អាហ្វហ្កានីស្ថាន៖ ភេរវកម្មនៅសាលានាយទាហានក្រុងកាប៊ូល ស្នាដៃក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១២
នៅអាហ្វហ្កានីស្ថាន មានអំពើភេរវកម្មមួយទៀត ទើបបានកើតឡើង នៅព្រឹកថ្ងៃចន្ទទី ២៩មករានេះ ដោយក្រុមភេរវជនមួយក្រុម បានចូលទៅបំផ្ទុះគ្រាប់បែក និងវាយប្រហារទៅលើ សាលានាយទាហាន ដ៏ធំបំផុត នៅរដ្ឋធានីកាប៊ូល។ នេះគឺជាភេរវកម្ម លើកទី៣ ហើយ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ដែលបានកើតឡើងនៅអាហ្វាហ្កានីស្ថាន។ ប៉ុន្មានម៉ោងក្រោយ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានប្រកាសថា ការវាយប្រហារនៅសាលានាយទាហាន នៅព្រឹកថ្ងៃទី២៩ មករា គឺជាស្នាដៃរបស់ពួកគេ។ គួរកត់សំគាល់ថា អាហ្វហ្កានីស្ថាន កំពុងតែត្រូវយាយី ដោយក្រុមឧទ្ទាមតាលីបង់ផង និងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ដែលក្រុមទាំងពីរនេះ ហាក់កំពុងតែប្រជែងគ្នា ធ្វើភេរវកម្មសម្លាប់មនុស្ស សឹងតែគ្មានលោះថ្ងៃណាឡើយ។
១០ថ្ងៃ ភេរវកម្ម៣ដង
ពីមួយថ្ងៃ ទៅមួយថ្ងៃ ស្ថានភាពសន្តិសុខ នៅអាហ្វហ្កានីស្ថាន ជាពិសេស នៅរដ្ឋធានីកាប៊ូល ផ្ទាល់តែម្តង គឺកាន់តែមានភាពវឹកវរខ្លាំងទៅៗ។ កាលពីថ្ងៃទី ២០មករា មានភេរវកម្ម១កើតឡើងនៅ សណ្ឋាគារ Intercontinental ក្រុងកាប៊ូល មានស្លាប់២៥នាក់ បន្ទាប់មកទៀតនៅថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ នៅក្រុងកាប៊ូលដដែល មានភេរវកម្ម ដាក់គ្រាប់បែកបំផ្ទុះរថយន្តក្រុង ស្លាប់ដល់ទៅ១០៣នាក់ និងរបួសជាង២០០នាក់ទៀត។
ចំណែកភេរវកម្មទី៣នៅព្រឹកថ្ងៃចន្ទ ទី២៩មករានេះ កើតឡើងនៅសាលានាយទាហាន Maréchal Fahim ដែលជាបណ្ឌិតសភា បណ្តុះបណ្តាយនាយទាហាន ដ៏ធំបំផុតរបស់អាហ្វហ្កានីស្ថាន។ សាលានេះ មានទំហំប្រមាណជា៤០ហិកតា ហើយមានទីតាំងស្ថិតនៅខាងលិច ក្រុងកាប៊ូល។ ក្រុមភេរវជនមួយក្រុម មានគ្នា៥នាក់ បានសម្រុកចូលទៅ ប្រមាណជាម៉ោង ៥ព្រឹក ដោយបានដាក់គ្រាប់បែកបំផ្ទុះសម្លាប់ខ្លួនឯង នៅខាងមុខច្រកចូល។
បើតាមការឲ្យដឹង ពីសំណាក់ អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្កានីស្ថាន គឺពួកភេរវជន បានសំដៅវាយប្រហារទៅលើកងពលតូច លេខ១១១ ដែលមានតួនាទីយាមកាមសន្តិសុខសាលានាយនាយទាហាន ហើយដែលមានបន្ទាយនៅក្បែរច្រកចូលនោះតែម្តង។ អ្នកនាំពាក្យដដែល បានបញ្ជាក់ ភេរវជន២នាក់បានស្លាប់ ដោយការបំផ្ទុះគ្រាប់បែកខ្លួនឯង ២នាក់ទៀត ត្រូវទាហានអាហ្វហ្កានីស្ថាន បាញ់សម្លាប់ និងម្នាក់ទៀត ត្រូវគេចាប់បានទាំងរស់។ ចំណែកខាងកងទ័ពអាហ្វហ្កានីស្ថានវិញ មានស្លាប់ ៥នាក់។
សូមបញ្ជាក់ដែរថា សាលានាយទាហាន Maréchal Fahim នេះ បានរងការវាយប្រហារភេរវកម្មជាច្រើនលើកមកហើយ។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ២០១៧ រថយន្តដឹកសិស្សទាហានស្រី ដែលទើបតែចូលថ្មី នៅខាងមុខច្រកចូលតែម្តង ដោយសិស្សទាំង១៥នាក់ ត្រូវស្លាប់ទាំងអស់ ដោយសារគ្រាប់បែកអត្តឃាតរបស់ពួកតាលីបង់។
ស្នាដៃ របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម!
