អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោហៈកម្រ អាច​ក្លាយ​ជា​អាវុធ​របស់ចិន ក្នុង​ការ​ធ្វើបាប​បច្ចេកវិទ្យា​អាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន កំពុងកើនកំដៅកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានហាមឃាត់ ក្រុមហ៊ុន​របស់​ខ្លួនទាំងអស់ មិនឲ្យលក់​បច្ចេកវិទ្យា ឬក៏ផលិតផលទៅឲ្យ​ក្រុមហ៊ុន Huawei។ នៅថ្ងៃពុធ​ ទី​២៩ឧសភានេះ បណ្តាញសារព័ត៌មានចិន បានចុះផ្សាយ​យ៉ាងព្រោងព្រាត ថាចិនអាចធ្វើបាបអាមេរិកវិញ បានយ៉ាងងាយ ដោយគ្រាន់តែកាត់បន្ថយការនាំចេញ ឬក៏លែងលក់​ លោហៈកម្រ​ ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក។​ តើ​លោហៈកម្រ អាចក្លាយជាអាវុធវាយបករបស់ចិន ទៅលើអាមេរិកវិញ ឬក៏យ៉ាណា ?

រូបត្លុក​បង្ហាញអំពី ​លោកដូណាល់ត្រាំ អូសដៃ Androïd ឲ្យឈប់​លេងចូល​ជាមួយ ជាមួយ Huawei
រូបត្លុក​បង្ហាញអំពី ​លោកដូណាល់ត្រាំ អូសដៃ Androïd ឲ្យឈប់​លេងចូល​ជាមួយ ជាមួយ Huawei RFI
ផ្សាយពាណិជ្ជកម្ម

កាលពីសប្តាហ៍មុននេះ លោក ស៊ី ជីនពីង បានអញ្ជើញទៅកាន់ស្ថានីយ៍រុករករ៉ែកម្រ​ មួយកន្លែង។ នៅក្នុងឱកាសនោះ លោកប្រធានាធិបតីចិន បានលើកឡើងថា៖ “រ៉ែលោហៈកម្រ គឺជាធនធានធម្មជាតិ ដែលមានតម្លៃជាយុទ្ធសាស្ត្រ។ ដើម្បីឲ្យយើងរឹងមាំ គ្មាននរណាយកឈ្នះបាន គឺទាល់តែយើងមានបច្ចេកវិទ្យាកំពូល និងឯករាជម្ចាស់ការ”។

សម្តីទាំងប៉ុន្មានម៉ាត់ របស់លោក ស៊ី ជីនពីងនេះ បានធ្វើឲ្យមានការចុះផ្សាយព្រោងព្រាត ថា ចិនអាចនឹងប្រើប្រាស់ រ៉ែលោហៈកម្រនេះ ជាអាវុធធ្វើបាបបច្ចេកវិទ្យារបស់អាមេរិក។ កាសែត Global Times របស់ចិន បានចុះផ្សាយថា៖ “រដ្ឋាភិបាលចិន កំពុងតែពិចារណាយ៉ាងម៉ដ្ឋចត់ ក្នុងការកាត់បន្ថយការនាំចេញរ៉ែលោហៈកម្រ”។

ចំណែកកាសែត ដំណឹងប្រចាំថ្ងៃនៃប្រជាជន ដែលជាកាសែតផ្លូវការរបស់គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានចុះផ្សាយអត្ថបទមួយ ដោយដាក់ចំណងជើងថា៖ “អាមេរិក កុំចង់មើលស្រាលកម្លាំងវាយបក របស់ចិនឲ្យសោះ!។ កុំថាចិនមិនបានប្រាប់មុនឲ្យសោះ!​ ក្នុងសង្រ្គាមពាណិជ្ជកម្ម គ្មានភាគីណានឹងឈ្នះនោះទេ។​ ដូច្នេះ សូមភាគីចរចារបស់អាមេរិក កុំមកចង់មើលស្រាលកម្លាំងរបស់ចិន ក្នុងការវាយបកវិញ”។ អត្ថបទកាសែតនេះ ចោទសួរថា៖ “តើចិននឹងប្រើ រ៉ែលោហៈកម្រ ជាអាវុធសងសឹក ទៅលើអាមេរិក​វិញដែរឬទេ? ចម្លើយ គឺគ្មានអ្វីគួរឲ្យសង្ស័យសោះឡើយណា​!

