អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង៖ ទណ្ឌកម្ម​សេដ្ឋកិច្ច​ចាប់ផ្តើម​អនុវត្ត

បន្ទាប់​ពី​សកម្មភាព​ព្រហើន​ជា​បន្តបន្ទាប់​របស់​កូរ៉េ​ខាងជើង ​តាម​រយៈ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​គ្រាប់​មីស៊ីល ​ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​កាល​ពី​ថ្ងៃ​ទី ​៣​មីនា ​ដែល​ទណ្ឌកម្ម​ទាំងនោះ​ត្រូវ​បាន​គេ​អះអាង​ថា​ ​ជា​ទណ្ឌកម្ម​ធ្ងន់​បំផុត​មិន​ធ្លាប់​មាន​ទេ ​សម្រាប់​ករណី​កូរ៉េ​ខាង​ជើង។ ចិន​ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បង្អស់ ​និង​ជា​អ្នក​តែងតែ​ជួយ​ការពារ​កូរ៉េ​ខាងជើង​កន្លង​មក ​ ក៏​បាន​យល់​ព្រម​លើ​ទណ្ឌកម្ម​ទាំងនេះ​ដែរ។ កាល​ពី​ថ្ងៃទី​ ៥ ​មីនា ​ហ្វីលីពីន ​ទើបតែ​បាន​ឃាត់ទុក​នាវា​ដឹក​ទំនិញ​មួយ​គ្រឿង ​ក្នុង​ដែនទឹក​របស់​ខ្លួន ​ដោយ​សំអាង​លើការ​អនុវត្ត​នៃ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ​ទៅលើ​កូរ៉េ​ខាង​ជើង។ ចំណែក​កូរ៉េ​ខាង​ត្បូង​វិញ ​បាន​សន្យា​ថា​នឹង​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​ ​លើ​កូរ៉េ​ខាង​ជើង។

គីម ជុងអ៊ុន មេដឹកនាំ​កំពូល​របស់​កូរ៉េ​ខាង​ជើ់ង
គីម ជុងអ៊ុន មេដឹកនាំ​កំពូល​របស់​កូរ៉េ​ខាង​ជើ់ង REUTERS / KCNA
ផ្សាយពាណិជ្ជកម្ម

ហ្វីលីពីន​ចាប់​នាវា​កូរ៉េ​ខាងជើង៖

តាមធម្មតា​ ប្រទេស​ទាំងអស់​ មាន​តួនាទី​សហការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ ​ក្នុងការ​អនុវត្ត​គ្រប់​សេចក្តី​សម្រេច​របស់​ស្ថាប័ន​កំពូល​នេះ។ ដូច្នេះ​ក្នុង​ករណី​នេះ ​អាជ្ញាធរ​ហ្វីលីពីន ​មាន​សិទ្ធិ​ឃាត់ ​រឺ​រឹបអូស​នាវា​របស់​កូរ៉េ​ខាងជើង ​រឺ​ក៏​ជា​នាវា ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ ​រឺក៏​សហគ្រាស ​ដែល​រកស៊ី​ជាមួយ​កូរ៉េ​ខាង​ជើង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន ​អាជ្ញាធរ​ហ្វីលីពីន​ បាន​ចាប់​ឃាត់​នាវា​ដឹក​ដូងប្រេង​មួយ​គ្រឿង ​មាន​ទំងន់​ ៦៨៣០​តោន ​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ ប៉ាឡំបាង ​ប្រទេស​ឥណ្ឌូណេស៊ី។ នាវា​នោះ​មាន​ឈ្មោះ​ថា ​Jin Teng​ ដែល​មាន​ទង់ជាតិ​ចុះ​បញ្ជីរ​នៅ​ប្រទេស​សេរ៉ាឡេអូន។ បច្ចុប្ប្បន្ននេះ​ នាវា​នេះ​ត្រូវ​ឃាត់​ទុក​នៅ​កំពង់ផែ​ ស៊ូប៊ិក ​ ភាគ​ឦសាន​ទីក្រុង​ម៉ានីល ​រឺ​ឯបុគ្គលិក ​ដែល​ធ្វើការ​នៅ​លើ​នាវា​​ ​នឹងត្រូវ​បាន​គេ​បណ្តេញ​ឲ្យ​ចាកចេញ​ ​ពី​ប្រទេស​ហ្វីលីពីន។ គេ​កំពុងតែ​រងចាំ​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ ​ដែល​នឹង​ចុះ​មក​ត្រួត​ពិនិត្យ។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​បឋម​គឺ​ថា ​នៅ​ក្នុង​នាវា​មាន​សុទ្ធតែ​ដូងប្រេង​ ​ហើយ​គេ​ពុំមាន​រកឃើញ ​សារធាតុ​គ្រោះថ្នាក់ ​រឺ​មួយ​ក៏​អាវុធ​អ្វី​ទេ។

