rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង ជប៉ុន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កូរ៉េខាងត្បូង ​នឹងមិន​សើរើ​កិច្ច​ព្រមព្រៀង​ជាមួយ​ជប៉ុន ​ស្តីពី​ស្ត្រី​ទាសករ​ផ្លូវភេទ​ជំនាន់​សង្រ្គាម​ទេ

media
លោកស្រីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ​Kang Kyung-Wha ​ក្នុងពេល​ប្រកាស​​នៅថ្ងៃ​ទី ៩​មករា ២០១៨ REUTERS/JUNG Yeon-Je/Pool

ទំព័រប្រវត្តិសាស្ត្រ រឿងរ៉ាវស្ត្រីទាសករផ្លូវភេទ ជនជាតិកូរ៉េ ដែលត្រូវបានកងទ័ពជប៉ុនចាប់បង្ខំ កាលពីជំនាន់សង្រ្គាម នៅតែចោទឡើងដដែល បើទោះបីជាកូរ៉េខាងត្បូង និងជប៉ុន បានស្រុះស្រួលគ្នា ចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ កាលពីឆ្នាំ​២០១៥​ក៏ដោយ។ បន្ទាប់ពីមានពាក្យលេចឮ កាលពីចុងខែធ្នូកន្លងទៅ ថាលោកប្រធានាធិបតីកូរ៉េ​ខាងត្បូង មានបំណង​សើរើ​កិច្ចព្រមព្រៀង​នេះ ស្រាប់តែនៅថ្ងៃអង្គារ​ ទី៩​មករា​នេះ ​លោកស្រី​​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង បានចេញមុខមកប្រកាសថា រដ្ឋាភិបាលកូរ៉េខាងត្បូង ​មិនអាច​ទៅ​រុះរើ​កិច្ច​ព្រមព្រៀង ដែលខ្លួនបានចុះហត្ថលេខារួចហើយ ជាមួយជប៉ុន​ បាននោះទេ។


កាលពីខែធ្នូ ឆ្នាំ២០១៥ កូរ៉េខាងត្បូង និងជប៉ុន  បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីបិទបញ្ចប់ជំលោះប្រវត្តិសាស្ត្រ ស្តីពីស្ត្រីជនជាតិកូរ៉េ ដែលត្រូវបានកងទ័ពអាណាចក្រជប៉ុន ចាប់បង្ខំឲ្យធ្វើជាទាសករផ្លូវភេទ ក្នុងជំនាន់ ដែលជប៉ុនបានធ្វើអាណានិគម លើឧបទ្វីបកូរ៉េ។ កិច្ចព្រមព្រៀងនេះ  ជាកិច្ចព្រមព្រៀង “ចុងបញ្ចប់ និងមិនអាចត្រលប់ក្រោយបាន” ដែលរដ្ឋាភិបាលជប៉ុន បានសន្យា ធ្វើការសុំខមាទោស ជាសាធារណៈចំពោះស្រ្តីរងគ្រោះកូរ៉េ ហើយនិងសន្យា ​ផ្តល់ប្រាក់ ១ពាន់លានយ៉េន ទៅឲ្យអង្គការមួយ ​ដែលជួយគាំព៌ាស្ត្រីរងគ្រោះខ្លះ ដែលនៅរស់រានមានជីវិតនៅឡើយ។

ក៏ប៉ុន្តែ កិច្ចព្រមព្រៀង ដែលចុះហត្ថលេខា កាលពីជំនាន់លោកស្រី ប៉ាក់ គុនហេ នៅជាប្រធានាធិបតីកូរ៉េខាងត្បូងនេះ ត្រូវបាន​មតិ​សាធារណៈ​​កូរ៉េ​ខាងត្បូង​មួយ​ចំនួន នៅតែបន្តរិះគន់ ថា​វាមិនគ្រប់ជ្រុងជ្រោយ​ ហើយទាមទារថា ជប៉ុន ត្រូវតែទទួលខុសត្រូវផ្លូវច្បាប់ឲ្យបានពេញ​លេញ។ មតិរិះគន់នេះ មានកាន់តែខ្លាំង នៅពេលដែលលោក មូន ជាអ៊ីន ​បានធ្វើការឃោសនា កាលពីក្នុងកំឡុងពេលបោះឆ្នោត ថាលោក​នឹង​សើរើ​ ចរចាឡើងវិញ នៅពេលលោកជាប់ឆ្នោតជាប្រធានាធិបតី។

យ៉ាងណាមិញ កាលពីចុងខែធ្នូ ថ្មីៗនេះ លោកមូន ជាអ៊ីន បានប្រកាស​ថា៖ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយជប៉ុន កាលពីចុងឆ្នាំ២០១៥ គឺជាកិច្ចព្រមព្រៀង ដែលខ្វះចន្លោះខ្លាំងណាស់ ព្រោះគេបានធ្វើវាដោយតក់ក្រហល់។ លោកបន្ថែមថា៖ យ៉ាងណាក៏ដោយ ទំព័រប្រវត្តិសាស្ត្រដ៏គ្រោធគ្រាតនេះ មិនអាចដោះស្រាយបញ្ចប់បាន តាមរយៈតែកិច្ចព្រមព្រៀងប៉ុន្មានសន្លឹកនេះទេ

ស្រាប់តែនៅថ្ងៃអង្គារទី៩មករានេះ លោកស្រី Kang Kyung-Wha រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសជំហរ ផ្ទុយពីអ្វីដែលដែលប្រធានាធិបតី មូន ជាអ៊ីនធ្លាប់បាននិយាយ។ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង​ បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះហត្ថលេខាជាមួយជប៉ុនរួចហើយ ដូច្នេះយើងមិនអាចទៅសើរើ ចរចាជាមួយថ្មី បានទេ។ ដោយឡែក រដ្ឋាភិបាលជប៉ុនវិញ ក៏បានអំពាវនាវ សុំឲ្យភាគីកូរ៉េខាងត្បូង គោរពកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខា។

សូមបញ្ជាក់ថា ទំព័រប្រវត្តិសាស្រ្តដ៏ល្អក់កករ នៅចន្លោះពីឆ្នាំ ១៩១០ ដល់ឆ្នាំ១៩៤៥នេះ បានបំពុលទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន អស់ជាច្រើនទសវត្សមកហើយ។ បើតាមការស្រាវជ្រាវរបស់របស់អ្នកប្រវត្តិសាស្រ្ត​​ជាច្រើន បានអះអាងថា ស្រ្តីរងគ្រោះ ដែលត្រូវបានកងទ័ព​ជប៉ុន​ចាប់បង្ខំ ឲ្យធ្វើជាទាសករ បម្រើការ​​សប្បាយ​ផ្លូវភេទក្នុង​ជំនាន់​​នោះ មានប្រមាណជា២សែននាក់។ ក្នុងចំណោមនោះ ភាគច្រើន ជាស្ត្រីជនជាតិកូរ៉េ ហើយក៏មានស្ត្រីជនជាតិចិន និងឥណ្ឌូណេស៊ី ផងដែរ៕