rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កសិកម្ម ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ឧស្សាហកម្ម សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រេងដូង៖ អ្នក​ជំនាញ ប្រជុំ​គ្នា​នៅ​ប៉ារីស រិះរក​វិធី​ដើម្បី​គោរព​បរិស្ថាន ​និង​សង្គម

media
ការដុនរានដីព្រៃនៅតំបន់ Pekanbaru ខេត្ត​ Riau កោះសូម៉ាត្រា ដើម្បី​យកដី​ដាំ​​ដំណាំ​ដូង​ប្រេង។ WAHYUDI / AFP

ផលិតផលប្រេង ដែលចំរាញ់ចេញពីដូងប្រេង បានគ្របដណ្តប់ទីផ្សារពិភពលោក ដោយសារតែប្រេងនេះ ត្រូវបានយកទៅប្រើប្រាស់ ក្នុងច្រើនវិស័យ មានទាំងវិស័យចំណីអាហារ វិស័យថាមពល និងវិស័យឱសថ ឬគ្រឿងសំអាងជាដើម។ តែយ៉ាងណា អង្គការបរិស្ថានជាច្រើន បានថ្កោលទោសឧស្សាហកម្មផលិត​ប្រេងដូងនេះ ថាបានពន្លឿនការកាប់បំផ្លាញព្រៃឈើ ព្រមទាំងបានរំលោភបំពានសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋម្ចាស់ស្រុកទៀតផង។ នៅថ្ងៃអង្គារ​ ទី​២៦​មិថុនា នៅ​ទីក្រុង​ប៉ារីស អ្នកជំនាញក្នុងវិស័យនេះ កំពុង​ជួប​ប្រជុំគ្នា ដើម្បីរិះរក​វិធីសាស្ត្រ កាត់​បន្ថយ​ផលប៉ះពាល់ បង្ក​ឡើង​ដោយឧស្សាហកម្ម​​ប្រេងដូង​នេះ។


តំណាងអ្នកផលិត តំណាងអ្នកប្រើប្រាស់ ឈ្មួញកណ្តាល និងតំណាង​កសិឧស្សាហកម្មចំណីអាហារ កំពុងជួបប្រជុំគ្នា នៅទីក្រុង​ប៉ារីស ដើម្បីពិភាក្សា ដោះដូរយោបល់ ស្តីពីផលិតផលប្រេងដូង ដែលជាផលិតផលចាំបាច់ តែទន្ទឹមនឹងនេះ ក៏គឺជាផលិតផលដែលបង្កផលប៉ះពាល់ ច្រើនដល់បរិស្ថានធម្មជាតិ និងបញ្ហាសង្គម។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៤មក អ្នកជំនាញក្នុងវិស័យនេះ ដែល​ភាគច្រើននៅអឺរ៉ុប បានបង្កើតឲ្យមានអង្គភាពមួយឈ្មោះ RSPO (Round Table for Sustainable Palm Oil) ដើម្បីផ្តល់​ផ្លាកសញ្ញាទទួលស្គាល់ ទៅលើផលិតផលប្រេងដូងណា ដែលត្រូវបានផលិតឡើង ដោយ​គោរពបរិស្ថានធម្មជាតិ មិនបំផ្លាញព្រៃឈើធម្មជាតិ និងគោរពសិទ្ធិមូលដ្ឋានរបស់ប្រជាជនម្ចាស់ស្រុក។

តែយ៉ាងណាក៏ដោយ ជាង១០ឆ្នាំមកនេះ អង្គភាពនេះ​ តែងតែត្រូវបានអង្គការ សមាគមនៅអឺរ៉ុប រិះគន់ជានិច្ច ថាមិនបានជួយអ្វីដល់ការកាត់បន្ថយផលប៉ះពាល់ បង្កឡើង ដោយឧស្សហកម្មនេះទេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ឧស្សាហកម្មដូងប្រេងនេះ បានកាប់បំផ្លាញដីព្រៃធម្មជាតិ រាប់ម៉ឺនហិកតា នៅម៉ាឡេស៊ី នៅឥណ្ឌូណេស៊ីជាដើម ដែលនេះគឺ​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរបំផុត ដល់ប្រព័ន្ធជីវចម្រុះ ព្រមទាំងជីវភាពប្រជាជនមូលដ្ឋាន ដែលរស់នៅរំពឹងលើផលដែលបានមកពីព្រៃធម្មជាតិ។ អង្គការ​សមាគមខ្លះ បានអំពាវនាវ ឲ្យធ្វើពហិកា ឈប់ប្រើប្រាស់ផលិតផល ប្រេងដូងតទៅទៀត។

ប៉ុន្តែ លោក Stefano Savi អ្នកនាំពាក្យអង្គភាព RSPO បានលើកឡើង​ថា ផលិតផលប្រេងដូង ចាំបាច់ណាស់ ក្នុងឧស្សាហកម្មជាច្រើនវិស័យ។ បើទោះមិនប្រើប្រេងដូង គឺគេត្រូវប្រើប្រេងសណ្តែក។ ចំណែកប្រេង​សណ្តែកនេះ គឺត្រូវការផ្ទៃដីធំលើសដល់ទៅ៤ដង ដើម្បីបានទិន្នផលស្មើនឹងប្រេងដូង។ ដូច្នេះការកាប់បំផ្លាញព្រៃឈើ គឺនៅតែមានដោយមិនអាចចៀសផុត។

អ្នកតំណាងអង្គភាពខាងលើនេះ បានអះអាងថា វេទិកាជជែកនៅទីក្រុងប៉ារីស ដើម្បីដាក់ចុះឲ្យ​មានការឆ្លើយឆ្លង ដោះដូរការយល់ឃើញ រវាងអង្គការសមាគមដែលប្រឆាំងផលិតផលប្រេងដូង ជាមួយនិងក្រុមឧស្សាហកម្ម​ប្រេ​ងដូង។ វេទិកានេះ ក៏ដើម្បីជម្រុញឲ្យមតិសាធារណៈបារាំង ស្វែងយល់ពីផលិតផលនេះ បើទោះបីផលប៉ះពាល់ខ្លះត្រូវតែមាន មិនអាចចៀសបាន។ ការធ្វើពហិការឈប់ប្រើ មិនមែនជាដំណោះស្រាយនោះទេ។

ក្នុងឆ្នាំ២០១៧ អង្គភាពRSPO ដែលមានសមាជិកចំនួន៣៨៧២ ទូទាំងពិភពលោក បានផ្តល់ផ្លាកសញ្ញា​ទទួលស្គាល់គុណភាព​ និងការគោរពបរិស្ថាន ទៅលើផលិតផលប្រេងដូងនេះ ចំនួន១២,២លានតោន  ដែលស្មើនឹង១៩% នៃផលិតផលពិភពលោក។ អង្គភាពនេះ នឹងរៀបចំ ដាក់ចុះលក្ខខណ្ឌថ្មី ដែលមានលក្ខណៈឆ្លើយតបទៅនឹងតថៈភាពជាក់ស្តែង នឹងត្រូវសម្រេចអនុម័ត នៅក្នុងមហាសន្និបាទ ក្នុងខែវិច្ឆិកាខាងមុខ ដែល​នឹង​ត្រូវធ្វើនៅកោះប័រណេអូ ប្រទេសម៉ាឡេស៊ី៕