បើតាមការប្រកាសរបស់គេហទំព័រ Amaq ដែលជាបណ្តាញផ្លូវការរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម គឺភេរវកម្មនៅថ្ងៃចន្ទនេះ គឺជាស្នាដៃរបស់គេ។ ជាការពិត កន្លងមក នៅកាប៊ូល ជាដែនដី ធ្វើប្រតិបត្តិការរបស់ក្រុមតាលីបង់។ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានចាប់ផ្តើមចេញមុខ នៅរវាងឆ្នាំ២០១៤ នៅភាគខាងកើតអាហ្វហ្កានីស្ថាន ជាប់នឹងព្រំដែន ជាមួយប៉ាគីស្ថាន។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១៦មក ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានរំកិលខ្លួនបន្តិចម្តងៗ មកធ្វើភេវកម្មនៅកាប៊ូលដែរ។ បើគិតចាប់ពីពាក់កណ្តាលឆ្នាំ២០១៦មក គឺលើកនេះជាលើកទី១៩ហើយ ដែលក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានធ្វើភេរវកម្មនៅកាប៊ូល។
ភេរវកម្មរបស់ក្រុមនេះ គឺជាទូទៅសំដៅវាយប្រហារ ទៅលើសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និកាយឈីអ៊ីត ឬអ្នកកាន់សាសនាគ្រិស្តជាដើម។ តែទន្ទឹមនឹងនេះ ក្រុមជីហាតនេះ ក៏បានសំដៅវាយប្រហារ កងកម្លាំងអាជ្ញាធរអាហ្វហ្កានីស្ថានដែរ។
សាខារបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅអាហ្វហ្កានីស្ថាននេះ ត្រូវពួកវាដាក់ឈ្មោះថា El Khorasan។ សមាជិកក្រុមនេះ គឺមានជាអាថទិ ពួកអតីតតាលីបង់ រួមជាមួយក្រុមជីហាតមកពីប៉ាគីស្ថានខ្លះ និងមកពីតំបន់អាស៊ីកណ្តាលខ្លះ។ បើតាមអ្នកជំនាញ គឺជឿថា ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅអាហ្វហ្កានីស្ថាននេះ ពិតជាមានទំនាក់ទំនង ជាមួយនឹងក្រុមធំ ដែលមានប្រភពនៅស៊ីរី និងអ៊ីរ៉ាក់។ យ៉ាងណាមិញ គេក៏សង្កេតឃើញថា បច្ចុប្បន្ននេះ មានជនជីហាត រត់បាក់ទ័ពពីស៊ីរី និងពីអ៊ីរ៉ាក់ ទៅសំងំនៅអាហ្វហ្កានីស្ថានដែរ។
ក្រុងកាប៊ូល សំបុកថ្មី របស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម
បើតាមប្រសាសន៍លោក Borhan Osman អ្នកវិភាគម្នាក់នៅ International Crisis Group បានលើកឡើងថា នៅរដ្ឋធានីកាប៊ូល ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនេះ មិនមានការលំបាកច្រើនទេ ក្នុងការប្រមូលអូសទាញមនុស្ស ឲ្យជឿលង់តាមទ្រឹស្តីខ្មៅងងិតរបស់ពួកវា ។ លោកថា បើតាមប្រភពពីអាជ្ញាធរស៊ើបការណ៍អាហ្វហ្កានីស្ថាន នៅក្រុងកាប៊ូលបច្ចុប្បន្ននេះ មានសំបុកក្រុមជីហាតនេះ មិនតិចជាង២០សំបុកទេ។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៀតនោះ លោកបានបន្ថែមថា អ្នកដែលស្ម័គ្រចិត្តមកបំរើក្រុមព្រៃផ្សៃនេះ គឺមិនមែនមនុស្សក្រីក្រ គ្មានចំណេះដឹងអីណាទេ គឺក្រុមយុវជនក្មេងៗ នៅក្នុងក្រុង ដែលបានរៀនសូត្រ មានទូរស័ព្ទទំនើប ភ្ជាប់បណ្តាញអ៊ីនធើនែត ប្រើនេះតែម្តង។
