rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន សហរដ្ឋអាមេរិក ពាណិជ្ជកម្ម សង្រ្គាមពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិននិងអាមេរិក​ សន្យា​មិនធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​នឹង​គ្នា ដោយ​ចិន​ព្រម​នាំចូល​ច្រើន​ជាងមុន

media
កុងទឺនឺ របស់ YM Bamboo China Ocean Shipping Company (COSCO) នៅកំពង់ផែ Oakland រដ្ឋ California REUTERS/Beck Diefenbach

រដ្ឋាភិបាលចិន និងអាមេរិក បានត្រូវរ៉ូវគ្នា សុខចិត្តមិនធ្វើសង្រ្គាមពាណិជ្ជកម្មនឹងគ្នា បន្ទាប់ពីភាគីទាំងពីរ​ បានចរចាគ្នា ជាច្រើនសប្តាហ៍មកនេះ។ ជាលទ្ធផលនៃការចរចា ភាគី ចិនបានសន្យា ថានឹងនាំចូលទំនិញ ឬទិញសេវាកម្ម របស់អាមេរិក ឲ្យបានច្រើនជាងមុន ដើម្បីសម្រាលជញ្ជីងពាណិជ្ជកម្ម ដែលធ្ងន់ខ្លាំងមកតែខាងចិន។ បើតាមតួលេខ ជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងចិន គឺធ្ងន់មកខាងចិន ដល់ទៅ៣៣៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលបញ្ហានេះ ត្រូវបានលោក ដូណាល់ ត្រាំ ចាត់ទុកថាជារឿងអយុត្តិធម៌ ហើយបានយកជាមូលហេតុ ដើម្បីប្រកាសសង្រ្គាមពាណិជ្ជកម្មជាមួយនឹងចិន។


គណប្រតិភូចិន ដឹកនាំដោយលោក លីវ ហឺ ឧបនាយករដ្ឋមន្ត្រីចិន បានជួបចរចាគ្នា ជាមួយភាគីអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក។ ភាគីទាំងពីរ បានចេញសេចក្តីប្រកាសរួមគ្នា ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នា មិនធ្វើសង្រ្គាមពាណិជ្ជកម្មនឹងគ្នាទេ។ ភាគីចិន បានសុខចិត្ត ដាក់វិធានការ ដើម្បីកាត់បន្ថយគំលាត រវាងការនាំចេញទំនិញ និងសេវាកម្ម នៃប្រទេសទាំង២។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំ តាមតួលេខផ្លូវការ ចិននាំទំនិញ និងសេវាកម្ម ទៅលក់នៅអាមេរិក មានចំនួនលើសអាមេរិក ដល់ទៅ៣៣៥ពាន់លានដុល្លារ។ លោកដូណាល់ ត្រាំ បានគំរាមធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន ដោយបានសន្យាថា នឹងតំឡើងពន្ធនាំចូលលើផលិតផលចិន ជាពិសេសទៅលើវត្ថុធាតុដើម​ ដូចជា រ៉ែ និងអាលុយមីញ៉ូមជាដើម។ នៅគ្រាដំបូង ចិន ក៏បានគំរាមថានឹងឆ្លើយតបវិញ តាមរយៈការតំឡើងពន្ធលើផលិតផលអាមេរិកដែរ។

ក៏ប៉ុន្តែឆ្លងកាត់ការជួបចរចាគ្នា ប៉ុន្មានសប្តាហ៍មកនេះ ចិនបានសុខចិត្តធ្វើសម្បទាន។ ភាគីចិន បានលើកឡើងថា ដោយយោងទៅលើការរីកចំរើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនចិន រដ្ឋាភិបាលចិន នឹងតំឡើងការនាំចូលទំនិញ ក៏ដូចជាសេវាកម្មរបស់អាមេរិក​ ធ្វើយ៉ាងនេះ នឹងអាចចូលរួម ជួយដល់សេដ្ឋកិច្ចអាមេរិក និងបង្កើនការងារធ្វើនៅអាមេរិកផងដែរ។ ចិននឹងរៀបចំ កែប្រែច្បាប់ និងបទដ្ឋានគតិយុត្តិខ្លះ តួយ៉ាង ដូចជាច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីអនុញ្ញាតឲ្យមានការនាំចូលច្រើនជាងមុន។ បើផ្អែកលិខិតប្រកាសដដែល ចិនបានសន្យាថា នឹងតំឡើងការនាំចូលឲ្យបានច្រើន នូវផលិតផលអាមេរិក​ ជាពិសេសក្នុងវិស័យកសិកម្ម និងវិស័យថាមពល។

តែយ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសនេះ គេមិនបានបញ្ជាក់លំអិត អំពីតួលេខ ថាតើចិននឹងតំឡើងការនាំចូលផលិតផលអាមេរិក ឲ្យបានដល់កំរិតទឹកប្រាក់ប៉ុន្មានទេ។ គួររំលឹកផងដែរថា ដើម្បីទាញជញ្ជីងពាណិជ្ជកម្មឲ្យស្មើភាពគ្នា ភាគីអាមេរិក ធ្លាប់បានទាមទារ ឲ្យចិន ត្រូវតែកាត់បន្ថយគំលាត ឲ្យបាន២០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ជាងនេះទៅទៀតចាប់ពីថ្ងៃអង្គារសប្តាហ៍​ក្រោយនេះទៅ អាមេរិក អាចនឹងអនុវត្តការដាក់ពិន័យ ទៅលើផលិតចិនមួយចំនួន ដែលគិតជាទឹកប្រាក់ ចិនអាចខាតដល់ទៅ​៥០ពាន់​លានដុល្លារ។ ទាក់ទិននឹងចំណុចខាងលើនេះ ថ្វីបើមិនបានកំណត់ឲ្យបានច្បាស់នៅក្នុងសេចក្តីប្រកាស តែភាគីទាំង២ បានសន្យាថា នឹងបន្តនិយាយគ្នាលំអិតបន្ថែមទៀត៕