អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមាណជាង​១០ឆ្នាំចុងក្រោយនេះ សកលវិទ្យាល័យ ឬសាលារៀនធំៗ ល្បីៗ នៅតាមប្រទេសមួយចំនួន ដូចជានៅ​សហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសជាដើម គេសង្កេតឃើញថា មានសិស្សនិស្សិតជនជាតិចិន ចូលរៀនកាន់តែច្រើន​។ បើទោះបីភាគច្រើននៃសាលាទាំងនោះ សុទ្ធតែជាសាលាឯកជន ដែលមានតម្លៃថ្លៃៗ តែការជ្រើសរើសសិស្សឲ្យចូលរៀន គឺត្រូវឆ្លងកាត់នូវលក្ខខណ្ឌយ៉ាងតឹងតែង។ នៅប្រទេសចិន សម្រាប់អ្នកមានជីវភាពធូរធា ការបញ្ជូនកូនឲ្យចូលរៀន​សាលាល្បីៗនៅបរទេស បានក្លាយជាកម្មវត្ថុដ៏សំខាន់ បើទោះបីជាត្រូវចំណាយប្រាក់ច្រើនកំរិតណា ឬក៏ត្រូវលេងផ្លូវកាត់ក៏ដោយ។

និស្សិតចិននៅ Huazhong University of Science and Technology ៧០០០​នាក់ ទទួល​សញ្ញាបត្រ។ ថ្ងៃទី​២០ មិថុនា ២០១៧
និស្សិតចិននៅ Huazhong University of Science and Technology ៧០០០​នាក់ ទទួល​សញ្ញាបត្រ។ ថ្ងៃទី​២០ មិថុនា ២០១៧ STR / AFP
ផ្សាយពាណិជ្ជកម្ម

នៅចិន ការចុះឈ្មោះកូន ឲ្យចូលរៀនថ្នាក់ត្រៀម ដើម្បីចេញពី​រៀននៅបរទេស គឺជាជម្រើសមួយ ដែលគ្រប់អាណាព្យាបាល​តែងតែស្រម៉ៃ។ ដោយមាន​​កូនតែមួយ ឪពុក​ម្តាយជនជាតិចិន បានដាក់ក្តីសង្ឃឹមទាំងស្រុងលើកូន ហើយប្រើប្រាស់គ្រប់មធ្យោបាយ​ ដើម្បី​ឲ្យកូនពូកែ និងមានសញ្ញាប័ត្រល្អលើសគេ។ បញ្ហា​នេះ បានជំរុញឲ្យមានករណី សូកប៉ាន់គ្រូ សូកប៉ាន់សាលារៀន ដើម្បីកែពិន្ទុ កែនិទ្ទេសរបស់សិស្ស។ គេបានប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យកូនអាចជាប់ឈ្មោះទៅរៀននៅសកលវិទ្យាល័យ និងសាលាបរទេសធំៗ។

ប្រាក់សំណូក ក្នុងនាមជាប្រាក់បរិច្ចាគ

នៅចិន អំពើពុករលួយ ក្លែងបន្លំ ជាលក្ខណៈប្រព័ន្ធបែននេះ មានជាច្រើនហូរហែរ។ កាលពីដើមឆ្នាំ២០១៩ បណ្តាញព័ត៌មានស៊ើបអង្កេតរបស់អាមេរិក បានចុះផ្សាយ​នូវ​ករណី​ស៊ីសំណូក ដែលមានជាប់ពាក់ព័ន្ធជាមួយ​ សិស្សជនជាតិចិន ដែលមានឪពុកម្តាយមានជីវភាពស្តុកស្តម្ភ។ គ្រួសារចិនមួយ បានចំណាយ​ប្រាក់ដល់ទៅ ៦លាន៥សែនដុល្លារ ដើម្បីឲ្យ​កូនស្រីខ្លួន បានជាប់ឈ្មោះចូលរៀននៅសកលវិទ្យាល័យ Stanford របស់អាមេរិក។ គ្រួសារមួយទៀតវិញ បានចំណាយ​អស់ ១លាន២សែន ដើម្បីឲ្យកូនបានជាប់ចូលរៀន នៅ​សកលវិទ្យាល័យ Yale។

