rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង កូរ៉េ​ខាង​ជើង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គីម ជុងអ៊ុន​ពេញចិត្ត​នឹង​ការ​រាក់ទាក់​របស់​កូរ៉េ​ខាងត្បូង ​ហើយ​ប្រាថ្នា​ចង់​ជំរុញ​ការ​ផ្សះផ្សា​គ្នា

media
លោក Moon Jae-in ចាប់ដៃ​ជាមួយ​​នាង Kim Yo-jong ប្អូន​ស្រី​របស់ Kim Jong-un។ ថ្ងៃ​ទី​​១០ កុម្ភៈ ២០១៨​ KCNA/via REUTERS

បន្ទាប់ពីគណប្រតិភូកូរ៉េខាងជើង ដែលបានធ្វើដំណើរទៅចូលរួមការបើកសម្ភោធ កីឡាអូឡាំពិករដូវរងារ នៅកូរ៉េខាងត្បូង  បានត្រលប់ទៅដល់ព្យុងយ៉ាងវិញ  លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងអបអរ សរសើរ ដល់ការរៀបចំទទួលរាក់ទាក់​ពីសំណាក់ ភាគីកូរ៉េខាងត្បូង។ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានចុះផ្សាយថា គីម ជុងអ៊ុន ប្រាថ្នា បន្តគាំទ្រ និងជំរុញ ឲ្យមានការរាប់អាន ផ្សះផ្សាគ្នាឡើងវិញ រវាងកូរ៉េទាំងពីរ។


ប្រមុខដឹកនាំកូរ៉េខាងជើង គីម  ជុងអ៊ុន បានសម្តែងការសប្បាយចិត្ត និងសរសើរ ចំពោះការទទួលស្វាគមន៍ យ៉ាងអធិកអធមដ៏ពិសេស ពីសំណាក់ភាគីកូរ៉េខាងត្បូង ក្នុងឱកាសដែលគណប្រតិភូកូរ៉េខាងជើង បានទៅចូលរួមការបើកសម្ភោធកីឡាអូឡាំពិក រដូវរងារ។ បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារ ព័ត៌មានតែមួយគត់ របស់កូរ៉េខាងជើង បានអះអាងថា លោកគីម ជុងអ៊ុន បានចាត់ទុកថា ការប្រឹងប្រែងរបស់កូរ៉េខាងត្បូង គឺជាការប្រឹងប្រែងដោយស្មោះត្រង់ និងគួរ ឲ្យស្ញប់ស្ញែងបំផុត

ប្រភពដដែល ដែលបានផ្សាយនៅថ្ងៃអង្គារ ទី ១៣ កុម្ភៈនេះ បន្ថែមថា គីម ជុងអ៊ុន សូមប្តេជ្ញាគាំទ្រ និងជំរុញ ធ្វើយ៉ាងណា ឲ្យមានការចរចា ការប្រាស្រ័យរាក់ទាក់ និងផ្សះផ្សាគ្នា រវាងកូរ៉េទាំងពីរ ឲ្យបានកាន់តែល្អប្រសើរ។ ក្នុងន័យនេះ ប្រមុខដឹកនាំកូរ៉េខាងជើង បានដាក់ចេញនូវ បទបញ្ជាសំខាន់ៗមួយចំនួន ក្នុងទិសដៅសម្រួល និងកែលម្អ បរិយាកាសទំនាក់ទំនង រវាងប្រទេសបងប្អូនទាំងពីរ។​ តែយ៉ាងណា ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង មិនបានលំអិត ថាបទបញ្ជានោះ មានអ្វីខ្លះទេ។

សូមបញ្ជាក់ថា គណប្រតិភូកូរ៉េខាងជើង ដែលដឹកនាំដោយ នាង គីម យ៉ូជុង ប្អូនស្រីរបស់​ គីម ជុងអ៊ុន​ បានត្រលប់ទៅដល់កូរ៉េខាងជើងវិញហើយ បន្ទាប់ពីបានចូលរួម ក្នុងឱកាសបើកសម្ភោធកីឡាអូឡាំពិក ដូវរងារ​ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ ក្នុងឱកាសដែល ប្អូនស្រីគីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង នាងបានប្រគល់លិខិតអញ្ជើញផ្លូវការមួយ ដែលគីម ជុងអ៊ុន អញ្ជើញលោក មូន ជាអ៊ីន ឲ្យទៅធ្វើទស្សនកិច្ច នៅរដ្ឋធា​នីព្យុងយ៉ាង។

យ៉ាងណាមិញ កាលពីថ្ងៃចន្ទកន្លងទៅ កូរ៉េខាងត្បូង បានប្រកាសដែរថា ខ្លួននឹងបន្តគោលនយោបាយ បង្រួបបង្រួម ផ្សះផ្សារគ្នា រវាងកូរ៉េទាំង២។ កូរ៉េខាងត្បូងចង់ជំរុញ បន្ថែមនូវការរៀបចំ ឲ្យមានការជួបជុំគ្នា រវាងបងប្អូន ក្រុមគ្រួសារកូរ៉េ ដែលបានព្រាត់ប្រាសគ្នា តាំងតែពីជំនាន់សង្រ្គាម។ ដោយឡែក លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងថា លោកគាំទ្រ និងមានគំនិតស្របគ្នា ជាមួយនឹងលោក មូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ ពោលគឺបន្តគោលនយោបាយផ្សះផ្សាចរចាគ្នា តែទន្ទឹមនឹងនេះ ត្រូវតែបន្តការដាក់សម្ពាធលើកូរ៉េខាងជើងជានិច្ច ទាក់ទិនការការប្រើអាវុធនុយក្លេអ៊ែរ៕