អានតួអត្ថបទ
ឧបទ្ធីបកូរ៉េ

អាមេរិកគម្រាមថាកូរ៉េ​ខាងជើង ​នឹង​​​ស្គាល់ថ្នាំ​ខ្លាំង​ ​ខណៈ​អ្នក​វិភាគ ​រិះគន់​ការ​កំញើញ​ទៅវិញ​ទៅ​មក

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ វិបត្តិ​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ​ហាក់​បាន​ថយ​កំដៅ​បន្តិច ​ ដោយសារ​កូរ៉េ​ខាង​ជើង ​ហាក់​បាន​ផ្អាក​ សកម្មភាព​គំរាម។ តែ​យ៉ាងណា ​គេ​កំពុង​បារម្ភ​ ​ថា​កំដៅនេះ​នឹង​កើន​ឡើង​ ឡើង​វិញ​ ព្រោះ​ថា​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ ​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាងត្បូង ​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា។ កូរ៉េ​ខាង​ជើង ​ប្រាកដ​ជា​នឹង​មាន​ប្រតិកម្ម​តប​មិន​ខាន។ ដោយឡែក ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​លោក ​ ជីម ម៉ាទីស ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ បាន​និយាយ​ថា ​បើ​កូរ៉េ​ខាងជើង​នៅ​តែ​បន្ត​គំរាម​ នោះ​កូរ៉េ​ខាងជើង​នឹង​រង​ការ​ខូចខាត​យ៉ាង​ចាស់ដៃ ​ពី​សំណាក់​កម្លាំងទ័ព​របស់​អាមេរិក។

គីម ជុងអ៊ុន និងមីស៊ីលបាលីស្ទីក
គីម ជុងអ៊ុន និងមីស៊ីលបាលីស្ទីក © Reuters
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ​១៧​ សីហា ​មាន​ជំនួប​ដ៏​សំខាន់​មួយ​ រវាង​រដ្ឋមន្ត្រី​ការ​បរទេស ​និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​របស់​ជប៉ុន ​និង​សហរដ្ឋ​អាមេរិក។ នៅក្នុង​ជំនួប​នោះ ​ភាគី​ទាំងពីរ​ បាន​ត្រូវរូវ​គ្នា ​ដោយ​បាន​រក្សា​យុទ្ធសាស្រ្ត ​ដាក់​គំនាប​តាម​វិស័យ​ការទូត ​ ហើយ​ទន្ទឹម​គ្នា​នេះ ​ត្រូវតែ​គំរាម​ ប្រើ​កំលាំង​វាយបក​ ទៅ​លើ​កូរ៉េ​ខាង​ជើង​វិញ។ យ៉ាង​ណាមិញ ​លោក​មេបញ្ជាការ​អាមេរិក​ Joe Dunford ​ដែល​កំពុង​មាន​វត្តមាន​នៅ​តូក្យូ ​បាន​ប្រកាស​ថា ​អាមេរិក​ សន្យា​ធ្វើ​គ្រប់យ៉ាង​ ដើម្បី​ការពារ​ជប៉ុន ​ បើ​សិន​ជា​កូរ៉េ​ខាងជើង​វាយ​ជប៉ុន។ លោក ​ជីម ម៉ាទីស ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ ក៏បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​កូរ៉េខាង​ជើង​ប្រាកដ ​ជា​ត្រូវ​ខូចខាត​យ៉ាង​ដំណំ ​ដោយ​កម្លាំង​ទ័ព​របស់​អាមេរិក ​ បើសិន​ជា​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​គំរាម​អាមេរិក ​និង​សម្ព័ន្ធមិត្ត​អាមេរិក​ តទៅ​ទៀត។

