត្រីអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្ស បានលើកឡើងថា ផែនការបញ្ជូនត្រលប់វិញនេះ គឺជារឿងមួយគ្រោះថ្នាក់បំផុត។ អាជ្ញាធរភូមា នៅមិនទាន់បានចាត់វិធានការ បិទបញ្ចប់ការធ្វើទុកបុកម្នេញ មកលើជនជាតិរ៉ូហ៊ីងយ៉ានៅឡើយទេ។ ការបញ្ជូនពួកគេឲ្យត្រលប់ទៅវិញ គឺមិនខុស ពីបញ្ជូនឲ្យពួកគេ ជួបសេចក្តីទុក្ខជាថ្មីម្តងទៀតនោះទេ។ ជាងនេះទៅទៀត អាជ្ញាធរភូមា មានគំរោងយកពួកគេ ទៅដាក់ក្នុងជំរំបណ្តោះអាសន្ន។ ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ គឺភូមា គ្មានផែនការណាមួយ បញ្ជូនពួកគេ ឲ្យត្រលប់ទៅភូមិស្រុក និងប្រគល់ដីស្រែចំការឲ្យពួកគេវិញទេ។ ដូច្នេះ ជនជាតិរ៉ូហ៊ីងយ៉ា អាចនឹងត្រូវគេប្រមូល ឲ្យនៅក្នុងជំរំបណ្តោះអាសន្នទាំងនោះ អស់មួយជីវិត និងរាប់តំណទៅមុខទៀត។

យ៉ាងណាមិញ  ក្រុមឧទ្ទាមរំដោះរ៉ូហ៊ីងយ៉ា (ASRA) បានសរសេរលើទំព័រ​Twitterរបស់ខ្លួនថា អាជ្ញាធរភូមា កំពុងតែបោកប្រាសគេឯងគ្រប់គ្នា ថាទទួលប្រជាជនរ៉ូហ៊ីងយ៉ា ឲ្យត្រលប់ទៅវិញ។ តែធាតុពិត គឺគេ​យក​ទៅបំបរបង់ចោលក្នុងជំរំ។ រីឯភូមិស្រុករាប់រយ ដែលកងទ័ពភូមាបាន​ដុត​បំផ្លាញចោល ព្រមទាំងដីស្រែចំការ របស់ប្រជាជនរ៉ូហ៊ីងយ៉ាង​ផង​នោះ គឺពួកទាហានភូមា នឹងយកទៅលក់ ធ្វើជាដំបន់សេដ្ឋកិច្ច និងដី​សម្បទានឲ្យឈ្មួញបរទេស។

សូមរំលឹកថា ប្រជាជនរ៉ូហ៊ីងយ៉ា ដែលរស់នៅភាគច្រើន ក្នុងរដ្ឋរ៉ាឃីន ប្រទេសភូមា រាប់សិបតំណមកហើយនោះ មិនត្រូវបានភូមាទទួលស្គាល់​ជាប្រជាជនពេញសិទ្ធិទេ។ ច្បាប់ឆ្នាំ១៩៨២​បានដកសញ្ញាតិពួកគេ ឲ្យក្លាយជាប្រជាជនគ្មានប្រទេស គ្មានសញ្ជាតិ។ ជនរ៉ូហ៊ីងយ៉ា គ្មាន​សិទ្ធិ​ជាម្ចាស់ដីស្រែចំការ គ្មានសិទ្ធិធ្វើការ គ្មានសិទ្ធិទទួលបានសេវា​សាធារណៈ ដូចជាប្រព័ន្ធអប់រំ ឬប្រព័ន្ធសុខាភិបាលជាដើម។ សហគម​រ៉ូហ៊ីងយ៉ា បានទាមទារថា ដរាបណាពួកគេនៅតែគ្មានសញ្ញាតិភូមា នោះពួកគេនឹងបន្តរងទុកជារៀងរហូត៕