rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូរ៉េខាង​ជើង​បាញ់​មីស៊ីល​​២គ្រាប់ ខណៈ​លោក​ត្រាំ​ទទួល​បាន​សំបុត្រ​ពី គីម ជុងអ៊ុន

ដោយ ម៉ម ពិសី

លោកដូណាល់ ត្រាំ បានប្រកាសនៅមុខអ្នកកាសែត កាលពីថ្ងៃសុក្រ ទី​៩សីហា ថា​លោក​បាន​ទទួលសំបុត្រមួយច្បាប់ ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ លោក​ប្រធានាធិបតីអាមេរិក អះអាងថា សំបុត្រនោះ មានខ្លឹមសារប្រកបដោយភាព​សុទិដ្ឋិនិយម ដែលធ្វើឲ្យលោក​សប្បាយចិត្តជាខ្លាំង។ តែយ៉ាងណា ប៉ុន្មានម៉ោង ក្រោយការ​​ប្រកាស​នេះ កូរ៉េខាងជើង បានបាញ់​មីស៊ីល​២គ្រាប់ទៀត ដែលនេះគឺជាលើក​​ទី៥​ហើយ​ ក្នុងរវាងមិនដល់២សប្តាហ៍ផង។ គួរកត់សំគាល់ផងដែរថា ក្នុងអំឡុងពេល​នេះ កងទ័ព​​កូរ៉េ​​ខាងត្បូង និងអាមេរិក កំពុងតែធ្វើសមយុទ្ធយោធារួមគ្នា។

មីស៊ីលរយៈចម្ងាយខ្លី២គ្រាប់

ក្នុងអំឡុងពេល ដែលកងទ័ពកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយ​កងទ័ពអាមេរិក កូរ៉េខាងជើងឯណោះ ទើបតែបាន​បាញ់មីស៊ីលចំនួន​២គ្រាប់ថ្មីទៀត។ នេះគឺការបាញ់មីស៊ីល លើកទី​៥ហើយពិសី ក្នុងរវាង២សប្តាហ៍ចុងក្រោយនេះ។ ការបាញ់លើក​ទី៥​នេះ គឺមានចំនួន​២គ្រាប់ ដែលបានធ្វើឡើង នៅវេលាទៀបភ្លឺ ថ្ងៃសៅរ៍ទី​១០សីហា បាញ់ចេញពី​ស្ថានីយ៍Hamhung ភាគខាងជើងឈាងខាងកើត កូរ៉េខាងជើង។

បើតាមអះអាង របស់កងទ័ពកូរ៉េខាងត្បូង ដែលតាមដានស្ថានការណ៍នេះ បានឲ្យដឹងថា គ្រាប់មីស៊ីលទាំង២គ្រាប់ថ្មីនេះ បានហោះបានចំងាយ ប្រមាណ​ជា​៤០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។ ដូច្នេះ តាមការប៉ាន់ស្មាន មីស៊ីលទាំងនេះ គឺជាមីស៊ីលរយៈចំងាយខ្លី របស់កូរ៉េខាងជើង។

គិតមកត្រឹមពេលនេះ រដ្ឋាភិបាលអាមេរិក មិនបាន​និយាយអ្វីទាំងអស់។ អ្នកកាសែតបារាំង AFP បានព្យាយាមជជីកសួរ ពីប្រតិកម្មរបស់សេតវិមានអាមេរិក តែតំណាងរដ្ឋាភិបាល​អាមេរិក បានត្រឹមតែឆ្លើយថា គេកំពុងតាមដាន​ស្ថានការណ៍ ដោយការការសហការ​យ៉ាងល្អ ជាមួយ​កូរ៉េខាងត្បូង និងជប៉ុន។

អាមេរិក ហាក់ដូចជាលែងថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

បើតាមការសង្កេត រដ្ឋាភិបាលអាមេរិក​ ហាក់លែងចង់មានប្រតិកម្ម​រិះគន់កូរ៉េខាងជើងទៀតហើយ ទាក់ទិននឹងការបាញ់មីស៊ីល ម្តងហើយម្តងទៀតនេះ។ មូលហេតុនោះ គឺថារដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ មានបំណងស្រង់យកតែចំណុចល្អ នៃទំនាក់ទំនងល្អូកល្អឺន រវាងលោកដូណាល់ ត្រាំ នឹងគីមជុងអ៊ុន។

