អានតួអត្ថបទ

លោកណារិន្ទ្រ ម៉ូឌី ថ្លែងថា លោកជា​មនុស្ស​ដំបូង​ដែល​ក្លាហាន រំលាយ​ស្វ័យភាព​តំបន់​កាស្មៀរ

ថ្ងៃទី១៥សីហា គឺជាថ្ងៃបុណ្យឯករាជជាតិរបស់ឥណ្ឌា។ ពីរដ្ឋធានីញូដេលី លោកនាយករដ្ឋមន្ត្រី ណារិន្ទ្រ ម៉ូឌី បានថ្លែងសន្ទរកថា ដោយបានផ្តោតសំខាន់ ទៅលើផែនការនយោបាយរបស់លោក នៅឯតំបន់កាស្មៀរ។ នៅក្នុងសន្ទរកថានោះ លោកនាយករដ្ឋមន្ត្រីហិណ្ឌូជាតិនិយមរូបនេះ បានលើកឡើងថា ការសម្រេច​លប់ចោលនូវ​ស្វ័យភាព របស់តំបន់កាស្មៀរឥណ្ឌា គឺជាការសម្រេចដ៏ក្លាហាន ដែលពុំមាន​មេដឹកនាំឥណ្ឌាណាធ្វើទេពីមុនមក។ លោកថា ដល់ពេលហើយដែលអំណាចរដ្ឋឥណ្ឌា ត្រូវចាត់វិធានការ អភិវឌ្ឍន៍តំបន់នេះ ដោយផ្ទាល់ដៃ។

លោកនាយករដ្ឋមន្ត្រី​ Narendra Modi ពេលថ្លែងសន្ទរកថា នៅថ្ងៃបុណ្យុឯករាជ្យជាតិឥណ្ឌា ថ្ងៃទី​១៥ សីហា ២០១៩ ពី​វិមានក្រហម ក្រុងញូដេលី។​
លោកនាយករដ្ឋមន្ត្រី​ Narendra Modi ពេលថ្លែងសន្ទរកថា នៅថ្ងៃបុណ្យុឯករាជ្យជាតិឥណ្ឌា ថ្ងៃទី​១៥ សីហា ២០១៩ ពី​វិមានក្រហម ក្រុងញូដេលី។​ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ពីវិមានក្រហម រដ្ឋធានីញូដេលី លោកនាយករដ្ឋមន្ត្រី ណារិន្ទ្រ ម៉ូឌី​ បានលើកឡើងអំពីជោគជ័យនៃផែនការនយោបាយរបស់លោក សម្រាប់តំបន់កាស្មៀរ ដើម្បី​ជាការអបអរ ដល់ទិវាឯករាជជាតិឥណ្ឌា។ លោក ណារិន្ទ្រ ម៉ូឌី បានថ្លែងថា ការដកចេញនូវ​ស្វ័យភាពតំបន់កាស្មៀរ ដែលមានចែងក្នុងមាត្រា ៣៧០ នៃរដ្ឋធម្មនុញ្ញនោះ គឺជាការសម្រេចចិត្តដ៏ក្លាហាន និងដំបូងគេបង្អស់។ លោកថា វាដល់ពេលហើយ ដែលត្រូវមានគំនិតថ្មី ផែនការថ្មី ដើម្បីរំដោះតំបន់នេះ ចេញពីភាពហែកហួរនយោបាយ និងយោធាមិនចេះចប់។

លោកណារិន្ទ្រ ម៉ូឌីបន្តថា ជាច្រើនទសវត្សមកហើយ ដែល​ការស៊ុំគ្រលំគ្នា រវាងមេដឹកនាំនៃតំបន់កាស្មៀរនេះ បានបង្កឲ្យមាន​អំពើពុករលួយ បក្សពួកនិយម និងអំពើអយុត្តិធម៌សង្គម ដល់ប្រជាជន។ ចាប់ពីពេលនេះទៅ សេចក្តីសង្ឃឹម ការសុបិនចង់បានការអភិវឌ្ឍន៍រីកចំរើន របស់ប្រជាជនតំបន់នេះ នឹងលេចរូបរាងឡើង។

សូមបញ្ជាក់ថា សភាទាំង២របស់ឥណ្ឌា បានបោះឆ្នោតយល់ព្រមចំពោះការលប់ចោលមាត្រា៣៧នៃរដ្ឋធម្មនុញ្ញឥណ្ឌានេះ។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលឥណ្ឌា បានដាក់ស្នើច្បាប់មួយទៀត ទៅកាន់សភា ដើម្បីបំបែករដ្ឋ Jammu-Cachemire ជាពីរ។​ ផ្នែកខាងកើត ដែលជាតំបន់ Ladakh ហើយសំបូរអ្នកកាន់សាសនាព្រះពុទ្ធរស់នៅ នឹងត្រូវផ្តាច់ចេញ ជារដ្ឋមួយដោយឡែក។ ចំណែក ដែនដី Jammu-Cachemire ដែលនៅសល់ ហើយដែលមួយផ្នែកខាងលិចមានអ្នកកាន់សាសនាអ៊ីស្លាម និងមួយផ្នែកខាងកើត​មានអ្នកកាន់សាសនាហិណ្ឌូនោះ និងបាត់បត់លក្ខខន្តិកៈជារដ្ឋសហព័ន្ធ។ តំបន់នេះ នឹងក្លាយជាដែនដី​នៃសហភាព​ ដែលមានន័យថា នឹងត្រូវស្ថិតក្រោមចំណុះដោយផ្ទាល់ ពីរដ្ឋាភិបាលក្រុងញូដេលី។

លោកនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានប្រកាសថា ចាប់ពីពេលនេះទៅ ឥណ្ឌានឹងមាន អគ្គមេបញ្ជាការកងទ័ពលើផ្ទៃប្រទេស ដើម្បីធ្វើ​ជាមនុស្សស្នូលកណ្តាល គ្រប់គ្រងទាំងកងទ័ពជើងទឹក ជើងគោក និងផ្លូវអាកាស។

ដោយឡែក លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន បានថ្លែងកាលពីថ្ងៃពុធថា ប៉ាគីស្ថាន បានស៊ើបដឹងយ៉ាងច្បាស់ ថាកងទ័ព​ឥណ្ឌាមានបំណងធ្វើអ្វីម្យ៉ាង នៅក្នុងតំបន់​កាស្មៀរ​ប៉ាគីស្ថាន។ លោកនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន អះអាងថា កងទ័ពប៉ាគីស្ថាន ត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់រាល់ ការឈ្លានពាន​របស់ឥណ្ឌា មកលើតំបន់កាស្មៀររបស់បាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