rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ម៉ាឡេស៊ី នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ម៉ាឡេស៊ី៖ មេដឹកនាំ​បក្ស​ប្រឆាំង អាន់វ៉ា អ៊ីប្រាហ៊ីម​ ត្រូវ​ដោះលែង​​ចេញ​ពីគុក

media
លោក Anwar Ibrahim ពេល​ចេញពីមន្ទីរពេទ្យ​​ ក្រុង​កូឡាឡំពួរ។ ថ្ងៃទី​១៦​ ឧសភា​ ២០១៨ REUTERS/Lai Seng Sin

លោក អាន់វ៉ា អ៊ីប្រាហ៊ីម អ្នកនយោបាយម៉ាឡេស៊ី ដ៏ល្បីឈ្មោះ និងជាមេក្រុមបក្សនយោបាយប្រឆាំង ដែល​ទើបតែបានឈ្នះឆ្នោត ក្នុងការបោះឆ្នោតសភា ថ្មីៗនេះ ទើបតែត្រូវបានគេដោះលែងចេញពីគុក ក្រោយពេលដែល ព្រះចៅស៊ុលតង់ម៉ាឡេស៊ី លើកលែងទោសនៅថ្ងៃពុធ ទី១៦ឧសភានេះ។ យ៉ាងណាក៏ដោយ លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា លោកមិនទាន់មានបំណង ចូលប្រឡូកក្នុងរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ម៉ាហាធា ម៉ូហាម៉េដ ក្នុងពេលភ្លាមៗនេះទេ។


លោកអាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានគេបញ្ជូនចេញពីគុក ភ្លាមៗ ទៅកាន់មន្ទីរពេទ្យក្រុងកូឡាឡំពួរ ដើម្បីទទួលការវះកាត់ត្រង់ស្មារ។ ​នៅរសៀលថ្ងៃពុធននេះ លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានចេញពីមន្ទីរពេទ្យ ហើយបានធ្វើដំណើរ ​ទៅចូលគាល់ ព្រះចៅស៊ុលតង់ម៉ាឡេស៊ី ដោយមានការទទួលពីសំណាក់ លោកម៉ាហាធា ម៉ូហាម៉េដ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ផងដែរ។

ក្នុងទឹកមុខញញឹម និងលើកដៃស្វាគមអ្នកគាំទ្រ នៅខាងមុខមន្ទីរពេទ្យ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ក្នុងពេលនេះ លោកមានបំណងយកពេលសម្រាក ជួបជុំគ្រួសារមួយរយៈសិន ដោយមិនទាន់ ចង់ចូលប្រឡូក ក្នុងរដ្ឋាភិបាលថ្មី ភ្លាមនោះទេ។ តែលោកបានបញ្ជាក់ថា លោកមានបំណងចង់ជួយរដ្ឋាភិបាលថ្មី ដែលមានលោក ម៉ាហាធា ម៉ូហាម៉េដ ជានាយករដ្ឋមន្ត្រី និងមានលោកស្រី​ វ៉ាន់ អាហ្ស៊ីហ្សា វ៉ាន់អ៊ីស្មាអ៊ីល ដែលជាភរិយា របស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម ផ្ទាល់ ជាអនុនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា លោកអាន់វ៉ា អ៊ីប្រាហ៊ីម ដែលមានវ័យ៧០ឆ្នាំនោះ គឺជាអ្នកនយោបាយដ៏មានប្រជាប្រិយមួយរូប ដែលគេស្គាល់ តាមរយៈឆន្ទៈ និងភាពមោះមុត ក្នុងការធ្វើកំណែទម្រង់ ប្រឆាំងអំពើពុករលួយ។ ក្នុងរវាងឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ លោក គឺជាដៃស្តាំរបស់ លោក ម៉ាហាធា ម៉ូហាម៉េដ ប៉ុន្តែដោយភាពមិនចុះសម្រុងនឹងគ្នា ក្រោយផ្ទុះវិបតិ្តសេដ្ឋកិច្ចអាស៊ី លោកម៉ាហាធា ម៉ូហាម៉េដ បានដកលោកអាន់វ៉ា អ៊ីប្រាហ៊ីម ចេញពីតំណែងអនុនាយករដ្ឋមន្ត្រី។ ក្រោយមកលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានចេញទៅចូលរួមធ្វើនយោបាយ ជាមួយក្រុមប្រឆាំង ដោយបានបង្កើតបក្ស​មួយឈ្មោះ គណបក្សដើម្បីយុត្តិធម៌ប្រជាជន។ ក្រោយមក លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនលើក។ ជាចុងក្រោយ នៅឆ្នាំ២០១៥ លោកត្រូវបានតុលាការកាត់ទោសជាថ្មី ឲ្យ​ជាប់គុកចំនួន៥ឆ្នាំ ក្នុងរឿងក្តីផ្លូវភេទ ដែលលោកតែងតែប្រកែក ថាវាជាការរៀបចំបែបនយោបាយសុទ្ធសាធ។

ក្នុងការបោះឆ្នោតសភា កាលពីសប្តាហ៍មុននេះ គឺសម្ព័ន្ធគណបក្សប្រឆាំង របស់លោក អាន់វ៉ា អ៊ីប្រាហ៊ីមនេះហើយ ដែលបានឈ្នះសម្លេងភាគច្រើនក្នុងសភា ជាមួយនឹងបេក្ខភាពលោក ​ម៉ាហាធា ម៉ូហាម៉េដ ជានាយករដ្ឋមន្ត្រី។ លោក ម៉ាហាធា ម៉ូហាម៉េដ ធ្លាប់បានសន្យាថា នឹងប្រគល់តំណែងនាយករដ្ឋមន្ត្រីជូនលោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅពេលណាឈ្នះឆ្នោត។

ឆ្លើយនឹងសំណួរអ្នកកាសែត ដែលសួរថា តើលោកអាន់វ៉ា បានកាត់​ចិត្តអភ័យទោសឲ្យលោក ម៉ាហាធា ម៉ូហាម៉េដ ហើយឬនៅ លោកបានឆ្លើយថា រឿងទាំងនេះជារឿងអតីតកាល ដែលលោកនិងលោកម៉ាហាធា ម៉ូហាម៉េដ បានកប់ទុកចោលទៅហើយ។ កិច្ចការដែលត្រូវធ្វើនាពេលនេះ គឺត្រូវពួតដៃគ្នា ធ្វើកំណែទម្រង់ ម៉ាឡេស៊ី។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ឆ្លៀតបន្ថែមថា​ ចាប់ពីពេលនេះទៅ ម៉ាឡេស៊ី នឹងបើកទំព័រសករាជ្យថ្មី ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ បោសសំអាតអំពើពុករលួយ ហើយផ្តល់យុត្តិធម៌ដល់ប្រជាជនម៉ាឡេស៊ីទាំងអស់ ដោយមិនប្រកាន់ជាតិសាសន៍ ដើមកំណើត ឬសាសនានោះទេ៕