rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នុយក្លេអ៊ែរ សហរដ្ឋអាមេរិក កូរ៉េ​ខាង​ជើង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កូរ៉េខាងជើង​ចាត់ទុក ជំហរ​​របស់​ភាគី​អាមេរិក ​ក្នុង​ការ​ចរចា ដូច​ “អ្នកលេង”

media
លោក Mike Pompeo និង​លោក​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង២ Kim Yong Chol។ ក្រុង​ព្យុងយ៉ាង ថ្ងៃទី៧ កក្កដា ២០១៨​ Reuters

លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានចាកចេញពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍ ដោយបានអះអាងថា ការចរចាជាមួយភាគីកូរ៉េខាងជើង ពិតជាបានដើរទៅមុខ ប្រកប​ដោយ​ផ្លែផ្កា​ដ៏ល្អ។ ប៉ុន្តែផ្ទុយទៅវិញ ប៉ុន្មានម៉ោង ក្រោយការចាកចេញ របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ របស់កូរ៉េខាងជើង បានផ្សាយថា អត្តចរិក និងជំហរ របស់ភាគីអាមេរិកក្នុងការចរ​ចា គឺមានលក្ខណៈ ដូចជា “ពួកអ្នកលេង”។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ដែលពេលនេះ កំពុងស្ថិតនៅទីក្រុងតូក្យូ នៅពុំទាន់មានប្រតិកម្ម ទៅនឹងការប្រកាសរបស់កូរ៉េខាងជើង នេះទេ។


ប៉ុន្មានម៉ោង ក្រោយលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ចាកចេញពីក្រុងព្យុងយ៉ាង ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង បានចុះផ្សាយថា “អាមេរិក គិតខុសហើយ ហើយនឹងស្តាយក្រោយ បើសិនជាអាមេរិក គិតថា សាធារណៈរដ្ឋប្រជាធិបតេយ្យកូរ៉េ ត្រូវតែយល់ព្រមធ្វើតាមការចង់បានរបស់អាមេរិក”។ ទីភ្នាក់ងារឃោសនា បន្តថា “គោលជំហរ និងអត្តចរិករបស់ភាគីអាមេរិក ក្នុងពេលចរចា នាពេលនេះ គឺមិនខុសពី ចរិករបស់ក្រុមអ្នកលេង នោះទេ”

គួរកត់សំគាល់ដែរថា ប៉ុន្មានម៉ោង ក្រោយការជួបប្រជុំជាមួយលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានលើកឡើងថា គោលជំហររបស់ភាគីអាមេរិក មានលក្ខណៈហួសហេតុ មិនអាចទទួលយកបានទេ។ ក្រសួងការទេសកូរ៉េខាងជើង បានប្រកាសថា ភាគីអាមេរិក កំពុងរំលោភលើស្មារតីនៃជំនួប រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន នៅឯសិង្ហបុរី កាលពីថ្ងៃទី១២មិថុនា។ ភាគីកូរ៉េខាងជើង បានលើកឡើងថា អាមេរិកគិតតែពីទាមទារ ជាឯកត្តោភាគី យ៉ាងអត្តនោម័ត យ៉ាងរន្ធាន់ និងគ្មានការយោគយល់។

ភាគីកូរ៉េខាងជើងបានបញ្ជាក់ឲ្យដឹងថា កូរ៉េខាងជើងបានបំផ្លាញចោលទីតាំងសាកល្បងនុយក្លេអ៊ែរមួយកន្លែងរួចទៅហើយ។ ចំណែកអាមេរិក វិញបានត្រឹមតែផ្អាកការធ្វើសមយុទ្ធយោធា ហើយដែលអាមេរិក អាចធ្វើសមយុទ្ធវិញគ្រប់ពេល។ ជាងនេះទៅទៀត​ ក្នុងពេលចរចា ភាគីអាមេរិក មិនបានលើកឡើងទាល់តែសោះ អំពីផែនការបិទបញ្ចប់សង្រ្គាមកូរ៉េ ជាស្ថាពរ។

ផ្ទុយទៅវិញ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដែលទើបតែបានទៅដល់ទីក្រុងតូក្យូ បានអះអាងថា ជំនួប២ថ្ងៃ រវាងក្រុមការងារលោក និងកូរ៉េខាងជើង គឺបានលទ្ធផលល្អ។ លោករដ្ឋមន្ត្រីអះអាងថា អាមេរិក នៅតែរក្សាជំហរ ដាក់កំហិត ឲ្យកូរ៉េខាងជើង ត្រូវរំសាយកម្មវិធីនុយក្លេអ៊ែរចោលទាំងស្រុង ឲ្យបានស្រេចបាច់សិន មុននឹងមានការដកទណ្ឌកម្ម។ លោកបញ្ជាក់បន្ថែមថា កម្មវិធីនុយក្លេអ៊ែរនេះ គឺមានន័យទូលាយ ដោយរាប់ទាំងអាវុធគ្រប់ប្រភេទ ហើយចំណុចនេះ ភាគីកូរ៉េខាងជើង ដូចជាមិនមានអ្វីជំទាស់ទេ។

នៅថ្ងៃអាទិត្យនេះ លោក Mike Pompeo នឹងត្រូវជួបប្រជុំត្រីភាគី ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីប្រាប់ពីដំណើការទៅមុខនៃការចរចា។ មន្ត្រីទូតអាមេរិកមួយចំនួន បានលើកឡើងថា ប្រតិកម្មរបស់ភាគីកូរ៉េខាងជើង នាពេលនេះ គឺគ្រាន់តែជាតាក់ទិកយុទ្ធសាស្ត្រ ក្នុងការចរចាប៉ុណ្ណោះ៕