rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ថៃ៖ ក្រោយ​បោះឆ្នោត​រួច ទិដ្ឋភាព​នយោបាយ​កាន់តែ​បែក​បាក់​គ្នា

ដោយ ម៉ម ពិសី

លទ្ធផលបោះឆ្នោតបឋម នៅប្រទេសថៃ បានបង្ហាញថាបក្ស "ផាឡាំងប្រាឆារ៉ាត់" របស់លោកប្រាយុទ្ធ ចាន់អូចា ទទួលបានសម្លេងឆ្នោតនាំមុខគេ ខណៈដែល​បក្ស "ភឿថៃ" បានទទួលសម្លេងឆ្នោតលំដាប់ទី២។ តែយ៉ាងណា ពុំមានបក្សណាមួយ បានសម្លេងឆ្នោតគ្រប់គ្រាន់ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលតែម្នាក់ឯងនោះទេ។ ការប្រមូលកៀងគ ការចូលរួមពីគណបក្សផ្សេងទៀត បានចាប់ផ្តើមហើយ។ ចំណែកការតវ៉ា ស្តីពីភាពមិនប្រក្រតី ក្នុងដំណើរ​ការបោះឆ្នោត ក៏កំពុងតែកើនឡើងដែរ។ ក្រោយការបោះឆ្នោតលើកនេះ ទិដ្ឋភាពនយោបាយថៃ កាន់តែបែកបាក់គ្នាខ្លាំង រវាងប្រជាជនអ្នកគាំទ្រក្រុមយោធាអភិរក្សនិយម និងប្រជាជនដែលគាំទ្រ ខាងក្រុមប្រជាធិបតេយ្យនិយម។ វិបត្តិនយោបាយ​ថៃ មិនទាន់ចប់នៅឡើយទេ ជាមួយនឹងការបោះឆ្នោតនេះ។

ខុសពីការរំពឹងទុក ចំនួនអ្នកទៅបោះឆ្នោតនៅថៃ កាលពីថ្ងៃអាទិត្យទី​២៤មីនា មានប្រមាណតែ៦៤%ទេ។ ជាងនេះទៅទៀត សន្លឹកឆ្នោតដែលត្រូវបានចាត់ទុកថាមិនបានការ គឺមានដល់ទៅ​៥សែនសន្លឹក។ នេះគឺជាចំនួនមួយខ្ពស់ណាស់ ព្រោះវាស្មើនឹង៥,៦% នៃសន្លឹកឆ្នោតរួមទាំងអស់។ ការបោះឆ្នោតមុនៗ សន្លឹកឆ្នោតមិនបានការ មានប្រមាណចន្លោះ ពី២ ទៅ ៣%ប៉ុណ្ណោះ។

គណបក្សនយោបាយខ្លះ ចាប់ផ្តើមចោទសួរ ពីភាពប្រក្រតីនៃការបោះឆ្នោតនេះ។ អ្នកខ្លះចោទសួរ ពីភាពអព្យាក្រិត្យ​ នៃគណកម្មការជាតិរៀបចំការបោះឆ្នោតថៃ ដែលគេសង្ស័យ​ថា បំរើឲ្យក្រុមបក្សពួករបស់លោកប្រាយុទ្ធ ចាន់អូចា។ គណកម្មការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលខុស ម្តងប៉ុណ្ណេះ ម្តងប៉ុណ្ណោះ កាលពីយប់ថ្ងៃទី២៤ មីនា។ នៅលើអ៊ីនធើនែត មាន​មនុស្ស៧សែននាក់ បានចុះហត្ថលេខា ធ្វើញតិ្តឲ្យរំលាយ​គណកម្មការនេះចោល ទៀតផង។

លទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាស នៅរវាងថ្ងៃទី​៩ឧសភា ខាងមុខ។ តែលទ្ធផល​បឋម ដែលគេដឹងឮ សឹងតែផ្លូវការទៅហើយនោះ បានបង្ហាញថា គណបក្ស ផាឡាំងប្រាឆារ៉ាត់ របស់ក្រុមយោធាថៃ ដែលមានលោក ប្រាយុទ្ធ ចាន់អូចា ជាតំណាងនោះ បានទទួលសម្លេងឆ្នោតលើសគេ គឺមានចំនួន​ប្រមាណ​៧លាន៦សែនសន្លឹក។ ចំណែកគណបក្ស ភឿថៃ ដែលជាអតីតបក្សនៃបងប្អូនគ្រួសារ ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិញ បានទទួល​សម្លេងឆ្នោតប្រមាណ ៧លាន១សែនសន្លឹក ពោលគឺតិចជាង ក្រុមយោធា ចំនួន​​​៥សែនសន្លឹក។

