rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង កូរ៉េ​ខាង​ជើង កីឡាអូឡាំពិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គណប្រតិភូ​កីឡា​អូឡាំពិក​ និងសិល្បៈ​កូរ៉េ​ខាងជើង​ ទៅដល់​កូរ៉េ​ខាងត្បូង ​ដើម្បី​ត្រួត​ពិនិត្យ​ទីតាំង

media
កំពូល​តារា​ចំរៀង​​កូរ៉េ​ខាងជើង នាង​ ​Hyon Song Wol ​ដឹកនាំ​គណប្រតិភូ​ មកដល់​ក្រុង​​សេអ៊ូល ថ្ងៃ​ទី​២១ មករា​ ២០១៨​ Yonhap/REUTERS

បន្ទាប់ពីអេះអុញ រារែក ប៉ុន្មានថ្ងៃមុននេះ ទីបំផុតទៅកូរ៉េខាងជើង បានសម្រេចបញ្ជូនគណប្រតិភូពិសេសមួយ ឲ្យធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ដើម្បីត្រួតពិនិត្យ ទីតាំងសម្តែងសិល្បៈ និងការប្រកួតកីឡា អូឡាំពិករដូវរងារ។ គណប្រតិភូពិសេសនេះ ដឹកនាំដោយ តារាចំរៀងប្រជាប្រិយ របស់កូរ៉េខាងជើង គឺនាង យ៉ុន សុងវ៉ុល ដែលត្រូវពាក្យចចាមអារ៉ាម លើកឡើងថា គឺជាអតីតៈស្រីកំណាន់របស់ មេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន។ ការមកដល់របស់គណប្រតិភូកូរ៉េខាងជើង នៅលើទឹកដីកូរ៉េខាងត្បូងនេះ គឺជារឿងកំរណាស់ ហើយឱកាសនេះ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូង រៀបចំបំផុសបំផុល ព្រោះវាជានិមិ្មតរូប បង្ហាញពីសញ្ញាណ នៃមិត្តភាព ការរាប់រកគ្នា រវាងប្រទេសបងប្អូនកូរ៉េខាងទាំងពីរនេះ។


កន្លងមក៤ឆ្នាំហើយ ដែលមិនធ្លាប់មានគណប្រតិភូផ្លូវការកូរ៉េខាងជើង ទៅដល់កូរ៉េខាងត្បូង។ អ្វីដែលកើតឡើងពេលនេះ កាន់តែពិសេស និងកម្រទៅទៀត ដោយសារ ដូចយើងទាំងអស់គ្នាដឹងស្រាប់ថា កូរ៉េខាងជើង និងខាងត្បូង កំញើញដាក់គ្នា ស្ទើតែផ្ទុះជាសង្រ្គាមនុយក្លេអ៊ែរទៅហើយ មួយរយៈចុងក្រោយនេះ។

មកពិនិត្យទីតាំងប្រកួតកីឡា និងទីតាំងសម្តែងសិល្បៈ

នៅព្រឹកថ្ងៃអាទិត្យនេះ ទូរទស្សន៍កូរ៉េខាងត្បូង សឹងតែគ្រប់ប៉ុស្តិ បានផ្សាយបន្តផ្ទាល់ នូវរូបភាពនៃការមកដល់របស់គណប្រតិភូកូរ៉េខាងជើង។ គេឃើញ រថយន្តមួយគ្រឿង ដឹកសមាជិកគណប្រតិភូនេះ ចំនួន៧នាក់ បានបើកឆ្លងព្រំដែន ឆ្ពោះទៅកាន់ស្ថានីយ៍រថភ្លើងនៅទីក្រុងសេអ៊ូល។  មួយម៉ោងក្រោយមក នៅស្ថានីយ៍នោះ ដែលមានអ្នកយាមការពារសន្តិសុខរាប់រយនាក់ គេបានឃើញគណប្រតិភូទាំង៧នាក់ ដែលដឹកនាំដោយតារាចំរៀងស្រីកូរ៉េខាងជើង នាង យ៉ុន សុងវ៉ុល (Hyon Song Wol) បានចុះពីរថយន្ត ហើយឡើងរថភ្លើង ឆ្ពោះទៅកាន់ ទីក្រុង Gangneung ស្ថិតនៅភាគខាងកើតកូរ៉េខាងត្បូង។