ជាការកត់សំគាល់ ករណីប្រើប្រាស់លុយដើម្បីទិញពិន្ទុ ឬនិទ្ទេសល្អនេះ មិនមែនមិនត្រឹមតែមិនត្រូវបាន​គេ​ហាមឃាត់ទេ នៅចិន តែផ្ទុយទៅវិញ គឺត្រូវបានស្ថាប័នសាលាឯកជនមួយចំនួន ជំរុញទៀតផង។ នេះបើផ្អែកតាមការលើកឡើង របស់អតីតអ្នកផ្តល់ប្រឹក្សាផ្នែកអប់រំម្នាក់នៅចិន ដែលបាន​ប្រាប់អ្នកយកព័ត៌មាន​AFP ដោយសុំមិនបញ្ចេញឈ្មោះ។ សាក្សីម្នាក់នេះ អះអាងថា សាលាឯកជននៅចិន ដែលមានជំនាញ​បង្កើតថ្នាក់ត្រៀម ដើម្បីចេញទៅសិក្សា​នៅបរទេស តែងតែទទួល​ប្រាក់ពីអាណាព្យាបាលសិស្ស។ ប្រាក់នោះ គឺគេមិនហៅថាជាប្រាក់សំណូកទេ តែវាគឺជាអំណោយបរិចា្ចគជូនសាលា។ អំណោយបរិច្ចាគ ជាធម្យម គឺខ្ទង់២សែន៥ម៉ឺនដុល្លារ សម្រាប់សិស្សម្នាក់។

ផ្នត់គំនិត “លុយអាចទិញអ្វីៗបានទាំងអស់”

សាក្សី៦នាក់ ជាបុគ្គលិកនៃសាលាថ្នាក់ត្រៀមនៅចិន បានសារភាពថា ពួកគេបានធ្វើរឿងមួយចំនួន​ ដែល​គួរឲ្យខ្មាសអៀនណាស់ ដូចជាការនិយាយបញ្ចុះបញ្ចូល​ឲ្យ​អាណាព្យាបាលសិស្ស ឲ្យ​លៃលករកវិធីផ្លូវកាត់ ដើម្បីឲ្យកូនបាន​និទ្ទេសល្អ។ ជាមួយនឹងផ្សំគំនិតពីសាលា គេអាច​កែប្រែពិន្ទុ ឬធ្វើតារាងពិន្ទុក្លែងបន្លំ មិនថាមុខវិជ្ជាសិក្សា ឬមុខវិជ្ជាកីឡានោះទេ។ នៅពេល​បំពេញបែបបទដាក់ពាក្យចូលសាលានៅបរទេស គេបានរៀបចំរកអ្នកជំនាញ​ ឲ្យមកសរសេរអត្ថបទវិភាគ​ ឬតែងសេចក្តី​ ដែលសាលាបរទេស បានដាក់កំហិតមកលើបេក្ខជននិស្សិតម្នាក់ៗ។

លោក Abdiel Leroy អ្នកនិពន្ធសៀវភៅ “Duelling the Dragon” បានលើកឡើងថា លោកបានឃើញផ្ទាល់នឹងភ្នែក នូវករណីពុករលួយ​ស៊ីសំណូក ដ៏គួរឲ្យអាម៉ាសបំផុត នៅក្នុងពេលដែល​លោក ធ្វើការនៅក្នុងសាសាបង្រៀនត្រៀមចូល​សាលាល្អៗ របស់អង់គ្លេស នៅឯក្រុងប៉េកាំង។ លោកថា ផ្នត់គំនិតយកលុយជាធំ លុយអាចទិញអ្វីៗបានទាំងអស់ បានចាក់ចូលជ្រៅ ក្នុង​ខួរក្បាល​ឪពុកម្តាយ​ចិនមួយចំនួន ព្រមទាំងប្រព័ន្ធអប់រំចិនទាំងមូលផងដែរ។

សេវាកម្មប្រឹក្សាយោបល់ តម្លៃរាប់ម៉ឺនដុល្លារ

ជាមួយគ្នានេះដែរ ឪពុកម្តាយខ្លះ បាន​ស្វែងរកសេវាកម្ម ពីអ្នកជំនាញ​ប្រឹក្សាផ្នែកអប់រំ ឲ្យ​កូនរបស់ខ្លួន។ អ្នកប្រឹក្សា​ជំនាញ​ អាចផ្តល់យោបល់ ឬប្រាប់ពីវិធីសាស្ត្រ ក្នុងការនិយាយស្តី និងរាល់ការទំនាក់ទំនងរបស់សិស្ស ជាមួយនឹងគ្រូៗ។ ធ្វើបែបនេះ គឺដើម្បី​ធានាឲ្យបាន​នូ​វការវាយតម្លៃល្អពីគ្រូ។ ជាឧទាហរណ៍ ឪពុកម្តាយរបស់យុវតី Fu Rao បានចំណាយ​​អស់​២សែន៥ម៉ឺនយាន់ ស្មើនឹងជាង​៣ម៉ឺន៦ពាន់ដុល្លារ ដើម្បីទទួលបានការផ្តល់ប្រឹក្សាពីអ្នកជំនាញ។

