rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន ប្រែប្រួល​អាកាសធាតុ ពាណិជ្ជកម្ម គមនាគមន៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការឡើង​កំដៅ​ផែនដី​ជួយ​ឲ្យ​កប៉ាល់ទំនិញ​ចិន​រកឃើញ​ផ្លូវកាត់​ថ្មី

media
កប៉ាល់​ដឹក​ទំនិញ​រុស្ស៊ី​ដែល​ជាប់កក នៅប៉ូល​ទឹកកក​ខាងជើង អាក់ទិក​ AFP PHOTO / ANDREY GOLOVANOV

ការឡើង​កំដៅ​នៃ​ភពផែនដី​មិនមែន​សុទ្ធ​តែ​ផ្តល់​ផលអាក្រក់ អវិជ្ជមាន​ទាំងស្រុង​នោះទេ។ យោង​ទៅតាម​កាសែត​ចិន ចុះផ្សាយ នៅថ្ងៃ​ពុធ​ម្សិលមិញ ការឡើង​កំដៅ​ផែនដី​នឹងជួយ​ឲ្យ​ចិន​បាន​ទទួល​ប្រយោជន៍​ច្រើន​នៅក្នុង​ដំណើរ​ដឹកជញ្ជូន​ទំនិញ តាម​ផ្លូវទឹក។ តាម​កាសែត​ចិន ដែល​ដកស្រង់​សំដី​របស់​មន្រ្តី​រដ្ឋបាល​សុវត្ថិភាព​ជើងទឹក ទីក្រុង​ប៉េកាំង​គ្រោង​នឹង​ប្រើផ្លូវទឹក​នៅ​ប៉ូល​អាក់ទិក ដើម្បី​ធ្វើ​ជា​ផ្លូវកាត់ ពី​មហាសមុទ្រ​អាត្លង់ទិក ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ព្រែកជីក​ប៉ាណាម៉ា​ដូចមុន។

 


ចិន​ដែល​មហាអំណាច​ពាណិជ្ជកម្ម​ទី១ ក្នុង​ពិភពលោក គន់គូរ​ខ្លាំងណាស់​ពី​ផលប្រយោជន៍ មុខចំណេញ។ តាម​កាសែត​រដ្ឋចិន ទីក្រុង​ប៉េកាំង​កំពុង​ជំរុញ​លើកទឹកចិត្ត​ក្រុមហ៊ុន​ដឹកទំនិញ​ចិន ឲ្យ​ប្រើប្រាស់​ផ្លូវទឹក​ថ្មី នៅ​ប៉ូល​ទឹកកក​អាក់ទិក ដើម្បី​ពង្រួញ​ការធ្វើដំណើរ​ពី​មហាសមុទ្រ​អាត្លង់ទិក ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

 
អស់​រាប់​សតវត្សរ៍​មកហើយ អ្នករុករក​អឺរ៉ុប​ជាច្រើន​បាន​ស្វែងរក​ផ្លូវ​ឆ្លង​កាត់​ប៉ូល​ទឹកកក​អាក់ទិក ដើម្បី​សម្រួល និង​ចំណេញ​ពេលវេលា ក្នុង​ការធ្វើដំណើរ​ផ្លូវកាត់​ពី​ភាគខាងកើត​អាមេរិក​ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប៉ុន្តែ រាល់​ការរុករក​ត្រូវ​ជួប​បរាជ័យ ដោយ​ជា​ញឹកញយ ផ្លូវទឹក​នៅ​ប៉ូល​អាក់ទិក​ត្រូវ​ជួបឧបសគ្គ បុក​នឹង​វាលទឹកកក កម្រាស​រាប់​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​កប៉ាល់ នាវា​គាំង​មិនអាច​ធ្វើដំណើរ​ទៅមុខបាន។ ជាទូទៅ គេ​មិនអាច​ប្រើប្រាស់​ផ្លូវទឹក​នៅ​ប៉ូល​អាក់ទិក ប៉ុន្តែ ការឡើង​កំដៅ​ផែនដី និង​ការរលាយ​បែក​ដុំទឹកកក បង់គីស បាន​បង្កើត​ចេញ​ជា​ផ្លូវទឹក នៅ​ប៉ូល​អាក់ទិក។

