អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

G20៖ ​វិបត្តិ​សកលលោក​គ្រប់​វិស័យ ​ដែល​មេដឹកនាំ​ធំៗ​ត្រូវ​ជជែក​គ្នា​ នៅ​ហាងចូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំកំពូល​​G20​ គឺជា​ឱកាស​ដែល​មេដឹកនាំ​នៃ​បណ្តា​ប្រទេស ​មាន​សេដ្ឋកិច្ច​នាំមុខ​ទាំងអស់ ​ជួប​ពិភាក្សា​ជជែក​គ្នា ​លើ​បញ្ហា​សេដ្ឋកិច្ច​សកល ​និង​រកវិធី​ដើម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​បាន​ខ្ពស់។ តែ​ជា​ទូទៅ​កិច្ច​ប្រជុំ​នេះ ​ក៏បាន​ក្លាយ​ជា​វេទិកា​មិន​ផ្លូវការ​ ដែល​មេដឹកនាំ​ធំៗ ​បាន​ជួប​និយាយ​គ្នា​ ដាច់​ដោយ​ឡែក​ លើ​បញ្ហា​នានា ​ដូចជា​វិបត្តិ​ការទូត​ សង្រ្គាម ​រឺ​បញ្ហា​ការ​កើនឡើង​កំដៅ​ផែនដី​ជាដើម។ ថ្ងៃទី៤​ កញ្ញា​នេះ ​គឺ​ទី​ក្រុង​ហាងចូវ ​ប្រទេស​ចិន​ គឺជា​អ្នក​រៀបចំ​ទទួល​កិច្ច​ប្រជុំ​កំពូល​G20​នេះ ​ដែល​មាន​វត្តមាន​ មេដឹកនាំ​ធំ​ៗ ​ប្រមាណ​ជាជិត​៤០​នាក់។

រូបថត​​មហាគ្រួសារ​G20 នៅទីក្រុង​ហាងចូវ ថ្ងៃទី​៤ កញ្ញា ២០១៦
រូបថត​​មហាគ្រួសារ​G20 នៅទីក្រុង​ហាងចូវ ថ្ងៃទី​៤ កញ្ញា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួប​ក្រៅផ្លូវការ ​ក្តៅ​ជាង​កិច្ចប្រជុំ​កំពូល៖

ជំនួបកំពូល​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ ឬ​ដែល​យើង​ហៅកាត់​ថា ​G20​ នេះ ​គឺ​ជា​ការ​ប្រជុំ​រវាង​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នាំមុខ​ទាំង​អស់​១៩ ​ បូកថែម​ជាមួយ​និង​សហភាព​អឺរ៉ុប​មួយ​ទៀត ​ដើម្បី​ពិភាក្សាគ្នា​ពី​បញ្ហា​សេដ្ឋកិច្ច ​និង​ ការ​ដោះដូរ​ពាណិជ្ជកម្ម។ ជាការពិត​ ជំនួប​កំពូល​នេះ ​គឺ​បាន​ក្លាយ​ជា​វេទិកា ​ជជែកគ្នា​ក្រៅ​ផ្លូវការ​រវាង​មេដឹកនាំ​ធំៗ ​ ក្រៅ​អំពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​របៀប​វារៈ​នៃ​ការ​ប្រជុំ។

ជាងនេះ​ទៅ​ទៀត​ ឆ្នាំ​២០១៦​នេះ ​គឺ​ជា​ឆ្នាំ​ដែល​ពិភពលោក​យើង​ ជួប​បញ្ហា​ច្រើន​ណាស់។ មិន​ថា​វិបត្តិ​សេដ្ឋកិច្ច ​ វិបត្តិ​ជនភៀសខ្លួន ​ សង្រ្គាម​នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់ ​ព្រមទាំង​បញ្ហា​អាកាសធាតុ​ជាដើម។ គឺទាំង​អស់​នេះហើយ ​ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ជំនួប​កំពូល​នេះ​ ពុះ​កញ្ជ្រោល​ក្តៅ​គគុក។ ជាក់ស្តែង​ មុន​ពេល​បើក​ការ​ប្រជុំ ​លោក​បារ៉ាក់​អូបាម៉ា ​និង​លោក​ស៊ីជីនពីង​ បាន​ជួប​គ្នា​តទល់​ ហើយ​បាន​ស្រុះស្រួល​គ្នា ​ធ្វើការ​ប្រកាស​រួមគ្នា​ពី​ការ​ផ្តល់​សច្ចាប័ន​ដល់​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​ស្តីពី​ការ​កាត់​បន្ថយ​កំដៅ​ផែនដី។ ដំណឹង​នេះ ​គឺ​ជាដំណឹង​ល្អ​ណាស់ ​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​ទាំងអស់​អបអរ​សាទរ។