បើតាមការឲ្យដឹង ថ្ងៃអាទិត្យនេះ គណប្រតិភូនឹងចុះទៅពិនិត្យទីតាំងប្រកួតកីឡា និងទីតាំងសម្តែងសិល្បៈ នៅទីក្រុង Gangneung ហើយនៅថ្ងៃចន្ទ គណប្រតិភូ និងធ្វើដំណើរទៅកាន់ទីក្រុង​ Pyeongchang។ ទីក្រុងទាំង២នេះហើយ ដែលនឹងទទួលរៀបចំ កីឡាអូឡាំពិករដូវរវាង ចាប់ពីថ្ងៃទី ៩កុម្ភៈ ទៅ។ គណប្រតិភូនេះ នឹងត្រលប់ទៅវិញ នៅព្រឹកថ្ងៃអង្គារ។ ដោយឡែក ក្នុងសប្តាហ៍ក្រោយនេះ នៅមានគណប្រតិភូកូរ៉េខាងជើងផ្សេងទៀត ដែលនឹងចុះមកត្រួតពិនិត្យ ទីតាំងហ្វឹកហាត់កីឡាជិះស្គីទឹកកក នៅភាគខាងជើងកូរ៉េខាងត្បូង។ ចំណែកភាគីកូរ៉េខាងត្បូងវិញ ក៏នឹងបញ្ជូន គណប្រតិភូទៅកាន់កូរ៉េខាងជើងដែរ ដើម្បីត្រួតពិនិត្យទីតាំងហ្វឹកហាត់ ព្រោះតាមការគ្រោងទុក ក្រុមកីឡាករទាំងពីរប្រទេស នឹងត្រូវហ្វឹកហាត់រួមគ្នា។

នៅមានចំណុចផ្សេងច្រើនទៀត ដែលភាគីទាំង២បានព្រមព្រៀងគ្នា។ កូរ៉េខាងជើង និងខាងត្បូង បានធ្វើកិច្ចព្រមព្រៀងពិសេសមួយ ដោយបានស្នើទៅកាន់គណកម្មការកណ្តាលកីឡាអូឡាំពិក នៅទីក្រុងឡូហ្សានប្រទេសស្វីស។ កាលពីថ្ងៃសៅរ៍ ទី២០ មករា គណកម្មការអូឡាំពិក បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងនេះហើយ។

កីឡាការនីវាយហ្គោលលើទឹកកក រួមគ្នាតែមួយក្រុម

បើតាមការកំណត់  កូរ៉េខាងជើង នឹងបញ្ជូនកីឡាករ ប្រុសស្រី ចំនួន២២នាក់ ឲ្យចូលរួមប្រកួតកីឡាចំនួន៣ប្រភេទ គឺ ទីមួយ កីឡាជិះស្គីទឹកកក ទីពីរ កីឡាហុកគី ឬកីឡាវាយហ្គោលលើទឹកកក និងទីបីគឺរបាំលើទឹកកក។ សរុបទៅទាំងក្រុមប្រុសនិងស្រី គឺកូរ៉េខាងជើងចូលរួមទាំងអស់ ៥វិញ្ញាសារ។​ ចំណុចមួយដែលពិសេសលើកនេះ គឺក្រុមកីឡាការនីវាយហ្គោលលើទឹកកក របស់កូរ៉េខាងជើង និងខាងត្បូង នឹងច្របាច់ចូលគ្នាជាក្រុមតែមួយ ដើម្បីប្រកួតជាមួយដៃគូរផ្សេង ក្នុងវិញ្ញាសារនេះ។

ដើរបង្ហាញក្បួនថ្ងៃបើកសម្ភោធ ក្រោមទង់តែមួយ

នៅថ្ងៃបើកសម្ភោធ គណប្រតិភូកីឡាទាំងពីរប្រទេស នឹងដើរបង្ហញក្បួនរួមគ្នា ក្រោមទង់តែមួយ ដែលជាទង់ពិសេស តំណាងឲ្យឧបទ្វីបកូរ៉េរួបរួមគ្នា។ តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែលកូរ៉េទាំង២ ដើរបង្ហាញក្បួនរួមគ្នា ក្រោមទង់តែមួយនេះ។ កាលពីកីឡាអូឡាំពិក នៅស៊ីដនី ឆ្នាំ២០០០ ក៏ធ្លាប់ធ្វើម្តង នៅក្រុងអាតែន ប្រទេសក្រិកឆ្នាំ២០០៤ និងនៅទូរាំង ប្រទេសអ៊ីតាលី ឆ្នាំ២០០៦ ក៏ធ្លាប់ធ្វើអញ្ចឹងម្តងដែរ។

បន្ថែមពីនេះ ក្នុងកិច្ចព្រមព្រៀងក៏មានកំណត់ថា កូរ៉េខាងជើង នឹងបញ្ជូន គណប្រតិភូដន្ត្រី ក្រុមភេ្លងមានគ្នា១៤០នាក់ ដែលដឹកនាំដោយតារាចម្រៀង នាង យ៉ុន សុងវ៉ុល ផ្ទាល់។ ក្រុមដន្ត្រីនេះ និងប្រគុំ២លើក ម្តងនៅសេអ៊ូល និងម្តងទៀត នៅGangneung។

ជំហានថ្មីទៅកាន់ការជានាគ្នា រវាងបងប្អូនទាំង២?

