អានតួអត្ថបទ
ចិន-សិទ្ធិសេរីភាព

ចិន​ដោះលែង​សិល្បករ​២នាក់​ប្តី​ប្រពន្ធ ​ម្ចាស់​គំនូរ​រំលឹក​វិញ្ញាណក្ខន្ធ​លោក ​លីវ សៀវប៉ូ

លោក ហ៊ូ ជាមីន ​អ្នក​គំនូរ​ជនជាតិ​ចិន ​ជាមួយ​និង​ភរិយា​ជនជាតិ​បារាំង ​បាន​បាត់ខ្លួន ​តាំងតែ​ពី​ថ្ងៃ​១៥​ខែ​ធ្នូ ​បន្ទាប់​ពី​អ្នក​ទាំងពីរ ​បាន​គូរគំនូរ​លើ​ជញ្ជាំង ​មាន​ខ្លឹមសារ​ រំលឹក​ដល់​វិញ្ញាណក្ខន្ធ ​របស់​លោក​លីវ សៀវប៉ូ ​ជ័យលាភី​ណូបែល​ឆ្នាំ​ ២០១០។ ស្រាប់តែ​នៅ​ថ្ងៃ​ចន្ទ ​ទី​២៥​ធ្នូ ​នេះ ​អ្នក​ទាំងពីរ​នេះ ​បាន​លេច​មុខ​មក​ប្រកាស ​ថាខ្លួន​ត្រូវ​បាន​អាជ្ញាធរចិន​​ដោះលែង​ចេញ​មក​វិញ​ហើយ ​ហើយ​កំពុងតែ​រៀបចំ​ចេញ​ដំណើរ ​ត្រលប់​មក​ប្រទេស​បារាំង​វិញ។

លោក Hu Jiamin និង​ភរិយា​កំពុង​គូរ​គំនូរ នៅ​ក្រុង​​ Shenzhen ​ថ្ងៃទី​១៥​ ធ្នូ២០១៧។
លោក Hu Jiamin និង​ភរិយា​កំពុង​គូរ​គំនូរ នៅ​ក្រុង​​ Shenzhen ​ថ្ងៃទី​១៥​ ធ្នូ២០១៧។ Handout / AFP
ផ្សាយពាណិជ្ជកម្ម

លោក​ ហ៊ូ ជាមីន​ (Hu Jiamin) បាន​សរសេរ​សារ​ នៅលើ​បណ្តាញ​សង្គម ​ថា​ លោក​និង​ភរិយា​ជនជាតិ​បារាំង​ ឈ្មោះ ​Marine Brossard ​ត្រូវ​បាន​គេ​ដោះលែង​មក​វិញ​ហើយ ​ហើយ​បច្ចុប្បន្ន​ពួកគេ​ទាំងពីរ ​កំពុង​ស្ថិត​នៅក្នុង​ស្រុក​កំណើត​របស់​លោក​ហ៊ូ ជាមីន។ តែ​យ៉ាងណា​ នៅក្នុង​សារ ​ជា​ភាសា​អង់គ្លេស​នេះ ​លោក​ ហ៊ូ ជាមីន ​លោក​មិន​បាន​បញ្ជាក់ ​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​អាជ្ញាធរ​ចិន​ ចាប់​ឃាត់​ខ្លួន​លោក ​និង​ភរិយា​ទេ។

