rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ថៃ៖ ស្ថានភាព​​ផ្សែងពុលក្នុង​បរិយាកាស​ ដ៏​ធ្ងន់ធ្ងរ​បំផុត ​នៅ​ភាគ​ខាង​ជើង

ដោយ ម៉ម ពិសី

នៅថ្ងៃអង្គារ ទី២មេសា ទីក្រុងឈាងម៉ៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ ជាទីក្រុងដែលមានកម្រិតផ្សែងពុល ខ្ពស់ជាង​គេ​បំផុតលើលោក​។ អស់រយៈ​ពេលជាច្រើន​សប្តាហ៍​មកហើយ ដែលភាគខាងជើង ប្រទេសថៃ សឹងតែទាំងមូល ត្រូវគ្របដណ្តប់ ដោយផ្សែងពុលអួរអាប់ ពោរពេញដោយល្អងជាតិពុលតូចល្អិត ហើយដែលអាចបង្កហនិភ័យខ្ពស់ ដល់សុខភាពរបស់ប្រជាជន។ កម្រិតសារធាតុតូចល្អិតនៅភាគខាងជើង ប្រទេសថៃ មានខ្ពស់លើសពីកម្រិតដែលអតិបរមា ដែលកំណត់ដោយអង្គការសុខភាពពិភពលោក ដល់ទៅ១០ដង។ តើហេតុអ្វី បានជាភាគខាងជើងប្រទេសថៃ សំបូរទៅដោយផ្សែងពុល ហើយល្អងធូលីពុល ទាំងនោះ មានគ្រោះថ្នាក់បែបណាខ្លះដល់សុខភាព?

វាមិនមែនជាលើកទីមួយទេ ដែលថៃជាប់លេខខាងមានផ្សែងពុលក្នុងបរិយាកាសធ្ងន់ធ្ងរខ្លាំង។ កាលពីអំឡុង​ខែមករា ទីក្រុងបាងកក ទាំងមូលត្រូវស្ថិតនៅក្រោមស្រទាប់នៃផ្សែងពុល អួរអាប់ ដោយប្រជាជនរកតែខ្យល់បរិសុទ្ធដកដង្ហើមគ្មាន។ ប៉ុន្មានសប្តាហ៍មកនេះ គឺដល់វេនភាគខាងជើងប្រទេសថៃ ដែលក្នុងនោះគឺមានទីក្រុងឈាងម៉ៃ ទីក្រុងធំទី២ របស់ថៃ ដែលត្រូវស្ថិតក្នុងផ្សែងពុលអួរអាប់។

ល្អងធាតុពុល PM2.5 លើសកំរិតគ្រោះថ្នាក់ដល់ទៅ១០ដង

យោងតាមគេហទំព័រ Air Visual ទីក្រុងឈាងម៉ៃ មានកម្រិតគុណភាពខ្យល់អាកាស ចំនួន ៣៦៤ ដែលកម្រិតនេះ ជាកម្រិតខ្ពស់ខ្លាំង ហើយដែលត្រូវចាត់ទុក ថាជាកម្រិតគ្រោះថ្នាក់ដល់សុខភាព​។ លេខកាន់តែឡើងខ្ពស់ គឺមានន័យថា គុណភាពខ្យល់អាកាស កាន់តែធ្លាក់ចុះ។ ឈាងម៉ៃ បានវ៉ាដាច់ទីក្រុងញូដេលី របស់ឥណ្ឌា ដែលតែងតែល្បីថាជាទីក្រុងមានខ្យល់ពុលខ្លាំងជាងគេ។

