អានតួអត្ថបទ

Huawei ប្តឹង​សហរដ្ឋ​អាមេរិក ដែល​ហាម​គេ​ មិនឲ្យទិញ​ផលិតផល​Huawei

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៧មីនា​ ក្រុមហ៊ុន​Huawei​ បាន​ដាក់ពាក្យ​ប្តឹង​មួយ​ ទៅកាន់​តុលាការ​រដ្ឋ​តិច​សាស់​ សហរដ្ឋអាមេរិក​ ដើម្បី​ប្តឹង​សហរដ្ឋអាមេរិក​ ដែល​បាន​ហាមឃាត់​ស្ថាប័ន​ និង​រដ្ឋបាល​ទាំងឡាយ​របស់​ខ្លួន​ មិន​ឲ្យ​ទិញ​ផលិតផល​របស់​Huawei​។ យោង​តាម​Huawei​ ការ​ហាមឃាត់​នេះ​ គឺ​សហរដ្ឋអាមេរិក​ ពុំ​មាន​អ្វី​ជា​សំអាង​ទាំងអស់​ ក្រៅតែ​ពី​មាន​ចេតនា​ បង្អាក់​ និង​រារាំង​ការ​ធ្វើជំនួញ​ របស់​ក្រុមហ៊ុន​Huawei​។

លោកJohn Suffolk អគ្គនាយករងរបស់Huawei ធ្វើសន្និសីទ​កាសែត​ ជាមួយ​លោក​Song Liuping (ទី​៣​​រាប់​​ពិឆ្វេង​) និងលោកអគ្គនាយកវិលជុំ Guo Ping (ទី៣រាប់​ពីស្តាំ)
លោកJohn Suffolk អគ្គនាយករងរបស់Huawei ធ្វើសន្និសីទ​កាសែត​ ជាមួយ​លោក​Song Liuping (ទី​៣​​រាប់​​ពិឆ្វេង​) និងលោកអគ្គនាយកវិលជុំ Guo Ping (ទី៣រាប់​ពីស្តាំ) REUTERS/Yuyang Wang
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ប្រភព​ពីទី​ស្នាក់​ការ​ធំ​ របស់​Huawei​ នៅ​ក្រុង​ឈិន​ចិន​ បាន​ឲ្យដឹង​ថា​ ពាក្យ​បណ្តឹង​មួយ​បាន​ដាក់​ទៅកាន់​តុលាការ​ Plano​ រដ្ឋ​តិច​សាស់​ ដើម្បី​ប្តឹង​ទាល់​ទៅ​នឹង​ច្បាប់​មួយ​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​ហាមឃាត់​ស្ថាប័ន​ និង​រដ្ឋបាល​ទាំងអស់​ មិន​ឲ្យ​ទិញ​ផលិតផល​ Huawei​ ឬក៏​មាន​ទំនាក់ទំនង​ការងារ​ ជាមួយ​ក្រុមហ៊ុន​ ដែល​ជា​អតិថិជន​របស់​ Huawei​។

លោក​ គួ​ ពីង​ ប្រធាន​ម្នាក់​របស់​Huawei​ បាន​លើកឡើង​ថា​ សភា​អាមេរិក​ មិនបាន​ផ្តល់​ហេតុផល​ ឬអំណះអំណាង​អ្វី​ទាំងអស់​ មុននឹង​សម្រេច​បង្កើត​ច្បាប់​ ដែល​ហាមឃាត់​ផលិតផល​របស់​ Huawei​។ ដូច្នេះ​ក្រុមហ៊ុន​គ្មាន​ជម្រើស​ផ្សេង​ទេ​ ក្រៅពី​ដាក់ពាក្យ​ប្តឹង​ទាស់​ទៅ​នឹង​ច្បាប់​នេះ​។ ប្រធាន​Huawei​ រូប​នេះ​បន្ថែម​ថា​ ក្រុមហ៊ុន​Huawei​ នឹង​ទាមទារ​សំណង​ជំងឺចិត្ត​ ចំពោះ​ការ​ចេញច្បាប់​ ហាមឃាត់​ការ​រកស៊ី​របស់​ Huawei​ ដែល​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​អាមេរិក​នេះ​។ លោក​ គួ​ ពីង​ ក៏បាន​ឆ្លៀត​សង្កត់​បន្ថែម​ថា​ រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន​នេះ​ ខិតខំ​ខ្លាំង​ណាស់​ ក្នុង​ការ​ដើរ​សំអុយ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​Huawei​ ទាំង​ដែល​សហរដ្ឋអាមេរិក​ខ្លួនឯង​ ក៏បាន​បន្លំចូល​មក​លួច​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ របស់​ចិន​ដែរ​។

