អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាង​ជើង​ធ្វើ​សមយុទ្ធ​ ខណៈ​នាវា​មុជ​ទឹក​​អាមេរិក​ ទៅ​ដល់​កូរ៉េ​ខាង​ត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាព​តានតឹង​ នៅ​តំបន់​ឧបទ្វីប​កូរ៉េ ​នៅ​មិន​ទាន់​វិល​ទៅ​រក​ភាព​ប្រក្រតី​នៅ​ឡើយ​ទេ។ បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​កូរ៉េ​ខាងត្បូង ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​អង្គារ​ទី​២៥​មេសា នេះ​ របប​ផ្តាច់ការ​កូរ៉េ​ខាងជើង​ បាន​រៀបចំ​ពិធី​រំលឹក​ខួប​៨៥ឆ្នាំ ​នៃ​ការ​កកើត​កងទ័ព​បដិវដ្ត​កូរ៉េ​ខាង​ជើង ​ ដោយ​មាន​ធ្វើ​សមយុទ្ធ​យោធា ​ បាញ់​គ្រាប់​កាំភ្លើង​ធំ​ជាច្រើន​គ្រាប់។ ខណៈ​ពេល​នេះ​ដែរ ​ នាវា​មុជ​ទឹក​បាត​សមុទ្រ​ របស់​កងទ័ព​អាមេរិក ​ ទើប​តែ​បាន​ទៅ​ដល់​កំពង់ផែ​ក្រុង​ប៊ូសាន ​ភាគ​អាគ្នេយ៍ ​កូរ៉េ​ខាងត្បូង។ កងទ័ព​ ទាំង​កូរ៉េ​ខាង​ជើង​ ទាំង​ខាងត្បូង​ សុទ្ធតែ​បាន​ប្រកាស ​ថា​គេ​ត្រៀម​បម្រុង​ខ្លួន​ រួចជា​ស្រេច ​ក្នុង​ករណី​មាន​ប្រទូស្តរាយ។

ទាហាន​កូរ៉េខាង​ត្បូង​ លើកទង់ជាតិ​ស្វាគមន៍​នាវាមុជទឹក​បាតសមុទ្រ​របស់​អាមេរិក​ USS-Michigan ដែល​ទៅដល់​កំពង់​ផែ​Busan ថ្ងៃ​២៥ មេសា​២០១៧
ទាហាន​កូរ៉េខាង​ត្បូង​ លើកទង់ជាតិ​ស្វាគមន៍​នាវាមុជទឹក​បាតសមុទ្រ​របស់​អាមេរិក​ USS-Michigan ដែល​ទៅដល់​កំពង់​ផែ​Busan ថ្ងៃ​២៥ មេសា​២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

កូរ៉េ​ខាងជើង​ធ្វើ​សមយុទ្ធ​យោធា ​ខណៈ​អាមេរិក​បញ្ជូននាវា​មុជទឹក​ទៅ​ដល់

ស្ថានភាព​ មិនមាន​អ្វី​ប្រសើរ​ទេ ​មាន​តែ​ធ្ងន់​ជាង​មុន​ ដោយសារ​ភាគី​នីមួយៗ​ គ្មាន​នរណា​ម្នាក់​បន្ធូរ​ដៃ​ទេ។ ថ្ងៃ​អង្គារ​ទី​២៥​មេសានេះ​ ជាថ្ងៃ​បុណ្យ​ខួប​គំរប់​៨៥ឆ្នាំ ​នៃ​ការ​បង្កើត​កងទ័ព​រណសិរ្យ​បដិវដ្ត​កូរ៉េ​ខាងជើង។ បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ ​ ព័ត៌មាន​Yonhap  ​បាន​ឲ្យ​ដឹង​ថា ​កងទ័ព​កូរ៉េ​ខាង​ជើង​ បាន​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា ​ទ្រង់ទ្រាយ​ធំមួយ ​ នៅ​តំបន់​ Wonsan​ ជាប់​ឆ្នេរ​ខាងកើត​របស់​កូរ៉េ​ខាង​ជើង។ ប្រភព​ដដែល​បញ្ជាក់​ថា ​កងទ័ព​កូរ៉េ​ខាងជើង ​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់ ​និង​គ្រាប់បេ​ប្រភេទ​ធ្ងន់ ​ដែល​សុទ្ធ​តែ​ជា​គ្រាប់​ពិត​ទាំង​អស់។ តែបើ​តាម​ការ​សន្និដ្ឋាន ​កូរ៉េ​ខាង​ជើង​ មិន​បាន​បាញ់​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ ​ ដូច​ដែល​គេ​ធ្លាប់​បាន​បារម្ភ​ទេ។

