អានតួអត្ថបទ

បោះឆ្នោត​ឥណ្ឌូណេស៊ី៖ អាជ្ញាធរ​ហាម​បាតុកម្ម ខណៈ​គូប្រជែង​លោក​ចូកូវី បដិសេធ​លទ្ធផល​ឆ្នោត

អាជ្ញាធរប្រទេសឥណ្ឌូណេស៊ី បានចេញបំរាម ហាមឃាត់រាល់ការធ្វើបាតុកម្ម ប្រឆាំង ឬគាំទ្រលទ្ធផលបណ្តោះអាសន្ន នៃការ​បោះឆ្នោតប្រធានាធិបតី ខណៈដែលលទ្ធផលផ្លូវការ នៅមិនទាន់គេប្រកាសនៅឡើយ។ ការចេញបំរាមនេះ គឺបន្ទាប់ពីលោក ប្រាបាវ៉ូ ស៊ូប៊ីយ៉ង់តូ បេក្ខជនប្រធានាធិបតី ប្រជែងជាមួយលោក ចូកូ វីដូដូ បានអំពាវនាវឲ្យមានបាតុកម្ម ប្រឆាំងនឹងលទ្ធផលឆ្នោតបណ្តោះអាសន្ន។ លោក ប្រាបាវ៉ូ ស៊ូប៊ីយ៉ង់តូ ក៏បានប្រកាសផងដែរ ថាលោកគឺជាអ្នកឈ្នះ ហើយក្លាយជាប្រធានាធិបតីថ្មី របស់ឥណ្ឌូណេស៊ី។

បុរសម្នាក់ លើកសន្លឹកឆ្នោតបង្ហាញ​ ដែល​មាន​ជម្រើស២ ជម្រើសនីមួយៗ​មានបេក្ខជន២នាក់ ម្នាក់ជា​ប្រធានាធិបតី ម្នាក់​ជា​អនុ​ប្រធានាធិបតី។ ក្រុង​ចាកាតា ថ្ងៃទី​​១៧​មេសា ២០១៩​
បុរសម្នាក់ លើកសន្លឹកឆ្នោតបង្ហាញ​ ដែល​មាន​ជម្រើស២ ជម្រើសនីមួយៗ​មានបេក្ខជន២នាក់ ម្នាក់ជា​ប្រធានាធិបតី ម្នាក់​ជា​អនុ​ប្រធានាធិបតី។ ក្រុង​ចាកាតា ថ្ងៃទី​​១៧​មេសា ២០១៩​ REUTERS/Willy Kurniawan
ផ្សាយពាណិជ្ជកម្ម

ប្រធាននគរបាលជាតិឥណ្ឌូណេស៊ី បានប្រកាសថា ការបោះឆ្នោតកាលពីថ្ងៃពុធកន្លងទៅ បានប្រព្រឹត្តិទៅដោយរលូន តាមសម្រួល ពុំមានឧបត្តិហេតុអ្វីគួរឲ្យកត់សំគាល់ឡើយ។ ដូច្នេះក្នុងនាមនរបាលជាតិ លោកមិនអាចអនុញ្ញាត ឲ្យមានបាតុកម្មអាណាធិបតេយ្យ នៅក្រោយថ្ងៃបោះឆ្នោតឡើយ។ លោកបានប្រកាសអំពាវនាវ ឲ្យប្រជាជនឥណ្ឌូណេស៊ី រក្សាភាពស្ងៀបស្ងាត់ រងចាំស្តាប់លទ្ធផលជាផ្លូវការ ហើយមិនត្រូវទៅចូលរួមបាតុកម្ម តាមការអំពាវនាវរបស់អ្នកណាជាដាច់ខាត មិនថាជាបាតុកម្មប្រឆាំង ឬបាតុកម្មគាំទ្រលទ្ធផលឆ្នោតនោះទេ។ រាល់សកម្មភាពបំពាន ផ្ទុយពីនេះ ត្រូវតែប្រឈមមុខនឹងការចាប់ឃាត់ខ្លួន។