មាន​ជំនួប​ មិនផ្លូវការ​ច្រើន​ណាស់។​ តួយ៉ាង​ជំនួប​រវាង​លោក​ប្រធានាធិបតី​ពូទីន​ ជាមួយ​លោក​ស្រី​អង់ហ្គេឡា ​មែគែល ​និង​លោក​ហ្វ្រង់ស័រ ហូឡង់ ​ដើម្បី​និយាយ​អំពី​បញ្ហា​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ទាក់ទិន​នឹង​វិបត្តិ​នៅ​អ៊ុយក្រែន។ សំណុំ​រឿង​ក្តៅ​មួយទៀត ​គឺ​វិបត្តិ​នៅ​ស៊ីរី។ គេ​សង្ឃឹម​យ៉ាង​ខ្លាំង ​ថា​លោក​អូបាម៉ា ​នឹង​ឆ្លៀត​ជួបគ្នា​មួយ​ទល់នឹង​មួយ ​ជាមួយ​លោក​ពូទីន។ មេដឹកនាំ​ទាំងពីរ​ ត្រូវ​ស្រុះស្រួល​គ្នា ​លើ​គោល​ជំហរ​ ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី ​បញ្ចប់​សង្រ្គាម ​ហើយ​នឹង​យក​ឈ្នះ​លើ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ដូចយើង​ដឹង​ហើយ ​ថា​រហូត​មក​ដល់​ពេល​នេះ ​មហាអំណាច​ទាំងពីរ ​ធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី ​រៀងៗ​ខ្លួន ​ហើយ​មាន​គំនិត​ខ្វែង​គ្នា​ច្រើន​ណាស់។
 

លោកអូបាម៉ា ពេលទៅដល់ហាងចូវ ថ្ងៃទី​៣ កញ្ញា
លោកអូបាម៉ា ពេលទៅដល់ហាងចូវ ថ្ងៃទី​៣ កញ្ញា Reuters/路透社

សំណុំ​រឿង​មួយ​ទៀត​ដែល​សំខាន់​ដែរ ​ គឺ​វិបត្តិការ​ទូត​រវាង​តួកគី ​និង​សហរដ្ឋ​អាមេរិក​ ទាក់ទិន​ទៅ​នឹង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​នៅ​តួកគី។ តួកគី​ដែល​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ ប្រគល់​ខ្លួន​លោក ​Fathullah Gülen នោះ​ បាន​ផ្លោង​ពាក្យ​ចោទ​ប្រកាន់​រដ្ឋាភិបាល​អាមេរិក​ច្រើន​ណាស់​ កន្លងមក។ តាមការ​ឲ្យដឹង​ លោក​អូបាម៉ា ​បាន​ជួប​ចាប់ដៃ​ជាមួយ​លោក​ អ៊ែរដូហ្កាន់​ នៅ​ថ្ងៃបើក​ការប្រជុំ​ ហើយ​លោក​អូបាម៉ា​ បាន​ប្រកាស​ថា​រដ្ឋាភិបាល​អាមេរិក​ រងចាំ​ជួយ​តួកគី​ជានិច្ច​ក្នុង​ការ​រកយុត្តិធម៌​ ចាប់​អ្នក​មេ​គំនិត​រដ្ឋប្រហារ។​ ចំណែក​លោក​អ៊ែរដូហ្កាន់​វិញ ​បាន​ថ្លែង​អរគុណ​លោក​អូបាម៉ា ​ហើយ​សន្យា​ផ្តល់​ឯកសារ ​និង​ភស្តុតាង​បន្ថែម​ទៀត។

