អានតួអត្ថបទ
ចិន-សិទ្ធិសេរីភាព

WhatsApp ជួប​បញ្ហា​រអាក់រអួល​នៅ​ចិន សង្ស័យ​ថា​រដ្ឋាភិបាល​ចិន​បាន​បិទខ្ទប់​

ប្រព័ន្ធ​ WhatsApp ​កំពុងតែ​ជួប​បញ្ហា​រអាក់រអួល​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​ចិន។​ អ្នកវិភាគ ​កំពុង​ព្រួយ​បារម្ភថា នេះ​អាច​ជា​ជំហាន​ដំបូង ​នៃការ​បិទខ្ទប់​ទាំង​ស្រុង ​ដោយ​អាជ្ញាធរ​ចិន​​ នៅ​មុន​ពេល​ចាប់​បើក​មហា​សន្និបាត​លើក​ទី១៩​ នៃ​បក្ស​កុម្មុយនីស្តិ​ចិន ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​១៨​ តុលា​ខាង​មុខ​នេះ។ WhatsApp ​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​ចិន ​ហាមឃាត់​ទាំង​ស្រុង ​ដូច​ Facebook ​Twitter ​និង​ Google។

ឡូហ្គោ របស់ប្រព័ន្ធ WhatsApp
ឡូហ្គោ របស់ប្រព័ន្ធ WhatsApp © YASUYOSHI CHIBA / AFP
ផ្សាយពាណិជ្ជកម្ម

យោងតាម​អង្គការ​ Open Observatory of Network Interference ​ប្រព័ន្ធ WhatsApp ​ត្រូវបាន​គេ​បិទ​ខ្ទប់​ទាំងស្រុង​ កាលពី​ថ្ងៃ​អាទិត្យ ​ទី​២៤ ​កញ្ញា។ ប៉ុន្តែ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៦ កញ្ញា ​ គេ​អាច​ប្រើ​បាន​ ដោយ​អាច​ផ្ញើរ​សារ​ជា​អក្សរ​ ឬ​ទូរស័ព្ទ​តាម​សម្លេង ​និង​តាម​រូបភាព​ប៉ុណ្ណោះ ​ចំណែក​ការ​ផ្ញើរ​រូប​ថត ​និង​ផ្ញើរ​សារ​ជា​សម្លេង ​មិន​អាច​ប្រើ​បាន​ឡើយ។

ភាព​រអាក់រអ៊ួល​នៃ​ប្រព័ន្ធ​WhatsApp ​នៅចិន​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ ​ជឿថា ​គឺ​ជា​ចេតនា ​របស់​រដ្ឋាភិបាល​ចិន​ ដែល​ចង់​បិទខ្ទប់​ការ​ឆ្លងឆ្លើយ​ ផ្ញើរ​សារ​នានា ​នៅក្នុង​ឱកាស​មហា​សន្និបាត​លើក​ទី​១៩​ របស់​គណបក្ស​កុម្មុយនីស្តិ​ចិន ​នៅថ្ងៃ​ទី​ ១៨​តុលា​ខាង​មុខ។ មហា​សន្និបាត​ ដែល​ធ្វើឡើង ​ជា​រៀងរាល់​៥ឆ្នាំ​ម្តង​នេះ ​ តែងតែ​ជា​ឱកាស​ដ៏​សំខាន់ ​ដែល​ប្រជាជន​ចិន​មួយ​ចំនួន​ ដែល​ជា​អ្នក​ខ្វាយខ្វល់​ពី​សិទ្ធិ​សេរីភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ ​យក​ទៅ​ជជែក ​ដោះ​ដូរ​យោបល់ ​និង​រិះគន់ ​ជា​សំងាត់ ​ជា​ពិសេស ​នៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធ័រនែត​ ដូចជា ​WhatsApp ​នេះ​ជាដើម។

គួរ​រំលឹកថា ​ Facebook ​ Twitter ​Viber ​និង​ Google ​មិនអាច​ដំណើរការ​បានទេ​នៅ​ក្នុង​ប្រទេស​ចិន។ ប៉ុន្តែ ​ប្រព័ន្ធ​ WhatsApp ​ត្រូវ​បាន​គេ​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់។ ទំព័រ​ Weibo​ ដែល​ប្រជាជន​ចិន​និយម​ប្រើ ​ជំនួស​ឲ្យ​Facebook ​នោះ ​ទើបតែ​ត្រូវ​អាជ្ញាធរ​ចិន ​ពិន័យ​ឲ្យ​បង់ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ២៥​ កញ្ញា ​ពីបទ​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស ​និង​ហិង្សា។

អ្នក​ស្រាវជា្រវ​នៃ​សកលវិទ្យាល័យ ​តូរុងតូ ​ស្តីពី​ការ​បិទខ្ទប់​សេរីភាព​នៅ​ចិន ​ បាន​លើក​ឡើង​ថា ​ការ​ចាប់​ផ្តើម​បង្ក​ភាព​រអាក់រអួល​ ដល់​ការ​ប្រើប្រាស់ ​ប្រព័ន្ធ​WhatsApp ​ក្នុង​ពេល​នេះ​ បង្ហាញ​ថា​ រដ្ឋាភិបាល​ចាប់ផ្តើម​ ដឹង​ពី​សក្តានុពលភាព​ ​នៃ​ប្រព័ន្ធ​នេះ ​ដែល​ប្រជាជន​ចិន​ បាន​ប្រើ​ជា​មធ្យោបាយ ​ក្នុង​ការ​បញ្ចេញ​យោបល់ ​និង​ចែក​ចាយ​ព័ត៌មាន​ណា ​ដែល​បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​ លាក់​បាំង​មិន​បាន​ផ្សាយ។ ការ​បិទ ​WhatsApp ​មួយផ្នែក​នា​ពេល​នេះ ​គឺ​ជា​ដំណាក់​កាល​ដំបូង ​មុន​នឹង​ឈាន​ទៅ​បិទ​ទាំង​ស្រុង។ ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP​ បានទាក់​ទង​ទៅ​តំណាង​ក្រុមហ៊ុន​ WhatsApp ​តែ​ក្រុមហ៊ុន​នេះ ​បាន​បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