បញ្ហាផ្សែងពុលអួរអាប់ គ្របដណ្តប់ក្នុងបរិយាកាសនេះ គឺមាននៅខេត្តចំនួន៩ ដែលស្ថិតនៅខាងជើងឈាងខាងលិចប្រទេសថៃ រាប់ចាប់ពីក្រុងឈាងម៉ៃ ដល់តំបន់ព្រំដែន ជាមួយភូមា និងឡាវ។ នៅក្នុងកម្រិតផ្សែងពុលដ៏ខ្ពស់មិនធ្លាប់មាននេះ គឺមានបរិមាណល្អងធូលីតូចល្អិតខ្ពស់ខ្លាំង ចន្លោះពី២៥០ ទៅ៣៥០ មីក្រូក្រាម ក្នុងមួយមាឌខ្យល់។ បរិមាណនេះ គឺមានចំនួនខ្ពស់ជាងកម្រិតកំណត់ដោយអង្គការសុខភាពពិភពលោកដល់ទៅ​១០ដង។​ ល្អងជាតិពុលដែលតូចបំផុត ត្រូវបានគេហៅថា ជាល្អង PM 2,5

នៅឈាងម៉ៃ មនុស្សម្នា មិនថាព្រះសង្ឃ មនុស្សទូទៅ ម្នាក់ត្រូវពាក់ម៉ាស់ការពារ​ បិទមាត់បិទច្រមុះ។ អាជ្ញាធរថៃ បានចេញសេចក្តីប្រកាស កុំឲ្យប្រជាជនធ្វើដំណើរ ឬចេញមកខាងក្រៅផ្ទះ ចៀសវាងការស្រូបយកខ្យល់បរិយាកាស ដែលពោរពេញ ដោយសារធាតុពុល។

ផ្សែងពុល មកពីការដុតរានដីចំការ និងដីព្រៃ

បើយោងតាមអាជ្ញាធរថៃ ផ្សែងពុល ដែលអណ្តែតគ្របដណ្តប់ នៅតំបន់ភាគខាងជើង ឈាងខាងលិចប្រទេសនេះ គឺបណ្តាលមកពីការដុតរានដីព្រៃ និងដីចំការ។ រដូវកាលនេះ គឺជារដូវការ ដែលប្រជាកសិករថៃ ដុតរានដីចំការ និងដីព្រៃ ដើម្បីត្រៀមដាំដំណាំ។ វាគឺជាប្រពៃណីនៃការធ្វើកសិកម្ម របស់ប្រជាជនក្នុងតំបន់នេះ មិនថានៅខាងទឹកដីថៃ ភូមា ឬឡាវនោះទេ។

នៅថ្ងៃទី​២មេសា លោកប្រាយុទ្ធ ចាន់អូចា បាននិយាយដាក់កំហិតថា ត្រូវតែហាម មិនឲ្យមាននរណាម្នាក់ដុតដីចំការ ឬដីព្រៃឲ្យសោះ។ ប្រមុខរដ្ឋាភិបាលយោធាថៃរូបនេះ បានទាំងសន្យាថា ក្នុងរវាង៧ថ្ងៃទៀត បញ្ហានេះ ត្រូវតែដោះស្រាយឲ្យបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនដឹងថា លោកប្រាយុទ្ធ ចាន់អូចា ចង់ដោះស្រាយដោយរបៀបណានោះទេ ព្រោះថាលោកពុំបានផ្តល់សេចក្តីលំអិត អំពីវិធានការដែលលោកចង់ដាក់ចុះទេ។

តាមពិតទៅ បញ្ហាផ្សែងពុល កើតចេញពីការដុតដីចំការ និងដីព្រៃនេះ មានយូរមកហើយ។ ដើម្បីដោះស្រាយបញ្ហានេះ នៅឆ្នាំ២០១៤ រដ្ឋាភិបាលថៃ​ បានចេញច្បាប់មួយ ហាមឃាត់ មិនឲ្យកសិករ​ដុតដីចំការ ឬដីព្រៃ នៅចន្លោះពីពាក់កណ្តាលខែកុម្ភៈ ដល់ពាក់កណ្តាលខែមេសា ព្រោះជារដូវប្រាំក្តៅហួតហែងគ្មានភ្លៀង។ តែយ៉ាងណាក៏ដោយ តាមការសង្កេតទូទៅ ច្បាប់នេះ ប្រជាជនមិនគោរពឡើយ ដោយសារ ការដុតដីចំការ ដីព្រៃ គឺជាទំនៀមទំលាប់ពីបរមបុរាណ ក្នុងការធ្វើកសិកម្មរបស់ប្រជាជន ក្នុងតំបន់នោះ។ ភាគខាងជើងថៃ នៅតាមព្រំដែលភូមា និងឡាវ គឺជាដំបន់ភ្នំ ហើយដែលទីក្រុង ឬភូមិស្រុកជាទូទៅ ស្ថិតនៅតាមជ្រលង ឬទំនាបចន្លោះទីខ្ពស់។ ស្ថានភាពភូមិសាស្ត្រនេះ គឺវាកាន់តែអំណោយផល ដល់ផ្សែងពុល ដែលហោះអណ្តែតទៅណាមិនរួច ដោយសារតែត្រូវព័ទ្ធទៅដោយភ្នំខ្ពស់ៗ។

