rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោកម៉ាក្រុង ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន ៣ថ្ងៃ​មុន​ជំនួប​​​កំពូល​​G20

ដោយ ម៉ម ពិសី

លោកម៉ាក្រុង ប្រធានាធិបតីបារាំង ព្រមទាំងភរិយា ទើបតែបាន​ទៅដល់ទីក្រុងតូក្យួប្រទេសជប៉ុន​ នៅរសៀលថ្ងៃពុធ ទី​២៦មិថុនា។ នេះគឺជាទស្សនកិច្ចលើកទីមួយ នៅប្រទេសជប៉ុន របស់លោកប្រធានាធិបតីវ័យក្មេងបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង។ ទស្សនកិច្ច គឺធ្វើឡើងមុន៣ថ្ងៃ នៃការចាប់ផ្តើម បើកជំនួបកំពូលប្រទេស G20 នៅឯទី​ក្រុង​អូសាកា។ បើតាមការរំពឹងទុក ជំនួប​របស់លោកប្រធានាធិបតីបារាំង ជាមួយនាយករដ្ឋមន្ត្រីជប៉ុននាពេលនេះ អាចជាឱកាស ដែលបារាំង បញ្ជាក់ពីចំណងសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មជាមួយនឹងជប៉ុន ខណៈដែល​ប្រទេសទាំង២ហាក់មានការថ្នាំងថ្នាំងនឹងគ្នា ដោយសារតែសំណុំរឿង ពាក់ព័ន្ធនឹង​អតីតអគ្គនាយកក្រុមហ៊ុន Renault-Nissan។

ទស្សនកិច្ចលើកទីមួយនេះ លោកម៉ាក្រុង ត្រូវជួបជាមួយលោកស៊ិនហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន​ ពេលចុះពីយន្តហោះភ្លាម។ ហើយបន្ទាប់មកទៀត នៅថ្ងៃទី២៧មិថុនា លោកម៉ាក្រុង នឹងត្រូវចូលទៅគាល់ ព្រះចៅអធិរាជថ្មី របស់ជប៉ុន។

សំណុំរឿង ដែលលោកអាម៉ានុយអែល ម៉ាក្រុង នឹងនិយាយជាមួយរដ្ឋាភិបាលជប៉ុន មានច្រើនណាស់ ដែលក្នុងនោះ ធំបំផុតគឺទំនាក់ទំនងសេដ្ឋកិច្ច។ អមដំណើរជាមួយលោកម៉ាក្រុង គឺមានលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង Bruno Le Maire ដែរ។ ជប៉ុនគឺជាប្រទេស​អាស៊ី ដែលវិនិយោគច្រើនជាងគេនៅបារាំង ហើយជប៉ុនក៏គឺជាប្រទេសអាស៊ីទីពីរ បន្ទាប់ពីចិន ដែលបារាំង មានការដោះដូរពាណិជ្ជកម្មច្រើនជាងគេ។

“ទិសដៅឥណ្ឌូ-ប៉ាស៊ីហ្វិក”

បើតាមការឲ្យដឹង ពីក្រុងការងាររបស់លោកម៉ាក្រុង នៅក្នុងឱកាសទស្សនកិច្ចនេះ បារាំងគ្រោងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការ៥ឆ្នាំ ជាមួយនឹងជប៉ុន។ ផែនការនេះប្រធានាធិបតីបារាំងមុន ក៏ធ្លាប់ចុះដែរ។ ជប៉ុនគឺជាដៃគូពិសេសរបស់បារាំង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះថាទន្ទឹមនឹងជប៉ុនជាមហាអំណាចសេដ្ឋកិច្ចមួយ តែជប៉ុនមានទស្សនវិស័យ និងការយល់ឃើញ ស្រដៀងគ្នាជាមួយបារាំង។

