rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា បង់ក្លាដែស រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ប្រារព្ធ​ខួប​២ឆ្នាំ​នៃ​ការ​និរាស​​ចាកស្រុក ​ដោយ​ការ​​បណ្តេញ​​របស់​​កងទ័ពភូមា

media
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា២សែននាក់ ជួបជុំគ្នា​ នៅ​ក្នុង​ជំរំ​ Kutupalang ថ្ងៃទី​២៥សីហា ២០១៩ REUTERS/Rafiqur Rahman

ថ្ងៃអាទិត្យទី​២៥សីហា ជនភៀសខ្លូនរ៉ូហ៊ីងយ៉ា ប្រមាណ២សែននាក់ នៅក្នុងជំរំក្នុងទឹកដីបង់ក្លាដែស​ បានជួបជុំគ្នា ដើម្បីរំលឹកខួប២ឆ្នាំ នៃការនិរាស​ចាកស្រុក ដោយសារតែការធ្វើទុក្ខបុកម្នេញ និងការបណ្តេញ​ពីសំណាក់កងទ័ពភូមា។ ក្រៅពីជួបជុំរំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានយកឱកាសនេះ អំពាវនាវឲ្យមាន​ដំណោះស្រាយ​និងការធានាឲ្យបានជាក់ច្បាស់ ពីសំណាក់រដ្ឋាភិបាលភូមា ដើម្បីឲ្យពួកគេបានត្រប់ទៅភូមិស្រុកវិញ ប្រកបដោយសុវត្ថិភាព។


នៅជំរំKutupalang ក្នុងទឹកដី​បង់ក្លាដែស ដែលជាជំរំជនជនភៀសខ្លួនធំជាងគេបង្អស់លើលោក ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានប្រមូលផ្តុំគ្នា ដើម្បីរំលឹកខួប​២ឆ្នាំ នៃការបណ្តេញ និងធ្វើទុក្ខបុកម្នេញពីសំណាក់​កងទ័ពភូមា ហើយ​បង្ខំឲ្យ​ពួកគេត្រូវ​និរាស​ចាកស្រុក ភៀសខ្លួនមកបង់ក្លាដែស។ បើផ្អែកតាមមន្ត្រីនគរបាល​បង់ក្លាដែសប្រចាំជំរំនេះ បាន​ឲ្យដឹងថា បច្ចុប្បន្នជំរំនេះ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រស់នៅចំនួន​ប្រមាណ​៦សែននាក់ ហើយនៅថ្ងៃនេះ អ្នកដែលបាន​មកចូលរួម​ថ្ងៃរំលឹកខួប គឺមាន​ប្រមាណ​២សែននាក់។

ក្រោមកំដៅថ្ងៃហួតហែង មនុស្សម្នាក្មេងចាស់ប្រុសស្រី បានមកជួបជុំគ្នាក្នុងថ្ងៃ ដែលពួកគេហៅថា ជាថ្ងៃនៃអំពើប្រល័យពូជសាសន៍ ធ្វើឡើងដោយកងទ័ពភូមា មកលើ​ជនជាតិរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន។ ជាមួយនឹងទឹកភ្នែករលីងរលោង បុរសវ័យ៥០ឆ្នាំឈ្មោះTayaba Khatun បានប្រាប់​អ្នកយកព័ត៌មានបារាំងថា គាត់មកចូលរួមនៅថ្ងៃនេះ គឺដើម្បីទាមទារយុត្តិធម៌ ជូនកូនប្រុសទាំង២របស់គាត់ ដែលត្រូវបាន​កងទ័ពភូមាសម្លាប់។

លោក Mohib Ullah មេដឹកនាំជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងជំរំ បានរំលឹកថា ប្រជាជនរ៉ូហ៊ីងយ៉ា ត្រូវបាន​គេ​វាយដំ គេសម្លាប់ចោល គេរំលោភបំពានគ្រប់រូបភាពនៅរដ្ឋរ៉ាឃីន ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទីនោះគឺជាភូមិស្រុករបស់ពួកយើង ហើយយើងនៅតែចង់ត្រលប់ទៅវិញជានិច្ច។ លោកម្នាក់នេះបន្ថែមថា ជនជាតិរ៉ូហ៊ីងយ៉ា ទាមទារឲ្យរដ្ឋាភិបាល​ភូមា គោរពលក្ខខណ្ឌបីចំណុច ទីមួយ ធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព​ ទី២ ផ្តល់សញ្ជាតិភូមាជូន​ដល់ជនជាតិរ៉ូហ៊ីងយ៉ា ហើយទី​៣ គឺត្រូវធានាថាពួកគេ អាចត្រឡប់ទៅផ្ទះសម្បែកភូមិ​កំណើតវិញ។

សូមរំលឹកថា នៅរវាងខែសីហា​ឆ្នាំ២០១៧ អំពើហិង្សាបានផ្ទុះឡើងនៅរដ្ឋរ៉ាឃីន ភាគខាងកើតភូមា។ ប្រជាជនរ៉ូហ៊ីងយ៉ា យ៉ាងហោច៧សែន៤ម៉ឺននាក់ បានរត់ភៀសខ្លួន​ទៅកាន់បង់ក្លាដែស។ យោងតាមតួលេខរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន គឺមាន​ប្រជាជន​រ៉ូហ៊ីងយ៉ា ​យ៉ាងហោច​១ម៉ឺននាក់ បានស្លាប់។ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាន​សន្និដ្ឋានថា វាគឺជាសកម្មភាព​ប្រល័យពូជសាសន៍ដែលកងទ័ពភូមា ធ្វើទៅលើប្រជាជនរ៉ូហ៊ីងយ៉ា និងបាន​អំពាវនាវឲ្យមានការកាត់ទោសមេទ័ពភូមាមួយចំនួនផង។ តែយ៉ាងណា រដ្ឋាភិបាលភូមា បានទាត់ចោលការសន្និដ្ឋាន​នេះ ដោយលើកឡើងថា អ្នកដែលផ្តើមអំពើហិង្សាមកលើអាជ្ញាធរភូមា គឺក្រុមជ្រុលនិយមអ៊ីស្លាមរ៉ូហ៊ីងយ៉ា។

គួរបញ្ជាក់ដែរថា ភូមានិងបង់ក្លាដែស បានចុះកិច្ចព្រមព្រៀងមួយ​ ដើម្បី​បញ្ជូន​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រលប់ទៅវិញ។ គេបានសាកល្បង២លើកហើយ តែមិនបានសម្រេច ដោយសារតែគ្មាន​ជនរ៉ូហ៊ីងយ៉ា ស្ម័គ្រចិត្តទៅ ព្រោះពួកគេ ខ្លាចភូមាយកពូក​គេទៅបំបរបង់ចោល ឬយកទៅសម្លាប់ចោល៕