បន្ទោសតែកសិករ ក៏អយុត្តិធម៌

បើផ្អែកតាមមន្ត្រីធ្វើការផ្នែកបរិស្ថាន នៅក្នុងប្រទេសថៃ បានលើកឡើងថា ការពិតទៅ បញ្ហាដុតដីចំការ រា​នដីព្រៃ វាគឺជាប្រភពមួយហើយ តែប្រភពបញ្ហាមួយទៀត​នោះ គឺការធ្វើកសិក​ម្មក្នុងផ្ទៃដីធំ ជាលក្ខណៈកសិដ្ឋាន​ធំៗ។ វិស័យនេះ ត្រូវបានអាជ្ញាធរថៃ ជំរុញខ្លាំងណាស់ ជាពិសេសនៅតាមតំបន់ភាគខាងជើងនេះ។ កាកសំណល់ នៃដំណាំ ឬក៏កាសំណល់​ទិនផល ដូចជាដើមពោត បណ្តូលពោត ស្លឹកអំពៅ រាប់សែនតោន ត្រូវបានគេ​ដុត​ចោល យ៉ាងពាសវាលពាសកាល ដោយគ្មានវិធីសាស្ត្រណាផ្សេងឲ្យល្អជាងនេះទេ។

លោក Olivier Evrard អ្នកជំនាញ នៅ​វិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍ (IRD) បានលើកឡើងថា វាជារឿងអយុត្តិធម៌ណាស់ ដែលបន្ទោសទៅលើប្រជាកសិករតូចតាច ដែលមានដីស្រែចំការតែបន្តិចបន្តួច។ ជាងនេះទៅទៀត កម្រិតផ្សែងពុលឡើងខ្ពស់បែបនេះ គឺមិនមែនមកការដុតដីចំការ ឬដីព្រៃទាំងស្រុងនោះទេ។ ប៉ុន្តែមួយផ្នែកធំ គឺកត្តាចរាចរណ៍យាន​យន្តនៅទីក្រុងឈាងម៉ៃ ដែលកាន់តែកើនឡើងជាលំដាប់។ ផ្សែងពុលចេញពីរថយន្ត មានកម្រិតកាន់តែខ្ពស់ ហើយអាចគ្រោះថា្នក់ជាងផ្សែងចំហេះចេញពីចំការរបស់ប្រជាជនផង។

លោក Olivier Evrard បន្តថា បន្ថែមពីនេះទៀត រោងចក្រ និងស្ថានីយអគ្គីសនី ដើរដោយចំហេះធ្យូងថ្ម មានជាច្រើនកន្លែង នៅក្នុងតំបន់ភាគខាងជើងប្រទេសថៃ។ អ្នកជំនាញរូបនេះ យល់ថា ការចោទដាក់កំហុសទៅលើកសិករតូចតាច ថាបានបង្កឲ្យមានផ្សែងពុលច្រើន វាគឺជាការចុចខុសកន្លែងឈឺ ដូច្នេះមិនអាចព្យាបាលបាននោះទេ។ ជាក់ស្តែង ទីក្រុងបាងកក ពុំមានកសិករដុតដីចំការ រានដីព្រៃទេ តែហេតុអ្វីបានជាបាងកក ត្រូវគ្របដោយផ្សែងពុលដែរ?