បើតាម​ការ​ចុះផ្សាយ​ របស់​សារព័ត៌មាន​ហុងកុង  ​Ming Pao ​បាន​ឲ្យ​ដឹងថា ​លោក​ហ៊ូ ជាមីន​ និង​ភរិយា ​ដែល​រស់នៅ​ទីក្រុង​លីយ៉ុង ​ប្រទេស​បារាំង​នោះ ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ នៅក្រុង​ Shenzhen ​កាល​ពី​ដើម​ខែ​ធ្នូ ​ដើម្បី​បើក​សម្ភោធ​ពិព័ណ៌​ស្នាដៃ​សិល្បៈ ​និង​ស្ថាបត្យកម្ម​នៅ​ទីនោះ។ ក្នុង​ពិពណ៌​នោះ ​លោក​ ហ៊ូ ជាមីន ​និង​ភរិយា ​បាន​គូរ​គំនូរ​មួយ​ផ្ទាំង​ធំ​លើ​ជញ្ជាំង ​ដែល​ក្នុង​រូបនេះ ​គេ​ឃើញ​មាន​រូប​ កៅអី​តែមួយ ​គ្មាន​មនុស្ស​អង្គុយ ​នៅ​ចំពោះ​មុខ​រនាំង​ដែក ​ប្រៀប​បាន​នឹង​រនាំង​គុក ​ហើយ​នៅ​ពីក្រោយ ​គឺ​ជា​រូប​ទេសភាព​ប្រទេស​ចិន ​បែប​បូរាណ។

តាម​ការ​ផ្សាយ​របស់​កាសែត​នេះ ​អ្នក​ទាំងពីរ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន​ ​នៅ​ថ្ងៃ​ទី​ ១៥​ធ្នូ ​បន្ទាប់​ពី​បាន​មើលឃើញ​រូប​គំនូរ​នេះ ​មាន​ខ្លឹមសារ ​រំលឹក​ទៅ​ដល់​ វិញ្ញាណក្ខន្ធ​លោក ​លីវ សៀវប៉ូ ​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ ឆ្នាំ​​២០១០។ កៅអី​ទទេ​គ្មាន​មនុស្ស​អង្គុយ​ គឺ​តំណាង​ឲ្យ​កៅអី​លោក​លីវ សៀវប៉ូ ​នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ណូបែល ​ដែល​លោក​មិន​អាច​ទៅ​ទទួល​បាន ​ដោយសារ​តែ​លោក​ត្រូវ​ជាប់ឃុំ​ក្នុង​ប្រទេស​ចិន។

សូមរំលឹក​ថា ​លោក​លីវ សៀវប៉ូ ​គឺជា​សាស្ត្រាចារ្យ ​ជាអ្នក​និពន្ធ ​និ​ង​ជា​សកម្មជន​ទាមទារ​លិទ្ធិប្រជាធិបតេយ្យ ​ដែល​ត្រូវ​អាជ្ញាធរ​ចិន​ ចាប់​ដាក់​ឃុំ​រយៈពេល​៨ឆ្នាំ ​មុន​នឹង​ស្លាប់​ដោយ​ជំងឺ​មហារីក ​កាល​ពី​ខែ​កក្កដា ​កន្លង​ទៅ​នេះ។ ចំណែក​ភរិយា​លោក​លីវ សៀវប៉ូ ​ថ្វីបើ​មិន​ត្រូវ​​ជាប់​ឃុំ ​តែ​លោកស្រី​ត្រូវ​អាជ្ញាធរ​ចិន​ បង្ខំ​ឲ្យនៅតែ​ក្នុង​ផ្ទះ​ និង​មិន​ឲ្យធ្វើ​សកម្មភាព​ មាន​ទំនាក់ទំនង​ជាមួយ​សកម្មជន​ប្រជាធិបតេយ្យ ​ឬ​អ្នក​សារព័ត៌មាន​បរទេស​ណា​ទាំងអស់។

ការចាប់​ខ្លួន ​ហើយ​ដោះលែង ​សិល្បករ​គំនូរ​ទាំង​ពីរ​នា​ក់ប្តី​ប្រពន្ធ​ នា​ពេល​នេះ ​បាន​បង្ហាញ​ឲ្យឃើញ​ថា ​សំណុំ​រឿង​លោក ​លីវ សៀវប៉ូ ​ត្រូវ​បាន​អាជ្ញាធរ​ចិន ​បិទខ្ទប់​ ហើយ​មិន​ចង់​ឲ្យ​នរណា​សម្តែង​មតិ ​ ​ឬ​រំលឹក​អ្វី​ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