តែយ៉ាង​ណា ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​ នៅ​ទាន់​បាន​បញ្ជាក់​អះអាង ​ពី​តំណឹង​សមយុទ្ធ​យោធា​របស់​កូរ៉េ​ខាង​ជើង​នេះ​ នៅ​ឡើយ​ទេ។ គ្រាន់តែ​ខាង​អគ្គ​បញ្ជាការ​កងទ័ព​កូរ៉េ​ខាង​ត្បូង​ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ កូរ៉េ​ខាង​ត្បូង​ កំពុង​តាម​ដាន​ឃ្លាំមើល​ សកម្មភាព​ចល័ត​ចុះឡើង ​របស់​កងទ័ព​កូរ៉េ​ខាង​ជើង​ យ៉ាង​ម៉ដ្ឋចត់​បំផុត​ ហើយ​កងទ័ព​កូរ៉េ​ខាង​ត្បូង ​ ក៏​បាន​ត្រៀម​កំលាំង ​បំរុង​ទុក​ជា​ស្រេច ​ដែរ ​បើ​សិន​ជា​ត្រូវ​ធ្វើ​សង្រ្គាម​មែន​នោះ។

ដោយឡែក ​សារព័ត៌មាន ​Rodong Sinmun ​របស់​គណបក្ស​ពលករ​កូរ៉េ​ខាង​ជើង ​ បាន​សរសេរ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ កំលាំង​វាយ​ប្រហារ​របស់​កងទ័ព​ប្រជាមានិត​កូរ៉េ​ខាង​ជើង​ គឺ​ខ្លាំង​គ្មាន​អ្វី​ទប់​បាន​ទេ ​ ព្រោះវា​ពោរពេញ​ដោយ​សម្ភារៈ​ទំនើបៗ​ ដូចជា​អាវុធ​នុយក្លេអ៊ែរ ​បំព្រួញតូច ​ព្រម​ទាំង​ មីស៊ីល​បាលីស្ទីក ​ដែល​បាញ់​ត្រង់​ចំ​គោលដៅ​មិន​ឲ្យ​ខុស ​ហើយ​អាច​បាញ់​ចេញ​ពី​នាវា​មុជទឹក​បាត​សមុទ្រ ​ ថែម​ទៀត​ផង

សកម្មភាព​ធ្វើ​សមយុទ្ធ​យោធា​របស់​កូរ៉េ​ខាង​ជើង​ នា​ពេល​នេះ ​ ​គឺ​វា​ស្រប​គ្នា ​ ជាមួយ​នឹង​ការ​ទៅ​ដល់​របស់​នាវា​មុជទឹក​បាត​សមុទ្រ​ របស់​អាមេរិក​ នៅ​កំពង់ផែ​ក្រុង​បូសាន ​របស់​កូរ៉េ​ខាង​ត្បូង។ នាវា ​មុជ​ទឹក​ USS​ Michigan ​ មាន​សមត្ថភាព​អាច​បាញ់​មីស៊ីល​បាលីស្ទីក ​និង​មីស៊ីល​ឆ្លង​ទ្វីប​ទៀត​ផង។​ កងទ័ព​ជើងទឹក​កូរ៉េ​ខាង​ត្បូង ​ ក៏បាន​ប្រកាស​ថា ​គេ​ទើប​បាន​សាកល្បង​បាញ់​គ្រាប់​ពិត​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់ ​នាវា​ចម្បាំង​របស់​អាមេរិក ​ នៅ​ភាគ​ខាង​លិច​កូរ៉េ​ខាងត្បូង ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ។ យើងឃើញ​ថា ​ទាំង​កូរ៉េខាង​ជើង ​ទាំង​កូរ៉េ​ខាងត្បូង ​ នៅតែ​បន្ត​ត្រៀម​ជើង​ព្រួល ​និង​ប្រកាស​កំញើញ​គ្នា​ ទៅវិញ​ទៅ​មក​ដដែល។
 