ក៏ប៉ុន្តែ​យុទ្ធសាស្ត្រ​វាយបក ​ប្រើ​កំលាំង​ទៅ​លើ​កូរ៉េ​ខាងជើង​វិញ​នេះ ​ហាក់​កំពុង​តែ​ត្រូវ​គេ​រិះគន់​ជា​ខ្លាំង​ មិន​ថា​អ្នក​នៅ​ក្នុង​ ឬ​ក្រៅ​រដ្ឋាភិបាល​អាមេរិក។ ជាក់ស្តែង ​លោក ​ស្ទីវ បានន់ ​ទី​ប្រឹក្សា​ពិសេស​នៃ​​សេតវិមាន ​បាន​លើក​ឡើង​ថា ​​អាមេរិក​ មិនត្រូវ​​ប្រើ​កម្លាំង​ធ្វើ​សង្គ្រាម​ជាមួយ​កូរ៉េ​ខាង​ជើង​ទេ ​ ព្រោះថា​គេ​មិនអាច​យក​ជីវិត​ប្រជាជន​កូរ៉េ​ខាង​ត្បូង ​ទៅ​លេងសើច​បាន​ទេ។ ក្នុង​ពេល​តែ​៣០​នាទី ​ កូរ៉េ​ខាង​ជើង​នឹង​បាញ់​កម្ទេច​ទីក្រុង​សេអ៊ូល ​ព្រម​ជា​មួយ​នឹង​មនុស្ស​១០​លាន​នាក់។ តើមាន​អ្នក​ណា ​ហ៊ាន​ចេញ​មុខ​ មក​ធានា​ខុស​ត្រូវ​ទេ? ដូច្នេះ​សម្រាប់​លោក ​អាមេរិក​គ្មាន​ជំរើស​អ្វី ​ក្រៅតែ​ពី​បញ្ចៀស​សង្រ្គាម​ ​នេះ​ទេ។

តែយ៉ាង​ណាក៏​ដោយ ​គោល​ជំហរ​របស់​លោក ​ស្ទីវ បានន់​ វា​ហាក់​នៅ​ឆ្ងាយ​ពី​ជម្រើស​របស់​លោក​ដូណាល់ ​ត្រាំ។ នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ ​កងទ័ព​អាមេរិក​ នឺង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ជាមួយ​នឹង​កូរ៉េ​ខាងត្បូង។ តាមការ​គ្រោងទុក​ អាមេរិក​ និង​បញ្ចេញ​សព្វាវុធ​ទំនើប ​ដូចជា​ យន្តហោះ​ចម្បាំង ​Supersoniques ​B-1B ​របស់ខ្លួន​ជាដើម។ សមយុទ្ធ​នេះ​ នឹងធ្វើ​ឲ្យ​គីម ជុងអ៊ុន​ ក្តៅ​ស្លឹក​ត្រចៀក​បន្ថែម​ទៀត។

អ្នកវិភាគ​ជាច្រើន ​បាន​លើកឡើង​ថា ​ក្នុង​កាលៈទេសៈ​ដ៏​តានតឹង​បែប​នេះ ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង ​ពុំ​គួរធ្វើ​សមយុទ្ធ​យោធា​ទេ។ ធ្វើ​បែប​នេះ ​គឺ​មិនខុស​ពី​យក​សាំង​ ទៅ​ជះ​លើ​ភ្លើង​ឡើយ។ អ្នក​វិភាគ​យល់​ថា ​កូរ៉េខាង​ជើង ​ហាក់​បាន​បើក​ច្រក ​ ដើម្បី​ឈាន​ទៅ​រក​វិធី​បញ្ចប់​វិបត្តិ​នេះ ​តាម​រយៈ​ការ​ផ្អាក​ មិន​បាញ់​កម្ទេច​កោះហ្គាំ​ ដែល​ជា​មូលដ្ឋាន​ទ័ព​អាមេរិក​ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ តាមការ​កត់​សម្គាល់​ កន្លង​មក​ អ្វី​ដែល​កូរ៉េ​ខាងជើង​ចង់​បាន​គឺ​ សុំ​ឲ្យ​អាមេរិក​ ឈប់​ធ្វើ​សមយុទ្ធ​យោធា ​សំញ៉ែញ​អាវុធ​របស់​ខ្លួន​តទៅ​ទៀត។

ដូច្នេះ ​វិធី​ដែល​ល្អ ​អាមេរិក​ គួរ​​ផ្អាក​ ​ឬ​កាត់​បន្ថយការ​​ ការ​សំញែញ​កំលាំង ​តាម​រយៈ​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ ទៅ​ហោះ​ក្រវែល​ នៅ​ក្បែរ​កូរ៉េ​ខាង​ជើង។ ភាគី​ទាំង​អស់​ គួរតែ​បញ្ឈប់​ការ​កំញើញ​ដាក់​គ្នា ​ហើយ​ជំនួស​មក​វិញ ​ដោយការ​បើក​ច្រក​ចរចា​ ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