ជាក់ស្តែងនៅក្នុងសន្ទរកថា របស់លោកម៉ាក្រុង កាលពីខែឧសភា ឆ្នាំ២០១៨ នៅឯទីក្រុងស៊ីដនី​ លោកម៉ាក្រុងបានលើកឡើងថា ជប៉ុន អូស្ត្រាលី និងឥណ្ឌា គឺជាប្រទេសសំខាន់សម្រាប់បារាំង ក្នុងការកំណត់ “ទិសដៅឥណ្ឌូ-ប៉ាស៊ីហ្វិក”។ ទិសដៅឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺលោកម៉ាក្រុង ចង់សំដៅដល់សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដែលឈរលើការគោរពគ្នា ការគោរពច្បាប់វិធាន​អន្តរជាតិ ហើយដែលធានា​ឲ្យ​មានតុល្យភាព​ នៅក្នុងតំបន់នេះ។​

សម្តីនេះ បើទោះលោក​ម៉ាក្រុងមិនចុចឲ្យចំ តែក៏យើងអាចស្មានបានដែរ ថា លោកចង់សំដៅទៅដល់ចិន ព្រោះចិនបច្ចុប្បន្នកំពុងតែប្រើឥទ្ធិពលវាទទី មិនគោរពច្បាប់អន្តរជាតិ សង្គ្រប់​ការវិនិយោគ ដែលគ្មានអត្ថប្រយោជន៍យូរអង្វែង ឬបូមយកតែធនធានធម្មជាតិ ពីប្រទេសផ្សេង​ជាដើម។

ជប៉ុនស្វែងរកបង្អែកផ្សេងពីអាមេរិក ដើម្បីការពារខ្លួន

យើងមិនត្រូវភ្លេ​ចទេ ថានៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក បារាំងមានដែនដីមួយចំនួន ដូចជា​តំបន់ប្រជុំកោះ ប៉ូលីណេស៊ី និងនូវែលកាឡេដូនីជាដើម។ ដែនដីកោះទាំងនោះ បានផ្តល់សិទ្ធិឲ្យបារាំង មានតំបន់សេដ្ឋកិច្ចផ្តាច់មុខ នៅក្នុងលំហសមុទ្រ។ បើផ្អែកតាមប្រភពព័ត៌មានពីវិមានប្រធានាធិបតីបារាំង ជាមួយនឹងជប៉ុន សហប្រតិបត្តិការរបស់បារាំង នឹងផ្អែកលើគ្រិះចំនួន​៣ ក្នុងនោះមានវិស័យសន្តិសុខ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងចុងក្រោយគឺផ្នែក​បរិស្ថាន​ជីវចម្រុះ។

ចាប់តាំងពីឆ្នាំ២០១៤មក បារាំងនឹងជប៉ុន បានបើកការប្រជុំរួមគ្នា រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រី​ការពារជាតិ ទាំងសងខាង មួយឆ្នាំម្តង។ ប្រទេសទាំង២សុទ្ធតែមានការបារម្ភ ពីចេតនាវាទទី និងមហិច្ឆិតាយោធារបស់ចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ហេតុដូច្នេះហើយ បានជានៅឆ្នាំ២០១៦ បារាំង និងជប៉ុន បានចុះហត្ថលេខាជាមួយគ្នា ដើម្បីបើកការសហការផ្នែកកងទ័ព ធ្វើសមយុទ្ធយោធារួមគ្នា និងការផ្លាស់ប្តូរ​​​បច្ចេកវិទ្យា គ្រឿងបរិក្ខាគ្នាទៅវិញទៅមក ក្នុងវិស័យការពារជាតិនេះ។

លោកស្រី Céline Pajon អ្នកជំនាញម្នាក់នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរបស់បារាំង បានលើកឡើងថា ជប៉ុនកំពុងតែ ដើរដោយសន្សឹមៗ ដើម្បីសម្រេចផែនការ កសាងភាពជាម្ចាស់ការខ្លួនឯង ក្នុងវិស័យសន្តិសុខការពារជាតិ។ ជប៉ុនមិនចង់ពឹងផ្អែក តែទៅលើអាមេរិកទៀតទេ។ ជប៉ុនកំពុងស្វែងរកជម្រើសផ្សេង ដើម្បីការពារខ្លួន ហើយក្នុងន័យនេះ សហប្រតិបត្តិការជាមួយបារាំង គឺជាជម្រើសដ៏ល្អ ព្រោះបារាំង ក៏កំពុងតែស្វែងរកគ្នា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ។