ទាក់ទិននឹង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ ​សំណុំ​រឿង​កូរ៉េ​ខាងជើង ​ក៏​គឺ​ជា​ចំណុចក្តៅ​មួយ​ដែរ ​ក្នុង​ឱកាស​នេះ។ តាម​ការ​គ្រោងទុក​ លោកស្រី ​ប៉ាក់ គិនហឺ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ថា​នឹង​ជួប​លោក​ស៊ី ជីនពីង ​មួយ​ទល់​មួយ ​ដើម្បី​ពន្យល់​ខាង​រដ្ឋាភិបាល​ចិន​ឲ្យ​យល់ ​អំពី​ភាព​ចាំបាច់​ ក្នុងការ​ដាក់តាំង​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​របស់​អាមេរិក​ ​នៅលើ​ដី​កូរ៉េ​ខាងត្បូង។ រហូត​មក​ដល់​ពេល​នេះ ​ចិន​ប្រឆាំង​នឹង​គម្រោង​នេះ​ជា​ដាច់​ខាត​តែ​ម្តង។

Brexit និង TAFTA ​ចំណុច​រសើប​នៃ​សេដ្ឋកិច្ច​សកល៖
ក្នុង​សំណុំរឿង​សេដ្ឋកិច្ច​ ក៏មាន​បញ្ហា​ច្រើន​ណាស់​ដែរ។ ​កំណើន​សេដ្ឋកិច្ច​សកលលោក ​បាន​ដើរ​យឺតណាស់។​ តាម​ការ​ព្យាករណ៍ ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ឆ្នាំ​២០១៦​នេះ ​កំណើន​សេដ្ឋកិច្ច​សកលរួម ​មាន​តែ​៣%ទេ។ មូលហេតុ​នៃ​វិបត្តិ​នេះ​ គឺ​ដោយសារ​តែ​កំរិត​នៃការ​បោះទុន​វិនិយោគ​បាន​ថយចុះ។ ទាក់ទិន​នឹង​បញ្ហា​សេដ្ឋកិច្ច ​នេះ ​ក្រុម​ប្រទេស​G20​ បាន​ជួប​ពិភាក្សាគ្នា​ច្រើន​លើក​មក​ហើយ ​ចុងក្រោយ​បង្អស់​គឺ​កាល​ពី​ខែ​កក្កដា​ រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។ តែ​កន្លង​មក​ លទ្ធផល​ពិភាក្សា គឺ​មិន​បាន​លទ្ធផល​អ្វី​ច្រើន​ទេ ​គ្រាន់តែ​បាន​ធ្វើការ​កត់​សម្គាល់​ពី​បញ្ហា ​តែប៉ុ​ណ្ណោះ​។

ឆ្នាំ​២០១៥ ​និង​ ២០១៦​នេះ​ ​ទីផ្សារ​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម ​និង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ​មាន​ភាព​រង្គោះរង្គើ​ខ្លាំង​ណាស់។ រង្គោះរង្គើ​ទីមួយ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ចិន​។​ ហើយ​បញ្ហា​ធំ​ទីពីរ​ គឺ​ការ​ដើរចេញ​របស់​អង់គ្លេស ​ពី​សហភាព​អឺរ៉ុប។ ទោះ​អង់គ្លេស​មិនទាន់​ចេញ​ជា​ស្ថាពរ​ក៏​ដោយ ​ តែ​បញ្ហា​នេះ​បាន​បង្ក​ជា​ការ​មិនទុកចិត្ត​ដល់​អ្នក​វិនិយោគ ​ហើយ​ដែល​ធ្វើ​ឲ្យ​ផ្សារ​ភាគហ៊ុន​នៅ​តែ​មិន​នឹងន។