ដូចគ្នាដែរ កាលពីថ្ងៃអង្គារ ទី​២៨ឧសភា លោកអគ្គនាយកភ្នាក់ងាររៀបចំផែនការសេដ្ឋកិច្ចរបស់ចិន បានចេញផ្សាយសេចក្តីប្រកាសមួយ ក្នុងន័យសំដៅចំៗ ទៅលើអាមេរិក ថា៖ “បើអ្នកណា ហ៊ានយកផលិតផល ដែលផលិតបានដោយប្រើវត្ថុធាតុដើម លោហៈកម្ររបស់ចិន ហើយយកផលិតផលនោះ មកធ្វើបាបចិនវិញ នោះប្រជាជនចិន ច្បាស់ជាមិនអាចអត់ទ្រាំបានទេ”

 

ចិនជាអ្នកផ្គត់ផ្គង់លោហៈកម្រ ៩០%នៃតំរូវការពិភពលោក

លោហៈកម្រ គឺជាធនធានរ៉ែ ដែលក្នុងនោះមានលោហៈចំនួន​១៧មុខ​ផ្សំគ្នា។ លោហៈទាំងនេះ មានសារៈសំខាន់ណាស់ ព្រោះវាជាវត្ថុធាតុដើម យកទៅផលិតជាធាតុផ្សំតូចៗ នៅក្នុងឧបករណ៍បច្ចេកវិទ្យាទំនើបបច្ចុប្បន្ន រាប់ចាប់តាំងពី ទូរសព័្ទដៃស្មាតហ្វូន ទូរទស្សន៍​កញ្ចក់ប្លាស្មា រថយន្តដើរដោយប្រព័ន្ធអគ្គិសនី ហើយព្រមទាំងសម្ភារៈអាវុធយុទ្ធភ័ណ្ឌ ផងដែរ។

បច្ចុប្បន្ននេះ ចិនជាអ្នកនាំចេញ រ៉ែលោហៈកម្រនេះ ចំនួន៩០% នៃតម្រូវការរបស់ពិភពលោកទាំងមូល។ ដូចយើងដឹងហើយ ថាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបធំ គឺភាគច្រើន ជារបស់អាមេរិក។ ៨០%​នៃតម្រូវការរ៉ែលោហៈកម្រ របស់អាមេរិក រវាងឆ្នាំ២០១៤ ដល់ ២០១៧ គឺអាមេរិកនាំចូល​ពីចិន។ ដូច្នេះ បើចិន កាត់បន្ថយការនាំចេញ ឬក៏បិទ លែងលក់ទៅឲ្យអាមេរិក មានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មិនអាចផលិត​ធាតុផ្សំសំខាន់ៗបានទេ។

យ៉ាងណាមិញ លោក James Kennedy ប្រធាន ThREE Consulting បានសរសេរអត្ថបទមួយ ចុះផ្សាយក្នុងកាសែត National Defense នៅអាមេរិកថា បើចិនចង់ធ្វើមែននោះ គឺចិនអាចពន្លត់ម៉ាស៊ីនរថយន្ត ម៉ាស៊ីនទូរស័ព្ទ និងទូរទស្សន៍ សឹងតែគ្រប់គ្រឿង នៅពេញពិភពលោក។

ខ្លាចកាំបិតចិតដងឯង

កន្លងមក ចិនធ្លាប់ត្រូវបានគេចោទរួចទៅហើយ ថាបានប្រើវិស័យរ៉ែលោហកម្រនេះ ដើម្បីជាយុទ្ធសាស្ត្រ ក្នុង​ការ​ការពារបច្ចេកវិទ្យាខ្លួន។ ប្រទេសធំៗ បានប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោករួចទៅហើយ ព្រោះចិនលំអៀងខ្លាំង ទៅខាងការ​អភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងស្រុកខ្លួន​ ដោយអាងថាខ្លួនជាអ្នកនាំចេញលោហកម្រនេះ​ តែម្នាក់ឯង។ ជាក់ស្តែង ជប៉ុនក៏ធ្លាប់ត្រូវបានចិន បិទមិនលក់លោហៈកម្រនេះឲ្យ​ដែរ​ កាលពីឆ្នាំ២០១០ នៅពេលប្រទេសទាំង២ មានជម្លោះដែនអធិបតេយ្យនឹងគ្នា។

