អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង

លោកមូន ជែអ៊ីន មនុស្ស​ដ៏​សំខាន់​ដែល​ជំរុញ​ឲ្យ​មា​ន​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន

ជំនួបជាប្រវត្តិសាស្ត្រ រ​វាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានប្រព្រឹត្តិធ្វើទៅ នៅប្រទេសសិង្ហបុរី នឹងមិនអាចកើតចេញជារូបរាង្គបានទេ បើសិន ជាគ្មានការតាំងចិត្ត និងការប្រឹងប្រែង របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក មូន ជាអ៊ីន។ ក្នុងវ័យ៦៥ឆ្នាំ លោកមូន ជែអ៊ីន ដែលទើបតែឡើងមកកាន់តំណែង បានមួយឆ្នាំនេះ បានប្តេជ្ញាចិត្ត តាំងតែពីថ្ងៃដំបូង ដោយ​យក​ការ​ផ្សះផ្សារសន្តិភាពជាមួយកូរ៉េខាងជើង ធ្វើជាបុព្វហេតុធំបំផុត សម្រាប់អាណត្តិប្រធានាធិបតីរបស់លោក។

លោក មូន ជាអ៊ីន ឱបគ្នាជាមួយលោក គីម ជុងអ៊ុន ក្នុង​ពេល​ជួបគ្នាជាលើកទី២​ ​នៅ​ថ្ងៃ​​​ទី​​​​២៦​​ឧសភា​ នៅ​​ចន្លោះ​​ព្រំដែន​កូរ៉េ​ទាំង២។
លោក មូន ជាអ៊ីន ឱបគ្នាជាមួយលោក គីម ជុងអ៊ុន ក្នុង​ពេល​ជួបគ្នាជាលើកទី២​ ​នៅ​ថ្ងៃ​​​ទី​​​​២៦​​ឧសភា​ នៅ​​ចន្លោះ​​ព្រំដែន​កូរ៉េ​ទាំង២។ The Presidential Blue House /Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

កាលពីប៉ុន្មានខែមុន តើនរណាខ្លះ ដែលនឹកស្មានដល់ ថាប្រធានធិបតីអាមេរិក អាចនឹងជួបចាប់ដៃញញឹម​ក្អាកក្អាយ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង? បើគ្មានកូរ៉េខាងត្បូង ក៏ពុំមានការជួបចរចាគ្នា រវាងលោក ដូណាល់ ត្រាំ និងគីម ជុងអ៊ុនដែរ។ មនុស្សម្នាក់ ដែលនៅពីក្រោយដំណើរការឆ្ពោះទៅរកការផ្សះផ្សាសន្តិភាព​នេះ គឺគ្មាននរណា ក្រៅពីលោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងទេ។

សម្រាប់អ្នកវិភាគនយោបាយនៅកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានជ្រើសយកគំរូ នយោបាយពន្លឺព្រះអាទិត្យ របស់លោកអតីតប្រធានាធិបតី​កូរ៉េខាងត្បូង គីម ដេជុង។ គឺជាគោលនយោបាយ ដែលផ្តល់អាទិភាព ដល់ការជួបចរចា និយាយគ្នា ដោយមិនមែនជាការគំរាម កំញើញ សំឡុត​គ្នា ឲ្យម្ខាងៗ បាក់ស្បាតនោះឡើយ។ គឺគោលនយោបាយ​នេះ​ហើយ ដែលលោក មូន ជែអ៊ីន បានតាំងចិត្តអនុវត្ត ចាប់​តាំង​ពី​ថ្ងៃ​ទីមួយ នៃអាណត្តិរបស់គាត់។

នៅក្នុងសន្ទរកថា​ ចូលកាន់តំណែង កាលពីខែឧសភា ឆ្នាំ២០១៧ លោកមូន ជែអ៊ីន បានប្តេជ្ញាថា លោកត្រៀមខ្លួនរួចហើយ ចាប់ពីពេលនេះទៅ ទោះត្រូវជិះយន្តហោះ ទៅអាមេរិក ទៅជប៉ុន ទៅចិន ឬជិះទៅកូរ៉េខាងជើង ត្រឡប់ចុះត្រឡប់ឡើង យ៉ាងណាក៏ដោយ ក៏លោកសុខចិត្តដែរ ធ្វើយ៉ាងណា នាំគ្រប់ភាគីមកចរចា រកច្រកចេញដោយសន្តិភាព។

