អានតួអត្ថបទ

គណបក្សកុម្មុយនីស្ត​ចិនថានឹង ប្តេជ្ញា​ការពារស្ថិរភាពនិង​ស្វយ័តភាព ​របស់​ហុងកុង

គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ទើបតែបានបិទបញ្ចប់ការប្រជុំ នៅថ្ងៃព្រហស្បតិ៍ទី៣១តុលា ក្រោមប្រធានបទសំខាន់ៗ ដែលចិនកំពុងតែពើបប្រទះ ក្នុងនោះមានបញ្ហាសេដ្ឋកិច្ច សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងបញ្ហាវិបត្តិនៅហុងកុងជាដើម។ ក្រោយ​ការប្រជុំដ៏ធំនេះ គណបក្សកុម្មុយនីស្តចិន បានប្រកាសថា បក្សកុម្មុយនីស្តនឹងប្តេជ្ញាការពារ ស្វយ័តភាព របស់ហុងកុង ដោយគោរពតាមរដ្ឋធម្មនុញ្ញចិន។

វិមានប្រជាមានិតនៅទីក្រុងប៉េកាំង ទីតាំង​សភា និង​​អំណាចកណ្តាល​នៃ​បក្ស​កុម្មុយនីស្តចិន​
វិមានប្រជាមានិតនៅទីក្រុងប៉េកាំង ទីតាំង​សភា និង​​អំណាចកណ្តាល​នៃ​បក្ស​កុម្មុយនីស្តចិន​ Reuters
ផ្សាយពាណិជ្ជកម្ម

“គណបក្សកុម្មុយនីស្តចិន ប្តេជ្ញាការពារស្ថិរភាព និងស្វយ័តភាព​ របស់ហុងកុង”។ នេះគឺជាការប្រកាស របស់គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលចុះផ្សាយដោយសារព័ត៌មាន ចិនថ្មី ដែលជាសារព័ត៌មានផ្លូវការ របស់រដ្ឋចិន។ នៅក្នុង​សេចក្តីប្រកាស ដ៏វែងអន្លាយនេះ គណបក្សកុម្មុយនិស្តចិន បានទទួលស្គាល់ថា ប្រទេសចិន នាពេលបច្ចុប្បន្ននេះ កំពុងប្រឈមមុខនិងបញ្ហាស្មុគស្មាញមួយចំនួន ហើយបញ្ហាទាំងនេះ បានធ្វើឲ្យកើនឡើងនូវហានិភ័យ មិនថានៅក្នុងស្រុក ឬនៅខាងក្រៅស្រុក។

សូមបញ្ជាក់ថា សន្និបាទនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ដែលមានរយៈពេល៤ថ្ងៃ បានបិទបញ្ចប់ទៅ​ កាលពីថ្ងៃព្រហស្បតិ៍ទី​៣១តុលា។ សមាជិក ទាំង​៣៧០នាក់ នៃស្ថាប័ន​អំណាចកំពូលនេះ បានប្រជុំជជែកគ្នា ជុំវិញបញ្ហាជាច្រើនដែលចិនកំពុងជួបប្រទះ។ បញ្ហាទាំងនោះ មានដូចជា ការចុះអន់ថយនូវសន្ទុះសេដ្ឋកិច្ច បញ្ហា​សង្រ្គាមពាណិជ្ជកម្ម ជាមួយ​សហរដ្​ឋអាមេរិក និងវិបត្តិនៅហុងកុង។ ជាការកត់សំគាល់ នៅក្នុងសន្និបាទលើកនេះ គេសង្កេតឃើញថា គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន មិនបានដាក់ចុះ ឬសម្រេចអ្វីមួយឲ្យច្បាស់ប្រាកដទេ មិនថាទាក់ទិននឹងបញ្ហានយោបាយផ្ទៃក្នុង បញ្ហាសេដ្ឋកិច្ច ឬនយោបាយ​ការបរទេស។

ដោយឡែក ទាក់ទិននឹងបញ្ហាហុងកុង គណបក្សកុម្មុយនីស្តចិន បានលើកឡើងថា “បក្សកុម្មុយនីស្ត សូមសន្យាគាំទ្រ និង​ធ្វើឲ្យ​កាន់តែល្អប្រសើរ នូវ​ខ្លឹមសារនៃគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធពីរ ដែលអនុវត្តទៅលើដែនដីស្វយ័តហុងកុង តាំងតែពីឆ្នាំ១៩៩៧មក”។ តែយ៉ាងណា ក៏ដោយ នៅក្នុងសេចក្តីថ្លែងការនេះ គេមិនមាន​លំអិតទេ ថាគណបក្សកុម្មុយនីស្តចិន មានគម្រោង មានវិធានការអ្វីខ្លះ ឲ្យបានល្អិតល្អន់។ សេចក្តីប្រកាស គ្រាន់តែរៀបរាប់ថា “បក្សកុម្មុយនីស្តនឹង​ដឹកនាំគ្រប់គ្រង តំបន់ស្វយ័តហុងកុង ដោយគោរពឲ្យបានជាដាច់ខាត លើគោលការណ៍របស់រដ្ឋធម្មនុញ្ញចិន ក៏ដូចជាច្បាប់គ្រិះរបស់ហុងកុង​ ដើម្បីការពារស្ថិរភាព និងភាពរុងរឿងរបស់ហុងកុង ឲ្យបានយូរអង្វែងទៅមុខ”។

សូមរំលឹកថា ហុងកុង គឺជាតំបន់ស្វយ័ត ដែលអង់គ្លេសបានប្រគល់មកឲ្យចិនវិញនៅឆ្នាំ១៩៩៧។ ខុសពីចិនដីគោក ហុងកុងមានរដ្ឋធម្មនុញ្ញពិសេសមួយ ដាច់ដោយឡែក ដែលបើកសិទ្ធិសេរីភាព​ឲ្យប្រជាជនហុងកុង។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំ​ចុងក្រោយនេះ សិទ្ធិសេរីភាព​ជាមូលដ្ឋានទាំងនេះ ត្រូវបានប្រជាជនហុងកុងគិតថា កំពុងស្ថិតក្នុងគ្រោះថា្នក់។ អស់រយៈពេល​ប្រមាណ​៥ខែមកហើយ ដែលប្រជាជនហុងកុង បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីទាមទារឲ្យបក្សកុម្មនីស្តចិន ដកថយឈប់កៀបសង្កត់សិទ្ធិសេរីភាពនៅហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