ក៏ប៉ុន្តែ ទីផ្សារអាមេរិក ជាទីផ្សារធំណាស់។ កុំភ្លេចថា បើចិនមិនលក់ឲ្យអាមេរិក មានន័យថា ចិនក៏បានចំណូលតិច ទៅតាមនោះដែរ។ មួយវិញទៀត បើតាមអ្នកវិភាគខ្លះ លើកឡើងដែរ ថាចិន អាចគ្រាន់តែគំរាមអាមេរិក​​ទេក្នុងពេលនេះ ព្រោះចិននៅរារែកខ្លាំង។ រារែក ដោយសារចិន អាចខាតធ្ងន់។ យុទ្ធសាស្ត្រនេះ អាចក្លាយជាកាំបិតចិតដងឯង ព្រោះ វានឹងបើកផ្លូ​វជំរុញប្រទេសដ៏ទៃ គេខំប្រឹងប្រែងរកវិធីផ្សេងៗ ដើម្បី​ដោះដៃ លែងរំពឹងតែលើវត្ថុធាតុដើម​របស់ចិន។

តាមពិតទៅ លោហៈកម្រនេះ មិនមែនមានតែចិនទេ ប្រទេសផ្សេងក៏មានដែរ។ បើផ្អែកតាមតួលេ​ខរបស់ភ្នាក់ងារស្ថិតិធរណីសាស្ត្រ របស់អាមេរិក បានឲ្យដឹងថា បច្ចុប្បន្ន គេប៉ាន់ស្ថានថា អាចមានរ៉ែលោហៈកម្រ ប្រមាណជា​១២០លានតោន ទូទាំងពិភពលោក។​ ក្នុងនោះ ចិនមានប្រហែលជា​៤៤លានតោន ហើយវៀតណាម និងប្រេស៊ីល អាចមានលោហកម្រនេះនៅក្នុងដី ប្រហែលជា​២២លានតោនម្នាក់ៗដែរ។ ដូច្នេះបើចិន កាត់បន្ថយការនាំចេញ ឬក៏​បិទលែងលក់ឲ្យអាមេរិក ចិននឹងបាត់បង់ទីផ្សារធំ។

ប៉ុន្តែបញ្ហាចោទគឺនៅត្រង់ថា តើប្រទេសផ្សេងទៀត ហ៊ានដាច់ចិត្តជីកយករ៉ែលោហកម្រទាំងនោះ មកចម្រាញ់ ដើម្បីនាំចេញដែរឬទេ។ ឧស្សាហកម្មនេះ ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរណាស់ ហើយក៏ត្រូវចំណាយថ្លៃដើម យ៉ាងច្រើនមហាសាល។ អាមេរិក ធ្លាប់ជាប្រទេសនាំមុខគេ ក្នុងការផលិតលោហៈកម្រ តែគេឈប់ទៅវិញ ដោយសារតែបង្កមហន្តរាយច្រើនពេក ដល់បរិស្ថានធម្មជាតិ។ មានតែចិនទេ ដែលប្រឹងផលិត​ ព្រោះចិនមានច្បាប់ធូរលុង ទាក់ទិននឹងបញ្ហាបរិស្ថាន ហើយមួយវិញទៀត តម្លៃពលកម្មចិន​ក៏ថោក ដោយក្រុមហ៊ុន​មិនខ្វល់ពីសុខភាព ឬក៏សន្តិសុខការងាររបស់ពលករទេ។

ប្រទេសផ្សេងអាចឆក់​ឱកាស ដណ្តើមម៉ូយពីចិនមែន​ ក៏ប៉ុន្តែមានតិចណាស់ អ្នកដែលស្រលាញ់លុយដូចក្រុមហ៊ុនចិន ព្រោះឧស្សាហកម្មនេះ បង្កមហន្តរាយខ្លាំងដល់មនុស្សនឹងធម្មជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