នាវា​របស់​ក្រុមហ៊ុន ​មាន​ឈ្មោះ​ក្នុង​បញ្ជីរ​ខ្មៅ៖
សូម​បញ្ជាក់​ថា ​នាវា​ដែល​ហ្វីលីពីន​ចាប់​ជា​របស់​ប្រទេស​សេរ៉ាឡេអូន​ ​ក៏​ប៉ុន្តែ​វា​គឺ​ជា​នាវា​របស់​ក្រុមហ៊ុន​មួយ​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីរខ្មៅ ​ដែល​អង្គការ​សហប្រជាជាតិ​ បាន​ដាក់​ទណ្ឌកម្ម​ក្នុង​សំណុំ​រឿង​កូរ៉េខាង​ជើង។ ពាក្យ​ថា​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ គឺ​មាន​ន័យ​ថា ​ជា​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មនុស្ស​ម្នាក់​ មនុស្ស​មួយ​ក្រុម ​ រឺ​ក្រុមហ៊ុន​ណាមួយ ​ដែល​រកស៊ី​ជាមួយ​កូរ៉េ​ខាងជើង។ ធ្វើ​ដូច្នេះ ​ដើម្បី​បិទ​ដង្ហើម​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងជើង។ ជាក់ស្តែង ​បើ​យោង​តាម​ឯកសារ​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ ក្រុម​មនុស្ស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ​គឺ​មាន​១៦​នាក់ ​ដែល​ភាគ​ច្រើន​មាន​នៅ​អ៊ីរ៉ង់ ​ស៊ីរី​ និង​វៀតណាម។ ហើយបើ​និយាយ​ពី​ក្រុមហ៊ុន ​ដែល​រកស៊ី​ជាមួយ​កូរ៉េ​ខាង​ជើង​វិញ ​ គឺ​ភាគ​ច្រើន ​ជា​ក្រុមហ៊ុន​របស់​ចិន​តែម្តង។ ករណី​ចាប់​នាវា​ដឹក​ទំនិញ ​នៅ​ហ្វីលីពីន​នេះ ​ គឺ​ជា​លើក​ដំបូង​ហើយ ​បន្ទាប់​ពី​មាន​ការ​អនុម័ត​ជា​ឯកច្ឆ័ន​របស់​អង្គការ​សហ​ប្រជា​ជាតិ។
 

នាវាដឹកដូចប្រេង​ Jin Teng  ដែល ត្រូវ​ចាប់​ឃាត់​ទុក​​នៅ​កំពង់ផែ​​ប្រទេស​​ហ្វីលីពីន
នាវាដឹកដូចប្រេង​ Jin Teng ដែល ត្រូវ​ចាប់​ឃាត់​ទុក​​នៅ​កំពង់ផែ​​ប្រទេស​​ហ្វីលីពីន ROBERT GONZAGA / AFP

កូរ៉េ​ខាង​ត្បូង​គ្រោង​ដាក់​ទណ្ឌកម្ម​ដាច់​ដោយឡែក​បន្ថែមទៀត៖
ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​បាន​សម្រេច​ទណ្ឌកម្មរួម ​ ហើយ​ទន្ទឹម​នឹង​នេះ ​ប្រទេស​ទាំងអស់​ មាន​សិទ្ធិ​ដាក់​ទណ្ឌកម្ម​ជា​លក្ខ​ណៈឯកតោភាគី​ បន្ថែម​ទៀត ​ បើ​ខ្លួន​យល់​ថា​វា​ត្រឹមត្រូវ​ ទៅ​តាម​ស្មារតី ​នៃ​ទណ្ឌកម្ម​រួម​របស់​អង្គការ​សហប្រជាជាតិ។ កូរ៉េ​ខាងត្បូង ​មិនមែន​ជា​អ្នក​ទីមួយ​ទេ ​ ដែល​ធ្វើ​បែប​នេះ។ ជប៉ុន​ក៏ធ្លាប់ ​ដាក់​ទណ្ឌកម្ម​ដាច់​ដោយឡែក ​តែ​ម្នាក់​ឯង ​ទៅលើ​កូរ៉េ​ខាងជើង​ដែរ។