ចិន មាន​តួនាទី​សំខាន់​ណាស់​ ក្នុងការ​ដាក់​សំពាធ ​នឹង​ឃាត់​កូរ៉េខាងជើង

នៅថ្ងៃអង្គារ ​ ២៥​មេសា​ នេះ​ នៅ​ទីក្រុង​តូក្យូ ​ ជប៉ុន​បាន​រៀបចំ​ការ​ប្រជុំមួយ ​ ដោយ​បាន​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​នុយក្លេអ៊ែរ ​របស់​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង​ចូលរួម​ដែរ។ កម្មវត្ថុ​នៃ​កិច្ច​ប្រជុំ​នេះ ​ គឺ​ដើម្បី​ប្រមើល​មើល​ឲ្យ​បាន​ច្បាស់ ​អំពី​សមត្ថភាព ​និង​គ្រោះថ្នាក់​ពិត​ប្រាកដ ​របស់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ ថាវា​មាន​ដល់​កំរិតណា ​បើ​សិន​ជា​របប​ផ្តាច់ការ​នេះ ​ នៅ​តែ​រឹង​ទទឹង ​មិន​ព្រម​បោះបង់​មហិច្ឆិតា​នេះ​ចោល​ទេ។

ក្រោយ​ការ​ប្រជុំ ​ អ្នក​ជំនាញ​ការ​ជប៉ុន​ ក្នុង​សំណុំ​រឿង​កូរ៉េ​ខាង​ជើង​នេះ ​បាន​បញ្ជាក់​ថា ​ភាគី​ទាំង​៣ ​ជប៉ុន​ កូរ៉េ​ខាងត្បូង ​និង​អាមេរិក ​ សុទ្ធតែ​យល់​ស្រប​គ្នា ​ ថា​ចិន​មាន​តួនាទី​សំខាន់​ណាស់ ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ។ ចិន ​ត្រូវតែ​ជួយ​ ដាក់​សំពាធ​ទៅ​លើ​កូរ៉េ​ខាង​ជើង​ ដោយ​វិធី​ផ្សេងៗ​ ដូច​ជា​ត្រូវ​បញ្ឈប់​ការ​នាំចូល​ប្រេង​ឥទ្ធនៈ​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង ​ជាដើម។

យ៉ាងណាមិញ ​ បើតាម​ការ​ប្រកាស​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​ អ្នក​ជំនាញ​ការ​កម្មវិធី​នុយក្លេអ៊ែរ ​របស់​ចិន ​នឹង​ត្រូវ​ជួ​បលោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន ​ ​នៅថ្ងៃ​ពុធ​ ដើម្បី​ពិភាក្សាគ្នា​ ពី​បញ្ហា​ទាំង​អស់​នេះ។ ការ​ពិត​ទៅ​ ​ ទាំង​ចិន ​ទាំង​ជប៉ុន​ សុទ្ធ​តែ​ជា​អ្នក​ដែល​ព្យាយាម​ទប់​កុំ​ឲ្យ​បញ្ហា​នេះ​ ក្លាយ​ទៅ​ជា​សង្គ្រាម ​ព្រោះគ្មាន​នរណា​ចំណេញ​ទេ ​បើ​សិន​ជា​សង្រ្គាម​រវាង​អាមេរិក ​និង​កូរ៉េ​ខាង​ជើង​ផ្ទុះ​មែន​នោះ។

អាមេរិក  ​កំពុង​បង្ខំ​រក​ដំណោះស្រាយ ​ពុំនោះ​ទេ….
 
