អានតួអត្ថបទ
ភូមា

ជនជាតិ​រ៉ូហ៊ីងយ៉ា ​សម្រុក​ភៀស​ខ្លួន​ទៅ​បង់ក្លាដែស ​ខណៈ​ការ​ប្រយុទ្ធគ្នា​ រវាង​នគរបាល​ភូមា​និង​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​ នៅតែ​បន្ត​

ការ​វាយ​ប្រហារ​គ្នា​រវាង​នគរបាល​ភូមា ​និង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ​នៅក្នុង​រដ្ឋ​រ៉ាឃីន​ ភាគ​ខាង​លិច​ភូមា ​បាន​ចាប់ផ្តើម​ឡើង​ជាថ្មី ​កាល​ពី​ថ្ងៃ​ទី​២៥​សីហា។​ បើតាម​ដំណឺង​ដែល​ទទួល​បាន ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត ​ដែល​រហូត​មក​ដល់​ពេល​នេះ ​មាន​អ្នក​ស្លាប់ ​យ៉ាង​ហោច​ណាស់ ​៨៩​នាក់​ហើយ។​ ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​ចលាចល​នេះ ​ក្រុម​សហគម​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ​បាន​នាំគ្នា​រត់​ភៀសខ្លួន​ ទៅ​កាន់​ប្រទេស​បង់ក្លាដែស កាន់​តែ​ច្រើន។

ប្រជាជន​រ៉ូហ៊ីងយ៉ា ​ដែល​នៅ​ជាប់គាំង​​ក្បែរ​ព្រំដែន​​បង់ក្លាដែស ថ្ងៃទី ២៥ សីហា ២០១៧
ប្រជាជន​រ៉ូហ៊ីងយ៉ា ​ដែល​នៅ​ជាប់គាំង​​ក្បែរ​ព្រំដែន​​បង់ក្លាដែស ថ្ងៃទី ២៥ សីហា ២០១៧ STR / AFP
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​នគរបាល​ភូមា​ ប្រចាំ​រដ្ឋ​រ៉ាឃីន​ បាន​អះអាង​ថា ​ការ​វាយ​ប្រយុទ្ធ​គ្នា ​រវាង​នគរបាល​ភូមា ​និង​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​នៅ​តែបន្ត ​នៅក្នុង​តំបន់​មួយ​ចំនួន​ក្បែរ​ ក្រុង​មួងដាវ។ ការ​វាយ​ប្រយុទ្ធ​គ្នា ​ដែល​បាន​ចាប់​ផ្តើម​ កាល​ពី​ថ្ងៃ​សុក្រ​ទី​ ២៥​សីហា ​បាន​បង្ក​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៨៩​នាក់ ​ ដែល​ក្នុង​ចំណោម​នោះ ​​៧៧​នាក់​ជា​ជន​រ៉ូហ៊ីងយ៉ា ​និង​១២​នាក់ ​ជា​មន្ត្រី​នគរបាល​ភូមា។

យោងតាម​ការ​អះអាង​របស់​អាជ្ញាធរ​ភូមា​ ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​បាន​បើក​ការ​វាយ​លុក​ នៅតាម​ប៉ុស្តិ៍​នគរបាល​ចំនួន​ជាង​៣០​កន្លែង ​និង​បាន​ដាក់​បង្កៃ​គ្រាប់​បែក​ច្នៃ ​នៅតាម​ផ្លូវ​ជា​ច្រើន​កន្លែង។ ប្រភព​ដដែល​បន្ថែម​ថា ​ការ​វាយ​ប្រហារ ​សម្លេង​កាំភ្លើង ​មាន​នៅ​សឹង​គ្រប់​ទី​កន្លែង ​ដែល​បាន​បង្ក​ ជា​ការ​ចលាចល ​និង​ភាព​ភ័យខ្លាច។