សម្រាប់​ពេលនេះ ​ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ​មិន​ទាន់​បាន​បញ្ជាក់​លំអិត​ថា ​ទណ្ឌកម្ម​ដាច់​ដោយឡែក​ ដែល​គេ​គ្រោង​នឹង​ដាក់​នោះ​ មាន​អ្វី​ខ្លះ​ទេ។ ប៉ុន្តែ​បើ​យោង​តាម​ ទីភ្នាក់ងារ​ព័ត៌មាន ​យុនហាប់ ​បាន​ឲ្យ​ដឹង​ថា​ កូរ៉េ​ខាង​ត្បូង​អាច​នឹង​ហាមឃាត់​ គ្រប់​នាវា​ដឹក​ទំនិញ​ទាំងអស់ ​ដែល​ធ្លាប់​ចូល​ចត​នៅ​កូរ៉េ​ខាង​ជើង ​ មិន​ឲ្យ​ចូល​ឆ្លងកាត់​ច្រក​សមុទ្រ​របស់​កូរ៉េ​ខាងត្បូង​ទេ។ ទីភ្នាក់ងារ​ដដែល​រាយការណ៍​ថា​ កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​បញ្ជីរ​ខ្មៅ​មួយដែរ ​ដើម្បី​ចុះ​ឈ្មោះ​មនុស្ស​ជនជាតិ​កូរ៉េ​ខាង​ជើង ​រឺ​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង ​ដែល​គេ​សង្ស័យថា​បាន​ចូល​រួម​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។

សមយុទ្ធយោធា កូរ៉េខាងត្បូង-អាមេរិក៖
ដោយឡែក ​កូរ៉េខាងត្បូង​និង​អាមេរិក​ គ្រោង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ ក្នុង​ពេល​ឆាប់ៗ​នេះ។ សមយុទ្ធយោធា​នេះ ​មាន​ពីរ​ដំណាក់​កាល។ តំណាក់កាល​ទីមួយ ​ដែល​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ទី៧មីនា​ មាន​ឈ្មោះ​ថា​ Key Resolve ​ជា​សមយុទ្ធ​ដែល​ប្រើប្រាស់​តែ​ប្រព័ន្ធ​ម៉ាស៊ីន​កុំព្យូទ័រ​ទេ។ ដំណាក់កាល​ទី​ពីរ​ គឺ​ឈ្មោះ ​Foal Eagle ​ដែល​ប្រើប្រាស់​កម្លាំង​កុម្មង់ដូ​ពិសេស ​ប្រើប្រាស់​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ​និង​នាវា​មុជ​ទឹក​បាទ​សមុទ្រ​ជា​ដើម។ បើតាម​ការ​ឲ្យ​ដឹង ​សមយុទ្ធ​លើក​នេះ ​ គឺ​មាន​ទាហាន​អាមេរិក​ចូលរួម ​លើស​កាល​ពី​ឆ្នាំ​២០១៥ ​ដល់​ទៅ​៤ដង​ឯនោះ ​ពោល​គឺ​មាន​ទាហាន​អាមេរិក​ចូលរួម​ប្រមាណ​ជា​ ១៥០០០​នាក់។