ក្នុង​សំណុំរឿង​សេដ្ឋកិច្ច​មួយទៀត ​គឺ​ទាក់ទង​នឹង​ការ​ចរចា​ធ្វើ​សន្ធិសញ្ញា​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​អន្តរ​អាត្លង់ទិក ​រវាង​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ការ​ចរចា​បាន​នៅជាប់​គាំង​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អាល្លឺម៉ង់ ​និង​បារាំង​បាន​បញ្ចេញ​គោលជំហរ​កាន់​តែ​ច្បាស់​ថា ​គេ​មិន​ចង់​ចរចា​សម្រេច​វា​ដោយ​តក់​ក្រហល់​ទេ។ ដូច​យើង​ដឹងហើយ​ ថា​លោក​អូបាម៉ា​ នៅ​សល់​ពេល​តែ​ប៉ុន្មាន​ខែ​ទៀតទេ​ ហើយ​រដ្ឋាភិបាល​លោក​ ចង់​បង្ខំ​សហភាព​អឺរ៉ុប​ឲ្យ​សម្រេច​សន្ធិសញ្ញា​នេះ​​ មុន​ចប់​អាណាត្តិ។

ដោយឡែក ​បញ្ហា​នេះ ​បាន​ក្លាយ​ជា​សង្រ្គាម​ពាក្យ​សំដី​រវាង​លោក ​Jean-Claude Juncker ​ប្រធាន​គណកម្មការ​អឺរ៉ុប និង​លោកស្រី ​Teresa May ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ទៀតផង។ លោកស្រី​នាយក​រដ្ឋមន្ត្រី​​អង់គ្លេស ​បាន​ថ្លែង​ថា​អង់គ្លេស ​នឹង​ចាប់​ផ្តើម​ចរចា​ដាច់​ដោយឡែក​ ជាមួយ​សហរដ្ឋ​អាមេរិក។ តែ​លោក​ ប្រធាន​គណកម្មការ​អឺរ៉ុប​ បាន​បញ្ជាក់​ច្បាស់ៗ​ថា​ សម្រាប់​ពេលនេះ ​ការ​ចរចា​សន្ធិសញ្ញា​នេះ ​ត្រូវតែ​ធ្វើ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​ ហើយ​អង់គ្លេស​ត្រូវ​តែ​គោរព​ ដរាប​ណា​ខ្លួន ​មិនទាន់​ដើរ​ចេញ​ជា​ស្ថាពរ​ពី​សហភាព​​អឺរ៉ុប​ ទេនោះ។

ក្រៅពីបញ្ហា​ទាំងអស់​នេះ ​ថ្នាក់ដឹក​នាំធំៗ​ មាន​គម្រោង​ជជែក​គ្នា​ពី​បញ្ហា​ពន្ធដារ ​និង​ការ​ទប់ស្កាល់​រាល់​សកម្មភាព​គេចពន្ធ ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ។ មិន​ថា​ ក្នុង​បញ្ហា​ពន្ធដារ ​រឺ​បញ្ហា​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​ លោក​ស៊ី ជីនពីង ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សហការ ​ផ្តល់​ដំណឹង ​នឹង​ធ្វើការ​រួមគ្នា ​ជា​ជាង​ការ​យក​រួចខ្លួន​ ការពារ​តែ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។ ដោយឡែក ​តួកគី ​និង​ រុស្ស៊ី ​បាន​ប្រកាស​រួមគ្នា​ មុន​នេះ​បន្តិច​ថា​ គេ​នឹង​បង្កើត​មូលនិធិ​វិនិយោគ​រួមគ្នា​មួយ ​ដើម្បី​ បោះទុន​វិនិយោគ​នានា​រវាង​ប្រទេស​ទាំងពីរ ​ដែល​ទើប​តែ​ក្លាយ​ជា​មិត្ត​នឹង​គ្នា។