បើតាមការស្រាវជ្រាវរបស់លោក យុវជនអាហ្វហ្កានីស្ថាន នៅក្រុងកាប៊ូល កាន់តែមានទំនោរហិង្សា និងជ្រុលនិយមកាន់តែខ្លាំងទៅៗ។ ហើយក្រុមទាំងនេះ ស្គាល់ក្រុងកាប៊ូលយ៉ាងច្បាស់ ហើយស្គាល់ពីចំណុចខ្សោយ របស់អាជ្ញាធរអាហ្វហ្កានីស្ថាន ទៀតផង ដែលរឹតតែធ្វើឲ្យមានភាពងាយស្រួល ដល់ការបើកការវាយប្រហារ។ ជាក់ស្តែងភេរវកម្ម កាលពីថ្ងៃទី ៣១ ឧសភា ឆ្នាំទៅមិញ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ដល់ទៅ១៥០នាក់ និងរបួសជាង៣០០នាក់។ ភេរវកម្មនេះ គឺក្រុមដ៏ព្រៃផ្សៃនេះ បានដាក់គ្រាប់បែកបំផ្ទុះក្នុងរថយន្តកាមីញ៉ុង នៅតំបន់ប្រជុំជនមួយ ក្នុងក្រុងកាប៊ូល ដែលមានការយាមកាមសន្តិសុខ យ៉ាងតឹងតែងជាទីបំផុត តែក្រុមនេះនៅតែធ្វើបានសម្រេច។
រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ទឹកដល់ច្រមុះ
ណាក្រុមឧទ្ទាមតាលីបង់ ណាក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ពេលខ្លះ គឺសឹងតែនិយាយថា រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ហាក់ទំលាក់ដៃ ព្រោះអស់សង្ឃឹមទៅហើយ។ រឿងអស់សង្ឃឹមជារឿងមួយ តែធាតុពិតបញ្ហាចោទ ក៏អាចមកពីរដ្ឋាភិបាលអាហ្វហ្កានីស្ថានខ្លួនឯង ដែលគ្មានសមត្ថភាព គ្មានការរៀបចំត្រឹមត្រូវ ដើម្បីការពារសន្តិសុខ ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មទាំងនេះទេ។ កន្លងមក អាហ្វហ្កានីស្ថាន រំពឹងទាំងស្រុង ទៅលើកម្លាំងការពាររបស់កងទ័ពអាមេរិក។ ឥឡូវកងទ័ពអាមេរិក ដកចេញទៅវិញសឹងតែទាំងអស់ហើយ។ ក៏ប៉ុន្តែមន្ត្រីនគរបាល និងយោធាអាហ្វហ្កានីស្ថាន ពុំមានលទ្ធភាពការពារសន្តិសុខ ដោយប្រសិទ្ធិភាពនោះទេ។
កុំថាឡើយដល់ទៅតំបន់ដែលគ្មានការពារ សូម្បីទីតាំងបន្ទាយទាហាន ឬសង្កាត់ ដែលមានស្ថានទូតបរទេសច្រើន ដែលសម្ថកិច្ចយាមស្អេកស្កះ ក៏បណ្តោយឲ្យរបូតគ្រាប់បែកផ្ទុះបានដែរ។ ជាក់ស្តែង ភេរវកម្មបំផ្ទុះរថយន្តសង្រ្គោះបន្ទាន់ ក្នុងទីលានមន្ទីរពេទ្យក្រុងកាប៊ូល ថ្ងៃសៅរ៍ទី ២៧ មករា កន្លងទៅ។ តាមរូបភាពថតបាន គេឃើញរថយន្តបង្កហេតុ២គ្រឿង បានបើកចូលទៅ ឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យ ពីមួយទៅមួយ ដោយពុំមាននរណាសង្ស័យឬឆែកឆេរអ្វីទេ។
ក្រោយហេតុការណ៍ផ្ទួនៗគ្នាទាំងនេះ រដ្ឋសភាអាហ្វហ្កានីស្ថាន ក៏បានលាន់មាត់ដែរថា ម្តេចក៏អាជ្ញាធររដ្ឋ អន់ដល់ម្លឹង? ក្រៅតែពីភាពអសកម្ម របស់ក្រុមស៊ើបការណ៍សំងាត់ អាហ្វហ្កានីស្ថាន នៅមានបញ្ហាមួយទៀត គឺការប្រជែងនយោបាយគ្នា នៅថ្នាក់លើ ដើម្បីដណ្តើមកៅអីប្រធានាធិបតី អាណត្តិក្រោយ។ លោកប្រធានាធិតី Ashraf Ghani ដែលមកពីក្រុមជនជាតិ Pachtoun ត្រូវប្រជែងជាមួយលោកនាយករដ្ឋមន្ត្រី Abdullah Abdullah ដែលមកពីក្រុមជនជាតិ Tadjike។ ការប្រជែងដណ្តើមអំណាច ប្រកាន់គ្នា ប្រចាំគ្នា រវាងក្រុមជនជាតិទាំង២នេះ គឺមានតាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម នៅតាមស្ថានប័នរដ្ឋទាំងអស់។ ទាំងអស់នេះហើយដែលគួបផ្សំគ្នា ធ្វើឲ្យរដ្ឋអាហ្វហ្កានីស្ថាន ពុំមានឯកភាព និងសមត្ថភាពគ្រប់គ្រាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