អានតួអត្ថបទ
ភូមា-រ៉ូហ៊ីងយ៉ា

ភូមា៖ អ្នក​កាសែត​Reuters ​ទាំង​២នាក់ ត្រូវ​តុលាការ​កាត់ទោស​ជាប់​ពន្ធនាគារ​៧ឆ្នាំ

តុលាការភូមា បានបើកសវនាការ នៅថ្ងៃចន្ទ ទី៣កញ្ញានេះ ដោយបានកាត់ទោសអ្នកកាសែត Reuters ២នាក់ ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទបង្កគ្រោះថា្នក់សន្តិសុខជាតិ។ សូមរំលឹកថា អ្នកកាសែតភូមាទាំង២នាក់ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ អំពីករណីសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា ជា​ច្រើននាក់ ធ្វើឡើងដោយកងទ័ពភូមា និងអាជ្ញាធររដ្ឋរ៉ាឃីន។ ក្រុមអង្គការសិទ្ធិមនុស្ស និងស្ថាប័នសារព័ត៌មានអន្តរជាតិ បានអំពាវឲ្យដោះលែងអ្នកកាសែតទាំង២ ហើយបានបរិហារថា ការកាត់ទោសនេះ គឺជាការរំលោភបំពានធ្ងន់ធរ ដល់សិទ្ធិសេរីភាព សារព័ត៌មាន។

លោក Wa Lone ត្រូវ​​សមត្ថកិច្ច​​បញ្ជូន​​ចេញ​ពី​តុលាការ​​​ក្រុង​រ៉ង់ហ្គូន ថ្ងៃ​ទី​៣ កញ្ញា ២០១៨​
លោក Wa Lone ត្រូវ​​សមត្ថកិច្ច​​បញ្ជូន​​ចេញ​ពី​តុលាការ​​​ក្រុង​រ៉ង់ហ្គូន ថ្ងៃ​ទី​៣ កញ្ញា ២០១៨​ REUTERS/Ann Wang
ផ្សាយពាណិជ្ជកម្ម

អ្នកកាសែតជនជាតិភូមា២រូប​ ដែលធ្វើការឲ្យភ្នាក់ងារព័ត៌មានReuters ទីមួយឈ្មោះ Wa Lone អាយុ៣២ឆ្នាំ និងទី២ឈ្មោះ Kyaw Soe Oo អាយុ២៨ឆ្នាំ ត្រូវបានតុលាការក្រុង​រ៉ង់ហ្គូន កាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទកាន់កាប់ឯកសារសំងាត់ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ។ អ្នកកាសែតទាំង២ ត្រូវបានគេចាប់បញ្ជូនចេញពីតុលាការ តាមរថយន្តសំដៅយកទៅមន្ទីរឃុំឃាំង នៅចំពោះមុខទឹកភ្នែករលីងរលោងរបស់ក្រុមគ្រួសារ។ មុននឹងឡើងឡាន លោក Kyaw Soe Oo បានស្រែកថា “រដ្ឋាភិបាលអាចចាប់យើងដាក់គុកបាន តែមិនអាចខ្ទប់ភ្នែកប្រជាជន មិនឲ្យមើលឃើញអំពើអយុត្តិធម៌បានទេ”។

សូមបញ្ជាក់ថា អ្នកកាសែតទាំង២ បានជាប់ឃុំតាំងតែពីខែធ្នូ ចុងឆ្នាំ២០១៧ម្លេះ។ ការចាប់ឃាត់ខ្លួន បានធ្វើឡើង ក្រោយពេលដែលអ្នកកាសែតទាំង២ បានធ្វើការអង្កេតស្រាវជ្រាវ ស្វែងរកការពិត ទាក់ទិននឹងហេតុការណ៍ កាប់សំលាប់ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់ នៅឯភូមិ Inn Dinn ក្នុងរដ្ឋរ៉ាឃីន នៅរវាងដើមខែកញ្ញា ឆ្នាំ២០១៧។ អ្នកកាសែត​ទាំង២ បានស្រាវជ្រាវរកបានឯកសារជាច្រើនរបស់កងទ័ពភូមា និងសមត្ថកិច្ចរដ្ឋរ៉ាឃីន ស្តីពីប្រតិបត្តិការចេញ​សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា។

សាលដីការបស់តុលាការភូមា ដែលកាត់ទោសអ្នកកាសែតទាំង២នេះ បានរងការរិះគន់ជាខ្លាំង។ អ្នកតំណាងអង្គការសហប្រជាជាតិ ដែលមានវត្តមានស្តាប់អង្គសវនាការ បានលើកឡើងថា លោកនៅតែអំពាវនាវ ឲ្យមានការដោះលែងអ្នកកាសែតទាំង២។ អង្គការ Fortify Rigths បានលើកឡើងថា អ្នកកាសែត​ភូមាទាំង២រូប គឺជាគំរូនៃវីរៈភាព នៃការស្រាវជ្រាវស្វែងរកការពិត  ស្តីពីអំពីឧក្រិដ្ឋកម្ម​សម្លាប់រង្គាល បង្កឡើងដោយកងទ័ពភូមា ដែលធ្វើទៅលើជនស្លូតត្រង់រ៉ូហ៊ីងយ៉ា។

ដោយឡែក ទីភ្នាក់ងារព័ត៌មាន Reuters បានចេញសេចក្តីប្រកាសមួយ ថ្កោលទោសសាលដីការរបស់តុលាការភូមានេះ។ Reuters បានលើកឡើងថា បទចោទប្រកាន់ទាំងអស់ គឺជាការរៀបចំ ដំឡើងប្រឌិត​ទាំង​ស្រុង ដើម្បីបំបិតមាត់អ្នកកាសែត និងបណ្តាញព័ត៌មាន ដែលហ៊ានចុះផ្សាយ​ស្តីពី​សកម្មភាពឧក្រិដ្ឋ របស់​កងទ័ពភូមា។

សូមបញ្ជាក់ថាការកាត់ទោសនេះ កំពុងតែរុញច្រាន់កេរ្តិ៍ឈ្មោះកិត្តិសព្ទ័របស់លោកស្រីអ៊ុងសាន ស៊ូជី ឲ្យ​កាន់តែធ្លាក់ចុះ។ កាលពីថ្ងៃចន្ទសប្តាហ៍​មុន មន្ត្រីជំនាញអង្គការសហប្រជាជាតិ បានចេញរបាយការណ៍​​ថ្មី​មួយទៀត ដោយបានចោទដោយត្រង់ ទៅលើកងទ័ពភូមា ថាបាន​​ធ្វើ​សកម្មភាព សម្លាប់រង្គាលប្រល័យពូជសាសន៍ ទៅលើប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។ កាលពីថ្ងៃអង្គារ សប្តាហ៍មុននេះដែរ ក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាគ្នា ពីបំណងដាក់ពាក្យប្តឹង ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីកាត់ទោស មន្ត្រីទ័ពភូមាទៀតផង។ ចំណែកកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅទីក្រុងរ៉ង់ហ្គូន មានមនុស្សជាង១០០នាក់ បានមកជួបជុំគ្នា ធ្វើបាតុកម្មបរិហារ ពីការរំលោភសិទ្ធិសេរីភាពសារព័ត៌មាន ហើយបានអំពាវនាវ ឲ្យដោះលែង​អ្នកកាសែតទាំង២រូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