ជាការពិត ព្រឹត្តិការណ៍ ដែលកំពុង និង កើតឡើងក្នុងពេលខាងមុ​ខ ទាំងអស់នេះ គឺជាព្រឹត្តិការណ៍ដ៏កម្រណាស់ សម្រាប់ប្រទេសបងប្អូនកូរ៉េទាំងពីរ។ នេះសបង្ហាញថា ការជានាគ្នា ចាប់ដៃគ្នា កំពុងតែបោះជំហានទៅមុខ ក្នុងសុទិដ្ឋិនិយម។ តែយ៉ាងណា អ្វីៗនៅពិបាកស្មានណាស់។ ដូចយើងឃើញស្រាប់កន្លងមក មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាមនុស្សចិត្តក្តៅ ញ៉ូងញ៉ាំង ពិបាកស្មានមុនណាស់។ ថ្ងៃនេះក្តៅ ថ្ងៃស្អែកត្រជាក់ក៏ថាបាន។

ជាក់ស្តែងដូចការសម្រេចបញ្ជូនក្រុមកីឡា ឲ្យមកចូលរួមប្រកួតលើកនេះអញ្ចឹង។ កូរ៉េខាងត្បូង បានជូនដំណឹង ទៅយូររាប់ខែមកហើយ ចង់ដឹងថាអាចបញ្ជូនកីឡាករមកបានទេ តែកូរ៉េខាងជើង មិនឆ្លើយតប សូម្បីតែមួយ​ម៉ាត់។ ស្រាប់តែនៅថ្ងៃទី១មករា​ ថ្មីៗនេះ មុនការប្រកួតមួយខែ ស្រាប់តែគីម ជុងអ៊ុន ប្រកាសថានឹងបញ្ជូនកីឡាករមក។ កូរ៉េខាងត្បូងឯណេះ រត់ខ្វែងដៃខ្វែងជើង ប្រជុំជាមួយនឹងគណកម្មការអូឡាំពិក។ ហើយការបញ្ជូនគណប្រតិភូឲ្យមកត្រួតពិនិត្យទីតាំងនៅថ្ងៃនេះទៀតសោត ក៏កូរ៉េខាងជើង កេកកុក ម្តងថាបញ្ជូន ម្តងថាអត់ដែរ។

សម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូងឯណោះវិញ យើងឃើញថា គេបានដាក់កាយដាក់ចិត្ត ធ្វើរឿងនេះឲ្យបានសម្រេច។ លោក ប្រធានាធិបតី មូន ជាអ៊ីន ចង់ឆក់ឱកាសនេះ ​​ផ្តល់ក្តីសង្ឃឹម ដល់ប្រជាជនកូរ៉េទាំងសងខាង ថាគ្មានអ្វីប្រសើរជាងការរាប់អានគ្នា អត់ឱនឲ្យគ្នានោះទេ។ ច្រើនឆ្នាំមកហើយ ឱកាសបែបនេះ មានតិចណាស់ ដូច្នេះត្រូវតែមិនអាចឲ្យរំលងផុតបានទេ។

មិនខ្វះទេឱកាសឈ្នះមេដាយមាស តែខ្វះតែឱកាសកសាងមិត្តភាព

យ៉ាងណាក៏ដោយ ការរៀបចំទទួលកូរ៉ខាងជើង ក៏ដូចជាការធ្វើសម្បទាន ពីសំណាក់កូរ៉េខាងត្បូងនេះ វាក៏នៅតែមានអ្នករិះគន់ដែរ នៅកូរ៉េខាងត្បូងឯណោះ។ មានមនុស្សមួយក្រុម បានធ្វើញត្តិ តវ៉ា រិះគន់រដ្ឋាភិបាលលោកមូន  ជាអីន ថាមិនត្រូវឲ្យកីឡាការនីកូរ៉េខាងជើង មកលេងក្នុងក្រុមជាមួយនឹងកីឡាការនីកូរ៉េខាងត្បូងទេ។ ធ្វើអញ្ចឹង ប្រាកដជាធ្វើឲ្យកីឡាការនីកូរ៉េខាងត្បូង បាត់បង់ឱកាសឈ្នះមាដាយមាស ជាក់ជាពុំខាន។

តែយើងសួរបកទៅវិញ អ្វីទៅជាកម្មវត្ថុពិតប្រាកដ នៃការប្រកួតកីឡា? គឺដើម្បីមិត្តភាព ភាតរភាព សនិ្តភាព រវាងប្រជាជាតិទាំងអស់។ ឱកាសឈ្នះមេដាយមាសមិនខ្វះទេ តែឱកាសកសាងមិត្តភាព ភាតរភាព រវាងកូរ៉េទាំង២មានតិចណាស់។ ថាមិនត្រូវ អាចក្រុមកីឡាការនីច្របាច់បញ្ចូលគ្នាទាំង២នេះ ឈ្នះបានមេដាយមាស ដោយសារតែក្រុមខាងកូរ៉េខាងជើងផងក៏ថាបានដែរ៕