ក្នុង​សប្តាហ៍​នេះ ​ បើ​តាម​ការ​រំពឹង​ទុក ​ យើង​ឃើញ​ថា ​រដ្ឋាភិបាល​អាមេរិក ​ បាន​បង្កើន​យុទ្ធនាការ​ការទូត​ យ៉ាង​ខ្លាំង ​ដើម្បី​រក​ការ​គាំទ្រ ​ក្នុង​សំណុំរឿង​កូរ៉េ​ខាង​ជើង​នេះ។ ជាការ​ពិត ​ លោក​ ដូណាល់ ត្រាំ ​បាន​ប្រកាស​ថា ​ត្រូវ​បញ្ឈប់​គោល​នយោបាយ​ធ្មេញភ្នែក​ខាំមាត់ ​ទុក​បញ្ហា​ឲ្យ​ទៅ​ជា​មហារីក​ធ្ងន់ធ្ងរ។ លោក​ត្រាំ ​បាន​ទាមទារ​ថា ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ​ត្រូវត្រៀម​ខ្លួន​ ចេញ​សេចក្តី​ប្រកាស​ថ្មី​មួយ​ទៀត ​ដើម្បី​ថ្កោលទោស ​និង​ដាក់​ទណ្ឌកម្ម ​ឲ្យបាន​តឹងតែង​ទៅលើ​កូរ៉េ​ខាង​ជើង។

យ៉ាងណាមិញ ​លោក​ Rex Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ ​ពិសេស​មួយ​ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​និង​ជំនាញ​ការ​អាមេរិក​ ផ្នែក​ចារកិច្ច ​ នៅ​ថ្ងៃ​ពុធ​​ ស្តីពី​បញ្ហា​កូរ៉េ​ខាង​ជើង។ បន្ទាប់​មកទៀត ​នៅ​ថ្ងៃ​សុក្រ ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​នឹង​ដឹក​នាំការ​ប្រជុំ​ពិសេស​មួយ​ទៀត ​ រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​នៃ​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ទាំងអស់ ​ ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​នេះ។

តាម​រយៈ​កិច្ចប្រជុំ ​ទាំង​ក្នុង​ក្រប​ខណ្ឌ​រដ្ឋាភិបាល​អាមេរិក​ ទាំង​ក្នុង​ក្របខណ្ឌ​អង្គការ​សហ​ប្រជាជាតិ ​យើង​ឃើញ​ថា​រដ្ឋាភិបាល​លោក​ត្រាំ ​ ហាក់ដូច​ជា​ប្រញ៉េប​ប្រញ៉ាប់ ​និង​សកម្ម​ខ្លាំង​ណាស់ ​ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ ក្នុង​សំណុំ​រឿង​នេះ។ បញ្ហា​ចោទ ​គឺ​ថា​រុស្ស៊ី​ ដែលជា​អ្នក​យក​ជើង​រាទឹក​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េ​ខាង​ជើង។ ចិន​វិញ​ ថ្វីបើ​បាន​គាំទ្រ​ទណ្ឌកម្ម​មែន ​ តែ​ចិន​ ប្រកាស​ហើយ​ប្រកាស​ទៀត​ ថា​ត្រូ​វ​តែ​បន្ថយ​កំដៅ ​មិន​ត្រូវ​រុញ​បញ្ហា ​ឲ្យក្លាយ​ជា​សង្រ្គាម​មែនទែន​​នោះទេ។

តែ​ដូចយើង​ឃើញ​ អ្វី​ដែល​កើត​ឡើង​នៅ​ស៊ីរី​ស្រាប់ ​ រដ្ឋាភិបាល​លោកត្រាំ ​បាន​សម្រេច​ចិត្ត​ប្រើ​កំលាំង​ដោយ​ឯកឯង ​ ដោយ​មិន​ចាំបាច់​មាន​នរណា​យល់​ស្រប​ទេ។​ ដូច្នេះ ​គេ​បារម្ភ​ណាស់​ថា​ ​បើ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​បាន ​រដ្ឋាភិបាល​អាមេរិក​ អាច​នឹង​សម្រេច​យក​ជំរើស​ចុងក្រោយ​ ​ដើម្បី​ប្រាប់​ទៅ​គ្រប់​គ្នា​ថា ​អាមេរិក​នៅ​តែ​ជា​បងធំ ​ដែល​មិន​ត្រូវ​ការ​ជំនួយ រឺការ​គាំទ្រ​ពី​នរណា​ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