ខែកក្កដា ឆ្នាំ២០១៧ លោកមូន ជែអ៊ីន បានប្រកាសឲ្យដឹងថា លោកនឹងអញ្ជើញគណៈប្រតិភូកីឡារបស់កូរ៉េខាងជើង ឲ្យមកចូលរួមប្រកួត នៅក្នុងកម្មវិធីកីឡាអូឡាំពិករដូវរងារ ដែលនឹងរៀបចំនៅកូរ៉េខាងត្បូង។ ដូចការគ្រោងទុក គណប្រតិភូសិល្បៈ និងគណប្រតិភូកីឡា បានធ្វើដំណើរមកចូលរួមអបអរសាទរ និងចូលរួមការប្រកួត នៅខែកុម្ភៈ ដោយក្រុមកីឡាកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានដើរក្បួនរួមគ្នា ក្រោមទង់តែមួយទៀតផង។ នេះគឺជាឱកាសមាស ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើគ្រប់យ៉ាងដើម្បីសម្រេចឲ្យបាន គាប់ជួននឹងខណៈពេល ដែលគីម ជុងអ៊ុន ក៏ហាក់កំពុងតែបន្ទន់ជង្គង់។

ក្រោយចប់ការប្រកួតនេះ ច្រកទ្វារនៃការចរចា បានបើកចំហរ កូរ៉េខាងត្បូង បានបញ្ជូនគណៈប្រតិភូ ឲ្យទៅដល់ ក្រុងព្យុងយ៉ាង ដើម្បីស្ទាបស្ទង់ទឹកចិត្តរបស់កូរ៉េខាងជើង។ គឺគណៈប្រតិភូនេះហើយ ដែលបាននាំយកមកវិញនូវដំណឹងល្អ ដែលថា​កូរ៉េខាងជើង សុខចិត្តចរចាជាមួយអាមេរិក ដើម្បីជំរុះកម្មវិធីនុយក្លេអ៊ែរ ​ជាថ្នូរនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ថ្ងៃទី៨ មីនា ក្រោយពេលដែលលោកមូន ជែអ៊ីន បាននាំយកដំណឹងនេះទៅប្រាប់នៅវ៉ាស៊ីនតោន លោកដូណាល់ ត្រាំ បានប្រកាសថា លោកក៏សុខចិត្តជួបចរចាជាមួយគីម ជុងអ៊ុនដែរ។

ជំហានថ្មីមួយទៀតបានបោះទៅមុ​ខ លោកមូន ជែអ៊ីន បានស្នើរទៅលោក គីម ជុងអ៊ុន ឲ្យជួបនិយាយគ្នា ក្នុងនាមជាបងប្អូន នៅតំបន់ចន្លោះព្រំដែន រវាងកូរ៉េទាំង២ នៅថ្ងៃទី២៧មេសា ២០១៨។ ស្នាមញញឹម និងភាពរាក់ទាក់ នៃមេដឹកនាំកូរ៉េទាំង២ នាពេលនោះ បានផ្តល់ក្តីសង្ឃឹមយ៉ាងច្រើន ជាពន្លឺដល់ជំហានបន្ទាប់ ដែលជាការជួបគ្នា រវាងគីម ជុងអ៊ុន និងដូណាល់ ត្រាំ។

លោក Lee Jong Seok អតីតរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េទាំង២ បានលើកឡើងថា គឺជំនួបរវាងលោក មូន ជែអ៊ីន និងលោកគីម ជុងអ៊ុន កាលពីចុងខែមេសានេះហើយ ដែលជាថ្មគ្រិះ អាចឲ្យលោក​ដូណាល់ ត្រាំ និងគីម ជុងអ៊ុន ឈរចាប់ដៃ និយាយគ្នា បាន នៅសិង្ហបុរីក្នុងពេលនេះ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