អានតួអត្ថបទ
ប៉ាគីស្ថាន

តុលាការ​កំពូល​ប៉ាគីស្ថាន ​បង្គាប់​ឲ្យ​ស៊ើប​អង្កេត ​លើ​នាយករដ្ឋមន្ត្រី​ស្តីពី​បទ​ពុករលួយ

ចៅក្រម​ទាំង៥រូប​ នៃ​តុលការ​កំពូល​ប្រទេស​ប៉ាគីស្ថាន ​បាន​សម្រេច​ក្នុង​សវនាកា​ថ្ងៃ​ទី​២០​មេសា ​ ដោយ​បង្គាប់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ស៊ី​ជំរៅ ​លើ​រូប​លោក ​ណាវ៉ាហ្ស ឆារីហ្វ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ ​ទាក់ទង​នឹង​រឿង​អាស្រូវ ​ពុក​រលួយ ​និង​លាង​លុយ​ក្រខ្វក់។ តែ​យ៉ាង​ណា ​ តុលាការ​មិន​បាន​លើក​ឡើង​ថា​ ត្រូវ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ​ចុះ​ចេញ​ពី​តំណែង​ទេ។

លោក Nawaz Sharif នាយក​រដ្ឋមន្ត្រីប៉ាគីស្ថាន
លោក Nawaz Sharif នាយក​រដ្ឋមន្ត្រីប៉ាគីស្ថាន Reuters
ផ្សាយពាណិជ្ជកម្ម

សវនាការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២០​មេសា​ នៅ​តុលាការ​កំពូល​ក្រុង​អ៊ីស្លាម៉ាបាត ​ប្រទេស​ប៉ាគីស្ថាន ​ត្រូវ​បាន​ប្រជាជន​ប៉ាគីស្ថាន​ទូទាំង​ប្រទេស​ ផ្ទៀង​ត្រចៀក​ចាំ​ស្តាប់។ នៅក្នុង​សាដីកា ​ ចៅក្រម​តុលាការ​កំពូល ​បាន​ស្រង់​សំណេរ​និពន្ធ​របស់​លោក ​Honoré de Balzac ​អ្នក​និពន្ធ​បារាំង​ ដ៏​ល្បី​ឈ្មោះ​ ដែល​សរសេរ​ថា ​ “នៅ​រាល់​ពី​ក្រោយ​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល ​ គឺ​ប្រាកដ​ជា​មាន​រឿង​ឧក្រិដ្ឋ​ មិន​ទៀង​ត្រង់​ណាមួយ ​មិន​ខាន​ទេ”។

 

ក្នុង​សំណុំ​រឿង​ពុក​រលួយ​របស់​លោក ​ណាវ៉ាហ្ស ឆារីហ្វ ​(Nawaz Sharif) នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ​ចៅក្រម​តុលាការ​កំពូល​ប៉ាគីស្ថាន ​បាន​សម្រេច​ឲ្យ​បង្កើត​ គណកម្មការ​​ស៊ើបអង្កេត​ចំរុះ​មួយ ​ដោយ​មាន​ការ​ចូលរួម ​ពី​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ​ និង​ក្រុម​ស៊ើបការ​សំងាត់​ប៉ាគីស្ថាន ​ក្នុង​រយៈពេល​៧ថ្ងៃ ​ចាប់​ពី​ពេល​ចេញ​សវនាការ។ គណកម្មការ​ស៊ើប​អង្កេត​នេះ​ មាន​តួនាទី ​ផ្តល់​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​ រៀង​រាល់​ពីរ​សប្តាហ៍ ​មុន​នឹង​ចេញ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​របស់​ខ្លួន ​នៅ​រវាង​២ខែ​ទៀត។

 

ទោះ​យ៉ាងណា ​ក្នុង​ចំណោម​ចៅក្រម​ទាំង​៥រូប ​ គឺ​មាន​តែ​ចៅ​ក្រម​២រូប​ទេ ​ ដែល​បាន​ចាត់ទុក​ថា​លោក​នាយករដ្ឋមន្ត្រី​ជា​មនុស្ស​ពុក​រលួយ ​និង​មិន​ស្អាតស្អំ ។ តុលាការ​កំពូល​ប៉ាគីស្ថាន ​មិន​បាន​តម្រូវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ត្រូវ​តែ​ចុះចេញ​ពី​តំណែង​ទេ ​ក្នុង​ពេល​ឥឡូវ​នេះ។

 

សូមរំលឹក​ថា ​លោក​ ណាវ៉ាហ្ស ឆារីហ្វ ​បាន​ជាប់​ពាក់​ព័ន្ធ​នឹងរឿង​អាស្រូវ ​ដែល​បែកធ្លាយ ​ជាមួយ​ករណី ​Panama Papers​ កាល​ពី​ឆ្នាំ​២០១៦។ តាម​រយៈ​ឯកសារ​ដែល​បែក​ធ្លាយ ​ គឺ​បាន​ធ្វើ​ឲ្យ​ដឹង​ថា ​កូនៗ​របស់​លោក​នាយករដ្ឋមន្ត្រី​រូប​នេះ ​បាន​ទៅ​បង្កើត​ក្រុមហ៊ុន​ខ្មោច ​នៅ​ប៉ាណាម៉ា ​ដែល​គេ​សង្ស័យ​ថា ​ដើម្បី​បង្វិល​ប្រាក់​ពុក​រលួយ ​រឺ​ក៏​ជា​ការ​លាងលុយ​ក្រខ្វក់។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​នៅ​មាន​អលនទ្រព្យ​នៅ​ទីក្រុង​ឡុងដ៍​ជាច្រើន​កន្លែង​ទៀត​ ដែល​គេ​សង្ស័យ​ថា ​ជា​ទ្រព្យ​សម្បត្តិ​លាក់លៀម ​របស់​គ្រួសារ​លោក ​ណាវ៉ាហ្ស ឆារីហ្វ។ កូន​៣នាក់​ ក្នុង​ចំណោម​៤នាក់ ​របស់​លោក ​ណាវ៉ាហ្ស ឆារីហ្វ ​កំពុង​ជាប់​ឈ្មោះ​ក្នុង​សំណុំ​រឿង​នេះ។

 

អ្នក​វិភាគ​នយោបាយ​ប៉ាគីស្ថាន​ ក៏ដូច​ជា​មន្ត្រី​បក្ស​ប្រឆាំង​ បាន​សម្តែង​ការ​អបអរ ​ចំពោះ​ភាព​ក្លាហាន ​នៃ​តុលាការ​កំពូល​ប៉ាគីស្ថាន។ វា​ជា​រឿង​ចាំបាច់​បំផុត​ សម្រាប់​ប្រជាជន ​ ដែល​តុលាការ​បើក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​របៀបនេះ​ ព្រោះ​ថា​ ជា​រៀង​រាល់​ឆ្នាំ ​ប៉ាគីស្ថាន​ ជាប់​លេខ​សឹង​តែ​ចុង​ប៉ូច​គេ​ នៅក្នុង​ចំណាត់​ថ្នាក់​ ប្រទេស​ស្អាតស្អំ ​គ្មាន​អំពើ​ពុក​រលួយ ​របស់​អង្គការ​ដើម្បី​តម្លាភាព​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