Renault-Nissan និម្មិតរូបនៃសម្ព័ន្ធភាព​​ បារាំង-ជប៉ុន

និយាយពីទំនាក់ទំនងផ្នែកឧស្សាហកម្ម រវាងបារាំងនិងជប៉ុនវិញ យើងឃើញថាប្រមាណ​ជិតមួយរយៈចុងក្រោយនេះ ហាក់ដូចជាមានភាពរកាំរកូសខ្លាំង ក្រោយពេលដែលជប៉ុនបានចាប់លោកអគ្គនាយកក្រុមហ៊ុន Renault-Nissan ដាក់ឃុំ។ ហើយក្រុមហ៊ុនផលិតរថយន្តទាំងពីរ ដែលមួយជារបស់បារាំង មួយជារបស់ជប៉ុន នេះក៏ដូចជាមានបញ្ហានឹងគ្នាទៀត។

ជាការពិតក្រុមហ៊ុន Renault ដែលជា​ក្រុមហ៊ុន​​ផលិតរថយន្តដ៏ធំរបស់បារាំង ហើយដែលបានចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន Nissan ជប៉ុន ២០ឆ្នាំមកនេះ ហាក់កំពុងឆ្លងកាត់ផ្លូវផ្លូវ​ដែលមាន​ប្រហោងគ្រហុកគ្រោះថ្នាក់ខ្លាំង។ ជាក់ស្តែង នៅក្នុងកិច្ចប្រជុំសន្និបាទមួយ ជាមួយម្ចាស់ភាគហ៊ុន​ ​លោកអគ្គនាយកក្រុមហ៊ុន Nissan បានលើកឡើងថា អាចនឹងមានជម្រើស សើរើឡើងវិញទាំងអស់​ ស្តីពីសម្ព័ន្ធភាពរកស៊ី រវាងក្រុមហ៊ុនទាំង២។ ជម្រើសនេះ គឺអគ្គនាយកNissan កំពុងពិចារណា ជាមួយ អគ្គនាយក Renault។ ដូច្នេះ អនាគតនៃសម្ព័ន្ធភាពរវាងក្រុមហ៊ុនផលិតរថយន្តទាំង២នេះ អាច​នឹងជួបបញ្ហា។

ភាពមិនចុះសម្រុកគ្នានេះ គឺកើតឡើង ក្រោយពេលដែល លោក Carlos Ghosn អតីតអគ្គនាយករបស់ក្រុមហ៊ុន​ទាំងពីរនេះ ត្រូវបានតុលាការជប៉ុនចាប់ដាក់ឃុំ ដោយ​ចោទ​ពីបទ​ប្រើប្រាស់ឥទ្ធិពល​ និងកេងប្រវញ្ច​ទ្រព្យសម្បត្តិក្រុមហ៊ុន។ ទាក់ទិននឹងករណីលោក Carlos Ghosn បើតាមការស្មាន លោកម៉ាក្រុង នឹងមិនលើកមកនិយាយដោយចំពោះទេ ព្រោះវាជាករណីបុគ្គល។ ហើយមួយទៀត ក្នុងនាមជាប្រធានាធិបតីបារាំង លោកម៉ាក្រុង ត្រូវតែចៀស កុំនិយាយអ្វីដែលអាច ត្រូវភាគីជប៉ុនចាត់ទុកថា លូកដៃក្នុងកិច្ចការតុលាការ​របស់ស្រុកគេ។

អ្វីដែលលោកម៉ាក្រុង អាចនិយាយបាន គឺទាក់ទិននឹងចំណងសហប្រតិបត្តិជំនួញ និងបច្ចេកវិទ្យា រវាងមហាក្រុមហ៊ុនផលិតរថយន្តទាំង២។ រដ្ឋបារាំង មានហ៊ុននៅក្នុងក្រុមហ៊ុន Renault ចំនួន​១៥%។ តាមរយៈនេះ រដ្ឋភិបាលបារាំង និងអះអាងជាមួយជប៉ុន ថាបារាំង គឺជាដៃគូរកស៊ី ដែលគួរជាទីទុកចិត្ត ហើយមានចេតនាដើរទៅមុខជាមួយជប៉ុន ដើម្បីការពារ និងបន្តរក្សា​ចំណងសម្ព័ន្ធភាពឧស្សាហកម្ម រវាង ក្រុមហ៊ុន Renault និង ក្រុមហ៊ុន Nissan កុំឲ្យរលាយ។ ចំណែករឿងលោក Calos Ghosn គឺទុកឲ្យតុលាការជប៉ុនធ្វើការចុះ។