សូមរំលឹកថា កាលពីថ្ងៃពុធ ឥណ្ឌូណេស៊ី បានរៀបចំការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដោយបេក្ខជនសំខាន់២រូប ប្រកួតប្រជែងគ្នាយកតំណែងនេះ។ គឺលោក ចូកូ វីដូដូ ហៅកាត់ថា ចូកូវី ដែលជាប្រធានាធិបតីបច្ចុប្បន្ន និងលោក ប្រាបាវ៉ូ ស៊ូប៊ីយ៉ង់តូ អតីតមេបញ្ញាការកងទ័ព វ័យ៦៧ឆ្នាំ។ លទ្ធផលឆ្នោតជាផ្លូវការ នឹងត្រូវប្រកាស នៅរវាងថ្ងៃទី​២២ឧសភា។ ក៏ប៉ុន្តែ យោងតាមលទ្ធផលស្ទាបស្ទង់ ធ្វើដោយវិទ្យាស្ថានស្ថិតិខ្លះ បានសន្និដ្ឋានថា លោក ចូកូ វីដូដូ មានពិន្ទុនាំមុខ លោក ប្រាបាវ៉ូ ស៊ូប៊ីយ៉ង់តូ ប្រមាណ៩ ទៅ​ ១១ពិន្ទុ។

គួរកត់សំគាល់ថា ក្រោយបោះឆ្នោតមួយថ្ងៃ លោក ប្រាបាវ៉ូ ស៊ូប៊ីយ៉ង់តូ បានប្រកាសថាខ្លួនលោកឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីថ្មី។ ហើយព្រមពេលជាមួយគ្នានេះ លោកក៏បានប្រកាសអំពាវនាវ ឲ្យប្រជាជនដែលគាំទ្រលោក ចេញធ្វើបាតុកម្ម ប្រឆាំងនឹងលទ្ធផលឆ្នោត បើសិនជាលទ្ធផលនោះចេញមកហើយ បង្ហាញថាលោកមិនមែនជាអ្នកឈ្នះ។ ដោយឡែក លោក ចូកូ វីដូដូ​ មិនបានចេញមុខប្រកាសថាលោកគឺជាអ្នកឈ្នះទេ។ លោកគ្រាន់តែបានបញ្ជាក់ថា លទ្ធផលឆ្នោតមិនទាន់ផ្លូវការនៅឡើយ ហើយលោកប្តេជ្ញាធ្វើការ រក្សាសាមគ្គី និងការបង្រួបបង្រួមជាតិ ទោះលទ្ធផលយ៉ាងណាក៏ដោយ។

គួរកត់សំគាល់ថា ជាមួយនឹងប្រជាជនប្រមាណ២៦០លាននាក់ ឥណ្ឌូណេស៊ីគឺជាប្រទេសកាន់សាសនាអ៊ីស្លាមធំជាងគេបង្អស់លើលោក​។ អ៊ីស្លាមឥណ្ឌូណេស៊ី ធ្លាប់ត្រូវគេចាត់ទុកថា ជាអ៊ីស្លាមមិនប្រកាន់តឹង។ ប៉ុន្តែអ្នកជំនាញ បានបង្ហាញការព្រួយបារម្ភដែរ អំពីការកើនឡើង នូវចរន្តសាសនាអ៊ីស្លាមជ្រុលនិយមនៅឥណ្ឌូណេស៊ី។ ទោះយ៉ាងនេះក្តី អ្នកជំនាញឃ្លាំមើលលទ្ធិប្រជាធិបតេយ្យនៅអាស៊ី បានអះអាងថា ឥណ្ឌូណេស៊ី គឺជាករណីគំរូល្អមួយ ព្រោះប្រទេសនេះ មានការរៀបចំបោះឆ្នោត តាមបែបប្រជាធិបតេយ្យ បានល្អត្រឹមត្រូវ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងតំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