បើតាម​ប្រភព​ពី​លោក​ប្រធាន​ភូមិ​ម្នាក់ ​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​បារាំង ​ប្រជាជន​រ៉ូហ៊ីងយ៉ា ​នៅ​តំបន់​មួងដាវ ​បាន​នាំ​គ្នា​សំងំ​លាក់​ខ្លួន​ សុំ​ជ្រកកោន​នៅ​តាម​វត្ត​ព្រះ​ពុទ្ធ​សាសនា ​តែមួយ​ចំនួន​ធំ ​បាន​រត់​ភៀសខ្លួន​​ ទៅកាន់​ប្រទេស​បង់ក្លាដែស។ តាមផ្លូវ ​ក្នុង​ទីក្រុង ​ស្ងាត់​ឲ្យ​ជ្រងំ ​ឮ​តែ​សម្លេង​គ្រាប់​កាំភ្លើង​ត្រង់​នេះ​បន្តិច​ ត្រង់​នោះ​បន្តិច។ ប្រជាជន​អ៊ីស្លាម​រ៉ូហ៊ីយ៉ា ​ដែល​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក​បំផុត ​ក្នុង​តំបន់​នោះ ​កំពុង​តែ​សម្រុក​រត់​ឆ្លង​ទៅ​ប្រទេស​បង់ក្លាដែស ​ដើម្បី​គេច​ចេញ​ពីការ​កាប់​សម្លាប់​សងសឹក​ណាមួយ ​ពីសំណាក់​នគរបាល​ និង​ទាហាន​ភូមា។

សូមរំលឹកថា​ ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ​ការ​វាយ​ប្រហារ​គ្នា​រវាង​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​និង​កង​កម្លាំង​ភូមា ​បាន​កើត​ឡើង​ជា​ញឹកញាប់។ ជនជាតិ​រ៉ូហ៊ីងយ៉ា ​ប្រមាណ​ជា​១លាន​នាក់ ​ដែល​រស់នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​ភូមា ​ក្បែរ​ព្រំដែន​បង់ក្លាដែស ​មិនត្រូវ​បាន​រដ្ឋភូមា ​ទទួល​ស្គាល់​ថា ​ជា​ប្រជាជន​ពេញ​សិទ្ធិ​ទេ ​ក៏​ដោយសារ​តែ​ពួកគេ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ កង​កម្លាំង​ភូមា ​ត្រូវបាន​គេ​រិះគន់ថា​បាន​ដុត​ផ្ទះ ​និង​កម្ទេច​ភូមិដ្ឋាន​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ក្នុង​បំណង​បណ្តេញ​ពួកគេ ​ឲ្យ​រត់​ចេញ​ទៅ​រស់​នៅ​បង់ក្លាដែស។

យ៉ាងណាមិញ ​អង្គការ​សិទ្ធិ​មនុស្ស ​និង​សហគម​អន្តរជាតិ ​បាន​រិះគន់ ​លោកស្រី​អ៊ុងសាន ស៊ូជី ​ក៏ដូច​ជា​រដ្ឋាភិបាល​ភូមា ​ថាបាន​ធ្មេចភ្នែក ​បើកដៃ​ឲ្យ​អាជ្ញាធរ​ខ្លួន ​ធ្វើ​សកម្មភាព​ប្រល័យ​ពូជ​សាសន៍ ​បោស​សំអាត​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ចេញ​ពី​ភូមា។ ដោយឡែក ​អ្នក​វិភាគ​ជាច្រើន ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នេះ ​និង​ធ្វើ​ឲ្យ​ជន​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ​កាន់តែ​ចិញ្ចឹមចិត្ត​ស្អប់​រដ្ឋាភិបាល​ភូមា ​ហើយ​ពួក​គេ ​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​ជន​អ៊ីស្លាម​ជ្រុល​និយម។ ពួកគេ ​នឹង​ត្រលប់​មក​សក​សឹក​នឹង​ភូមា ​តាម​រយៈ​ការ​ធ្វើ​ភេរវកម្ម​សម្លាប់​មនុស្ស ​ជាក់ជា​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