សារធាតុពុលតូចល្អិត ជាប្រភពនៃជំងឺមហារីក

សារធាតុពុលដែលអណ្តែងក្នុងផ្សែងអួរអាប់ អាចបង្កឲ្យមានជំងឺផ្លូវដង្ហើម។ សម្រាប់អ្នកដែលមានសុខភាពមាំមួន ល្អតូចល្អិត ប្រភេទ PM 2.5 នេះអាចធ្វើឲ្យក្រហាយភ្នែក ក្រហាយច្រមុះ និងមានអក្ការៈកន្តួលរមាស់លើស្បែក។ ប៉ុន្តែ សម្រាប់អ្នកមានសុខភាពទន់ខ្សោយ ដូចជាមនុស្សវ័យចំណាស់ ទារក កុមារ ឬស្តី្រមានផ្ទៃពោះជាដើម ល្អងធូលីតូចល្អិត គឺជាគ្រោះថ្នាក់។ អង្គការសុខភាពពិភពលោក បានសម្រេចទទួលស្គាល់ នៅឆ្នាំ២០១២ ថា ល្អងធូលីតូចល្អិតក្នុងបរិយាកាស អាចបង្កជាជម្ងឺមហារីក នៃប្រព័ន្ធផ្លូវដង្ហើម។

បន្តិចម្តងៗ ល្អងធូលីអាចជ្រាបចូលទៅដល់ទងសួត ដែលធ្វើផ្លូវដកដង្ហើមកាន់តែរួមតូច។ ប្រការនេះ និងធ្វើឲ្យសួតកាន់តែចុះទន់ខ្សោយ មិនអាចមានខ្យល់គ្រប់គ្រាន់។ ជាងនេះទៅទៀត នៅពេលដែលសួតចុះទន់ខ្សោយ ដង្ហើមមនុស្សកាន់តែខ្លី ហើយដែលវាជំរុញឲ្យចង្វាក់បេះដូងដើរកាន់តែញាប់។ ធ្ងន់ធ្ងរជាងនេះទៀត អ្នកស្រាវជ្រាវបានរកឃើញថា ល្អងធូលីក្នុងបរិយាកាស អាចជ្រាបចេញពីសួត ចូលទៅដល់សរសៃឈាម។ ប្រការនេះ គឺវាអាចបង្កឲ្យមានជំងឺស្ទះសរសៃឈាម ឬខូចដំណើររត់របស់បេះដូង។ ការសិក្សាស្រាវជ្រាវផ្សេងទៀត កំពុងតែស្វែងយល់អំពីទំនាក់ទំនងគ្នា រវាងល្អងធូលីក្នុងបរិយាកាស ជាមួយនឹងជម្ងឺ​ខូចប្រព័ន្ធសរសៃប្រសាទមួយចំនួន ដូចជាជំងឺញ័រ និងជំងឺវង្វេងជាដើម។

បញ្ហាខ្យល់បរិយាកាសពោរពេញដោយល្អងធូលីតូចល្អិត គឺជាបញ្ហារួម នៃសុខភាពសាធារណៈ មិនថានៅប្រទេសថៃ ឬប្រទេសណាៗទាំងអស់។ បើចំណីអាហារ ដែលមានសារធាតុគីមី គឺប្រជាជនអាចមានជំរើស មិនបរិភោគបាន។ ប៉ុន្តែខ្យល់អាកាស គឺមនុស្ស មិនអាចជ្រើសរើស មិនដកដង្ហើមបានទេ។ ការដកដង្ហើយ គឺជាតម្រូវការធម្មជាតិ និងជាសិទ្ធិមូលដ្ឋានរបស់មនុស្ស។ គុណភាពនៃខ្យល់ដកដង្ហើម គឺជាវិស័យអាទិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះវាជាប្រភពនៃជីវិត៕

ពលរដ្ឋចំណាកស្រុកក្នុងប្រទេសជប៉ុនកើនឡើងក្នុងអត្រាកំណត់ត្រាថ្មី

កងកុម្មង់ដូ Hubert៖ កំពូលកម្មង់ដូ ពូកែបំផុតរបស់បារាំង

តើ​ចិន​នៅ​មាន​អាវុធអ្វីទៀត​សម្រាប់​ប្រើ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក?