ចិនខំប្រឹង​កសាង​មុខមាត់៖

ក្រុមសន្តិសុខ​ជិះកង់​​​ត្រួត​ពិនិត្យ​ តាម​​ផ្លុវ​​​​​ដ៏​​ស្ងាត់​​ជ្រងំ ​ក្នុង​​ក្រុង​​​ហាងចូវ​ ​ក្បែរ​​កន្លែង​​ប្រជុំ​​G20​
ក្រុមសន្តិសុខ​ជិះកង់​​​ត្រួត​ពិនិត្យ​ តាម​​ផ្លុវ​​​​​ដ៏​​ស្ងាត់​​ជ្រងំ ​ក្នុង​​ក្រុង​​​ហាងចូវ​ ​ក្បែរ​​កន្លែង​​ប្រជុំ​​G20​ REUTERS/Aly Song

វាជាការ​ទទួល​ខុស​ត្រូវ​ធំណាស់​ ក្នុង​នាម​ម្ចាស់​ផ្ទះ​ ដែលត្រូវ​ទទួល​មេដឹកនាំ​ធំៗ​ពិភពលោក ​ដល់ទៅ​ជិត​៤០​នាក់​ ព្រមពេល​តែមួយ។ ជាការ​ទទួល​ខុសត្រូវ​ធំ​ ហើយ​ក៏​ជា​មុខមាត់​ធំ​ណាស់​ដែរ​របស់​ចិន។ ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ​ចិន​ប្រឹងប្រែង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​កសាង​មុខមាត់ ​និង​ឈរជើង​ឲ្យ​រឹងមាំ​នៅ​លើ​ឆាក​អន្តរជាតិ។ ចិន​ចង់​ប្រាប់​គេ​ថា ​ខ្លួន​មាន​តួនាទី​សំខាន់​ណាស់​ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​នានា ​លើ​សកល​លោក ​មិនថា​កិច្ចការ​សេដ្ឋកិច្ច ​រឺ​នយោបាយ​ការបរទេស​ទេ។ មួយវិញ​ទៀត​ចិន​ ត្រូវការ​កសាង​មុខមាត់ ​ខណៈ​ដែល​កេរ្តិ៍ឈ្មោះ​ខ្លួន​​ កំពុងតែ​ស្អុយ​ដោយ​សា​តែ​វិបត្តិ​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង។

តាមការ​ផ្តល់​ដំណឹង​ពី​អ្នក​រាយការណ៍​ព័ត៌មាន​បារាំង ​ប្រចាំការ​នៅ​ហាងចូវ ​គឺ​បាន​សង្កេត​ឃើញ​ថា ​រដ្ឋាភិបាល​ចិន ​បាន​ប្រើ​គ្រប់​មធ្យោបាយ ​ដើម្បី​បង្ហាញ​ប្រាប់​គណប្រតិភូ​ទាំងអស់ ​ថា​ចិន​គឺ​ជា​ប្រទេស​គំរូ​គ្រប់​វិស័យ។ តែ​តាម​ការ​ពិត ​រដ្ឋាភិបាល​ចិន​ បាន​បញ្ជា​ឲ្យ​ផ្អាក​រោងចក្រ​នៅ​ជុំវិញ​ក្រុង ​ដើម្បី​កុំឲ្យ​មាន​ផ្សែង​បំពុល​បរិយាកាស ​ហើយ​មិនត្រឹម​តែ​ប៉ុណ្ណោះ ​បាន​ទាំង​បង្ខំ​កម្មករ​ចំណាកស្រុក​ ឲ្យ​ចេញ​ពី​ទីក្រុង​ហាងចូវ​ទៀតផង ​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ស្ងាត់​ និង​មាន​សណ្តាប់​ធ្នាប់​ល្អ។

យើង​ឃើញ​ថា ​ទាំងអស់​នេះ​ វា​មិន​ខុស​ពី​ឆាកល្ខោន​បំភាន់​ភ្នែក​ទេ។ យ៉ាង​ណាក៏​ដោយ​ ​យើង​សង្ឃឹម​ថា ​រាល់ការ​សន្យា​របស់​រដ្ឋាភិបាល​ចិន​​ទាក់ទិន​នឹង​ការ​ដោះស្រាយ​វិបត្តិ​សកលលោក​នានា​ វា​មិនមែន​ជា​ការ​បំភ័ន​ភ្នែក​ដូច​អញ្ចឹង​ទៅ​ចុះ!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