ចិន​ដែល​រហូតមកដល់​ពេលនេះ ចំណាយពេល​វេលា​ច្រើន សម្រាប់​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក ពី​ភាគខាងកើត​អាមេរិក​ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​ឆ្លងកាត់​ព្រែកជែក​ប៉ាណាម៉ា បាន​មើល​ឃើញ​ពី​កត្តា​អំណោយផល​ខាងលើ ដើម្បី​ជំរុញ​ការដឹកជញ្ជូន និង​ការដោះដូរ​ពាណិជ្ជកម្ម​របស់​ខ្លួន។ តាម​កាសែត​រដ្ឋ​ចិនChina Daily រដ្ឋបាល​សុវត្ថិភាព​ជើងទឹក​ចិន ទើប​បាន​បោះពុម្ព​សៀវភៅ​មគ្គុទេសន៍​មួយ ដែល​នៅក្នុង​នោះ មាន​ផែនទី រួមទាំង​ការពន្យល់​ពី​ស្ថានភាព​ទឹកកក នៅតាម​ផ្លូវ​ក្នុង​ប៉ូល​ទឹកកក​អាក់ទិក។ តាម​លោក​លាវ ប៉េងហ្វី អ្នកនាំពាក្យ​របស់​រដ្ឋបាល​សុវត្ថិភាព​ជើងទឹក ទៅ​ថ្ងៃ​អនាគត នៅពេល​គេ​ប្រើប្រាស់​កាន់តែ​ច្រើន​ផ្លូវទឹក​នៅ​ប៉ូល​ទឹកកក​អាក់ទិក នោះ ផ្លូវទឹក​នៅ​ប៉ូលទឹកកក​អាក់ទិក​នឹង​ចូលរួម​ផ្លាស់ប្តូរ​របៀប​ដឹកជញ្ជូន​នៅក្នុង​ពិភពលោក។ វា​នឹង​មាន​ឥទ្ធិពល​ផងដែរ​ទៅលើ​ការជួញដូរ​ពាណិជ្ជកម្ម អន្តរជាតិ សេដ្ឋកិច្ច​ពិភពលោក លំហូរទុន ហើយ​និង​ការធ្វើ​អាជីវកម្ម​លើ​ប្រភព​ធនធាន​ធម្មជាតិ។

ផ្លូវទឹក​ដែល​គេ​ដាក់​ឈ្មោះថា កន្លែង​ឆ្លងកាត់​ភាគ​ពាយ័ព្យ ស្ថិតនៅ​ប៉ែក​ខាងជើង​ប្រទេស​កាណាដា។ កាណាដា​បាន​ចាត់ទុក​ផ្លូវទឹក​នេះ​ថា ជា​ផ្នែក​មួយ​នៃ​ដែនទឹក​សមុទ្រ​របស់ខ្លួន ប៉ុន្តែ ជំហរ​នេះ​ត្រូវ​បាន​ប្រទេស​មួយចំនួន​បដិសេធ​មិន​ទទួលស្គាល់ និង​ចាត់ទុក​ថា ផ្លូវទឹក​នេះ​ស្ថិតនៅ​ក្នុង​តំបន់​ទឹក​អន្តរជាតិ។ ទីក្រុង​ប៉េកាំង​វិញ នៅមិនទាន់​មាន​យោបល់​យ៉ាងណា​ចំពោះ​ការទាមទារ​របស់​កាណាដា​នៅឡើយទេ។ ប៉ុន្តែ ចិន​ដែល​គ្មាន​ព្រំដែន និង​គ្មាន​សិទ្ធិ​ទាមទារ​គ្រប់គ្រង​ប៉ូល​ទឹកកក​អាក់ទិក បាន​ទទួល​សិទ្ធិ​នៅ​ឆ្នាំ ២០១៣ ក្នុង​នាម​ជា​អ្នកសង្កេតការណ៍ ក្នុង​ក្រុមប្រឹក្សា​តំបន់​អាក់ទិក ដែល​ជា​វេទិកា​សហប្រតិបត្តិការ​អន្តររដ្ឋាភិបាល៕