ក្រៅពីការផ្តល់ប្រឹក្សាពីរបៀបសរសេរ របៀបនិយាយ និងសមត្ថភាពភាសាអង់គ្លេស អ្នកជំនាញក៏អាចផ្តល់​​ប្រឹក្សា ឲ្យសិស្សជនជាតិចិន ត្រូវចូលរួមធ្វើសកម្មភាពសង្គម ដើម្បីបង្ហាញពីទឹកចិត្តមនុស្សធម៌។ ខុសពីសិស្សចិនសាមញ្ញ ដែលធ្វើសកម្មភាពស្ម័គ្រចិត្តនៅតាមសាលារៀនក្រីក្រជនបទ ដើម្បីឲ្យល្អប្លែកគេ យុវតី Fu Rao បានមកធ្វើការស្ម័គ្រចិត្ត នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង នៅប្រទេសកម្ពុជា។ បទពិសោធន៍ទាំងនេះ នឹងជួយលើកកំពស់ប្រវត្តិរូប​យុវតីនេះ ឲ្យល្អដាច់គេ និងទទួលបាន​ការវាយតម្លៃខ្ពស់ នៅពេល​យុវតីនេះ ដាក់ពាក្យចូលរៀននៅសាលាឯបរទេស។

មានតែបរិមាណ?

គួរកត់សំគាល់ថា សេវាកម្មថ្នាក់រៀនត្រៀមចេញទៅបរទេសនេះ កំពុងតែរីកធំធាត់យ៉ាងខ្លាំង។ ឆ្នាំ២០១៧ វិស័យនេះមានចំណូលសរុប ២ម៉ឺន៨ពាន់លានដុល្លារ។ នៅរវាងឆ្នាំ២០២១ ចំណូននៃវិស័យនេះ នឹងកើនឡើងដល់​៣ម៉ឺន៥ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខផ្លូវការ របស់​សមាគមនិស្សិតនិងសកលវិទ្យាល័យចិន។

មិនមែនតែនៅតាមទីក្រុងធំៗទេ សូម្បីតែនៅតាមខេត្តឆ្ងាយ ឪពុកម្តាយដែលមានជីវភាព​ធូរធា បានចាប់ផ្តើមងាកមកជម្រុញឲ្យកូន ​ឆ្ពោះទៅរៀននៅសាលាឯបរទេស ជាជាងរៀន​នៅ​សកលវិទ្យាល័យក្នុងស្រុក ដែលមានកម្មវិធីសិក្សា ឬវិធីសាស្ត្របង្រៀនបែបចាស់​គំរិល។ នៅសហរដ្ឋអាមេរិក ក្នុងចំណោមនិស្សិតបរទេសទាំងអស់ និស្សិតជនជាតិចិន មានចំនួន​១ភាគ​៣។ នៅអង់គ្លេសវិញ និស្សិតចិន បានកើនឡើង ដល់​ទៅ​៣០% កាលពីឆ្នាំ២០១៨។ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត AFP ឪពុកម្តាយជនជាតិ​​ចិនភាគច្រើន អះអាងថា ពួកគេមិនខ្លាចនឹងរកគ្រប់មធ្យោបាយ​ ធ្វើយ៉ាងណា ឲ្យតែកូនបានចេញមករៀននៅតាមសាលាធំៗ  មិនថានៅអាមេរិក អូស្ត្រាលី បារាំង ឬអង់គ្លេស។

ជាការពិត ឪពុកម្តាយតែងតែចង់ឲ្យកូនខ្លួន បានល្អ រៀនវែងឆ្ងាយ មានសមត្ថភាព​ មានអនាគត មាន​ការងារ និងចំណូ​លច្រើន។ ទាំងអស់នេះគឺជាក្តីស្រម៉ៃរបស់ឪពុកម្តាយ។ តែពេលខ្លះការចង់បាននេះ វាហួសហេតុ ឬពេលខ្លះដែលផ្ទុយស្រលះពីការចង់បាន ក៏ដូច​ជា​ចំណង់ចំណូល​ចិត្ត​របស់កូន។ លុយអាច​ជាមធ្យោបាយ ​ដើម្បីទទួលបាន​នូវការបណ្តុះបណ្តាលសមត្ថភាព។ តែសមត្ថភាពពិតប្រាកដ ត្រូវតែកើតចេញពីការរៀនសូត្រ ការស្រាវជ្រាវ។ ការយកប្រាក់ទៅសូកប៉ាន់ ឬទិញសេវាកម្ម ដើម្បីឲ្យកូនខ្លួន​បានពិន្ទុល្អ គឺហាក់បីដូចជា​ការមើលងាយ​ និងមិនទុកចិត្ត ដល់សមត្ថភាពរបស់កូនខ្លួន ទៅវិញទេ។ ហើយវាក៏ជាទង្វើមួយដ៏អយុត្តិធម៌ សម្រាប់កូនអ្នកដទៃ ដែលមានសមត្ថភាព​ មាន​ទេពកោសល្យ តែគ្មានលទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