វ៉េណេស៊ុយអេឡា៖ក្រោយការប៉ុនប៉ងទម្លាក់លោកម៉ាឌូរ៉ូមិនបានសម្រេច តើអ្វីទៅជាសេណារីយ៉ូបន្ទាប់របស់លោកហ្កាយដូ?

តើ​កម្ពុជា​អាច​ធ្វើអ្វីបានខ្លះ​ដើម្បី​អភិវឌ្ឍ​មូលធនមនុស្ស​របស់ខ្លួន?

ជំនួបអឺរ៉ុប នៅ​Sibiu ៖ សហភាពអឺរ៉ុបផ្តើមរៀបខ្លួន រកមេដឹកនាំថ្មី ?

តើឥទ្ធិពល​នៃ​រាជានិយម​ថៃ​នឹង​ទៅ​ជា​យ៉ាងណា​ក្រោម​រជ្ជកាល​ព្រះចៅមហា​វជិរ៉ាឡុងកន

ស្ថានភាពសេដ្ឋកិច្ចនៅអ៊ីរ៉ង់នៅ ១ឆ្នាំក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

បារាំង៖ នរណាផ្តល់ថវិកាឱ្យគណបក្សនយោបាយ?

រុស្ស៊ីដាក់ឲ្យដំណើរការ នាវាមុជទឹកបំពាក់ដោយនាវាមុជទឹកដ្រូន ដំបូងគេបង្អស់​នៅក្នុងលោក

រាជវង្ស​ជប៉ុនអាច​នឹង​ជ្រើស​រើស​ស្តេច​ស្រី​ឡើង​គ្រង​រាជ្យ​បល្លង្កទេ?​

តើអ្វីទៅជា ​“ចលនា៤ឧសភា” ​ដែល​ចិន​កំពុង​ប្រារព្ធខួប​១០០ឆ្នាំ​នៅពេលនេះ?

ហេតុអ្វី​ប្រទេសអ៊ីរ៉ង់​ និង​រុស្ស៊ី​ប្រឹងប្រែង​បង្កើន​ទំនាក់​ទំនង​ល្អ​ជាមួយ​កូរ៉េខាងជើង​?

លោកពូទីន ​បើកផ្លូវឲ្យ ​អ្នកស្រុក​តំបន់បះបោរ​ខាង​កើតអ៊ុយក្រែន ​ទទួល​អត្តសញ្ញាណ​បណ្ណរុស្ស៊ី​

ចិន​បើក​ជំនួបកំពូល​លើកទី២ ដើម្បី​ធានា និង​ផ្តល់​សន្ទុះ​លើ​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ

ភេរវកម្ម​នៅ​ស្រីលង្កា៖ គំនិត​ចង់​ឈ្នះ​ចាញ់ លើ​គូប្រជែង​នយោបាយ ធ្វើ​ឲ្យ​រដ្ឋាភិបាល​​មើលស្រាល បញ្ហា​សន្តិសុខ​ជាតិ

ហេតុអ្វី​បាន​ជា​ប៉ូលិស​ថៃ តាមរកចាប់ខ្លួន​ម្ចាស់​​ផ្ទះបណ្តែតទឹក​សមុទ្រ?

អាស៊ីអាគ្នេយ៍៖ តួនាទីរបស់បច្ចេកវិទ្យាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ច

ហ្វាំងឡង់ ប្រទេស​ដែល​ប្រជាជន​មាន​សេចក្តីសុខ​សុភមង្គល ជាងគេ​លើ​លោក

ហេតុអ្វី​ចិន​ក្លាយជា​ចំណុច​ចម្រូងចម្រាស​ក្នុង​ការបោះឆ្នោត​ឥណ្ឌូណេស៊ី