ទណ្ឌកម្ម​អាច​ធ្វើ​ឲ្យ​របប​ព្យុងយ៉ាង​កាន់តែ​ទ័លច្រក ​និង​កម្រោល​ចូល៖
បញ្ហា​នេះ​តែងតែ​​ត្រូវ​គេ​ចោទ​សួរ​ជា​រឿយៗ ​ ឲ្យតែ​មាន​ការ​ដាក់​ទណ្ឌកម្ម​ម្តងៗ។ បើ​យើង​និយាយ​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច ​គឺ​វា​មាន​ប្រសិទ្ធភាព ​មិន​អត់​តែ ​ គ្រាន់តែ​ប្រសិទ្ធិភាព​នោះ ​ ​វា​ប៉ះពាល់​កម្រិត​ណា ​ទៅ​លើ​កូរ៉េ​ខាង​ជើង។ ករណី​កូរ៉េ​ខាងជើង ​ ​វា​ខុស​ពី​ករណី​អ៊ីរ៉ង់។ អ៊ីរ៉ង់​ មាន​សេដ្ឋកិច្ច​រំពឹង​ច្រើន​ទៅ​លើ​ការ​នាំប្រេង​ចេញ ​ហើយ​នឹង​មាន​ចរាចរណ៍​ភាគ​ហ៊ុន ​នៅ​លើ​ទីផ្សារ​បរទេស​ទៀត។ ដូច្នេះ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​អ៊ីរ៉ង់។

ប៉ុន្តែ​សម្រាប់​កូរ៉េ​ខាងជើង ​ គឺ​វា​ពុំសូវ​មាន​ចរាចរណ៍​ភាគហ៊ុន ​រឺ​ក៏​កំចី​ឥណ្ឌទាន ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ច្រើន​ទេ។ ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ទៅ​បាន ​ តែ​ទៅ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​ ដែល​រកស៊ី ​នាំចូល​ទំនិញ​ទៅ​កូរ៉េ​ខាងជើង​តែ​ប៉ុណ្ណោះ។​ ម្យ៉ាង​វិញទៀត ​របប​ផ្តាច់ការ​ព្យុង​យ៉ាង ​តាំងពី​ដើម​មក​ ​មិន​ដែល​ខ្វល់​ពី​បញ្ហា​សេដ្ឋកិច្ច​ប្រជាជន​ខ្វះ​ស្បៀង ​រស់នៅ​វេទនា​ស្អី​ទេ។​ របប​នេះជា​របប​ផ្តាច់ការ​ពេញ​ទី ​ សុខចិត្ត​ឲ្យ​ប្រជាជន​ស្លាប់ ​ តែ​មិន​សុខ​ចិត្ត​បាក់មុខ​ទេ។ ផ្ទុយទៅ​វិញ ​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ​ដែល​រកស៊ី​ជាមួយ​កូរ៉េ​ខាង​ជើង ​ គឺ​វា​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រជាជន​កូរ៉េ​ខាងជើង ​ដោយសារ​តែ​វា​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ខ្សត់​ទំនិញ​ ខ្វះ​ស្បៀង ​ខ្វះ​សម្ភារៈ​ប្រើប្រាស់ ​ស្បៀង​អាហារ​ឡើង​ថ្លៃ​ជាដើម។

អ្នក​ដែល​គេ​រិះគន់​គេ​ថា ​ចង់​ដាក់​ទណ្ឌកម្ម​លើ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង ​តែ​ប្រជាជន​កូរ៉េ​ខាងជើង​ទេ ​ដែល​ជា​អ្នក​វេទនា។ តែ​បើ​និយាយ​ម្យ៉ាងទៀត ​គឺ​ថា​របប​ផ្តាច់ការ​នេះ​ យក​ប្រជាជន​ខ្លួនឯង​ធ្វើ​ខែល ​ ដើម្បី​ការពារ​ខ្លួន។ ដូច្នេះ​ហើយ ​បានជា​គេ​បារម្ភ​ថា ​ទណ្ឌកម្ម​ទាំងអស់​នេះ ​វា​នឹង​ជម្រុញ​ឲ្យ​គីម ជុងអ៊ុន ​កាន់តែ​មួរម៉ៅ ​កាន់តែ​ឡើង​ចាង។ ចំណុច​មួយ​ទៀត​គួរ​លើកឡើង​ដែរ​ ​គឺ​ថា​លើកនេះ ​ចិន​ក៏​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​នឹង​គេ​ដែរ ​ដូច្នេះ​កូរ៉េ​ខាងជើង​ប្រាកដ​ជា​មាន​អារម្មណ៍​ឯកោ ​និង​ទល័​ច្រក ​ដែលគេ​គ្រប់​គ្នា ​ព្រួតគ្នា​ដាក់​ទណ្ឌកម្ម​លើខ្លួន។ មនុស្ស​យើង​តែ​កាល​ណា​ទ័លចក្រ​​ គឺ​អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