យកវេទិកាG20 ប្រកាសជំហររួមគ្នា ស្តីពីសង្រ្គាមពាណិជ្ជកម្ម និងបញ្ហាអ៊ីរ៉ង់

នៅចុងសប្តាហ៍នេះ នៅទីក្រុងអូសាកា ជប៉ុននឹងដឹកនាំជំនួបកំពូលប្រទេសសេដ្ឋកិច្ចនាំមុខ G20។ លោកម៉ាក្រុង ទៅជួបលោក ស៊ិនហ្សូ​ អាបេ ជាមុនបែបនេះ ប្រាកដជាចង់ស្វែងរកគោលជំហរួម ជាមួយជប៉ុន នៅចំពោះមុខក្រុមប្រទេស G20។

អ្វីដែលជាកង្វល់ធំ ក្នុងពេលបច្ចុប្បន្ននេះ សម្រាប់បារាំង ក៏ដូចជាជប៉ុន គឺ​សង្គ្រាម​២ប្រភេទ ដែលកំពុងតែ​គំរាមស្ថិរភាព និងសេដ្ឋកិច្ចសកលលោក។ សង្រ្គាមទីមួយ​គឺ​សង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន។ សង្រ្គាមនេះ វាប៉ះពាល់ទាំងអស់គ្នា នៅក្នុងទីផ្សារសកលភាវូបនីយកម្ម។ បទដ្ឋានច្បាប់ដោះដូរពាណិជ្ជកម្ម និងការប្រកួតប្រជែង កំពុងតែស្ថិតនៅក្នុងការគំរាមកំហែង ដោយសារតែរដ្ឋាភិបាលអាមេរិក ជាអ្នកប្រកាស​សង្រ្គាម​​ពន្ធដារ ជាមួយគេឯងគ្រប់គ្នា។

សង្រ្គាមមួយទៀត នោះ គឺសង្រ្គាមពាក្យសំដី​រវាងអាមេរិក និងអ៊ីរ៉ង់។ សង្រ្គាមពាក្យសំដីនេះ បើសិនជានៅតែបន្តខ្លាំងទៅៗ គឺវាអាចក្លាយជាសង្រ្គាមពិតប្រាកដ។ នៅក្នុងបញ្ហាធំទាំង២នេះ បារាំង និងជប៉ុនកំពុងព្យាយាម ដើរតួនៅកណ្តាល ព្យាយាមនិយាយបន្ធូរបន្ថយស្ថានការណ៍ ហើយរំលឹកឲ្យភាគីទាំងអស់ រំងាប់អារម្មណ៍ រកហេតុផលនិយាយគ្នាដោយសន្តិវិធី។ ជាក់ស្តែងកាលពីថ្ងៃអង្គារទី២៥មិថុនា​ លោកម៉ាក្រុង បានទូរស័ព្ទទៅនិយាយ​ជាមួយលោក ហាសាន់ រ៉ូហានី ប្រធានាធិតបីអ៊ីរ៉ង់។​ ហើយកាលពី​ថ្ងៃទី​១៣​មិថុនា លោកស៊ិនហ្សូ អាបេ ក៏បានទៅក្រុងតេអេរ៉ង់ដែរ ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់។

បារាំង និងជប៉ុន កំពុងតែព្យាយាម យកវេទិកា G20នេះ ដើម្បីប្រមូលសហគមន៍អន្តរជាតិ ជាពិសេសអាមេរិក តែម្តង ឲ្យមានការពិចារណា សម្លឹងឲ្យបានវែងឆ្ងាយ។ ការធ្វើសង្រ្គាម ឈ្លោះប្រកែកគ្នា ទោះក្រោមរូបភាពណាក៏ដោយ គឺគ្មានភាគីណាចំណេញនោះទេ៕

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?