សូម​រំលឹក​ថា​ ប៉ុន្មាន​ខែ​មក​ហើយ​ ដែល​រដ្ឋាភិបាល​អាមេរិក​ បាន​ចេញមុខ​ប្រកាស​សង្រ្គាម​ជាមួយ​ Huawei​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ កំពុង​នាំមុខ​គេ​ក្នុង​បច្ចេកវិទ្យា​បណ្តាញ​5G​។ សម្រាប់​សហរដ្ឋអាមេរិក​ Huawei​ អាច​ប្រើ​ផលិតផល​ និង​បច្ចេកវិទ្យា​នេះ​ ដើម្បី​ជ្រៀតចូល​ទៅ​លួច​ទិន្នន័យ​ ឬបង្ក​បញ្ហា​នៅក្នុង​ប្រព័ន្ធ​ទូរគមនាគមន៍​របស់​អាមេរិក​។ អាមេរិក​ បាន​ហាមមិនឲ្យ​Huawei​ ដាក់​ពង្រាយ​បច្ចេកវិទ្យា​នេះ​ ហើយក៏​បាន​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេងទៀត​ ឲ្យ​ធ្វើតាម​ខ្លួន​ដែរ​។

យោង​តាម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ ក្រុមហ៊ុន​ Huawei​ មាន​ទំនាក់ទំនង​យ៉ាង​ស្និ​ទជាមួយ​កងទ័ព​ចិន​ ព្រោះ​លោក​ Ren​ Zhengfei​ ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Huawei​ គឺជា​អតីត​វិស្វករ​របស់​កងទ័ព​ចិន​។ ជាង​នេះ​ទៅទៀត​ ច្បាប់​ចិន​ បាន​កំណត់​ថា​ ក្រុមហ៊ុន​ Huawei​ ត្រូវ​សហការ​ជាមួយ​កងទ័ព​ ដើម្បី​ជួយ​ដល់​ការ​ពង្រឹង​សមត្ថភាព​ នៃ​ក្រុម​ចារកិច្ច​ស៊ើបការណ៍​សម្ងាត់​របស់​ចិន​។

លោក​ Song​ Liuping​​ អ្នក​ទទួលបន្ទុក​ផ្នែក​ច្បាប់​របស់​ Huawei​ បាន​ទទួលស្គាល់​ថា​ Huawei​ មាន​កាតព្វកិច្ច​សហការ​ជាមួយ​កងទ័ព​ចិន​មែន​ ប៉ុន្តែ​តែ​ក្នុងករណី​ភេរវកម្ម​ ឬការបោសសំអាត​ឧក្រិដ្ឋ​កម្ម​តែប៉ុណ្ណោះ​។ បើ​កងទ័ព​ទាមទារ​លើស​ពីនេះ​ គឺ​ក្រុមហ៊ុន​មាន​សិទ្ធិ​បដិសេធ​។ លោក​បន្ថែម​ថា​ ជាង​នេះ​ទៅទៀត​ បើសិន​ក្រុមហ៊ុន​ Huawei​ បន្លំ​ដាក់​ឧបករណ៍​លួច​ទិន្នន័យ​ “Backdoors​” ដូច​អ្វី​ដែល​អាមេរិក​ចោទ​នោះ​ គឺ​មិន​ខុសពី​ Huawei​ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​នោះ​ទេ​ ព្រោះថា​គង់តែ​ថ្ងៃណាមួយ​ គេ​រក​ឃើញ​ការ​លួច​ដាក់​បន្លំ​ឧបករណ៍​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