អានតួអត្ថបទ
ភូមា-Facebook-ជនជាតិ​រ៉ូហ៊ីងយ៉ា

ភូមា៖ តើ​Facebook ​បាន​ចូលរួម​ជំរុញ​ជនជាតិ​ភូមា ឲ្យ​ស្អប់​ខ្ពើម​ជនជាតិ​រ៉ូហ៊ីងយ៉ា?

វិទ្យាស្ថានដើម្បីការរាយការណ៍ពីសង្រ្គាម និងសន្តិភាព ទើបតែបានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយក្នុងនោះ បានលើកឡើងថា​ បណ្តាញសង្គម Facebook នៅភូមា បានចូលរួមជំរុញ ឲ្យមានចរន្តគំនិត ស្អប់ជនជាតិរ៉ូហ៊ីងយ៉ា កាន់តែខ្លាំង ក្នុងរវាងឆ្នាំ២០១៧កន្លងទៅនេះ តាមរយៈការបង្ហោះចែកចាយ​ សាររើសអើង ស្អប់ខ្ពើម​ និងព័ត៌មានប្រឌិតនានា ដែលចោទទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ អ្នកនាំពាក្យអង្គការនេះ បានអំពាវនាវថា ក្រុមហ៊ុនបណ្តាញសង្គម ក៏ដូចជាសហគមអន្តរជាតិ ត្រូវតែចាប់ផ្តើមគិតគូរ អំពីផលវិបាក នៃការរីករាលដាលនូវសាររើសអើង ក៏ដូចជាព័ត៌មានប្រឌិតទាំងនេះ។

ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ដើរ​ឆ្លង​​​ព្រំដែន ទៅ​កាន់ជំរំ​ Cox's Bazar ក្នុង​​ប្រទេស​​បង់ក្លាដែស ថ្ងៃ​ទី​​១៩​វិច្ឆិកា​២០១៧
ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ដើរ​ឆ្លង​​​ព្រំដែន ទៅ​កាន់ជំរំ​ Cox's Bazar ក្នុង​​ប្រទេស​​បង់ក្លាដែស ថ្ងៃ​ទី​​១៩​វិច្ឆិកា​២០១៧ REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

តើFacebook បានចូលរួមជួយជំរុញចិត្ត របស់ប្រជាជនភូមា ឲ្យស្អប់ជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ា កាន់តែខ្លាំង មែនដែរឬទេ? សម្រាប់​លោក Alan Davis អ្នកជំនាញនៅវិទ្យាស្ថានដើម្បីការរាយការណ៍ពីសង្រ្គាម និងសន្តិភាព (Institut for War and Peace Reporting –IWPR-) បានលើកឡើងថា សារដែលប្រជាជនភូមាចែកចាយលើFacebook ទាក់ទិននឹងជនជាតិរ៉ូហ៊ីងយ៉ា ដំបូងឡើយ មានលក្ខណៈស្រាលៗ ហើយមិនទៀតទាត់ទេ។ តែបន្តិចៗម្តងៗ ក្នុងរវាងឆ្នាំ២០១៦ និង ២០១៧ សារ ឬក៏ដំណឹងចែកចាយនៅលើ Facebook ទាក់ទិននឹងជនជាតិរ៉ូហ៊ីងយ៉ា មានកាន់តែច្រើន និងមានលក្ខណៈកាន់តែហិង្សា។

អ្នកស្រាវជ្រាវរូបនេះ បន្ថែមថា សារដែលគេចែកចាយ កាន់តែមានលក្ខណៈមុតមាំ ប្រកបដោយពាក្យ​ធ្ងន់ៗ​ខ្លាំងៗ។ លោក បានអះអាងថា អ្នកលេងFacebook នៅភូមាខ្លះ បានថែមទាំងសរសេរថា ជនជាតិរ៉ូហ៊ីងយ៉ា បានយកអាវុធ មានកាំភ្លើង មានគ្រាប់បែក ទៅលាក់ស្តុតទុក តាមវិហារឥស្លាម។ ហើយមានអ្នកខ្លះទៀត បានទាំងបំផុសបំផុលថា ជនជាតិរ៉ូហ៊ីងយ៉ា បានប្រើទង់ពណ៌ខ្មៅ មានសរសេរអក្សរអ៊ីស្លាមពណ៌ស ពីលើ ប្រៀបដូចជាទង់របស់ក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងនៅអ៊ីរ៉ាក់ទៀងផង។

លោក Alan Davis បានអះអាងថា ព័ត៌មានដែលគេចែកចាយទាំងអស់នេះ គឺសុទ្ធតែជាដំណឹងមិនពិត។ ក៏​ប៉ុន្តែ អ្វីដែលគួរឲ្យខ្លាចបំផុតនោះ គឺមានអ្នកជឿនូវព័ត៌មានប្រឌិតទាំងអស់នេះ។ លោកបន្តថា អ្នកប្រើប្រាស់Facebook ដែលចែកចាយដំណឹងមិនពិតទាំងអស់នេះ តៗគ្នា បានកើតនូវទឹកចិត្តស្អប់ខ្ពើមជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ាង ហើយសរសេរសារបញ្ចេញយោបល់ ជេរប្រមាថ និងគំរាមសម្លាប់ជនរ៉ូហ៊ីងយ៉ា ទៀតផង។

លោក Alan Davis សង្កត់ធ្ងន់ថា ប​ច្ចុប្បន្ននេះ អ្វីៗហាក់ដូចជាដើរដល់ដំណាក់កាលមួយ ដែលពិបាកនឹងត្រលប់វិលក្រោយវិញណាស់។​ ផលវិបាក ដែលបានជះ ទៅលើសហគមជនជាតិរ៉ូហ៊ីងយ៉ាស្លូតត្រង់ បានកើតឡើងរួចទៅហើយ ទាំងដែលគ្មានអាជ្ញាធរភូមាណាម្នាក់ ខ្វល់បារម្ភឡើយ។ លោកបន្ថែមថា Facebook មានចំណែកខុស ដែលបណ្តោយឲ្យសារ ឬព័ត៌មានប្រឌិតទាំងនោះ មកបំភ័ន្តមតិសាធារណៈភូមា។

ទន្ទឹមនឹងនេះ សហគមអន្តរជាតិ ក៏មានចំណែកខុសដែរ។​ លោក Alan Davis បន្ថែមថា មិនមែនលោកស្រីអ៊ុងសាន ស៊ូជី ត្រូវគេលែងពីឃុំ ចេញមកដឹកនាំប្រទេស បញ្ហានឹងចប់ អ្វីៗនឹងក្លាយជាល្អនោះទេ។ សហគមន៍អន្តរជាតិ គិតតែតាមដានអំពីការបោះឆ្នោតនៅភូមា តែមិនបានខ្វល់ចាប់អារម្មណ៍ អំពីការបែកបាក់ផ្ទៃក្នុងសង្គម រវាងសហគមជនជាតិ និងសាសនាផ្សេងៗនៅភូមាទេ។ សហគមអន្តរជាតិ ធ្វេសប្រហែស​ ដោយមិនបានសម្លឹងមើលឲ្យបានវែងឆ្ងាយ អំពីជំហាននៃការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