អានតួអត្ថបទ
ចិន-ហុងកុង

នគរបាល​ហុងកុង មាន​បំណង​ចង់​រំលាយ និង​ហាមឃាត់​គណបក្ស​ឯករាជ្យ​និយម

ក្រសួងសន្តិសុខហុងកុង បានប្រកាសឲ្យដឹង នៅថ្ងៃចន្ទទី១៧ កក្កដានេះថា ក្រសួងមានបំណង ចង់រំលាយ និងហាមឃាត់គណបក្ស​ឯករាជ្យនិយមហុងកុង ដោយលើកឡើងថា គណបក្សនេះ បានធ្វើសកម្មភាពបំពានច្បាប់ ហើយអាចប៉ះពាល់ ដល់សន្តិសុខរបស់​ហុងកុង។ សូមបញ្ជាក់ថា គណបក្សឯករាជ្យនិយមនេះ គឺជាគណបក្ស ដែលកើតចេញពីចលនាទាមទារលទ្ធិប្រជាធិបតេយ្យ នៅហុងកុង ក្រោយពេលមានមហាចលនាបាតុកម្មឆ័ត្រលឿង កាលពីឆ្នាំ២០១៤។ គណបក្សដែលភាគច្រើនគឺមានសមាជិកជាយុវជន​ហុងកុង​នេះ មានគំនិតនយោបាយ ចង់ឲ្យហុងកុង មានឯករាជ្យពេញលេញ ផ្តាច់ខ្លួនពីរដ្ឋាភិបាលចិនកុម្មុយនីស្តិ។

លោក Andy Chan ប្រធានគណបក្ស National Party ក្នុង​ពេល​ធ្វើ​សន្និសិទ​ នៅ​សកលវិទ្យាល័យ​ហុងកុង កាល​ពីថ្ងៃ​ទី​​៣០ មិថុនា ២០១៧។
លោក Andy Chan ប្រធានគណបក្ស National Party ក្នុង​ពេល​ធ្វើ​សន្និសិទ​ នៅ​សកលវិទ្យាល័យ​ហុងកុង កាល​ពីថ្ងៃ​ទី​​៣០ មិថុនា ២០១៧។ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

នគរបាលហុងកុង បានលើកឡើងថា គណបក្សឯករាជ្យនិយម អាចបង្កគ្រោះថា្នក់ធំ ដល់សន្តិសុខ និងស្ថិរភាពហុងកុងទាំងមូល។ លោក John Lee រដ្ឋមន្ត្រីហុងកុង ទទួលបន្ទុកសន្តិសុខ បានលើកឡើងថា ក្រសួង​លោក កំពុងពិនិត្យពិចារណា ក្នុងការរំលាយ និងហាមឃាត់គណបក្សនេះចោល។ លោកបានលើក​ឡើង​ថា នៅ​ហុងកុង ប្រជាជ​ន​មាន​សិទ្ធិ​ជួបជុំ​គ្នា​ ដើម្បី​សំដែងមតិយោបល់ ក៏ប៉ុន្តែសកម្មភាពទាំងនេះ ត្រូវតែមានព្រំដែន​កំណត់ ដោយត្រូវស្ថិតក្នុង​រង្វង់ច្បាប់របស់ហុងកុង។

ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែត ដែលជជីកសួរថា តើគណបក្សឯករាជ្យនិយម​ហុងកុង​នេះ អាចជាគ្រោះថា្នក់ ដល់ស្ថិរិភាព និងសន្តិសុខហុងកុង ដោយរបៀបណាខ្លះ លោករដ្ឋមន្ត្រីគ្រាន់តែបានឆ្លើយដោយខ្លីថា លោកមិនអាចនិយាយលំអិតបានទេ។​ លោក​បាន​បន្ថែមថា ពាក្យសុំរបស់អាជ្ញាធរ ដែលស្នើឲ្យ​បិទ និងហាមឃាត់គណបក្សនេះ គឺធ្វើទៅដោយមានហេតុផល និងភស្តុតាងត្រឹមត្រូវ។

ដោយឡែក លោក Andy Chan ដែលជាប្រធានគណបក្សឯករាជ្យនិយម (Hongkong National Party) បានប្រាប់អ្នកយកព័ត៌មានបារាំង AFP នៅរសៀលថ្ងៃចន្ទទី១៧កក្កដានេះថា មន្ត្រីនគរបាល​ហុងកុង បានចុះទៅដល់គេហដ្ឋានលោក ហើយបានប្រគល់ឯកសារជូនលោក។ ឯកសារនោះ គឺជាការជូនដំណឹងស្តីពីបំណងរបស់នគរបាលហុងកុង ក្នុងការបិទ និង​ហាមឃាត់​គណបក្ស​របស់លោក។ ក្នុងឯកសារនោះ នគរបាលហុងកុង បានភ្ជាប់មកជាមួយ នូវសំរង់សន្ទរកថាជាសាធារណៈរបស់លោក Andy Chan និងសំរង់នៃការផ្សាយនានានៅលើទំព័រFacebook របស់លោកទៀតផង។

លោក Andy Chan បានលើកឡើងថា ហេតុផលដែល​នៅពីក្រោយ គំរោងចង់ហាមឃាត់គណបក្សលោកនេះ គឺអាចដោយសារតែលោក បានធ្វើដំណើរទៅកោះតែវ៉ាន់ កាលពីពេលថ្មីៗនេះ ហើយដែលក្នុងពេលនោះ លោកបាននិយាយលើកឡើង អំពីការតស៊ូទាមទារ​​សិទ្ធិ​ពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅហុងកុង។

សូមរំលឹកថា គណបក្សឯករាជ្យនិយមហុងកុង គឺកើតចេញពីចលនាប្រជាធិបតេយ្យឆ័ត្រលឿង របស់យុវជន កាលពីឆ្នាំ២០១៤ ដែលបានតវ៉ា ទាមទារឲ្យរដ្ឋាភិបាល​ចិន​កុម្មុយនីស្តិ ​ផ្តល់សិទ្ធិសេរីភាពឲ្យបានពេញលេញ ដល់ដែនដីហុងកុង។ ក៏ប៉ុន្តែ៤ឆ្នាំមកនេះ រដ្ឋាភិបាលចិនដីគោក និងរដ្ឋាភិបាលហុងកុង បានប្រើវិធីជាច្រើន ដើម្បីហាមឃាត់ការតវ៉ា និងការតស៊ូនយោបាយ។ ជាក់ស្តែង លោក Andy Chan ប្រធានចលនាគណបក្សនេះ ត្រូវបានគេហាមឃាត់មិនឲ្យឈរឈ្មោះបោះឆ្នោត ហើយសមាជិកសភាមកពីគណបក្ស​របស់លោក ក៏ត្រូវគេដកចេញពីអាណត្តិសភាហុងកុងដែរ។ រីឯលោក Edward Leung ប្រធានចលនាប្រជាធិ​បតេយ្យហុងកុង ត្រូវតុលាការកាត់ទោសឲ្យជាប់ឃុំ៦ខែ ពីបទដឹកនាំការធ្វើបាតុកម្មបះបោរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