rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ចិន ចារកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មន្ត្រី​ចារកិច្ច​អាមេរិក​ម្នាក់ ជាប់​ចោទ​លក់​ព័ត៌មាន​ទៅឲ្យ​ចិន ​ក្នុង​ទឹកប្រាក់​៨សែន​ដុល្លារ

media
ទង់ជាតិចិន និងទង់សហរដ្ឋអាមេរិក AFP

មន្ត្រី​ចារកិច្ច​ម្នាក់ នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​ផ្នែក​យោធា ​របស់​អាមេរិក​ ត្រូវ​បាន​គេ​​ចាប់​ឃាត់​ខ្លួន​​ នៅ​ព្រលាន​យន្តហោះ ​ដោយ​ជាប់​ចោទ ​ពី​បទ​លួចលក់​ព័ត៌មាន​សំងាត់ ​ទៅ​ឲ្យ​ភ្នាក់ងារ​ចារកិច្ច​របស់​ចិន ​ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​៨សែន​ដុល្លារ។


បើតាម​ការឲ្យដឹង​ពីក្រសួង​យុត្តិធម៌​អាមេរិក បាន​ឲ្យដឹងថា​ លោក ​Ron Rockwell Hansen ​អាយុ​៥៨ឆ្នាំ ​ត្រូវបាន​ចាប់ឃាត់ខ្លួន នៅឯព្រលានយន្តហោះ ក្រុង Seattle ក្នុងពេលដែលជននេះ បំរុងឡើងយន្តហោះ ឆ្ពោះទៅប្រទេសចិន  ដោយនាំយកទៅជាមួយ នៅសំណុំឯកសារសំងាត់ជាច្រើន។

យោងតាមលិខិតចោទប្រកាន់ ជនឈ្មោះ Ron Rockwell Hansen បានចូលបំរើការ ក្នុងទីភ្នាក់ងារស៊ើបការណ៍សំងត់យោធាអាមេរិក ក្នុងឆ្នាំ២០០៦ ហើយបច្ចុប្បន្នជាមន្ត្រីចូលនិវត្តន៍។ ជននេះចេះភាសារុស្ស៊ី និងភាសាចិនកុកងឺ យ៉ាងស្ទាត់ជំនាញ។ ជននេះត្រូវបានបញ្ជូនឲ្យទៅធ្វើការ នៅក្រុងប៉េកាំង ក្នុងការិយល័យពាណិជ្ជកម្មមួយរបស់អាមេរិក ដើម្បីអាចបានបន្លំខ្លួនធ្វើការជាមួយទីភ្នាក់ងារចារកិច្ចរបស់ចិន។ សម្រាប់ការិយាល័យស៊ើបការណ៍សំងាត់ របស់អាមេរិក និងសម្រាប់ FBI ជននេះគឺជាភ្នាក់ងារចារកិច្ច ដែលធ្វើការឲ្យអាមេរិក។

ក៏ប៉ុន្តែ អ្នកជំនាញស៊ើបការណ៍របស់អាមេរិក បានតាមដានដឹងថា ជននេះ ធ្លាប់បានស្កាត់ លួចជួបមន្ត្រីស៊ើបការណ៍សំងាត់របស់ចិនជាញឹកញាប់ ហើយដែលជននេះបានលាក់ មិនប្រាប់ថ្នាក់លើរបស់ខ្លួនទេ។ហើយ​មិនត្រឹមតែប៉ុណ្ណោះជននេះ បានប្រើប្រាស់លេខទូរស័ព្ទពិសេស ដែលចិនបានប្រគល់ឲ្យទៀតផង។

នៅរវាងឆ្នាំ២០១៣-២០១៦ ជនសង្ស័យនេះ បានជាប់បំណុលគេយ៉ាងសន្ធឹកសន្ធាប់។ គឺក្នុងកំឡុងពេលនោះហើយ ដែលគេបានតាមដានដឹងថា ជនឈ្មោះ Ron Rockwell Hansen នេះ បានទទួលប្រាក់ពីភ្នាក់ងារចិន សរុបចំនួន ៨សែនដុល្លារ ជាក្រដាសប្រាក់សុទ្ធ ដែលជននេះបានស្ពាយយកទៅសហរដ្ឋអាមេរិក។

គួរកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ អាមេរិកបានចាប់ឃាត់ខ្លួនមន្ត្រីមួយចំនួនរបស់ខ្លួន ដែលត្រូវជាប់សង្ស័យ ថាបានលួចលាក់ បន្លំធ្វើការជាមួយភ្នាក់ងារបរទេស ជាថ្នូរនឹងទឹកប្រាក់។ ​ជាក់ស្តែង ជនជាតិអាមេរិក ដើមកំណើតចិនម្នាក់ ឈ្មោះ Jerry Chun Shing Lee អតីតភា្នក់ងាររបស់  CIA ត្រូវបានឃាត់ខ្លួននៅដខែមករា ដើមឆ្នាំនេះ ពីបទឃុបឃិតជាមួយភ្នាក់ងារស៊ើបការណ៍សំងាត់បរទេស។ ជនម្នាក់ទៀត ឈ្មោះ Kevin Mollary អតីតបុគ្គលិកនៃក្រសួងការបរទេសអាមេរិក ក៏ត្រូវបានឃាត់ខ្លួន កាលពីឆ្នាំ២០១៧កន្លងទៅ ពីបទល្មើសដូចគ្នា។ ដូចគ្នាដែរ ស្ត្រីមន្ត្រីការទូតម្នាក់ទៀត ឈ្មោះ Candace Marie Claiborne ក៏ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ដែរ ពីបទពាក់ព័ន្ធឃុបឃិត ជាមួយក្រុមចារកិច្ចរបស់ចិន៕