ក៏ប៉ុន្តែ យោងតាមការ​គុណគូរ លើលទ្ធផលបឋមនេះ បក្សដែលមានចំនួនអាសនៈសភា នាំមុខគេគឺបក្ស​ ភឿថៃ ដែលអាចប្រមូលបាន ១៣៨កៅអី។ រីឯបក្ស ផាឡាំង ប្រាឆារ៉ាត់ របស់លោក ប្រាយុទ្ធ អាចបានចំនួន​១១៩កៅអី។ នៅសល់ប្រមាណ១៥០កៅអីទៀត គឺត្រូវបែងចែកទៅឲ្យគណបក្សតូចៗផ្សេងទៀត។ ដូច្នេះ ទាំងបក្សផាឡាំង ប្រាឆារ៉ាត់ ទាំងបក្សភឿថៃ សុទ្ធតែមិនបានទទួលសម្លេងភាគច្រើនក្នុងសភា។ ការដណ្តើមគ្នា ចាប់ផ្តើមមានទៅហើយ ដោយម្នាក់ៗ ទាមទារសិទ្ធិ ក្នុងការដឹកនាំ​ការ​បង្កើតរដ្ឋាភិបាល​ចម្រុះ។ ម្នាក់មានសម្លេងសន្លឹកឆ្នោតនាំមុខ ម្នាក់មានចំនួនអាសនៈសភា នាំមុខ។

បក្សធំទាំង២នេះ ត្រូវការការចូលរួម ពីគណបក្សផ្សេងទៀត ដើម្បីបង្រ្គប់អាសនៈ ឲ្យគ្រប២៥០អាសនៈ ​មានសម្លេងភាគច្រើន អាច​បង្កើត​រដ្ឋាភិបាលចំរុះបាន។ គណបក្ស អាណាគត់មៃ ដែលជាគណបក្សវ័យ​ក្មេង ដឹកនាំដោយមហាសេដ្ឋីឈ្មោះ ថានាថន បានប្រមូលអសនៈ ប្រមាណ៨៧។ បក្សនេះ បានប្រកាសគោលជំហរយ៉ាងច្បាស់ ក្នុងការប្រឆាំងនឹងអំណាចក្តោបក្តាប់​របស់ពួកយោធា។ ដូច្នេះ​ ប្រាកដណាស់ ថា​បក្សអាណាគត់ម៉ៃ អាចនឹងទៅចូលរួមជាមួយបក្សភឿថៃ ព្រមជាមួយនឹងបក្សតូចៗ២ទៀត។ តាមការសន្និដ្ឋាន បើធ្វើដូចនេះ បក្សភឿថៃ អាចប្រមូលប្រមូលអាសនៈសរុប២៤០អាសនៈ។

ចំណែកបក្សរបស់លោកប្រាយុទ្ធ ចាន់អូចាវិញ អាចសង្ឃឹមទទួលបានការចុះចូល ពីបក្សប្រជាធិបតេយ្យរបស់លោកអាភីសីទ។ បក្សនេះ កន្លងមកគឺជាបក្សស្តាំអភិរក្សនិយម ធ្លាប់ប្រកាសគាំទ្ររដ្ឋប្រហារយោធា ដោយហេតុថាខ្លួនស្អប់បក្សភឿថៃ របស់លោកថាក់ស៊ីន។ បូកបន្ថែមជាមួយបក្សប្រជាធិបេយ្យ និងតូចៗ២ទៀត បក្សផាឡាំង ប្រាឆារ៉ាត់ អាចប្រមូលអាសនៈបាន១៩០។ ១៩០ ក៏នៅតែមិនគ្រប់។

ក្នុងពេលនេះ ក្រសែភ្នែកគ្រប់គ្នា កំពុងតែសម្លឹងទៅរកគណបក្ស ភូមចៃថៃ ដែលស្ថិតនៅចន្លោះកណ្តាល ហើយដែល​មិនទាន់បង្ហាញជំហរលំអៀង ទៅខាងណាមួយនោះទេ។ បក្សនេះ មានអាសនៈប្រមាណ៥២អាសនៈ។ តាមការសន្និដ្ឋាន អនាគតរដ្ឋាភិបាលចម្រុះថៃ គឺអាចរំពឹងលើការសម្រេចចិត្តរបស់បក្សនេះ ថារើសយកខាងណា ខាងក្រុមយោធា ឬខាងក្រុមនិយមលោកថាក់ស៊ីន!

តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មី ព្រមទាំងបេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវតែឆ្លងកាត់ការបោះឆ្នោតទទួលយល់ព្រមពីសំណាក់ សមាជិកសភាជាតិ និងព្រឹទ្ធសភា សរុបយ៉ាង​ហោច ​៣៧៦សម្លេង។ ត្រង់ចំណុចនេះ បក្សលោកប្រាយុទ្ធ មានប្រៀបលើសបក្សភឿថៃ ដោយសារ​តែសាមិក២៥០នាក់ នៃព្រឹទ្ធសភា គឺសុទ្ធសឹងតែជាមនុស្សស្និទនឹងក្រុមកងទ័ព។ យុទ្ធសាស្ត្រនេះ លោកប្រាយុទ្ធ ចាន់អូចា បានត្រៀមបម្រុងទុករួចមកហើយ តាម​រយៈការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ប្តូរលក្ខខន្តិកៈនៃព្រឹទ្ធសភា ព្រមទាំងកែប្រែច្បាប់បោះឆ្នោត។

ជារួម វិបត្តិនយោបាយថៃ មិនទាន់ចប់នៅឡើយទេ ផ្ទុយទៅវិញ គឺវាកំពុងតែដើរដល់ដំណាល់កាលថ្មីមួយទៀត ដែលកាន់តែស្មុគស្មាញ។ ទោះយ៉ាងណា ឆ្លងកាត់ការបោះឆ្នោតនេះ ក្រុមយោធាថៃ អាចស្រែកអបអរជ័យជំនះខ្លួន ព្រោះថាវាបានបង្ហាញពីភាពស្របច្បាប់ និងការគាំទ្រពីសំណាក់ប្រជាជនថៃ បើទោះបីជាកងទ័ពបានធ្វើរដ្ឋប្រហារដណ្តើមអំណាចក៏ដោយ។

តែលទ្ធផលនេះ ក៏បានស្តែងឲ្យឃើញដែរ ពីការពុះចែកសម្លេងគាំទ្រនយោបាយ រវាងក្រុមអាវក្រហម និងក្រុមអាវលឿង នៅក្នុងទិដ្ឋាភាពនយោបាយថៃ។​ ភាគច្រើននៃប្រជាជនតាមទីជនបទ គឺជាអ្នកគាំទ្របក្សភឿថៃ។ សម្រាប់អ្នកនៅតាមទីក្រុងធំៗ ដែលមានជីវភាពស្តុកស្តម្ភ មានឋានៈក្នុងសង្គម​វិញ ភាគច្រើន គឺមានទំនោរគាំទ្របក្សអភិរក្សរាជានិយម និងក្រុមកងទ័ពថៃ។

ប៉ុន្តែជាមួយគ្នានេះ ពណ៌សំបុរនយោបាយថ្មីមួយ កំពុងលេចរូបរាងឡើង នោះពណ៌សំបុរយុវជន។ យុវជនអាយុចន្លោះ១៨ ទៅ ២៥ឆ្នាំ ជាច្រើនលាននាក់ បានចូលរួមបោះឆ្នោត ដោយមានគំនិតចង់បានការផ្លាស់ប្តូរមួយឲ្យពិតប្រាកដ ដោយពួកគេនឿយណាយ នឹងក្រុមបក្សនយោបាយចាស់ៗ ដែលតែងតែដណ្តើមអំណាចគ្នា។ ភាពពុះកញ្ជ្រោលរបស់យុវជន បានស្តែងឲ្យឃើញ តាមរយៈសម្លេងឆ្នោតប្រមាណ៥លាន២សែន​សន្លឹក ដែលគណបក្សអាណាគត់ម៉ៃ បានប្រមូលបាន។ ការពុះចែក​គំនិតគាំទ្រនយោបាយ មិនមែនមានតែត្រឹម រវាងក្រុមអាងលឿង ឬក្រុមអាវក្រហមទេ។ ចាប់ពីពេលនេះទៅ គឺវាជាការយល់ខុសគ្នា រវាងមនុស្សវ័យចំណាស់ និងយុវជនជំនាន់ថ្មី៕

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?