បើតាមការសង្កេត ភាពល្អូនល្អឺន រវាងមេដឹកនាំទាំង២នេះ ត្រូវបាន​សេតវិមានអាមេរិក​ ប្រឹងយកមកផ្សាយ​អំពីជោគជ័យ នៃនយោបាយ​ការបរទេសរបស់ លោកដូណាល់ ត្រាំ ជុំវិញសំណុំរឿងកូរ៉េខាងជើង។ តែការពិតជាក់ស្តែង ដូចភារៈ ឃើញហើយ ថាសំណុំរឿង​នុយក្លេអ៊ែរ កូរ៉េខាងជើងនេះ នៅជាប់គាំង នៅមិនទាន់មានអ្វី​ ដែលគេ​បានដោះស្រាយទៅ​មុខ​ឡើយ ហើយកូរ៉េខាងជើង ក៏នៅតែបន្តបាញ់ផ្លោងមីស៊ីលទៀត។

ខុសពីលើកមុនៗ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ហាក់លែងធ្វើឲ្យអាមេរិក ក្តៅក្រហាយទៀតហើយ។​ ផ្ទុយទៅវិញរដ្ឋាភិបាល​លោកត្រាំ អះអាងថា មិនអីទេ មិនមានបញ្ហាចោទទេ។ ជាក់ស្តែង លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក អះអាងថា ការដែលកូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានគ្រាប់ចុងក្រោយនេះ នឹងមិនប៉ះពាល់ ដល់ការចរចា រឿងកម្មវិធីនុយក្លេអ៊ែរទេ។

សំបុត្រផ្អែមល្ហែម របស់គីម ជុងអ៊ុន ផ្ញើទៅ​លោកដូណាល់ ត្រាំ

ប៉ុន្មានម៉ោង​ មុន​នឹង​កូរ៉េខាងជើងបាញ់មីស៊ីល កាលពីរសៀលថ្ងៃសុក្រ នៅក្រុងវ៉ាស៊ីនតោន​ឯណោះ នៅចំពោះមុខអ្នកកាសែត លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោក​បាន​ទទួល​​សំបុត្រមួយច្បាប់ទៀត របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ លោក​ថា សំបុត្រនោះមាន​ចំនួន​៣សន្លឹក ហើយមានខ្លឹមសារ ប្រកបដោយសុទិដ្ឋិយមខ្លាំងណាស់ តាំងពីក្បាលដំបូង រហូតដល់បន្ទាត់ចុងក្រោយ។ លោកដូណាល់ ត្រាំ បានបន្ថែមទៀតថា លោកជឿថា នឹងមានជំនួបកំពូល ជាថ្មីម្តងទៀត រវាងលោក និង គីម ជុងអ៊ុន។

ឆ្លើយតបទៅនឹងសំនួរ ដែលអ្នកកាសែតសួរថា សំបុត្រនោះសរសេរពីអ្វីខ្លះ លោក ដូណាល់ ត្រាំ បាន​បញ្ជាក់ថា សំបុត្រនោះ គឺ គីម ជុងអ៊ុន សរសេរប្រាប់ពី​មូលហេតុ ដែលកូរ៉េខាងជើង បានសម្រេចចិត្ត បាញ់មីស៊ីល​ប្រមាណ​ជា៤ដង ក្នុងរវាងប្រមាណ​២សប្តាហ៍ចុងក្រោយនេះ។ គីម ជុងអ៊ុនសរសេរថា តាមពិតទៅ កូរ៉េខាងជើងផ្ទាល់ ក៏មិនចង់បាញ់មីស៊ីលដែរ តែខ្លួនគ្មានជំរើសអ្វីផ្សេង ដើម្បីសំដែងការមិនពេញចិត្ត ចំពោះសមយុទ្ធយោធារវាងកងទ័ព អាមេរិក និងកងទ័ពកូរ៉េខាងត្បូងទេ។ សម្រាប់កូរ៉េខាងជើង សមយុទ្ធយោធារួមគ្នា របស់អាមេរិក និងកូរ៉េខាងត្បូង គឺជាការ ហាត់សមប្រុងប្រៀប និងគំរាម​ចូលទៅ​វាយ​កូរ៉េខាងជើង។

លោកដូណាល់ ត្រាំ៖  “ខ្ញុំក៏មិនពេញចិត្តនឹងការធ្វើសមយុទ្ធយោធានេះដែរ!”

ទាក់ទិននឹងការធ្វើសមយុទ្ធយោធា រវាងកងទ័ព​កូរ៉េខាងត្បូង និងកងទ័ពអាមេរិក ដែលជាមូលហេតុលើកឡើង ដោយ​គីម ជុងអ៊ុននេះ លោកដូណាល់ ត្រាំ បានអះអាងថា លោកក៏មិនពេញចិត្ត នឹងសមយុទ្ធយោធានេះដែរ។ លោកត្រាំ ថាមូលហេតុនោះ គឺ លោកមិនចូលចិត្តចំណាយ​ប្រាក់ឥតប្រយោជន៍។ លោកថា សមយុទ្ធយោធានេះ មិនត្រឹមតែ​ចាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់ប៉ុណ្ណោះទេ តែវាបានចូលរួម​បង្កបញ្ហា ឲ្យកាន់តែតានតឹងថែមទៀតផង នៅឯឧបទ្វីបកូរ៉េ។

សម្តីរបស់លោកដូណាល់ ត្រាំ ដែលថា គាត់ក៏មិនពេញចិត្តនឹងសមយុទ្ធយោធានេះដែរ គឺមានន័យថា គាត់គិតដូចគីម ជុងអ៊ុន ហើយការពារហេតុផលរបស់គីម ជុងអ៊ុន ដែលជាមេដឹកនាំផ្តាច់ការកូរ៉េខាងជើង ហើយដែលជាសត្រូវរបស់សហរដ្ឋអាមេរិក។ វាហាក់ មាន​ន័យ​ថា លោកប្រធានាធិបតីអាមេរិក កំពុងតែកាន់ជើងសត្រូវ ហើយងាក​មក​ខោកក្បាលកូរ៉េ​ខាងត្បូង ដែលជាសម្ព័ន្ធមិត្តខ្លួន។ មិនត្រឹមប៉ុណ្ណោះទេ លោកដូណាល់ ត្រាំ បាននិយាយ​ទៀតថា សមយុទ្ធយោធានេះចំណាយលុយច្រើនណាស់ ហើយគាត់ចង់ឲ្យ​កូរ៉េខាងត្បូងសងលុយថ្លៃចំណាយ​នេះ។ គោលជំហរបែបនេះ មិនដែលមាន​ប្រធានាធិបតីអាមេរិកណា ធ្វើទេពីមុនមក។

ស្នៀតស្ទូចត្រីឥតនុយ

លោក Vipin Narang សាស្ត្រាចារ្យ នៅ​វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (Massachusetts​ Institute of Technology) បានលើកឡើងថា គីម ជុងអ៊ុន កំពុងតែបោក លោក​ដូណាល់ ត្រាំប្រើ​។ គីម ជុងអ៊ុន​ ដឹងពីចំណុចខ្សោយ បែបស៊ីជោរ របស់លោក​ដូណាល់ ត្រាំ។ ហើយជាងនេះទៀត គីម ជុងអ៊ុន ក៏ដឹងថា លោកដូណាល់ ត្រាំ ត្រូវការ​ជោគជ័យ​ខ្លះ ក្នុងវិស័យការបរទេស ដើម្បីយកទៅអួត ប្រមូលយកសម្លេងឆ្នោតសម្រាប់​យក​ឈ្នះ​​អាណត្តិថ្មី។​

គីម ជុងអ៊ុន ដឹងថា លោកដូណាល់ ត្រាំ ជាមនុស្សគ្មានគោលការច្បាស់លាស់ទេ ត្រូវស្រលាញ់ៗ​ ត្រូវស្អប់ៗ។ សម្រាប់ពេលនេះ គ្មាននរណាដឹងទេ ថាកូរ៉េខាងជើង បានផ្អាកកម្ម​វិធី​នុយក្លេអ៊ែរ ពិត​មែនឬក៏អត់។ តែយ៉ាងណាក្នុងអំឡុងពេលដដែលនេះ មេដឹកនាំកូរ៉េ​ខាងជើង គីម ជុងអ៊ុន កំពុងតែក្លាយខ្លួន​ជាមិត្ត របស់លោក​ប្រធានាធិបតីអាមេរិក។ ទោះកូរ៉េខាងជើងបាញ់មីស៊ីលប៉ុន្មានគ្រាប់ទៀត ក៏ប្រហែលជាលោកដូណាល់ ត្រាំ ថា មិនអីដែរ៕

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី