អានតួអត្ថបទ
កូរ់េខាងជើង

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​ទៅ​​កូរ៉េខាង​ជើង​ ដើម្បី​រៀបចំ​ជំនួប ​រវាង​លោក​ដូណាល់ ត្រាំ ​និង​គីម ជុងអ៊ុន​

លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិក កំពុងតែមានវត្តមាន នៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីជួបជាមួយតំណាងកូរ៉េខាងជើង ពិភាក្សាគ្នា ស្តីពីការជួបប្រជុំគ្នា ជាប្រវត្តិសាស្ត្រ រវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ តាមប្រភពពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរ ថាលោករដ្ឋមន្ត្រីអាមេរិក អាចនឹងត្រលប់មកវិញ ដោយនាំមកជាមួយ នូវជនជាតិអាមេរិក ដើមកំណើតកូរ៉េ៣នាក់ ដែលកូរ៉េខាងជើង បានចាប់ឃុំខ្លួន។

លោក Mike Pompeo (ឆ្វេង)
លោក Mike Pompeo (ឆ្វេង) REUTERS
ផ្សាយពាណិជ្ជកម្ម

ចេញដំណើរពីជប៉ុន លោក Mike Pompeo ទើបតែបានទៅដល់រដ្ឋធានីព្យុងយ៉ាង នៅថ្ងៃពុធទី ៩ឧសភានេះ។ នៅសណ្ឋាគារ Koryo ក្រុងព្យុងយ៉ាង លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានពិសារបាយថ្ងៃត្រង់ ជាមួយលោក Kim Yong Chol អតីតប្រធានាការិយាល័យស៊ើបការណ៍សំងាត់របស់កូរ៉េខាងជើង ហើយដែលបច្ចុប្បន្ន គឺជាមន្ត្រីទទួលបន្ទុកកិច្ចការទំនាក់ ទំនងជាមួយកូរ៉េខាងត្បូង។

ក្រោយបាយថ្ងៃត្រង់ នៅចំពោះមុខអ្នកកាសែត លោក Kim Yong Chol បានថ្លែងថា ខ្ញុំមានសង្ឃឹមថា សហរដ្ឋអាមេរិក និងជួយជ្រោមជ្រែង ក្នុងការកសាងសន្តិភាពនៅតំបន់ឧបទ្វីបកូរ៉េ។ ចំណែក លោក Mike Pompeo វិញ បានលើកឡើងថា ជាច្រើនទសវត្សមកហើយ ដែលប្រទេសយើងទាំងពីរ មើលមុខគ្នាមិនត្រង់។ ក៏ប៉ុន្តែ ចាប់ពីពេលនេះទៅ យើងសង្ឃឹមថា ប្រទេសទាំង២ នឹងអាចចាប់ដៃសហការគ្នា ដើម្បីដោះស្រាយវិវាទ​ បញ្ឈប់រាល់ការគំរាមកំហែង ដែលបានដាក់សំពាធមកលើពិភពលោកទាំងមូល ហើយជាពិសេស នឹងចាប់ផ្តើម បើកឱកាសថ្មី ឲ្យដល់ប្រជាជនកូរ៉េខាងជើង ឲ្យសក្តិសម នូវអ្វីដែលពួកគេសមនឹងទទួលបាន។

ពីរដ្ឋធានីវ៉ាស៊ីងតោនឯណោះ លោកដូណាល់ ត្រាំ បានប្រកាសថា​ លោករដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងតែធ្វើដំណើរ ទៅកូរ៉េខាងជើង ដើម្បីត្រួសត្រាយផ្លូវ រៀបចំជំនួបកំពូលរវាងលោកត្រាំ និងគីម ជុងអ៊ុន។ តែយ៉ាងណា លោកដូណាល់ ត្រាំមិនបានបញ្ជាក់ ឲ្យច្បាស់ អំពីទីកន្លែង និងកាលបរិចេ្ឆទនៃជំនួបដ៏កម្រនេះទេ។ លោកគ្រាន់តែបានលើកឡើងថា​ កិច្ចការទំនាក់ទំនងគ្នា កំពុងដើរទៅមុខយ៉ាងល្អ ដោយមានការជ្រោមជ្រែង ពីចិន ជប៉ុន និងកូរ៉េខាងត្បូង។

ដោយឡែក បើយោងតាមមន្ត្រីកូរ៉េខាងត្បូង បានឲ្យដឹងថា ការទៅដល់ក្រុងព្យុងយ៉ាង របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក លើកនេះ គឺប្រហែលជាត្រូវសម្រេចជាមួយភាគីកូរ៉េខាងជើង អំពីទីតាំង និងកាលបរិច្ឆេទប្រជុំ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន។ មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងជើង អាចនឹងយល់ព្រមដោះលែងជនជាតិអាមេរិក ដើមកំណកូរ៉េ៣នាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង ហើយបញ្ជូនមនុស្សទាំង៣នាក់នេះ ឲ្យមកជាមួយលោករដ្ឋមន្ត្រីការបរទេសអាមេរិកវិញ។

ដោយឡែក នៅទីក្រុងតូក្យូឯណោះ លោកស៊ិនហ្សូ អាបេ ទើបតែបានទទួលជួបពិភាក្សាជាមួយលោក លី កឺឈាំង នាយករដ្ឋមន្ត្រីចិន និងលោក មូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីនិយាយគ្នា អំពីដំណើរស្តារកសាងទំនាក់ទំនង ជាមួយកូរ៉េខាងជើងឡើងវិញ បន្ទាប់ពីចាប់ផ្តើមដំណាក់កាលរំសាយការផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